នាយករដ្ឋមន្ត្រី​ដាក់​សំណើ​ទៅ​រដ្ឋសភា​ដើម្បី​រុះរើ​គណៈរដ្ឋមន្ត្រី

0:00 / 0:00

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​សំណើ​ទៅ​រដ្ឋសភា​រួច​ហើយ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ​អនុម័ត​លើ​គម្រោង​រុះរើ​គណៈរដ្ឋមន្ត្រី​ក្នុង​រដ្ឋាភិបាល​របស់​ខ្លួន។ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា ថ្នាក់ដឹកនាំ​ក្រសួង​យ៉ាង​តិច​ចំនួន​៣ ដែល​នឹង​ត្រូវ​រុះរើ​នៅ​ពេល​ខាង​មុខ​នេះ។

មន្ត្រី​រដ្ឋាភិបាល​ចាត់​ទុក​គម្រោង រុះរើ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ក្រសួង​មួយ​ចំនួន​ក្នុង​រដ្ឋាភិបាល​នេះ ថា​ជា​កំណែ​ទម្រង់​ស៊ីជម្រៅ ប្រកប​ដោយ​ថាមពល ក្នុង​ពាក់​កណ្ដាល​អាណត្តិ​ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក។

រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ ទី​១៦ ខែ​មីនា ថា គម្រោង​រុះរើ​គណៈរដ្ឋមន្ត្រី​នេះ ជា​របត់​ថ្មី​មួយ​របស់​រដ្ឋាភិបាល​ដើម្បី​រត់​ឲ្យ​ទាន់​សភាពការណ៍​នយោបាយ និង​ជា​ការ​ឈ្លើយ​តប​នឹង​តម្រូវការ​របស់​មហាជន​ជន​នា​ពេល​បច្ចុប្បន្ន៖ «ដូច្នេះ​ធ្វើ​ឲ្យ​រដ្ឋមន្ត្រី​ទាំង​ឡាយ​ទាំងពួង​ទទួល​ខុស​ត្រូវ មិន​ត្រូវ​ដេក​លក់​ក្នុង​អាណត្តិ ៥​ឆ្នាំ​ដូច​អាណត្តិ​កន្លង​មក​នោះ​ទេ»

​លោក​បន្ត​ថា កំណែ​ទម្រង់​លើក​នេះ មាន​ច្រើន​ទិដ្ឋភាព ក្នុង​នោះ​រួមមាន​ពិនិត្យ​ទៅ​ឥរិយាបថ​របស់​មន្ត្រី​លើ​ការ​ផ្ដល់​សេវាកម្ម​ដល់​មហាជន​ឲ្យ​មាន​ប្រសិទ្ធភាព ទាន់​សភាពការណ៍ និង​អាច​ច្របាច់​បញ្ចូល​គ្នា​ឲ្យ​មាន​កម្លាំង​ចម្រុះ​ក្នុង​រដ្ឋាភិបាល ដោយ​ត្រូវ​ឲ្យ​មាន​ទាំង​រដ្ឋមន្ត្រី​វ័យក្មេង និង​រដ្ឋមន្ត្រី​ជើង​ចាស់៖ «រដ្ឋាភិបាល​នេះ មិន​មែន​រដ្ឋាភិបាល​មនុស្ស​ចាស់​ទេ គឺ​រដ្ឋាភិបាល​សម្រាប់​ចាស់​លាយ​ជាមួយ​ក្មេង ជា​រដ្ឋាភិបាល​ធ្វើការ​ដោយ​រស់​រវើក»

ទាក់ទង​នឹង​គម្រោង​កំណែទម្រង់​របស់​រដ្ឋាភិបាល​នេះ មន្ត្រី​សង្គម​ស៊ីវិល មិន​មើល​ឃើញ​ចំណុច​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​នេះ ជា​ការ​កែទម្រង់​ស៊ីជម្រៅ​ដែល​ចំណេញ​ដល់​ពលរដ្ឋ ឬ​ការ​អភិវឌ្ឍ​ជាតិ​ប្រកប​ដោយ​ប្រសិទ្ធភាព​នោះ​ទេ។

ផ្ទុយទៅវិញ ពួក​គាត់​យល់​ឃើញ​ថា កំណែទម្រង់​នេះ​គ្រាន់តែ​ជា​រូបភាព​មួយ​ដើម្បី​រក​ឱកាស​ប្តូរ​រដ្ឋមន្ត្រី​ដែល​ចាស់​ជរា​ធ្វើ​ការ​លែងកើត ប៉ុន្តែ​មិន​ចង់​បាត់បង់​ដំណែង។ ដូច្នេះ​ពួកគាត់​ត្រូវ​រក​វិធី​ចាកចេញ​ទៅ​រក​តំណែង​ថ្មី​ទៀត​ក្នុង​រដ្ឋាភិបាល ហើយ​ផ្ដល់​ឱកាស​ដល់​កូនៗ​របស់​ពួក​គាត់​បាន​ឡើង​បន្ត​វេន ដើម្បី​កុំ​ឲ្យ​បែក​ទ្រព្យ ឬ​អំណាច​ប៉ុណ្ណោះ។

​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា មាន​ប្រសាសន៍​រិះគន់​ថា ការ​ធ្វើ​កំណែទម្រង់​ពិតប្រាកដ មិន​មែន​ធ្វើ​ឡើង​ដើម្បី​ផ្ទេរ​អំណាច​ឲ្យ​គ្នា​ជា​លក្ខណៈ​បន្តវេន​នោះ​ទេ ហើយ​ក៏​មិនមែន​ធ្វើ​តាម​នាយករដ្ឋមន្ត្រី​នឹក​ឃើញ​ភ្លាម​ធ្វើ​ភ្លាម​នោះ​ឡើយ៖ «ខ្ញុំ​មើល​ទៅ​បញ្ហា​ទំហំ​គណៈរដ្ឋមន្ត្រី​ទេ មិន​មែន​រឿង​ផ្លាស់ប្ដូរ​ប៉ុន្មាន​ទេ ដូច​អ្នកខ្លះ​មិន​មែន​រដ្ឋមន្ត្រី​ទេ តែ​មាន​ឋានៈ​ដូច​រដ្ឋមន្ត្រី​ដែរ​នោះ​ច្រើន​ពេក ដូច្នេះ​វា​មាន​ទំហំ​ធំ​ពិបាក​គ្រប់គ្រង​ដែរ​ក្នុង​គណៈ​រដ្ឋមន្ត្រី​នោះ»

​លោក​បន្ត​ថា ការ​កែទម្រង់​ដែល​មាន​ប្រសិទ្ធភាព គឺ​មាន​ផែនការ​ច្បាស់លាស់ និង​ធ្វើ​ដោយ​តម្លាភាព និង​ត្រូវ​គិតដល់​ប្រសិទ្ធភាព​យូរអង្វែង​សម្រាប់​ប្រទេសជាតិ និង​ពលរដ្ឋ​ម្ចាស់​ឆ្នោត។

​លោក ផៃ ស៊ីផាន បង្ហើប​ឲ្យ​ដឹង​មុន​ថា ក្នុង​នយោបាយ​កំណែទម្រង់​ខាង​មុខ​នេះ អាច​ប៉ះពាល់​ដល់​រដ្ឋមន្ត្រី​ដែល​ដឹកនាំ​ក្រសួង​យ៉ាង​តិច​ចំនួន​បី គឺ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្រសួង​កសិកម្ម និង​ក្រសួង​ការបរទេស។

កាល​ពី​ពេល​ថ្មីៗ​នេះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្តី​បន្ទោស​ចំៗ​ដល់​រដ្ឋមន្ត្រី​ក្រសួង​មួយ​ចំនួន ថា​ជា​ក្រសួង​ដែល​ស្ថិត​ក្នុង​ពិន្ទុ​អន់​ជាង​គេ។ លោក​ក៏​បាន​បង្ហាញ​ពី​បំណង​ចង់​ផ្លាស់ប្ដូរ​គណៈរដ្ឋមន្ត្រី​នៅ​ក្នុង​ឆ្នាំ​២០១៦ នេះ​ដែរ បន្ទាប់​ពី​លោក​សង្កេត​ឃើញ​ថា មាន​រដ្ឋមន្ត្រី​មួយ​ចំនួន​ហាក់​ស្ពឹក​ស្រពន់​ក្នុង​ការ​ទទួល​ខុសត្រូវ​លើ​ការងារ​របស់​ខ្លួន៖ «ខ្ញុំ កំពុង​តែ​គិត ព្រោះ​បើ​ទុក​ម្ល៉ឹង​មិនកើត​ទេ។ វា​មក​ពី​ខ្ញុំ។ អា​ពាក្យ​ថា គ្នា​ឯង​ហ្នឹង អា​ហ្នឹង​គ្រោះថ្នាក់​ដល់​ខ្លួន​ឯង​ទៀត»

​ស្រប​ពេល​គ្នា​នោះ​លោក​ព្រមាន​ថា លោក​នឹង​មិន​យោគយល់​ដល់​មន្ត្រី​អសកម្ម​ទាំង​នោះ​ឡើយ ព្រោះ​លោក​បាន​ទុក​ពេល​ឲ្យ​ជាច្រើន​ឆ្នាំ​មក​ហើយ ដើម្បី​ឲ្យ​ឆ្លុះ​កញ្ចក់ និង​ងូត​ទឹក​ដុសក្អែល​ខ្លួន​ឯ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។