ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងតាមខេត្តមួយចំនួនមានការព្រួយបារម្ភចំពោះព័ត៌មានទាក់ទងសកម្មភាពចល័តកងទ័ព ឬសព្វាវុធ តាមរថយន្តរបស់រដ្ឋាភិបាលនៅក្នុងពេលមានដំណឹងថា គណបក្សសង្គ្រោះជាតិ មានគម្រោងធ្វើមហាបាតុកម្មតវ៉ាលទ្ធផលបោះឆ្នោត ដែលមិនត្រឹមត្រូវ។
ប្រជាពលរដ្ឋរស់នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានឲ្យដឹងថា នៅវេលាជិតភ្លឺព្រឹកថ្ងៃទី៨ ខែសីហា ពួកគាត់ឃើញមានរថពាសដែក ឬអាស្គុតរបស់កងទ័ពច្រើនជាង ៥គ្រឿង បានបើកតាមផ្លូវជាតិលេខ៦ សំដៅមករាជធានីភ្នំពេញ។
ពលរដ្ឋមានចម្ងល់ថា ការចល័តរថពាសដែកទាំងនោះ មិនដឹងថារដ្ឋាភិបាលចល័តក្នុងហេតុការណ៍អ្វីនោះទេ ព្រោះគ្មានប្រភពបង្ហើបឲ្យពលរដ្ឋបានដឹងទេ។ ប្រជាពលរដ្ឋស្នើដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ជួយបំភ្លឺករណីចល័តកងទ័ពនេះ៖ «គ្រឿងសព្វាវុធ ឬរថពាសដែកហ្នឹង ខ្ញុំឃើញជាក់ស្តែង គឺចំនួន ៦គ្រឿង។ អត់ដឹងថាទៅពីខាងណាទេ ប៉ុន្តែយើងឃើញតាមផ្លូវជាតិលេខ៦ សំដៅទៅភ្នំពេញ។ ឃើញទាហានស្លៀកពាក់សម្លៀកបំពាក់ប៉ារ៉ា ប្រហែលជា ៤០នាក់ និងមានមុខមកភ្នំពេញ»។
ទាក់ទិនបញ្ហានេះដែរ លោក កែម ឡី អ្នកស្រាវជ្រាវបញ្ហាអភិវឌ្ឍន៍សង្គម និងជាអ្នកវិភាគឯករាជ្យ ក៏បានដឹងឮលើករណីមានសកម្មភាពចល័តកងទ័ព ឬសព្វាវុធនេះដែរ។ លោកផ្តល់វិភាគថា សកម្មភាពចល័តទ័ពនៅមុនការប្រកាសលទ្ធផលបោះឆ្នោតសភាអាណត្តិទី៥ ចូលមកដល់ អាចជាសញ្ញាដំឡើងសាច់ដុំដាក់គ្នា រវាងអ្នកនយោបាយខ្មែរ។ លោក កែម ឡី មានយោបល់ថា អ្នកនយោបាយខ្មែរគួរស្វែងរកដំណោះស្រាយមូលហេតុនៃបញ្ហាដោយសន្តិវិធី ជាជាងគេចមិនដោះស្រាយបញ្ហា។
លោកថា បញ្ហាដែលកើតមានរវាងអ្នកនយោបាយខ្មែរក្រោយការបោះឆ្នោត គឺភាពមិនប្រក្រតីនៅថ្ងៃបោះឆ្នោត ប៉ុន្តែអ្នកនយោបាយខ្មែរហាក់ទុកបញ្ហាឲ្យទុំជោរ ឬឲ្យមានឥទ្ធិពល ទើបចាប់ផ្ដើមដោះស្រាយជាក្រោយ ដែលជាទង្វើមិនត្រឹមត្រូវ៖ «ខ្ញុំគិតថា មកពីគណបក្សទាំងពីរហ្នឹងលឿនពេក។ មួយ គឺលឿនពេក ត្រង់ថា ប្រកាសធ្វើមហាបាតុកម្ម និងមួយទៀតត្រង់ថា ចង់ធ្វើអីដែលមិនត្រឹមត្រូវ។ ឧទាហរណ៍ថា ចង់ប្រជុំសភា ចង់ចែកកៅអី ចង់ប្រជុំបង្កើតរដ្ឋាភិបាល ដោយយើងមិនទាន់ជជែកគ្នាពីការកែតម្រូវលក្ខណៈបច្ចេកទេស។ អានេះគួរឲ្យសោកស្ដាយណាស់ ពីព្រោះយើងមានជំហានរបស់វាដែលត្រូវធ្វើ។ អ៊ីចឹង គណបក្សទាំងពីរហ្នឹងលឿនពេកនៅក្នុងការធ្វើសេចក្តីសម្រេចចិត្តផ្តល់សារនយោបាយទៅដល់ប្រជាពលរដ្ឋ»។
ឆ្លើយសំណួរអ្នកកាសែតកាលពីថ្ងៃទី៥ ខែសីហា លោក ស ខេង ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបដិសេធថា មិនបានដឹងសកម្មភាពចល័តកងទ័ព ឬសព្វាវុធនេះទេ៖ «ខ្ញុំមិនមានព័ត៌មានហ្នឹងទេ»។
ទោះយ៉ាងណា លោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍នៅរសៀលថ្ងៃទី៨ ខែសីហា ថា គ្មានអ្វីដែលពលរដ្ឋត្រូវភ័យខ្លាចទេ ចំពោះសកម្មភាពចល័តកងទ័ពចេញពីបន្ទាយ ព្រោះជាការងាររបស់កងទ័ព ឬជាការហ្វឹកហាត់នោះ។ លោកថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលគ្មានគោលការណ៍ណាមួយប្រើកម្លាំងទ័ព ដើម្បីបង្ក្រាបប្រជាជនខ្លួនឯងទេ ហើយសន្តិសុខជាតិក៏មិនទាន់ធ្លាក់ដល់ដំណាក់កាលប្រើកម្លាំងទ័ពនោះដែរ។
លោក ផៃ ស៊ីផាន៖ «រាជរដ្ឋាភិបាលនេះ ប្រជាពលរដ្ឋគឺកើតពីប្រជាពលរដ្ឋ កើតពីប្រជាជន។ ហើយយើងគ្មានគោលការណ៍ណាទៅប្រើកម្លាំងទ័ពទៅសម្លាប់ប្រជាជនខ្លួនឯងទេ។ យើងអត់ទាន់ដល់ស្ថានភាពបែបហ្នឹងទេ គឺអត់មានទេកុំបារម្ភ។ ហើយការដែលឃើញទាហានជិះឡាន វាគួរតែកុំភិតភ័យ វាអត់ទាន់មានស្ថានភាពដល់ថ្នាក់ប៉ុណ្ណឹងទេ។ អានេះជាការងារប្រក្រតីភាពរបស់កងកម្លាំងរបស់យើង។ ជួនកាល គេចេញពីការហាត់ហ្វឹកហ្វឺនមក គេទៅកាន់មូលដ្ឋានរបស់គេ ដោយគ្រាន់តែឆ្លងកាត់មណ្ឌលរបស់យើងមិនមានអីជាបញ្ហាទេ។ ចំពោះឥឡូវនេះ យើងអត់ទាន់ឃើញមានអ្វីដែលជាសញ្ញានៃការគំរាមកំហែងសន្តិសុខជាតិទេ។ ដូច្នេះ អ្វីដែលជាការយល់ ដែលគេឃើញហ្នឹង វាដូចជាមិនមានសារសំខាន់អីទៅដល់ហ្នឹងទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមុនការបោះឆ្នោតសភាអាណត្តិទី៥ ចូលមកដល់ បានប្រកាសជាសាធារណៈថា បើគណបក្សប្រឆាំងឈ្នះឆ្នោត ប្រទេសនឹងមានសង្គ្រាម។ ប៉ុន្តែ ការប្រកាសនេះត្រូវបានមេដឹកនាំគណបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិ ឆ្លើយតបថា នឹងមិនមានសង្គ្រាមកើតឡើងទេ បើបក្សប្រឆាំងឈ្នះឆ្នោត ព្រោះបក្សប្រឆាំងគ្មានកម្លាំងទ័ព និងអាវុធសម្រាប់ធ្វើសង្គ្រាមដូចគណបក្សប្រជាជនកម្ពុជា របស់ លោក ហ៊ុន សែន។
ទាក់ទិនបញ្ហានេះដែរ ប្រទេសជប៉ុន តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសជប៉ុន កាលពីថ្ងៃទី៣១ ខែកក្កដា ក៏បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនស្វាគមន៍ប្រការដែលការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ នៅកម្ពុជា បានប្រព្រឹត្តទៅប្រកបដោយភាពរលូន និងសន្តិភាពជាទូទៅ កាលពីថ្ងៃទី២៨ ខែកក្កដា។
យ៉ាងណាក៏ដោយ ប្រទេសជប៉ុន នឹងបន្តឃ្លាំមើលដោយយកចិត្តទុកដាក់នូវសភាពការណ៍ក្រោយការបោះឆ្នោតនេះ។ ប្រទេសជប៉ុន សង្ឃឹមថា ដំណើរការក្រោយការបោះឆ្នោត ក៏ដូចជាការដោះស្រាយពាក្យបណ្ដឹងជាដើម នឹងប្រព្រឹត្តទៅដោយយោងតាមច្បាប់ពាក់ព័ន្ធ ដោយផ្អែកលើកិច្ចពិភាក្សាគ្នា និងកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធនានាប្រកបដោយភាពយុត្តិធម៌ សន្តិវិធី និងឲ្យទាន់ពេលវេលា ហើយសន្តិសុខ និងសណ្ដាប់ធ្នាប់ក្នុងប្រទេសត្រូវបានធានា៕
ពលរដ្ឋព្រួយបារម្ភអំពីការចល័តកងទ័ពចូលទៅបរិវេណវត្តសំរោងខាងជើងខណ្ឌសែនសុខ
ដោយ អ៊ួន ឈិន
ការចល័តទ័ព និងគ្រឿងសព្វាវុធពីតំបន់មួយចំនួនទៅតំបន់ផ្សេងទៀត ជាពិសេសការចល័តចូលរាជធានីភ្នំពេញ កំពុងធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភ និងមានការភ័យខ្លាច។ ដោយឡែក នៅរសៀលថ្ងៃទី៨ ខែសីហា រថក្រោះ រថពាសដែក និងរថយន្តយោធាសរុបជាង ១០គ្រឿង ត្រូវបានគេដឹកចូល និងយកមកទុកនៅជាយក្រុងប៉ែកខាងជើង។
រថពាសដែក ៩គ្រឿង រថយន្តយោធាធុនធំ ៣គ្រឿង និងរថយន្តកងរាជអាវុធហត្ថប្រភេទភីកខាប់ (pickup) មួយចំនួនទៀត ត្រូវបានគេបើកចូលចតនៅក្នុងវត្តច័ន្ទបុរីវង្ស ហៅវត្តសំរោងជើង ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចម្ងាយប្រមាណ ១៨គីឡូម៉ែត្រ ពីរាជធានី គឺប្រហែល ៥គីឡូម៉ែត្រ ពីទីប្រជុំជនព្រែកព្នៅ តាំងពីរសៀលថ្ងៃទី៨ ខែសីហា។
សកម្មភាពចល័តទ័ព និងគ្រឿងសព្វាវុធនេះ បានធ្វើឲ្យព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋដែលរស់នៅក្បែរខាងមានការភ្ញាក់ផ្អើល និងព្រួយបារម្ភយ៉ាងខ្លាំង។
ព្រះសង្ឃអង្គខ្លះដែលគង់នៅវត្តសំរោងជើង មានថេរដីកាថា រថពាសដែក និងរថយន្តយោធាទាំងអស់ អាចនឹងគេត្រូវចល័តចូលក្រុងនៅពេលយប់ ហើយនៅម៉ោង ១០យប់ថ្ងៃទី៨ ខែសីហា ប្រជាពលរដ្ឋនៅសង្កាត់សំរោង ខណ្ឌសែនសុខ បានឲ្យដឹងថា រថក្រោះ ២គ្រឿង ត្រូវបានគេដឹកតាមផ្លូវជាតិលេខ៥ សំដៅមកភ្នំពេញ។
ប្រជាពលរដ្ឋមួយចំនួនចង់នាំក្រុមគ្រួសាររត់គេចទៅខេត្តឆ្ងាយ ឬទៅកន្លែងដទៃ ព្រោះពួកគាត់ខ្លាចមានការប្រយុទ្ធគ្នាណាមួយនឹងកើតឡើង៕
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក អ៊ួន ឈិន៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។