លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកំណត់បញ្ហាអាទិភាពមួយនៅក្នុងអាណត្តិទី៥នេះ គឺកម្មវិធីកាត់បន្ថយគម្លាតទីផ្សារការងាររវាងយុវជន និងការចង់បានរបស់វិស័យឯកជន។ ស្ថាប័នទាំងអស់ ត្រូវតែធ្វើកម្មវិធីកំណែទម្រង់ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីចូលរួមនៅក្នុងទីផ្សារប្រកបដោយភាពប្រកួតប្រជែងនៅក្នុងតំបន់និងពិភពលោក។ ក្រៅពីនេះ លោក ហ៊ុន សែន ស្នើឲ្យគណបក្សប្រឆាំងចូលរួមនៅក្នុងកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលនៅអាណត្តិទី៥នេះដែរ។
ថ្នាក់ដឹកនាំប្រមាណជាង ៣០០នាក់ ជួបជុំគ្នាជាផ្លូវការនៅក្នុងសន្និសីទចក្ខុវិស័យកម្ពុជា ឆ្នាំ២០១៤ នៅថ្ងៃទី២៧ កុម្ភៈ បានស្វែងរកយុទ្ធសាស្ត្រថ្មីដើម្បីជំរុញសមត្ថភាពកម្ពុជា អាចចូលទៅក្នុងទីផ្សារក្នុងតំបន់ប្រកបដោយភាពប្រកួតប្រជែង។ ថ្នាក់ដឹកនាំទាំងនោះ ភាគច្រើនមកពីខាងរដ្ឋាភិបាល វិស័យឯកជន ស្ថាប័នស្រាវជ្រាវ និងដៃគូអភិវឌ្ឍនានា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍នៅក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៤ កាលពីព្រឹកថ្ងៃទី២៧ កុម្ភៈ ថា ប្រទេសកម្ពុជា ក្នុងរយៈពេល ៥ឆ្នាំខាងមុខទៀត ត្រូវរៀបចំគោលនយោបាយកំណែទម្រង់ដើម្បីបង្កើនភាពប្រកួតប្រជែងនៅក្នុងតំបន់ ក្រោយការធ្វើសមាហរណកម្ម។
លោកបញ្ជាក់ថា គោលនយោបាយអាទិភាពចំនួន៤ ដែលត្រូវយកចិត្តទុកដាក់នោះ រួមមានទីមួយការអភិវឌ្ឍធនធានមនុស្ស ទីពីរ ការវិនិយោគបន្ថែមទៀតលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ទីបី ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងទីបួន ការពង្រឹងអភិបាលកិច្ច ដើម្បីលើកកម្ពស់សមត្ថភាពស្ថាប័នរដ្ឋ៖ «កិច្ចខិតខំប្រឹងប្រែងឲ្យកាន់តែខ្លាំងក្លាថែមទៀត លើការដ្ឋានកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលអាណត្តិទីប្រាំនេះ ឈានទៅពង្រឹងសមត្ថភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចក្នុងកម្រិតតំបន់ និងពិភពលោក ព្រមទាំងការកែលម្អបរិយាកាសពាណិជ្ជកម្ម និងអាជីវកម្ម»។
លោក ហ៊ុន សែន មានប្រសាសន៍បន្ថែមទៀតថា រាជរដ្ឋាភិបាលនិងគណៈរដ្ឋមន្ត្រីថ្មីដែលចូលកាន់តំណែងក្នុងអាណត្តិថ្មីនេះ បានប្ដេជ្ញាខ្ពស់បំផុតដើម្បីអនុវត្តកម្មវិធីកំណែទម្រង់ថ្មីឲ្យកាន់តែស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាព ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងចូលក្នុងទីផ្សារតំបន់ និងពិភពលោក។
ការផ្ដួចផ្ដើមសន្និសីទនេះ រៀបចំដោយធនាគារ អេ.អែន.ហ្សិត (ANZ Royal) និងវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)។
ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបណ្ដុះបណ្ដាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍកម្ពុជា លោកបណ្ឌិត សុក ស៊ីផាន់ណា មានប្រសាសន៍ថា ការជួបជុំគ្នានៅពេលនេះ គឺត្រូវស្វែងរកយុទ្ធសាស្ត្រ លើការកែលម្អអាជីវកម្មនិងពាណិជ្ជកម្ម។ បន្ថែមលើនេះ គឺត្រូវធ្វើយ៉ាងណាដើម្បីឲ្យកម្ពុជា មានជំនាញកាន់តែខ្ពស់ឡើង អាចឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន។
បណ្ឌិត សុក ស៊ីផាន់ណា៖ «សន្និសីទចក្ខុវិស័យលើនេះ ផ្ដោតលើចំណុចសំខាន់ៗ តើរដ្ឋាភិបាល វិស័យឯកជន និងសហគមន៍នានា អាចធ្វើការរួមគ្នាយ៉ាងណា ដើម្បីដោះស្រាយបញ្ហាប្រឈម និងប្រើប្រាស់ឱកាសល្អបំផុតពីសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ និងសមាហរណកម្មក្នុងតំបន់ កាន់តែធំទូលាយឡើង»។
លោកបណ្ឌិត សុក ស៊ីផាន់ណា មានប្រសាសន៍បន្ថែមទៀតថា យុទ្ធសាស្ត្រ ឬកម្មវិធីកំណែទម្រង់ដែលនឹងបង្កើតឡើងពីការផ្លាស់ប្ដូរយោបល់គ្នាត្រូវចងក្រងជាអនុសាសន៍ផ្នែកគោលនយោបាយសម្រាប់ការធ្វើសកម្មភាព។
ទោះជាយ៉ាងណា ក៏ដោយរដ្ឋាភិបាលបានទទួលស្គាល់បញ្ហាអាទិភាពចម្បងមួយសម្រាប់រយៈពេល ៥ឆ្នាំខាងមុខទៀតនោះ គឺត្រូវដោះស្រាយបញ្ហាភាពមិនស៊ីសង្វាក់គ្នា ឬគម្លាតរវាងជំនាញដែលផ្នែកអាជីវកម្មចង់បាន ហើយនិងស្ថាប័នអប់រំកំពុងផលិត។ គម្លាតនេះ គឺជាឧបសគ្គមួយដល់ការទាក់ទាញការធ្វើអាជីវកម្មនៅកម្ពុជា។
ក្រៅពីការបង្កើតយុទ្ធសាស្ត្រសម្រាប់ពេល ៥ឆ្នាំខាងមុខនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏អំពាវនាវឲ្យគណបក្សប្រឆាំងឱ្យចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកំណែទម្រង់នានា ក្នុងអាណត្តិទី៥ នេះដែរ។
ប៉ុន្តែទោះបីជាមានភាពជាប់គាំងនយោបាយក្រោយការបោះឆ្នោតជាតិ កាលពីខែកក្កដា ឆ្នាំ២០១៣ ក្ដី ក៏របាយការណ៍ប្រចាំឆ្នាំរបស់វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា រំពឹងថា នឹងមានកំណើន ៧% សម្រាប់ឆ្នាំ២០១៤៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។