ពលរដ្ឋ​បាត់​សិទ្ធិ​បោះ​ឆ្នោត​ដាក់​ពាក្យ​បណ្ដឹង​ទៅ​បក្ស​សង្គ្រោះ​ជាតិ

ប្រជាពលរដ្ឋ ឬ​ម្ចាស់​ឆ្នោត​ដែល​បាត់​បង់​សិទ្ធិ​បោះ​ឆ្នោត បាន​ប្រមូល​ផ្តុំ​គ្នា​ដាក់​ពាក្យ​បណ្ដឹង​ពី​ភាព​មិន​ប្រក្រតី​នៅ​ថ្ងៃ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី៥ ជូន​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ជួយ​រក​ដំណោះស្រាយ។ បញ្ហា​នេះ មេ​បក្ស​សង្គ្រោះ​ជាតិ សន្យា​ថា​នឹង​ស្វែង​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ខាង​តែ​បាន។

0:00 / 0:00

អ្នក​បាត់​បង់​សិទ្ធិ​បោះ​ឆ្នោត​រាប់​ពាន់​នាក់ នៅ​ថ្ងៃ​ពុធ ទី៣១ ខែ​កក្កដា បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ដើម្បី​ដាក់​ពាក្យ​បណ្ដឹង​លើ​ករណី​បាត់​ឈ្មោះ​ពី​បញ្ជី​បោះ​ឆ្នោត​របស់ គ.ជ.ប និង​បញ្ហា​ផ្សេងៗ។

ក្រុម​ប្រជាពលរដ្ឋ បាន​ថ្លែង​ថា ពួក​គាត់​មិន​អាច​ទទួល​យក​បាន​ទេ​ចំពោះ​ទង្វើ​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ដែល​ធ្វើ​ឲ្យ​បាត់​ឈ្មោះ​ពួក​គាត់​មិន​អាច​បោះ​ឆ្នោត​បាន។ បន្ថែម​លើ​នេះ ម្ចាស់​ឆ្នោត​បាន​ទទូច​ដល់​ស្ថាប័ន គ.ជ.ប ត្រូវ​រក្សា​ឯករាជ្យ​ភាព​របស់​ខ្លួន។

ប្រជាពលរដ្ឋ​ដែល​បាត់​បង់​សិទ្ធិ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី៥ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា បាន​ស្នើ​ដល់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ជួយ​ទាមទារ​ឲ្យ​ពួក​គាត់​អាច​មាន​សិទ្ធិ​បោះ​ឆ្នោត​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត។

ឆ្លើយ​តប​កង្វល់​ម្ចាស់​ឆ្នោត លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង លោក កឹម សុខា ជា​អនុប្រធាន បាន​សន្យា​ថា​នឹង​បំពេញ​បំណង​ម្ចាស់​ឆ្នោត ដើម្បី​ផ្លាស់​ប្ដូរ​ថ្នាក់​ដឹក​នាំ​ប្រទេស​ឲ្យ​បាន​ជា​ដាច់​ខាត។ ជាង​នេះ ថ្នាក់​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ បាន​កោត​សរសើរ​ចំពោះ​ការ​លះ​បង់​ខ្ពស់​របស់​ប្រជាពលរដ្ឋ​ខ្មែរ ទាំង​ពេល​វេលា កម្លាំង​កាយ​ចិត្ត និង​ថវិកា​ផ្ទាល់​ខ្លួន ដើម្បី​ចូលរួម​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។

នៅ​ទីស្នាក់ការ​កណ្ដាល​ក្នុង​ខណ្ឌ​ទួលគោក ទាំង លោក សម រង្ស៊ី និង លោក កឹម សុខា បាន​អះអាង​ដូចៗ​គ្នា​ថា នឹង​ជួយ​ទាមទារ​សិទ្ធិ​សេរីភាព និង​អំណាច​ពិត​ប្រាកដ​ជូន​ពលរដ្ឋ​ខ្មែរ​ឲ្យ​បាន ហើយ​ស្នើ​ឲ្យ​ម្ចាស់​ឆ្នោត​ចូលរួម​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​ទៀត។

បណ្ដឹង​ដែល​ម្ចាស់​ឆ្នោត​បាន​ដាក់​ពាក្យ​បណ្ដឹង​មក​កាន់​គណបក្ស​សង្គ្រោះ​ជាតិ ចែក​ជា ៤​ប្រភេទ។ ទី១ អ្នក​បាត់​ឈ្មោះ​ពី​បញ្ជី​បោះ​ឆ្នោត​របស់ គ.ជ.ប។ ទី២ អ្នក​ខុស​ឈ្មោះ ខុស​អក្ខរាវិរុទ្ធ ឬ​ខុស​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​បន្តិចបន្តួច ប៉ុន្តែ​ត្រូវ​មន្ត្រី​តាម​ការិយាល័យ​បោះ​ឆ្នោត​មិន​អនុញ្ញាត​ឲ្យ​បោះ​ឆ្នោត។ ទី៣ អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ហើយ តែ​បែរ​មាន​មនុស្ស​ផ្សេង​មក​បោះ​ឆ្នោត​ជំនួស និង​ទី៤ គឺ​មាន​ជន​បរទេស​មក​បោះ​ឆ្នោត ឬ​មាន​ការ​ចល័ត​មនុស្ស​ពី​ការិយាល័យ​មួយ​ទៅ​បោះ​ឆ្នោត​នៅ​ការិយាល័យ​មួយ​ទៀត ឬ​បោះ​ឆ្នោត​បាន​ច្រើន​ដង ដោយសារ​តែ​ទឹក​ខ្មៅ​ជ្រលក់​ម្រាម​ដៃ​អាច​លាង​ជ្រះ។

ទោះ​យ៉ាង​ណា លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប នៅ​ក្នុង​សន្និសីទ​កាសែត កាល​ពី​ល្ងាច​ថ្ងៃ​ទី២៨ ខែ​កក្កដា បាន​បដិសេធ​ថា ទឹក​ខ្មៅ​សម្រាប់​ជ្រលក់​ម្រាម​ដៃ ដែល គ.ជ.ប ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ការិយាល័យ​បោះ​ឆ្នោត​លុប​លាង​មិន​ជ្រះ​ទេ។ ជាង​នេះ លោក​បាន​ចោទ​ក្រុម​រារាំង​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត មិន​ឲ្យ​បោះ​ឆ្នោត ទោះ​ជា​ជន​ជាតិ​អី​ក៏ដោយ គឺ​មាន​សិទ្ធិ​បោះ​ឆ្នោត​ស្រប​តាម​នីតិវិធី​បោះ​ឆ្នោត។ ហើយ​ថា អ្នក​រារាំង​នឹង​ត្រូវ​ប្រឈម​មុខ​ផ្លូវ​ច្បាប់។

ផ្ទុយ​ពី​ការ​អះអាង​របស់ លោក អ៊ឹម សួស្តី សាក្សី​មាន​របរ​ជា​ជាង​ទង ឬ​ជាង​ធ្វើ​មាស បាន​ថ្លែង​ថា ទឹក​ថ្នាំ​ដែល គ.ជ.ប ប្រើ​សម្រាប់​ជ្រលក់​ម្រាម​ដៃ​នៅ​ក្នុង​ការិយាល័យ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា គឺ​គ្មាន​គុណភាព​ទេ ហើយ​អាច​លាង​ជ្រះ​ក្នុង​រយៈពេល​ពី ៤ ទៅ ៥​នាទី បន្ទាប់​ពី​បោះ​ឆ្នោត​រួច។

ត្រង់​ចំណុច​នេះ ប្រជាពលរដ្ឋ​បាន​លើក​ជា​ចម្ងល់​ថា បើ​សិន​ជា​រក​ឃើញ​កំហុស​ឆ្គង ឬ​ភាព​មិន​ប្រក្រតី​ដែល​កើត​មាន​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​ពិត​ប្រាកដ​មែន តើ​ស្ថាប័ន​ណា​មួយ​ជា​អ្នក​ទទួល​ខុស​ត្រូវ ឬ​មួយ​ក៏​ថ្នាក់​ដឹក​នាំ គ.ជ.ប នឹង​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់?

យ៉ាង​ណា​ក៏ដោយ មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា បក្ស​ខ្លួន​នឹង​បើក​ទទួល​ពាក្យ​បណ្ដឹង​របស់​ម្ចាស់​ឆ្នោត​ពី​ភាព​មិន​ប្រក្រតី ដែល​កើត​មាន​នៅ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ នៅ​តាម​រាជធានី​ខេត្ត ឲ្យ​បាន​ច្រើន​ថែម​ទៀត ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ។

ទាក់ទិន​បញ្ហា​បោះ​ឆ្នោត​នេះ​ដែរ ប្រទេស​ជប៉ុន តាម​រយៈ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ជប៉ុន នៅ​ថ្ងៃ​ពុធ ទី៣១ ខែ​កក្កដា ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន ស្វាគមន៍​ប្រការ​ដែល​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ នៅ​កម្ពុជា បាន​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ភាព​រលូន និង​សន្តិភាព ជា​ទូទៅ កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣។

យ៉ាង​ណា​ក៏ដោយ ប្រទេស​ជប៉ុន នឹង​បន្ត​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​សភាពការណ៍​ក្រោយ​ការ​បោះ​ឆ្នោត​នេះ។ ប្រទេស​ជប៉ុន សង្ឃឹម​ថា ដំណើរ​ការ​ក្រោយ​ការ​បោះ​ឆ្នោត ក៏​ដូច​ជា​ការ​ដោះស្រាយ​ពាក្យ​បណ្ដឹង​ជាដើម នឹង​ប្រព្រឹត្ត​ទៅ​ដោយ​យោង​តាម​ច្បាប់​ពាក់ព័ន្ធ ដោយ​ផ្អែក​លើ​កិច្ច​ពិភាក្សា​គ្នា និង​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ពាក់ព័ន្ធ​នានា​ប្រកប​ដោយ​ភាព​យុត្តិធម៌ សន្តិវិធី និង​ឲ្យ​ទាន់​ពេល​វេលា ហើយ​សន្តិសុខ និង​សណ្ដាប់​ធ្នាប់​ក្នុង​ប្រទេស​ត្រូវ​បាន​ធានា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។