មេដឹកនាំគណបក្សប្រឆាំងបានក្លាយជាផ្ទាំងស៊ីបរបស់បក្សកាន់អំណាចមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ដែលកាន់តែខិតជិតចូលមកដល់។
មន្ត្រីបក្សប្រឆាំងបានចោទប្រកាន់ទៅគណបក្សប្រជាជន ថាបានប្រើល្បិចបង្កើតឈុតឆាករឿងរ៉ាវស្នេហា និងការចោទប្រកាន់ផ្សេងៗទៀតដោយចងភ្ជាប់ទៅនឹងបញ្ហានយោបាយ។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាអនុប្រធានគណបក្សប្រជាជនអះអាងថា រឿងរ៉ាវទាំងឡាយដែលកើតឡើងលើបុគ្គលដែលជាមន្ត្រីជាន់ខ្ពស់នៃបក្សប្រឆាំង គឺជារឿងពិត ហើយទាមទារឲ្យមានការទទួលខុសត្រូវចំពោះហេតុការណ៍ដែលបានកើតឡើងមកនោះ។
នៅក្នុងអំឡុងពេលប្រមាណជាបីខែមុនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រចូលជាផ្លូវការ គណបក្សសង្គ្រោះជាតិ ត្រូវបានគ្រាប់ព្រួញប្រមាណជាបួនដែលអ្នកប្រមាញ់បានបាញ់ផ្ទួនៗគ្នា។
ម្ចាស់ព្រួញដែលបាញ់លើបក្សប្រឆាំងក្នុងសមរភូមិនយោបាយនៅមុនការបោះឆ្នោតចូលមកដល់នេះ ត្រូវជនរងគ្រោះ និងមហាជនមួយចំនួនដែលបានសង្កេតលើស្ថានការណ៍នេះអះអាងថា ជាព្រួញយុទ្ធសាស្ត្រនយោបាយរបស់គណបក្សប្រជាជនដែលជាគូប្រកួតយ៉ាងសំខាន់។
ព្រួញទីមួយ គឺការបញ្ចេញខ្សែអាត់ទំនាក់ទំនងរវាងលោក កឹម សុខា និងលោក ហ៊ុន សែន កាលពីមុនបង្កើតគណបក្សសិទ្ធិមនុស្ស។ ទីពីរការបង្ហាញខ្សែអាត់សំឡេងអាយ៉ៃឆ្លងឆ្លើយ វាយប្រហារគ្នាដោយពាក្យសម្ដីរវាងលោក សម រង្ស៊ី និងលោក កឹម សុខា កាលពីមិនទាន់រួបរួមគ្នាបង្កើតបក្សសង្គ្រោះជាតិ។ ទី៣ តាមរយៈលោក ជុំ ម៉ី ដែលជាអតីតអ្នកទោសទួលស្លែង បានកៀរគរមនុស្សឲ្យចូលរួមធ្វើបាតុកម្មប្រឆាំងលោក តាមរយៈសម្ដីថា គុកទួលស្លែងជាគុកសិប្បនិម្មិត និងទីបួនចុងក្រោយថ្មីៗនេះ គឺការបញ្ចេញតួអង្គក្នុងឈុតឆាកស្នេហាត្រីកោណពាក់ព័ន្ធនឹងលោក កឹម សុខា។
ព្រួញចុងក្រោយនេះ ទោះជាអ្នករងរបួសអះអាងថា មិនឈឺចាប់ តែចង់មិនចង់ ដំបៅនេះអាចធ្វើឲ្យធំក្លិនមិនសូវល្អឡើយ។ ពីព្រោះទីមួយ ឥទ្ធិពលសម្ដីរបស់អ្នកមានអំណាច ទីពីរ លោកបានរៀបរាប់យ៉ាងលម្អិតពីដំណើរការស្នេហាក្រៅក្របខ័ណ្ឌនោះនៅតាមទីសាធារណៈ និងផ្សព្វផ្សាយស្ទើរតែគ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៣ មិថុនា ក្នុងពិធីសម្ពោធអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅជាប់ពហុកីឡាដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា បានរៀបរាប់មិនចំឈ្មោះបុគ្គលណាមួយពិតប្រាកដ ប៉ុន្តែសាច់រឿងនោះទំនងជាសំដៅលើលោក កឹម សុខា និងមន្ត្រីមួយចំនួនទៀតក្នុងជួរថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សសង្គ្រោះជាតិ។
លោក ហ៊ុន សែន បានគាស់កកាយពីចំណងស្នេហារបស់សមាជិកបក្សប្រឆាំងជាមួយស្ត្រីម្នាក់ទៅស្ត្រីម្នាក់ជំពាក់ជំពិនគ្នាដូចសម្លកំពឹស រហូតមានទំនាក់ទំនងផ្លូវភេទជាមួយអនីតិជនទៀតផង។
លោកបញ្ជាក់ថា រឿងរ៉ាវទាំងនោះលោកបានដឹងពីមន្ត្រីដែលនៅជិតដិតនឹងខ្លួនបុគ្គលនោះផ្ទាល់ មានក្រុមអង្គរក្សជាដើម ដោយពុំមានក្រុមចារកម្មតាមស៊ើបអង្កេតតាមដាននោះទេ ហើយកន្លងមក លោកតែងតែជួយលាក់បាំងរឿងទាំងនោះថែមទៀត។
ក្រៅពីរឿងឌឺដងរឿងស្នេហាក្រៅក្របខ័ណ្ឌដែលសំដៅទៅលើអតីតមេដឹកនាំគណបក្សសិទ្ធិមនុស្ស លោក ហ៊ុន សែន ក៏បានបន្តហែកហួររឿងស្នេហាត្រីកោណរបស់អ្នកតំណាងរាស្ត្រមកពីគណបក្ស សម រង្ស៊ី តែលោកមិនបានបញ្ចេញឈ្មោះចំៗឡើយ។
ទាក់ទងបញ្ហានេះ លោក កែម ឡី អ្នកស្រាវជ្រាវលើការអភិវឌ្ឍសង្គម និងជាអ្នកវិភាគឯករាជ្យ មានប្រសាសន៍ថា ការលើកយករឿងស្នេហានេះមកបកអាក្រាតនៅមុនបោះឆ្នោត ដោយសារអ្នកនយោបាយក្នុងគណបក្សប្រជាជនយល់ឃើញថា យុទ្ធសាស្ត្រនេះអាចបន្សាបប្រជាប្រិយភាពរបស់បក្សប្រឆាំងបាន។
មួយវិញទៀត រឿងនេះក៏ជាការបង្វែរការចាប់អារម្មណ៍ពីម្ចាស់ឆ្នោតឲ្យភ្លេចគិតពិចារណាពីរឿងគោលនយោបាយដែលពួកគាត់ត្រៀមសម្រេចចិត្តបោះឆ្នោតឲ្យនៅពេលខាងមុខ ដោយនាំគ្នាចាប់អារម្មណ៍ទៅលើរឿងស្នេហាត្រីកោណ រឿងសហាយស្មន់ ទោះបីរឿងនោះពិតក្តីមិនពិតក្តី។
ចំណែកលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ជាតួអង្គនយោបាយមួយសំខាន់ ហើយកំពុងជាប់ជំពាក់ក្នុងរឿងអាស្រូវស្នេហាត្រីកោណនេះ លោកថា គ្មានតម្លៃអ្វីដែលត្រូវចំណាយពេលឆ្លើយឆ្លងជាមួយលោក ហ៊ុន សែន ក្នុងរឿងនោះទេ។ លោកបន្តថា អ្វីដែលសំខាន់ ហើយលោកចាំបាច់ត្រូវតែធ្វើនោះ គឺការពន្យល់ប្រជាពលរដ្ឋឲ្យយល់ពីតម្លៃសន្លឹកឆ្នោត ហើយគាំទ្រគណបក្សលោក។
លោក កែម ឡី យល់ឃើញទៀតថា បើសិនជានាយករដ្ឋមន្ត្រីបានតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើបញ្ហាអភិវឌ្ឍន៍ប្រទេសជាតិ និងការកម្ចាត់មន្ត្រីខិលខូចក្នុងជួររដ្ឋាភិបាល ឬក៏ទទួលបានព័ត៌មានលំអិត ដូចការតាមដានរឿងឯកជនរបស់មន្ត្រីបក្សប្រឆាំងនោះ ប្រទេសជាតិនឹងមានការរីកចំរើនប្រសើរជាងសព្វថ្ងៃនេះ។
ចំពោះរឿងផ្ទាល់ខ្លួនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏មិនប្រាកដថា មានភាពស្អាតស្អំ ដោយពុំមានជាប់ពាក់ព័ន្ធនឹងស្នេហាត្រីកោណនោះដែរ។ កន្លងមកក៏ធ្លាប់មានសារព័ត៌មានក្នុងស្រុក និងក្រៅស្រុកមួយចំនួន បានចុះផ្សាយជាហូរហែពីចំណងស្នេហារបស់លោក ហ៊ុន សែន ជាមួយតារាភាពយន្តល្បីឈ្មោះម្នាក់ គឺអ្នកស្រី ពិសិដ្ឋ ពិលីកា ដែលជាភរិយារបស់តារាភាពយន្ត ខៃ ប្រសិទ្ធ។ក្រោយពីលេចឮរឿងចំណងស្នេហាត្រីកោណជាមួយនាយករដ្ឋមន្ត្រី នាងក៏ត្រូវជនមិនស្គាល់មុខលួចធ្វើឃាតកាលពីខែកក្កដា ឆ្នាំ១៩៩៩។
ពាក់ព័ន្ធរឿងនេះ ប្រធានគណបក្ស សម រង្ស៊ី គឺលោក សម រង្ស៊ី កាលពីថ្ងៃទី៥ តុលា ឆ្នាំ២០១១ បានប្រកាសជាសាធារណៈថា លោកនឹងស្វែងរកយុត្តិធម៌ឲ្យសិល្បការិនី និងតារាសម្ដែងភាពយន្ត អ្នកស្រី ពិសិដ្ឋ ពិលីកា ដែលត្រូវបានឃាតកបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃ កាលពីខែកក្កដា ឆ្នាំ១៩៩៩ នោះ។
លោក សម រង្ស៊ី បានអះអាងថា លោកនឹងប្ដឹងចោទប្រកាន់ភរិយារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺអ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានកាកបាទក្រហមថា អ្នកស្រីជាអ្នកនៅពីក្រោយឃាតកម្មលើអ្នកស្រី ពិសិដ្ឋ ពិលីកា។
បន្ទាប់ពីអ្នកស្រី ពិសិដ្ឋ ពិលីកា ស្លាប់ ទស្សនាវដ្ដីបារាំងឈ្មោះ ឡិចប្រេស្ស (L’ Express) បានចេញផ្សាយអត្ថបទមួយកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ១៩៩៩ ថា អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ជាអ្នកទទួលខុសត្រូវចំពោះឃាតកម្ម ប៉ុន្តែរដ្ឋាភិបាលកម្ពុជា បានបដិសេធការចុះផ្សាយព័ត៌មាននេះ។ រឿងរ៉ាវនេះស្ថិតក្នុងអាថ៌កំបាំងនៅឡើយរហូតដល់សព្វថ្ងៃ។
ទាក់ទងនឹងបរិយាកាសមុនការបោះឆ្នោត អ្នកវិភាគបញ្ហាសង្គមបានឲ្យដឹងថា មេដឹកនាំបក្សនយោបាយកំពុងព្យាយាមបង្វែរការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋទៅគោលនយោបាយរបស់គណបក្ស បែរជាងាកមកចាប់អារម្មណ៍រឿងជម្លោះបុគ្គលនិងបុគ្គលទៅវិញ។
ប្រធានគណៈកម្មាធិការពង្រឹងវិស័យច្បាប់ដើម្បីការពារសិទ្ធិមនុស្សនៅកម្ពុជា និងជាប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ហៅកាត់ជាភាសាអង់គ្លេសថា ស៊ីអិនរ៉ូ (CNRO) លោកបណ្ឌិត ហ៊ាង ឫទ្ធី។ លោកមានប្រសាសន៍ថា ករណីនេះលែងទៅជាការឃោសនារកសំឡេងឆ្នោតទៅហើយ ផ្ទុយទៅវិញ ជាការឈ្លោះគ្នា គុំកួនគ្នារបស់អ្នកនយោបាយ ដោយមិនគិតពីប្រយោជន៍ប្រជាពលរដ្ឋ ធ្វើខូចក្រមសីលធម៌ សុជីវធម៌របស់អ្នកនយោបាយក្នុងសង្គមប្រជាធិបតេយ្យ និងខ្មាសដល់ប្រទេសជិតខាងថែមទៀត។
អ្នកវិភាគរិះគន់ថា ការដែលបង្ហាញនូវកាយវិការបែបនេះនៅមុនការបោះឆ្នោត ឆ្លុះបញ្ចាំងពីសង្គមមួយ ឬអ្នកនយោបាយក្នុងសង្គមនោះ មិនមានការជឿនលឿន ហើយគំនិតប្រាជ្ញាមិនសូវមានការអភិវឌ្ឍឡើយ។
ចំណែកលោក កែម ឡី វិញ មានប្រសាសន៍ថា ចំណុចអវិជ្ជមានរបស់បុគ្គលផ្ទាល់ខ្លួននៃអ្នកនយោបាយតែងតែមានរៀងៗខ្លួន ប៉ុន្តែបើអ្នកនយោបាយព្យាយាមលើករឿងនេះ និងការញុះញង់ឲ្យមានការប្ដឹងផ្ដល់គ្នាគំរាមកំហែងគ្នា សំអុយឈ្មោះគ្នាជាជាងការលើកយកគោលការណ៍លំអិតរបស់ខ្លួនបង្ហាញប្រជាពលរដ្ឋនៅមុនការបោះឆ្នោតនោះ ធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ព័ត៌មានស្តីពីគោលជំហរ និងភាពស្មោះត្រង់របស់គណបក្ស ធ្វើឲ្យស្ថានភាពនេះអាប់អួហើយនឹងអាចប៉ះពាល់ដល់លទ្ធផលបោះឆ្នោតនៃដៃគូប្រកួតប្រជែង។
ក្រុមអ្នកវិភាគបញ្ហាសង្គមបានព្យាករទុកថា យុទ្ធសាស្ត្ររបៀបនេះ អ្នកនយោបាយនឹងកំដរគ្នាលេងរហូតដល់យុទ្ធនាការឃោសនាបោះឆ្នោតចូលមកដល់នៅថ្ងៃទី២៦ ខែមិថុនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។