ប្រតិកម្មរបស់ពលរដ្ឋនេះ ធ្វើឡើងស្របពេលមន្ត្រីគណបក្សសង្គ្រោះជាតិ អះអាងថា ស្លាកគណបក្សរបស់ខ្លួននៅទូទាំងប្រទេស ត្រូវបានអាជ្ញាធរមូលដ្ឋានកាប់បំផ្លាញចោលប្រមាណ ៤០ស្លាក គិតមកដល់ពេលនេះ។
មន្ត្រីចុះពង្រឹងមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា ក្នុងឃុំជីរោទិ៍២ ខេត្តកំពង់ចាម ត្រូវពលរដ្ឋចោទប្រកាន់ថា បានបង្ខំឲ្យពួកគេទទួលយកស្លាកគណបក្សប្រភេទស្ទីកខ័រ ដែលបិទផ្សាយតាមជញ្ជាំងផ្ទះ និងព្រមានថា ក្រោយពីបិទរួចពុំអនុញ្ញាតឲ្យហែកចោលនោះឡើយ។
ពលរដ្ឋនៅភូមិស្រែសៀម ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម លោក ឈន ណាត មានប្រសាសន៍នៅថ្ងៃទី២៨ ឧសភា ថា មន្ត្រីគណបក្សប្រជាជនកម្ពុជា បានដើរបិទស្លាកគណបក្សរបស់ខ្លួននៅតាមជញ្ជាំងផ្ទះរបស់ពលរដ្ឋ។ លោកគិតថា លោកនឹងមិនអនុញ្ញាតឲ្យបិទនោះឡើយ ព្រោះថាការធ្វើបែបនេះ គឺជារឿងមិនស្មើភាពផ្នែកនយោបាយនោះទេ។ ហើយម្យ៉ាង ការបិទស្លាកគណបក្សរបស់គណបក្សនយោបាយណាមួយ ឬដាក់ស្លាកគណបក្សនយោបាយនៅក្បែរផ្ទះ បញ្ជាក់ថា មានភាពមិនឯករាជ្យ៖ «គេថា គេបិទហើយ គឺមិនអាចហែកបានទេ ព្រោះគេថតបិទតែណា គឺថតកន្លែងហ្នឹង។ គេមិនអាចឲ្យយើងហែកបានទេ។ ខ្ញុំថា បើនៅតែបិទ ខ្ញុំអត់ព្រមទេ ព្រោះអត់ទាន់ដល់ថ្ងៃឃោសនាបោះឆ្នោត»។
ដូចគ្នានេះដែរ លោក កែវ កុសល ដែលបដិសេធទៅនឹងការបិទស្លាកគណបក្សរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ឧសភា អះអាងថា លោកមិនប្រកាន់គណបក្សនយោបាយណាមួយទេ ប៉ុន្តែថា ការដើរបិទស្លាកគណបក្សនយោបាយមុនការឃោសនាបោះឆ្នោតនេះ គឺហាក់ប្រឆាំងនឹងច្បាប់បោះឆ្នោត។ លោកគិតថា ព្រោះថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោត នៅមិនទាន់ចាប់ផ្ដើមផង គណបក្សកាន់អំណាចហាក់ដើរមុនមួយជំហានទៅហើយ។ លោក កែវ កុសល ចាត់ទុកថា នេះជាអ្វីដែលលោកមិនពេញចិត្ត។
លោក កែវ កុសល៖ «ជាក់ស្ដែងហ្នឹង គាត់ចូលមកផ្ទះខ្ញុំ គាត់មកដាក់ស្លាកហ្នឹងដែរ ប៉ុន្តែខ្ញុំថាខ្ញុំមិនឲ្យដាក់ទេ។ បើអ្នកដាក់នៅដើមឈើ ឲ្យអាចឲ្យដាក់បាន។ ប៉ុន្តែ បើដាក់នៅតាមផ្ទះខ្ញុំ មិនឲ្យដាក់ទេ ពីព្រោះវាចម្លែក។ ខ្ញុំមិនដែលឃើញគណបក្សនយោបាយមួយណា ដែលគាត់មកសុំវៃស្លាកនៅជញ្ជាំងផ្ទះទេ តាំងពីមុនមកនោះណា។ ហើយទើបអាណត្តិហ្នឹង ដូចប្លែកមែនទែន។ ហើយខ្ញុំមិនដឹងថា គ.ជ.ប ហ្នឹង គាត់អនុញ្ញាតឲ្យអើគណបក្សនយោបាយហ្នឹងចេញឃោសនា ដូចជាយកស្លាកយកអីមកដាក់អ៊ីចឹង ឬក៏យ៉ាងម៉េច ខ្ញុំអត់ដឹង។ ដូច្នេះហើយ ខ្ញុំបដិសេធ ខ្ញុំមិនវៃតាមជញ្ជាំងផ្ទះរបស់ខ្ញុំទេ»។
វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការអត្ថាធិប្បាយពីមន្ត្រីចុះពង្រឹងមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា បានទេ នៅថ្ងៃទី២៨ ឧសភា។
លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាត់ទុកថា សកម្មភាពនៃការចុះផ្សព្វផ្សាយពីស្លាកសញ្ញារបស់គណបក្សនយោបាយនៅតាមទីសាធារណៈ មិនរាប់ថាជាការល្មើសទៅនឹងច្បាប់ស្ដីពីការបោះឆ្នោតនោះឡើយ។ លោកគិតថា សំខាន់ចាំបាច់ត្រូវមានការឯកភាព និងយល់ព្រមពីម្ចាស់លំនៅឋានជាមុន។ ចំណែកគណបក្សនយោបាយនោះ អាចបិទផ្សាយកម្មវិធីគោលនយោបាយរបស់ខ្លួនបាន។
លោក ទេព នីថា៖ «រូបសញ្ញា ឬបិទអីផ្សេងៗតាមផ្ទះប្រជាពលរដ្ឋហ្នឹង អាហ្នឹងត្រូវមានការយល់ព្រមពីប្រជាពលរដ្ឋ។ នៅទីសាធារណៈ គឺត្រូវមានការយល់ព្រមពីអាជ្ញាធរ ចង់និយាយថា ដាក់ទៅ វាមិនទើសទាល់មិនប៉ះពាល់ដល់ចរាចរណ៍ ដល់សម្ពន្ធភាព ដូចសន្តិសុខអីណា។ អ៊ីចឹង អាហ្នឹងដល់ពេលឃោសនាវាមានអ៊ីចឹង។ តែដល់ពេលក្រៅពេលធម្មតាហ្នឹង សិទ្ធិរបស់គាត់ដែលទាក់ទងនឹងច្បាប់ស្ដីពីគណបក្សនយោបាយ ហើយជាមួយនឹងអាជ្ញាធរមូលដ្ឋាន។ បាទ! អត់ខុសអីទេ អត់ទេ»។
មន្ត្រីអង្គការសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធនឹងការបោះឆ្នោត ចាត់ទុកថា នេះជាការឃោសនាមិនស្មើភាពគ្នាខាងផ្នែកនយោបាយ។ ហើយ គ.ជ.ប គួរចាត់វិធានការផ្នែកផ្លូវច្បាប់ឲ្យមានប្រសិទ្ធភាពជាងនេះបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។