លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៩ ខែមីនា បានប្រកាសសុំឲ្យប្រជាពលរដ្ឋនានាទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា និងគាំទ្រឲ្យលោកបន្តធ្វើជានាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៥ ក្នុងការបោះឆ្នោតសកលនៅថ្ងៃទី២៨ ខែកក្កដា ខាងមុខនេះ។ ការឃោសនានេះធ្វើឡើងមុនថ្ងៃដែល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកំណត់។
ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បានប្រកាសស្វែងរកការគាំទ្របែបនេះ គឺក្រោយពីសមាជវិសាមញ្ញរយៈពេល ២ថ្ងៃរបស់គណបក្សប្រជាជនកម្ពុជា ថ្មីៗនេះ បានឯកភាពជាឯកច្ឆន្ទ គាំទ្របេក្ខភាពរបស់លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៥ ខាងមុខនេះ និងនីតិកាលបន្តបន្ទាប់ទៀត។
ការប្រកាសនេះ គឺនៅក្នុងកាសនៃពិធីសម្ពោធក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍បៃតង និងការផ្សព្វផ្សាយគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍបៃតង និងផែនការយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍបៃតងឆ្នាំ២០១៣ ដល់ឆ្នាំ២០៣០ នៅឯវិមានសន្តិភាព ដោយមានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងតំណាងស្ថានទូតបរទេសជាច្រើនចូលរួមដែរ។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា មេដឹកនាំគណបក្សនយោបាយប្រឆាំងមានសិទ្ធិឃោសនាបោះឆ្នោតនៅពេលនេះ គឺមិនទាន់ដល់ពេលកំណត់ដែលអនុញ្ញាតឲ្យឃោសនានៅឡើយទេ។ ដូច្នេះលោកក៏មានសិទ្ធិឃោសនាដែរ ក្រោយពីលោកបានទទួលការគាំទ្រជាផ្លូវការក្នុងសមាជវិសាមញ្ញថ្មីៗនេះ៖ «ហើយគណបក្សបានអនុម័តគាំទ្រផ្លូវការ...។ កន្លងទៅគ្រាន់តែថា ក្រៅផ្លូវការទេ ឥឡូវខ្ញុំចេញសារពីទីនេះតែម្ដង បើស្រឡាញ់ បើអាណិត បើជឿទុកចិត្ត ហ៊ុន សែន ត្រូវបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ហើយទៅដល់ទីណាក៏ខ្ញុំនិយាយតែភាសាហ្នឹងដែរ ពីព្រោះអ្នកដទៃក៏គេនិយាយថា ដើម្បីសង្គ្រោះប្រទេស សង្គ្រោះស្អីណាត្រូវបោះឆ្នោតឲ្យគេទៅ សង្គ្រោះស្អីម៉ោងនេះ? ជំនាន់អា ពត ម៉េចមិនមកសង្គ្រោះ?»។
លោកបានលើកឡើងថា ករណីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ត្រូវបានយោធាធ្វើរដ្ឋប្រហារខុសច្បាប់ទម្លាក់ចេញពីតំណែងជានាយករដ្ឋមន្ត្រី នៅប្រទេសថៃ កន្លងមក ហើយគណបក្សរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបានតុលាការបញ្ជាឲ្យរំលាយចោល និងលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបានគេរារាំងមិនឲ្យចូលប្រទេសថៃទៀត រហូតដល់ពេលនេះ ប៉ុន្តែគ្មានសហគមន៍អន្តរជាតិណាហ៊ានតវ៉ាឲ្យលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ វិលចូលថៃ វិញទេ ដោយគេឃើញថា ថៃមានសេដ្ឋកិច្ចរឹងមាំ ផ្ដល់អត្ថប្រយោជន៍ដល់គេ ដូច្នេះគេមិនហ៊ានឲ្យថៃ អន់ចិត្តទេ។
រីឯនៅកម្ពុជា ជាប្រទេសក្រីក្រ ករណីលោក សម រង្ស៊ី គឺជាករណីផ្លូវច្បាប់ និងមិនមែនជាអ្នកទោសនយោបាយទេ ហើយគណបក្សរបស់លោក សម រង្ស៊ី ក៏មិនត្រូវបានរំលាយចោលដែរ ប៉ុន្តែគណបក្សនានាមានសិទ្ធិចូលរួមបោះឆ្នោតស្មើភាពគ្នា។ លោកបានចោទសួរថា ហេតុអ្វីបានជាគេទាមទារឲ្យលោក សម រង្ស៊ី ចូលមកកម្ពុជាវិញ សម្រាប់ការបោះឆ្នោត?
ប្រធានក្រុមតំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក សុន ឆ័យ បានមានប្រសាសន៍ថា បើសិនណាលោក ហ៊ុន សែន មានការជឿទុកចិត្តថា ឈ្នះក្នុងការបោះឆ្នោតខាងមុខនេះ គាត់ត្រូវតែបើកផ្លូវឲ្យលោក សម រង្ស៊ី ចូលមកកម្ពុជា ដើម្បីប្រកួតប្រជែកក្នុងការបោះឆ្នោតសកលខាងមុខនេះ។
លោក សុន ឆ័យ៖ «យើងនិយាយអំពីការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣ បើគាត់ជាមិនកំសាក សុំឲ្យគាត់ (លោក ហ៊ុន សែន) ឲ្យមេបក្សដែលប្រកួតប្រជែងជាមួយគាត់នោះ (លោក សម រង្ស៊ី) មកប្រកួតប្រជែង ...គេមិនដែលប្រយុទ្ធគ្នាតែម្ខាងហើយអួតខ្លួនថាពូកែទេ»។
ទាក់ទងនឹងដំណើរការបោះឆ្នោតខាងមុខនេះ លោក ហង្ស ពុទ្ធា ជានាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិច (Necfic) បានមានប្រសាសន៍ថា រដូវឃោសនាបោះឆ្នោតមិនទាន់ឈានមកដល់ទេ ប៉ុន្តែអ្នកដឹកនាំនយោបាយតែងតែឆ្លៀតឱកាសស្វែងរកការគាំទ្ររៀងៗខ្លួន៖ «អ៊ីចឹងទោះបីជាឱកាសហ្នឹងមានតិច ឬក៏មានច្រើន វាហាក់ដូចជាទម្លាប់របស់អ្នកនយោបាយខ្មែរទៅហើយ»។
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា រដូវឃោសនាបោះឆ្នោតគឺចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២៦ ខែកក្កដា។ ថ្ងៃទី២៧ ខែកក្កដា ជាថ្ងៃស និងថ្ងៃទី២៨ ខែកក្កដា ជាថ្ងៃបោះឆ្នោតសកល ជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៥។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បានរំពឹងថា ប្រជាពលរដ្ឋបោះឆ្នោតចំនួនជាង ៩លាន ៦សែននាក់ទៅបោះឆ្នោតនៅមណ្ឌលបោះឆ្នោតចំនួន ២៤ខេត្ត ក្រុង និងនៅការិយាល័យបោះឆ្នោតចំនួន ១៩ពាន់ ៩ការិយាល័យនៅទូទាំងប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។