ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តមួយចំនួន ដូចជាខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ សម្ដែងការសោកស្ដាយព្រមៗគ្នាចំពោះការបាត់បង់ជីវិតរបស់លោកបណ្ឌិត កែម ឡី។ ការសោកស្ដាយនេះក្រោយពេលឃាតកបាញ់សម្លាប់លោក កែម ឡី នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ កក្កដា។ ប្រជាពលរដ្ឋចង់ឃើញពន្លឺយុត្តិធម៌ពិតប្រាកដ មិនមែនជាការប្រឌិតយុត្តិធម៌ឡើងនោះទេ។
«សំឡេងពលរដ្ឋយំ»
នេះជាសំឡេងទួញយំរបស់យុវជនម្នាក់នៅខេត្តកំពង់ចាម ក្រោយពេលទទួលដំណឹងថា លោកបណ្ឌិត កែម ឡី ស្លាប់ដោយការបាញ់ប្រហារនៅរាជធានីភ្នំពេញ។ យុវជនរូបនេះនិយាយស្ទើរតែមិនរួច ចំពោះដំណឹងដ៏សោកសៅមួយនេះ។
លោក កែម ឡី ស្លាប់ភ្លាមៗក្រោយពេលឃាតកចូលទៅបាញ់ប្រហារលើរូបលោកនៅកន្លែងលក់ទំនិញមួយ ឬហៅថាស្ដារម៉ាត ជាប់ស្តុបបូកគោ។ ក្រោយបន្តិច សមត្ថកិច្ចចាប់បានជនសង្ស័យម្នាក់ ដោយអះអាងថាឈ្មោះ ជួប សម្លាប់ ព្រមទាំងបានសារភាពថា ខ្លួនបានសម្លាប់លោក កែម ឡី ព្រោះតែរឿងជំពាក់ប្រាក់។
ដ្បិតតែមិនបានស្គាល់មុខលោកបណ្ឌិត កែម ឡី ច្បាស់ក៏ដោយ ប៉ុន្តែយុវជន និងជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យមួយនៅខេត្តកំពង់ចាម លោក កែម គឹមស្រ៊ាន់ រៀបរាប់ដោយទឹកភ្នែកថា អ្វីដែលធ្វើឲ្យលោកសោកស្ដាយពេលនេះ គឺស្ដាយវីរបុរសស្នេហាជាតិម្នាក់ និងជាធនធានមនុស្សដ៏កម្រដែលហ៊ាននិយាយរិះគន់រាជរដ្ឋាភិបាល និងបញ្ហាផ្សេងៗនៅក្នុងសង្គមកម្ពុជា បច្ចុប្បន្ន៖ « ខ្ញុំចង់ឲ្យស្វែងរកយុត្តិធម៌ឲ្យគាត់ ហើយស្វែងរកឃាតកពិតប្រាកដ កុំជឿថាគាត់ជំពាក់លុយ ខ្ញុំមិនជឿទេ »។
មិនថាតែពលរដ្ឋនៅខេត្តកំពង់ចាម ទេដែលមានការសោកស្ដាយចំពោះការស្លាប់របស់លោកបណ្ឌិតដ៏មានថ្វីមាត់រូបនេះ។
ពលរដ្ឋនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ អ្នកស្រី រស់ សុផល មានប្រសាសន៍ថា ក្រោយពេលទទួលដំណឹងនេះ ប្រជាពលរដ្ឋនៅក្នុងភូមិដែលដឹងរឿង នាំគ្នាសោកស្ដាយជាខ្លាំងចំពោះវីរភាពរបស់លោក កែម ឡី ព្រោះគាត់បានបំពេញកិច្ចការសង្គមយ៉ាងច្រើនចំពោះមាតុប្រទេសរបស់ខ្លួន៖ « ខ្ញុំជាប្រជាពលរដ្ឋមិនមែនជាអ្នកចេះដឹង មិនមែនជាអ្នកវិភាគអ៊ីចឹងទៅ។ តែបានគាត់ជាអ្នកវិភាគឃើញសថាស ឃើញខ្មៅថាខ្មៅ ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ខ្ញុំបានភ្លឺ »។
ស្រដៀងគ្នានេះ ពលរដ្ឋមួយរូបទៀត អ្នកស្រី ឈាន ស្រីពៅ យល់ថា អំពើឃាតកម្មលើលោក កែម ឡី ដោយសាររឿងជំពាក់លុយនោះ គឺជាចម្លើយសារភាពដែលមិនអាចទទួលយកបាន៖ « ខ្ញុំគិតថា មិនមែនរឿងជំពាក់លុយបីពាន់ទៅសម្លាប់ទេ ព្រោះខ្មែរគោរពព្រះពុទ្ធសាសនា។ អ៊ីចឹងត្រឹមលុយ ៣ពាន់មិនអាចសម្លាប់មនុស្សទេ »។
ប្រភពដដែលនិយាយថា ការបាត់បង់លោក កែម ឡី ប្រៀបបានទៅនឹងការបាត់បង់នូវពន្លឺព្រះចន្ទ ដើម្បីបំភ្លឺប្រជាពលរដ្ឋខ្មែរឲ្យបានដឹងពីបញ្ហាផ្សេងៗនៅក្នុងសង្គមមួយនេះ។
ក្រោយការស្លាប់របស់លោកបណ្ឌិត កែម ឡី ភ្លាម មន្ត្រីរាជរដ្ឋាភិបាល មន្ត្រីគណបក្សប្រជាជនកម្ពុជា មន្ត្រីគណបក្សប្រឆាំង ព្រមទាំងលោកនាយករដ្ឋមន្ត្រីផង បានថ្កោលទោសចំពោះអំពើឃាតកម្មនេះ ព្រមទាំងបង្ហាញភាពសោកស្ដាយចំពោះការស្លាប់អ្នកវិភាគឯករាជ្យរូបនេះ។
ចំណែកអាជីវករលក់ដូរនៅផ្សារតាំងគោក ខេត្តកំពង់ធំ ស្នើមិនបញ្ចេញឈ្មោះនិយាយថា អំពើឃាតកម្មនេះជាការគ្រោងទុកជាមុន មិនមែនជារឿងជំពាក់ប្រាក់នោះឡើយ ពិសេសគឺដោយសារការនិយាយចំៗរបស់លោក កែម ឡី កាលពីពេលកន្លងមក។ អ្នកស្រីយល់ថា ពន្លឺយុត្តិធម៌ពិតប្រាកដ គឺសង្ឃឹមតិចតួចណាស់សម្រាប់អ្នកវិភាគ និងអ្នកសិក្សាសង្គមរូបនេះ ប្រសិនបើពឹងផ្អែកលើការផ្តល់ជូនពីរាជរដ្ឋាភិបាលកម្ពុជា។ ស្របគ្នានេះ អ្នកស្រីចង់ឲ្យស្ថាប័នអន្តរជាតិស៊ើបអង្កេតជុំវិញបញ្ហានេះ ទើបធានាបានយុត្តិធម៌ពិតប្រាកដជូនក្រុមគ្រួសារសព។
មិនខុសគ្នានេះ សកម្មជនការពារព្រៃឡង់ខេត្តកំពង់ធំ លោក ជុំ យីន សោកស្ដាយចំពោះវីរជនរូបនេះដែលតែងតែឈឺឆ្អាលរឿងព្រៃឡង់យ៉ាងសកម្ម កាលពីពេលកន្លងមកនោះ៖ « ជាសកម្មជនដ៏ឆ្នើមដែលទាក់ទងកិច្ចការពារព្រៃឡង់ ជាពិសេសលោក កែម ឡី គាត់ធ្លាប់ធ្វើកិច្ចការពារព្រៃឡង់ជុំវិញ ៤ខេត្ត »។
ដំណឹងស្ដីពីការស្លាប់របស់លោក កែម ឡី បានល្បីយ៉ាងលឿងបំផុតដល់តាមទីជនបទ និងល្បីដល់ក្រៅប្រទេសតាមរយៈបណ្ដាញទំនាក់ទំនងសង្គម។ ម្ចាស់គណនីហ្វេសប៊ុក (Facebook) ជាច្រើន បាននាំគ្នាចែករំលែកក្តីសោកសៅនេះ ព្រមទាំងបានប្ដូររូបថតពួកគេចេញ ហើយដាក់ជំនួសដោយរូបលោក កែម ឡី វិញ។
ទាក់ទងការសោកស្ដាយជុំវិញការស្លាប់របស់អ្នកវិភាគសង្គម មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នាង សុវ៉ាត មើលឃើញថា អ្វីដែលធ្វើឲ្យប្រជាជនសោកស្ដាយ និងចងចាំលោក កែម ឡី ខ្លាំងនោះ ពីព្រោះលោកជាបុគ្គលដែលមានចំណេះដឹងទូលំទូលាយ និងស្ដាយចំពោះភាពក្លាហានរបស់លោក៖ « ការវិភាគរបស់គាត់ គឺឯករាជ្យ។ គាត់ទទួលយកគ្រប់ទាំងអស់ មិនថាមកពីមជ្ឈដ្ឋានណា។ យើងមើលទៅថាធនធាននេះ កម្រនឹងរកបានធនធាននេះមិនងាយនឹងរកបានទៀតទេ។ អាហ្នឹងហើយដែលគាត់សោកស្ដាយ »។
មន្ត្រីសិទ្ធិមនុស្សរូបនេះយល់ថា ឃាតកសម្លាប់លោក កែម ឡី មិនមែនដោយសាររឿងប្រាក់ទេ ប៉ុន្តែអាចត្រូវបានគេជួលមកសម្លាប់តែម្តង។ លោកបន្តថា ការស្លាប់អ្នកវិភាគរូបនេះ គឺជាការដាស់ស្មារតីដល់ជនផ្សេងទៀតឲ្យមើលឃើញកាន់តែច្បាស់ពីទិដ្ឋភាពនៅក្នុងសង្គមបច្ចុប្បន្ន ហើយលោក កែម ឡី ថ្មីនឹងកើតមានឡើងមួយសែននាក់ មួយលាននាក់បន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។