ដក​តំណែង​មន្ត្រី​ក្រសួង​យុត្តិធម៌​ពាក់ព័ន្ធ​ការ​ប្រើ​ហិង្សា​លើ​អ្នក​កាសែត

0:00 / 0:00

ការ​ស​ម្រេច​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​ជាន់​ខ្ពស់​រូប​នេះ និង​អតីត​មេធាវី​ឈ្មោះ ដេវីដ ឆាយណាវ៉ា ព្រម​ទាំង​គូកន ផឹក​ស៊ី​ស្រវឹង រួច​បាន​បើក​ឡាន​ប្រណាំង​គ្នា​លេង បង្ក​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​យប់​ថ្ងៃ​ទី​១៨ មីនា និង​បាន​ប្រើ​ប្រាស់​កណ្ដាប់ដៃ​ដើម្បី​វាយ​ទៅ​លើ​អ្នក​សារព័ត៌មាន​ដែល​ចុះ​យក​ព័ត៌មាន​នៅ​ទីតាំង​កើត​ហេតុ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ជា​សាធារណៈ​ថា នឹង​យក​សំណាញ់​ច្បាប់​ចាត់ការ​អនុ​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ និង​គូកន ដែល​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ និង​ប្រើ​ហិង្សា​ទៅ​លើ​ក្រុម​អ្នក​កាសែត។ ការ​ថ្លែង​បែប​នេះ ធ្វើ​ឡើង​ក្នុង​សន្និសីទ​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា នៅ​ល្ងាច​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៣។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា អនុ​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក យាន ស៊ីណា និង​មេធាវី ដេវីដ ឆាយណាវ៉ា ជា​ចាស់​ទំនើង​ដែល​បង្ក​ភាព​អសកម្ម​ក្នុង​សង្គម និង​វាយ​ទៅ​លើ​ក្រុម​អ្នក​កាសែត។

លោក​បន្ត​ថា រាជរដ្ឋាភិបាល​បាន​សម្រេច​ដក​តំណែង​លោក យាន ស៊ីណា ដើម្បី​បើក​ផ្លូវ​ឲ្យ​តុលាការ​ចាត់​ការ​តាម​ច្បាប់​រួច​ហើយ ប៉ុន្តែ​លោក​លើក​ចម្ងល់​ថា ហេតុ​អ្វី​បាន​ជា​សំណុំ​រឿង​តែ​មួយ​មាន​អ្នក​ជាប់​ឃុំ និង​មាន​អ្នក​រួច​ខ្លួន៖ «ខ្ញុំ​មិន​យល់​សំណុំ​រឿង​វា​តែ​មួយ មាន​អ្នក​ជាប់​ឃុំ​មាន​អ្នក​ក្នុង​ឃុំ ខ្ញុំ​មិន​យល់។ ព្រហ្មទណ្ឌ​ជាក់ស្ដែង វា​ត្រូវ​នៅ​ក្នុង​កញ្ចប់​ជាមួយ​គ្នា។ សួរ​ទៅ​គេ​ថា វា​រត់​រួច រួច​វា​ទៅ​ត្រង់​ណា​វា តាម​យក​ឲ្យ​បាន។ ធ្វើ​ដល់​អនុ​រដ្ឋលេខា ធ្វើ​អ៊ីចឹងៗ អនុ​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ សុទ្ធ​តែ​អ្នក​ចេះ​ច្បាប់»

លោក​បន្ត​ថា អនុ​រដ្ឋលេខាធិការ​រូប​នោះ​ជា​បេក្ខជន​មក​ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ហើយ​លោក ញឹក ប៊ុនឆៃ ក៏​បាន​ឯកភាព​ចាត់​ការ​រឿង​ដក​តំណែង​នេះ​ដែរ។

សំណុំ​រឿង​បើក​ឡាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នេះ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​មនុស្ស​ពីរ​នាក់​រួច​ហើយ ក្នុង​នោះ​មាន​មេធាវី ដេវីដ ឆាយណាវ៉ា និង​ក្មួយ​ប្រុស​ឈ្មោះ អ៊ូ ពី បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ សាកសួរ​អស់​រយៈ​ពេល​ពីរ​ថ្ងៃ​រួច​មក។

ទាក់ទង​នឹង​បញ្ហា​នេះ ក្លឹប​អ្នក​កាសែត​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស ហើយ​ជំរុញ​ឲ្យ​សមត្ថកិច្ច​ចាត់​វិធានការ​យ៉ាង​តឹងរ៉ឹង​តាម​ច្បាប់ ប្រឆាំង​នឹង​ក្រុម​អ្នក​ដែល​បាន​វាយ​លើ​ក្រុម​អ្នក​កាសែត​ទាំង​នោះ។ ចំណែក​ឯ​ក្រុម​ប្រឹក្សា​អ្នក​សារព័ត៌មាន ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ឲ្យ​ចាត់ការ​ចំពោះ​ជនសង្ស័យ​ទាំង​នោះ​ដែរ។

អនុ​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក យាន ស៊ីណា មិន​ទាន់​ត្រូវ​បាន​ឃុំ​ខ្លួន​នោះ​ទេ ដោយ​សមត្ថកិច្ច​អះអាង​ថា ជន​នេះ​រត់​រួច។ តាម​វីដេអូ ដែល​បង្ហោះ​តាម​ប្រព័ន្ធ​អ៊ិនធឺណិត (internet) បង្ហាញ​ថា ជន​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​រួច​ហើយ តែ​មិន​មាន​សមត្ថកិច្ច​ណា​ម្នាក់​ចេញ​មុខ​បញ្ជាក់​ថា គាត់​គេច​ខ្លួន​បាន​ដោយ​វិធី​ណា​នោះ​ទេ។

ក្នុង​មួយ​សប្ដាហ៍​ចុង​ក្រោយ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ចាត់ការ​ចំពោះ​មនុស្ស​មាន​លុយ និង​មាន​អំណាច​ពីរ​នាក់​ទៅ​ហើយ។ ម្នាក់​គឺ​ឧកញ៉ា ជៀម ផែន អគ្គនាយក​ក្រុមហ៊ុន​ស្រាបៀ​លីអូ (Leo Beer) ដែល​បញ្ជា​កម្លាំង​រុះរើ​ផ្ទះ​ពលរដ្ឋ​នៅ​តំបន់​កែវផុស ខេត្ត​ព្រះសីហនុ និង​ម្នាក់​ទៀត គឺ​អនុ​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក យាន ស៊ីណា ដែល​បាន​វាយ​អ្នក​កាសែត​នេះ​ឯង។

ទោះ​យ៉ាង​ណា​ក្ដី រាជរដ្ឋាភិបាល​កម្ពុជា បែរ​ជា​បាន​ដំឡើង​តំណែង​អគ្គនាយក​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា លោក ឡៅ សារឿន ដែល​សំបូរ​រឿង​អាស្រូវ​ពុករលួយ​រហូត​ដល់​បុគ្គលិក​ធ្វើ​ការ​តវ៉ា ឲ្យ​ឡើង​កាន់​តំណែង​ជា​អនុ​រដ្ឋលេខាធិការ​ក្រសួង​នេះ​ទៅ​វិញ។ ការ​ដំឡើង​តំណែង​នេះ ក៏​ត្រូវ​បាន​សង្គម​ស៊ីវិល​រិះគន់ និង​ស្នើ​ស៊ើប​អង្កេត​បន្ត​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។