ការអំពាវនាវរបស់ប្រមុខដឹកនាំឲ្យមានការស្ងប់ស្ងៀមដូច្នេះ ក្នុងពិធីសម្ពោធអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅជាប់ស្តាតអូឡាំពិក រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា។
នៅក្នុងឱកាសនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបដិសេធការចោទប្រកាន់ដែលថា គណបក្សប្រជាជនកម្ពុជា ជាអ្នកគាំទ្រលោក ជុំ ម៉ី ដឹកនាំធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា ប្រធានទីស្ដីការគណបក្សសង្គ្រោះជាតិ។ លោកព្រមានថា បើសិនជាគណបក្សប្រជាជនកម្ពុជា នៅពីក្រោយបាតុកម្មនោះ នោះលោក កឹម សុខា មិនបានសុខទេ គឺប្រាកដជាត្រូវស្វែងរកស្ថានទូតណាមួយដើម្បីជ្រកកោនមិនខាន។
ប្រមុខដឹកនាំបានព្រមានគណបក្សប្រឆាំង មិនត្រូវទម្លាក់កំហុសឲ្យរដ្ឋាភិបាលជាអ្នកនៅពីក្រោយបាតុកម្មរបស់លោក ជុំ ម៉ី នោះទេ។ លោក ហ៊ុន សែន បានព្រមានប្ដឹងលោក កឹម សុខា ទៅកាន់តុលាការក្រោយការបោះឆ្នោត។
ជាមួយគ្នានេះ លោក ហ៊ុន សែន បានស្នើឲ្យលោក ជុំ ម៉ី និងជនរងគ្រោះក្នុងរបបខ្មែរក្រហម ផ្អាកធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា និងរកវិធីតវ៉ាផ្សេងដើម្បីឲ្យការឃោសនា និងការបោះឆ្នោត ខែកក្កដា ខាងមុខ មានបរិយាកាសល្អ៖ «សូមលោកកុំភណ្ឌច្រឡំ បើសិនមានមេដឹកនាំគណបក្សប្រជាជន ពិសេស ហ៊ុន សែន ចេញមុខ ឬ ហេង សំរិន ចេញមុខ ឬអ្នកដឹកនាំដទៃទៀតជាសមាជិកអចិន្ត្រៃយ៍ចេញមុខពិតប្រាកដ កម្រិតអស់លោកគាំទ្រអត់បានទេ។ បើអស់លោកមិនរត់ចូលដេកក្នុងស្ថានទូតបរទេសទេ ខ្ញុំថ្វាយបង្គំ»។
កាលពីថ្ងៃទី៩ ខែមិថុនា លោក ជុំ ម៉ី បានដឹកនាំបាតុកម្មតវ៉ាទាមទារឲ្យលោក កឹម សុខា សុំទោសជាសាធារណៈ ចំពោះពាក្យសម្តីរបស់ខ្លួនដែលថា ទួលស្លែងជាគុកសិប្បនិមិត្ត។ ប៉ុន្តែលោក កឹម សុខា បដិសេធថា លោកមិនបាននិយាយថា គុកទួលស្លែង ជាគុកសិប្បនិម្មិតដូចការចោទទេ។
បញ្ហានេះ អ្នកវិភាគបញ្ហាសង្គម និងសាធារណៈ បានមើលឃើញថា រដ្ឋាភិបាល ឬគណបក្សកំពុងកាន់អំណាចជាអ្នកគាំទ្រ សកម្មភាពដឹកនាំធ្វើបាតុកម្មរបស់លោក ជុំ ម៉ី។
ការដឹកនាំធ្វើបាតុកម្ម ឬបញ្ហារំខានផ្សេងៗ មកលើលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ត្រូវមេបក្សប្រឆាំងរូបនេះ ចាត់ទុកជាបញ្ហានយោបាយ និងរៀបចំដោយបក្សកាន់អំណាច។
លោក កឹម សុខា បានចាត់ទុកល្បិចកលរបស់បក្សកាន់អំណាចធ្វើមកលើគណបក្សប្រឆាំងថា មិនមែនជារឿងថ្មីទេ ហើយថា បញ្ហានេះធ្លាប់បានអនុវត្ត តាំងពីឆ្នាំ១៩៩៧ មកម្ល៉េះ ក្នុងបំណងបំបែកបំបាក់កម្លាំងអ្នកប្រជាធិបតេយ្យ៖ «គណបក្សកាន់អំណាចព្យាយាមមួលបង្កាច់បង្ខូចគ្រប់បែបយ៉ាងទាំងអស់។ បំបែកបំបាក់ទិញដូរអីដូចរូបភាពមុនទាំងអស់ ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយរាល់ថ្ងៃ ប៉ុន្តែគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានប្ដេជ្ញាចិត្តយ៉ាងរឹងមាំ រួបរួមគ្នាបង្កើតគណបក្សសង្គ្រោះជាតិ ដែលធ្វើឲ្យគណបក្សប្រជាជន មិនអាចបំបែកបានរហូតមកដល់ថ្ងៃនេះ។ នេះហើយជាការក្តៅក្រហាយរបស់ពួកគាត់ ដែលនាំឲ្យពួកគាត់បានប្រើរូបភាពក្ដៅមកទៀតហើយដូចឆ្នាំ១៩៩៧។ ប៉ុន្តែនៅឆ្នាំ១៩៩៧ គណបក្សហ៊្វុនស៊ិនប៉ិច គេមានទ័ព តែឥឡូវនេះ ឆ្នាំ២០១៣ នេះ គណបក្សសង្គ្រោះជាតិ អត់មានទ័ពទេ មានតែសំឡេង មានតែទស្សនៈ មានតែកម្មវិធីនយោបាយល្អ អ៊ីចឹងហើយបានជាគេមកបំបែកសំឡេងយើង»។
ទាក់ទិនបញ្ហានេះ លោកបណ្ឌិត ហង្ស ពុទ្ធា ជានាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា ហៅកាត់និកហ្វិច (NICFEC)។ លោកមានការព្រួយបារម្ភពីកម្ដៅនយោបាយនៅមុន និងក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ អាចមានអំពើហិង្សា។
លោកបន្តថា កម្ដៅផ្ដើមពីការអុចអាលរវាងមេដឹកនាំគណបក្សនយោបាយមួយទៅបក្សមួយនៅតាមវេទិកាផ្សេងៗ នឹងអាចបង្កើតឲ្យមានអំពើហិង្សាកើតឡើង បើអ្នកនយោបាយទាំងនោះមិនបញ្ឈប់សកម្មភាពនេះទេ៖ «មានការព្រួយបារម្ភថា កម្ដៅនយោបាយនេះអាចនឹងមានការកើនឡើង។ ប៉ុន្តែបើសិនជាមេដឹកនាំទាំងសងខាងបក្សព្យាយាមបន្ធូរបន្ថយ ខ្ញុំគិតថា អាចនឹងធ្វើទៅបាន។ តែបើសិនជាកម្ដៅនៅតែកើនបែបនេះ បរិយាកាសនៅមុន និងក្រោយបោះឆ្នោត ជួនកាលទៅអាចនឹងមានបញ្ហា»។
ចំណែកលោក កែម ឡី អ្នកវិភាគឯករាជ្យ និងជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម វិភាគថា អ្នកនយោបាយគួរផ្ដោត ឬក៏លើកឡើងពីគោលនយោបាយបក្សរៀងៗខ្លួន ប្រសើរជាងរិះគន់លាបពណ៌ឲ្យគ្នា ព្រោះយុទ្ធសាស្ត្រនេះ មិនចំណេញដល់សង្គមជាតិទេ៖ «បើសិនជាយើងមិនផ្ដោតទៅលើគោលនយោបាយ យើងចេះតែបន្តវាយប្រហារជាលក្ខណៈបុគ្គលតទៅទៀត មិនអាចចំរើនទៅដល់ប្រទេសជាតិទេ។ ត្រូវម្យ៉ាងដែរ ដែលសម្ដេចនាយកគាត់ធ្វើអ៊ីចឹង ក៏ប៉ុន្តែបើសិនជាលក្ខណៈបុគ្គលគេប្រើប្រាស់យន្តការសម្របសម្រួល គេប្រើប្រាស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ឬក៏ប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីដោះស្រាយបញ្ហា»។
យ៉ាងណាក៏ដោយ ប្រមុខដឹកនាំបានអំពាវនាវដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ឬផ្នែកពាក់ព័ន្ធនានា ឲ្យចូលរួមរក្សាការពារឲ្យស្ថានការណ៍ក្នុងពេលឃោសនា ឬការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ប្រព្រឹត្តទៅបានល្អ និងជៀសផុតពីអំពើហិង្សាផ្សេងៗ។
បក្សសង្គ្រោះជាតិស្វាគមន៍ការអំពាវនាវរបស់លោក ហ៊ុន សែន
សេចក្ដីថ្លែងការណ៍គណបក្សសង្គ្រោះជាតិ ផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា នេះ បានស្វាគមន៍ការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានស្នើឲ្យជនរងគ្រោះនៃរបបខ្មែរក្រហម ផ្អាកការធ្វើបាតុកម្មនៅទូទាំងប្រទេស ប្រឆាំងនឹងលោក កឹម សុខា។
គណបក្សសង្គ្រោះជាតិ ចាត់ទុកថា ការរក្សាភាពស្ងប់ស្ងាត់មុនការបោះឆ្នោត គឺជាកត្តាបង្កើនបរិយាកាសល្អប្រសើរសម្រាប់ការបោះឆ្នោត ដែលបានឈានជិតមកដល់ ហើយក៏ជាកត្តាជំរុញឲ្យមានស្ថិរភាពនយោបាយ និងការបង្រួបបង្រួមជាតិផងដែរ។
គណបក្សសង្គ្រោះជាតិ ក៏បានថ្កោលទោសសកម្មភាពបង្កអំពើអុកឡុក រំខានតាមគ្រប់រូបភាព និងមានលក្ខណៈជាប្រព័ន្ធទៅលើវេទិកាគណបក្សសង្គ្រោះជាតិ។ សេចក្ដីថ្លែងការណ៍អំពាវនាវឲ្យរដ្ឋាភិបាលចាត់វិធានការទប់ស្កាត់ការបង្កសកម្មភាពហិង្សា និងការធានាកុំឲ្យមានការបំផ្លាញ និងទម្លាក់ស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ។
សង្គមស៊ីវិលបារម្ភពីការបំភិតបំភ័យនិងរំលោភសិទ្ធិអ្នកនយោបាយ
អង្គការក្រៅរដ្ឋាភិបាលជាង ១០អង្គការ ដែលឃ្លាំមើលដំណើរការបោះឆ្នោតនៅកម្ពុជា នៅថ្ងៃព្រហស្បតិ៍ នេះដែរ សំដែងក្តីបារម្ភពីបរិយាកាសបំភិតបំភ័យ និងការរំលោភសិទ្ធិបំពានទៅលើអ្នកនយោបាយ និងអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង កំពុងកើតឡើងយ៉ាងគំហុកក្នុងរយៈពេល ៥ខែដើមឆ្នាំ២០១៣ នេះ ជាពិសេសកាលពីខែឧសភា កន្លងផុតទៅនេះ។
របាយការណ៍អង្គការសង្គមស៊ីវិល រួមមានអង្គការខុមហ្រ្វែល គណៈកម្មាធិការប្រព្រឹត្តិកម្ម និងអង្គការមួយចំនួនទៀតផ្សាយថា ចាប់ពីខែមករា ឆ្នាំ២០១៣ មក បើទោះបីគ្មានអំពើហិង្សានយោបាយដល់របួស និងស្លាប់ធ្ងន់ធ្ងរ ប៉ុន្តែមានករណីគំរាមកំហែង បំភិតបំភ័យ និងការរំខានយាយីផ្នែកនយោបាយ បានកើតឡើងជាបន្តបន្ទាប់ តាំងពីមូលដ្ឋាន មកកម្រិតថ្នាក់ជាតិ។
របាយការណ៍បង្ហាញថា អាជ្ញាធរមូលដ្ឋាន ជាពិសេសមេភូមិ មេឃុំមួយចំនួន បានគំរាមលើប្រជាពលរដ្ឋណាដែលមិនមាននិន្នាការគាំទ្រគណបក្សកាន់អំណាច និងហាមឃាត់ពលរដ្ឋមិនឲ្យចូលរួមស្ដាប់កិច្ចប្រជុំនានារបស់គណបក្សមិនកាន់អំណាច និងការបំផ្លាញស្លាកសញ្ញាគណបក្សជាដើម។ ម្យ៉ាងវិញទៀត ការដកតួនាទីតំណាងរាស្ត្រគណបក្សប្រឆាំង ២៩រូបពីរដ្ឋសភា បាន
បណ្ដាលឲ្យប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
អង្គការសង្គមស៊ីវិលយល់ឃើញថា បរិយាកាសបំភិតបំភ័យ និងការរំលោភសិទ្ធិនៅដំណាក់កាលមុនការបោះឆ្នោតជាតិនេះ បណ្ដាលឲ្យប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ និងទីលានប្រកួតប្រជែងដោយស្មើគ្នាសម្រាប់ការបោះឆ្នោតខែកក្កដា ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។