នាយករដ្ឋមន្ត្រី៖ សម្ដេច​ម៉ែ​ចង់​តតាំង​ជាមួយ​អ្នក​រិះគន់​សម្ដេច​ឪ

0:00 / 0:00

ពាក់ព័ន្ធ​បញ្ហា​នេះ បើ​ទោះ​ជា​លោក ហ៊ុន សែន មិន​បញ្ចេញ​ឈ្មោះ​ដោយ​ត្រង់​អ្នក​នយោបាយ​ណា​មួយ​ក្ដី ប៉ុន្តែ​គេ​ដឹង​ថា ការ​លើក​ឡើង​នេះ ទំនង​ជា​សំដៅ​ដល់​ប្រធាន​គណបក្ស សម រង្ស៊ី គឺ​លោក គង់ គាំ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហុន ព្រះអង្គ​ចង់​តតាំង​​ដោយ​ផ្ទាល់​ជាមួយ​អ្នក​ដែល​រិះគន់​ដល់​ព្រះនាម ព្រះ​មហា​វីរក្សត្រ ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ថា ព្រះ​អង្គ​បាន​បង្គាប់​បញ្ជា និង​រៀបចំ​គម្រោង​ការ​ឲ្យ​លោក​សេនា​ប្រមុខ លន់ នល់ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ព្រះអង្គ​ដោយ​ផ្ទាល់ កាល​ពី​ថ្ងៃ​១៨ មីនា ឆ្នាំ​១៩៧០។

ការ​ថ្លែង​របស់​លោក ហ៊ុន សែន នេះ​ធ្វើ​ឡើង​នៅ​គ្រា​លោក​ចូល​រួម​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សមិទ្ធផល​នានា នៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម កាល​ថ្ងៃ​ទី​១៥ មិថុនា។

បើ​ទោះ​ជា​លោក ហ៊ុន សែន មិន​បញ្ចេញ​ឈ្មោះ​អ្នក​នយោបាយ​ណា​មួយ​ក្ដី ក៏ប៉ុន្តែ​គេ​ដឹង​ថា នោះ​គឺ​លោក ហ៊ុន សែន សំដៅ​ដល់​ប្រធាន​គណបក្ស សម រង្ស៊ី គឺ​លោក គង់ គាំ។ លោក​នាយករដ្ឋមន្ត្រី​អត្ថាធិប្បាយ​ថា អ្នក​ដែល​លើក​ឡើង​បែប​នេះ គឺ​បាន​បង្ហាញ​ចេតនា​កាន់​តែ​ច្បាស់​ថា អ្នក​នោះ​គឺ​មិន​គោរព​របប​រាជា​និយម​នោះ​ទេ។

បើ​តាម​លោក ហ៊ុន សែន នៅ​ទីបំផុត​សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះអង្គ​សម្រេច​ព្រះរាជហឫទ័យ មិន​សវនាការ​ដោយ​ផ្ទាល់​ទេ ព្រោះ​មាន​លោក ហ៊ុន សែន ចេញ​មុខ​ការពារ​របប​រាជា​និយម​ហើយ​នោះ។

ខ្សែអាត់​សំឡេង​របស់​លោក គង់ គាំ ប្រធាន​គណបក្ស សម រង្ស៊ី ដែល​បាន​និយាយ​កាល​ពី​ខែ​ឧសភា នៅ​ខេត្ត​តាកែវ ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បញ្ចេញ​ជា​សាធារណៈ​ថា លោក លន់ នល់ ត្រូវ​បាន​​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ ព្រះអង្គ​គឺ​ជា​អ្នក​ដែល​ស្ថិត​នៅ​ពីក្រោយ​រដ្ឋ​ប្រហារ ឆ្នាំ​១៩៧០ ពោល​គឺ​ពុំ​មែន​ជា​គំនិត​របស់​លោក​សេនា​ប្រមុខ លន់ នល់ ទេ។

ក៏ប៉ុន្តែ​លោក គង់ គាំ វិញ បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ដោយ​ចាត់​ទុក​ថា នេះ​គឺ​ជា​ល្បិច​នយោបាយ​របស់​លោក ហ៊ុន សែន រៀបចំ​ទុក ដើម្បី​ធ្វើ​ឲ្យ​លោក និង​លោក កឹម សុខា ត្រូវ​បញ្ចប់​ជីវិត​នយោបាយ និង​ចុះ​ខ្សោយ​នៅ​មុន​ការ​បោះឆ្នោត​ប៉ុណ្ណោះ។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា គិត​ថា ប្រសិន​បើ​រឿងរ៉ាវ​វិវត្តន៍​ដល់​ការ​ចង់​តតាំង​ដោយ​ផ្ទាល់​នូវ​អ្វី​ដែល​គេ​គិត​ថា ជា​វិវាទ​នេះ នោះ​មាន​ន័យ​ថា គឺ​ជា​មធ្យោបាយ​ដ៏​ប្រសើរ។

លោក អ៊ូ វីរៈ អះអាង​ថា ទោះ​ជា​បែប​ណា នេះ​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រះនាម​ព្រះ​មហាក្សត្រ និង​ក៏​ពុំ​មាន​កំណត់​ក្នុង​ច្បាប់​ឡើយ ប្រសិន​អ្នក​នយោបាយ​គ្រាន់​តែ​លើក​ឡើង​ពី​ប្រវត្តិសាស្ត្រ​នោះ។

បើ​ទោះ​ជា​យ៉ាងណា មាត្រា ៧ នៃ​រដ្ឋធម្មនុញ្ញ​កំណត់​ថា ព្រះ​មហា​វីរក្សត្រ​កម្ពុជា​ ទ្រង់​គ្រងរាជ្យ​សម្បត្តិ​ ប៉ុន្តែ​ទ្រង់​មិន​កាន់​អំណាច​ឡើយ។ ព្រះ​មហាក្សត្រ​ទ្រង់​ជា​ព្រះ​ប្រមុខ​រដ្ឋ​មួយ​ជីវិត ហើយ​អង្គ​ព្រះ​មហាក្សត្រ​ មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ។

ចំណែក​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​ការ​បោះឆ្នោត​ចាត់​ទុក​ថា នេះ​ជា​របៀប​របស់​អ្នក​នយោបាយ​ដែល​តែង​អនុវត្ត​នៅ​មុន​ការ​បោះឆ្នោត​ម្ដងៗ និង​ដើម្បី​រក​ចំណុច​ខ្សោយ​ពី​គូប្រកួត​របស់​ខ្លួន ដើម្បី​កេង​ចំណេញ​ផ្នែក​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។