ប៉ុន្តែ កងកម្លាំងទាំងនោះត្រូវតែរក្សាភាពស្ងប់ស្ងៀម មិនប្រើអំពើហិង្សាបំផ្ទុះអាវុធឡើយ នៅគ្រាដែលតុលាការនោះបកស្រាយសាលក្រម ទោះជាលទ្ធផលយ៉ាងណាក៏ដោយ។
ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បានប្រកាសដូច្នេះ ប្រាប់ទៅមន្ត្រីជាន់ខ្ពស់នគរបាលជាតិចំនួនជិត ៧០០នាក់ នៅក្នុងការបិទសន្និបាតប្រចាំឆ្នាំ២០១២ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៣ ដែលបានចូលរួមដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ និងជាឧបនាយករដ្ឋមន្ត្រី និងអគ្គស្នងការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍ នេត សាវឿន។
កន្លងមក មានសេចក្តីរាយការណ៍ថា ក្រុមជ្រុលនិយមថៃ មួយចំនួន បានប្រកាសមិនទទួលស្គាល់យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិនោះទេ ហើយក្រុមជ្រុលនិយមថៃ មួយចំនួនទៀត បានប្រកាសសុំឲ្យអនុវត្តន៍សន្ធិសញ្ញាឆ្នាំ១៩៤១ នៅទីក្រុងតូក្យូ (Tokyo) ប្រទេសជប៉ុន (Japan) ដែលកាត់ទឹកដីខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តកំពង់ធំ ឲ្យថៃ វិញ បើសិនណាការបកស្រាយសាលក្រមឆ្នាំ១៩៦២ នោះ ឲ្យកម្ពុជា ឈ្នះក្តីជាដដែលនោះ។
ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បានមានប្រសាសន៍ថា លោកបានជម្រាបប្រាប់អ្នកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) នាយករដ្ឋមន្ត្រីថៃ នៅក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ កាលពីដើមខែកុម្ភៈ កន្លងទៅនេះថា លោកព្រួយបារម្ភអំពីចលនាជ្រុលនិយមថៃ ដែលប្រឆាំងនឹងការបកស្រាយសាលក្រមខាងមុខនេះ។
លោក ហ៊ុន សែន៖ «ខ្ញុំសុំបញ្ជាក់ចំណុចបន្តិច នៅក្នុងប្រទេសយើង វាងាយស្រួលទេ ព្រោះនិន្នាការនៅប្រទេសយើងមិនមាននិន្នាការនិយមជ្រុលទេ មិនថាសាលក្រមនោះវាចេញបែបណាទេ គឺកម្ពុជា បើទោះបីជាកម្ពុជា មានប្រៀប កម្ពុជា ក៏មិនប្រើប្រាស់កម្លាំងដើម្បីទៅរុញច្រានកម្លាំងរបស់ថៃ ដើម្បីចេញពីតំបន់នោះដែរ។ យើងត្រូវមានការពិភាក្សាគ្នាដើម្បីរៀបចំឲ្យមានដំណើរការល្អ ប៉ុន្តែនៅខាងប្រទេសថៃ ឯណោះវិញ មានមតិច្រើនណាស់»។
លោកបានស្នើសុំឲ្យនាយករដ្ឋមន្ត្រីថៃ អ្នកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត់ កុំឲ្យរឿងនេះរីករាលដាលជាជម្លោះព្រំដែនទាំងមូល និងប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
ទាក់ទងនឹងបញ្ហានេះ អ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច ដែលតែងតែតាមដានស្ថានការណ៍ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ បានមានប្រសាសន៍ថា លោកគាំទ្រអនុសាសន៍របស់លោក ហ៊ុន សែន៖ «ទី១ ទាក់ទងនឹងផ្លូវច្បាប់ យើងឈ្នះហើយ។ បើសិនណាយើងប្រើប្រាស់កម្លាំងបាយ ឬផ្ទុះអាវុធ យើងទេជាចំណាប់របស់ប្រទេសថៃ ថាយើងប្រហែលជាមានបញ្ហាទៅលើប្រព័ន្ធច្បាប់។ ហើយទី២ ការផ្ទុះអាវុធអត់អាចកើតឡើងទេ ព្រោះទាហានគោរពមេបញ្ជាការណាស់ គ្មានមេបញ្ជាការបញ្ជាមិនអាច ហើយអ្នកដែលបញ្ជានៅពេលដែលផ្ទុះអាវុធនៅក្នុងទ្រង់ទ្រាយធំនោះ ទាល់តែមានបញ្ជាពីនាយករដ្ឋមន្ត្រី ឬព្រះមហាក្សត្រ។ ដូច្នេះ មិនអាចកើតមានឡើង។ បើសិនមានទាហានណាមួយផ្ទុយពីបញ្ជាពីប្រមុខរាជរដ្ឋាភិបាល នឹងទទួលខុសត្រូវចំពោះប្រព័ន្ធច្បាប់ ពីព្រោះលោកជាមេបញ្ជាការនៅពេលដែលមានសង្គ្រាម»។
ដោយឡែក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបញ្ជាឲ្យបិទ ឬបញ្ចប់ការកែច្នៃឈើក្រញូង ការឆ្លងកាត់ និងការជួញដូរឈើក្រញូងនៅប្រទេសកម្ពុជា ចាប់ពីពេលនេះតទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។