អនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បញ្ជាឲ្យមន្ត្រីក្រោមឱវាទដែលជាតំណាងរាស្ត្រ រៀបចំសេចក្ដីស្នើច្បាប់មួយឡើង ដើម្បីដាក់ទោសទណ្ឌឲ្យបានធ្ងន់ធ្ងរចំពោះអ្នកណាដែលហ៊ាននិយាយថា កម្ពុជាមិនមានរបបខ្មែរក្រហម ឬរបបខ្មែរក្រហមមិនបានសម្លាប់មនុស្ស។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីសម្ពោធកុដិមួយក្នុងវត្តលង្កា នារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៣។
លោក ហ៊ុន សែន មានប្រសាសន៍ថា ច្បាប់ថ្មីនេះនឹងមិនប៉ះពាល់ដល់សេរីភាពបញ្ចេញមតិនោះឡើយ ព្រោះថា តុលាការកូនកាត់អន្តរជាតិកម្ពុជា កំពុងកាត់ទោសមេដឹកនាំខ្មែរក្រហម។ លោកបន្តថា ការបង្កើតច្បាប់ថ្មីនេះ ក៏អាចដាក់ទោសលោក កឹម សុខា បានដែរ បើសិនណាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិរូបនេះ នៅតែមិនទទួលស្គាល់ថា មានរបបខ្មែរក្រហម និងនៅតែនិយាយថា គុកទួលស្លែងជាគុកសិប្បនិម្មិត។
លោក ហ៊ុន សែន បានចោទថា លោក កឹម សុខា ជាអ្នកមិនគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងរបបខ្មែរក្រហម និងបង្កឲ្យប្រជាពលរដ្ឋទូទាំងប្រទេសមានការឈឺចាប់៖ «គួរតែត្រូវធ្វើច្បាប់មួយដាក់កំហិតអ្នកណាថា គ្មានរបបប្រល័យពូជសាសន៍ គឺត្រូវមានទោសយ៉ាងម៉េច គឺសេចក្ដីស្នើច្បាប់របស់រដ្ឋសភា ដើម្បីធានាថា របបមួយនេះមិនអាចវិលមកវិញ។ អ្នកណាក៏ដោយ ថាគ្មានរបបប្រល័យអ៊ីចឹងទោះ បីអង្គការសហប្រជាជាតិក៏មិនអាចថា យើងបំបិទសេរីភាពបញ្ចេញមតិបានដែរ»។
លោក ហ៊ុន សែន បញ្ជាក់ថា ប្រជាពលរដ្ឋមិនអាចទ្រាំនឹងសំដីលោក កឹម សុខា បានទេ ព្រោះថា ពួកគាត់សុទ្ធតែរងនូវការឈឺចាប់បាត់បង់សាច់ញាតិ និងរងទុក្ខលំបាកដោយសាររបបខ្មែរក្រហម។
លោក ជុំ ម៉ី និងលោក ប៊ូ ម៉េង កាលពីថ្ងៃទី២០ ខែឧសភា ថ្លែងក្នុងសន្និសីទកាសែតមួយដែលរៀបចំឡើងដោយបក្សកាន់អំណាចនៅគុកទួលស្លែង ដើម្បីទាមទារឲ្យលោក កឹម សុខា សូមទោសជាសាធារណៈ។ សាក្សីរស់ទាំងពីរក្នុងមន្ទីរ ស.២១ ឬគុកទួលស្លែង ក៏បានព្រមានថា នឹងដឹកនាំបាតុកម្មប្រឆាំងនឹងលោក កឹម សុខា ថែមទៀត បើលោកនៅតែមិនសុំទោសនោះ។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា បានបង្កាច់បង្ខូច រូបលោកដោយចោទថា លោកមិនគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ដោយរបបខ្មែរក្រហម។ លោកបន្តថា គណបក្សសង្គ្រោះជាតិនឹងចេញសេចក្ដីថ្លែងការណ៍មួយបដិសេធខ្សែអាត់សំឡេងដែលបង្ហោះដោយគណបក្សប្រជាជនកម្ពុជា។
លោកបញ្ជាក់ថា ចំពោះសេចក្ដីស្នើច្បាប់ទាំងឡាយដែលលោក ហ៊ុន សែន គ្រោងបង្កើត គឺធ្វើឡើងដើម្បីបម្រើបក្សពួកខ្លួនប៉ុណ្ណោះ៖ «ទាល់តែច្បាប់ហ្នឹងមានយុត្តិធម៌ កន្លងទៅក៏គណបក្សប្រជាជនចង់ធ្វើច្បាប់អីគាត់នឹកឃើញគាត់ធ្វើ។ ខ្ញុំ កឹម សុខា តែងតែថ្កោលទោសរបបខ្មែរក្រហម ដូច្នេះគ្រាន់តែគេកាត់មួយកំណាត់យកកែច្នៃដើម្បីបង្ករឿងនយោបាយ ឲ្យតែគណបក្សប្រជាជនភ័យចាញ់តែងធ្វើអ៊ីចឹង»។
អ្នកតាមដានស្ថានការណ៍នយោបាយសង្ស័យថា គណបក្សប្រជាជនបង្កើតច្បាប់ដាក់ទោសទណ្ឌអ្នកដែលថា របបខ្មែរក្រហមមិនសម្លាប់មនុស្សនោះ ក៏អាចមានឥទ្ធិពលប្រឆាំង និងអ្នកដែលនិយាយបរិហារថ្ងៃ ៧ មករា នោះដែរ។ ពួកគេព្រួយបារម្ភថា ច្បាប់ថ្មីនេះគ្រាន់តែជាឧបករណ៍បំបាក់សំឡេងប្រឆាំង និងជំរុញឲ្យអំណាចគណបក្សប្រជាជនកាន់តែរឹងមាំប៉ុណ្ណោះ។
អ្នកវិភាគរំលឹកថា គណបក្សប្រជាជនកម្ពុជា ប្រើប្រាស់មធ្យោបាយបង្កើតច្បាប់ឯកពន្ធនភាពកាលពីឆ្នាំ២០០៦ ម្ដងរួចហើយ ដើម្បីជាឧបករណ៍បន្ថយឥទ្ធិពលនយោបាយសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ។
មាត្រាមួយចំនួនដែលចែងដាក់ទោសអ្នកបរិហារកេរ្តិ៍ក្នុងក្រមព្រហ្មទណ្ឌក៏អាចមានឥទ្ធិពលពង្រឹងអំណាចគណបក្សកាន់អំណាច ហើយរដ្ឋាភិបាលក៏បានអូសបន្លាយពេលបង្កើតច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ដែលជាឧបករណ៍ជំរុញលទ្ធិប្រជាធិបតេយ្យទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។