ការបង្ហាញមុខកូនប្រុសឲ្យមហាជនបានស្គាល់ជាថ្មីនេះ ធ្វើឡើងនៅថ្ងៃទី១ ខែមេសា ក្នុងពិធីបញ្ចុះខណ្ឌសីមា នៅវត្តកំពង់ឫស្សី ស្ថិតនៅឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម នៅចំពោះមុខមនុស្សម្នារាប់ពាន់នាក់។
កូនប្រុសទាំងបីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនងជាត្រូវឈរឈ្មោះជាតំណាងរាស្ត្រនៅអាណត្តិទី៥ ខាងមុខ ហើយយ៉ាងហោចណាស់មានម្នាក់នឹងអាចឈរឈ្មោះនៅខេត្តកំពង់ចាម។ នេះបើតាមប្រសាសន៍របស់លោក ហ៊ុន សែន ដែលថ្លែងទៅកាន់ពលរដ្ឋ និងយុវជនជាង ៦ពាន់នាក់នៅស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។
លោក ហ៊ុន សែន មានប្រសាសន៍ថា កូនប្រុសលោកទាំងបី នឹងជួយបំពេញសេចក្ដីត្រូវការនៅខេត្តកំពង់ចាម ដោយកូនប្រុសច្បងលោក ហ៊ុន ម៉ាណែត មានតួនាទីជាប្រធានយុវជនខេត្តកំពង់ចាម កូនប្រុសកណ្ដាល លោក ហ៊ុន ម៉ានិត ជាប្រធានយុវជនស្ម័គ្រចិត្តវាស់វែងដីធ្លី និងកូនប្រុសពៅ លោក ហ៊ុន ម៉ានី ជាប្រធានសមាគមយុវជនកម្ពុជា ហើយប្រសិនណាយុវជននៅទីនោះមានបញ្ហាណាមួយអាចស្នើទៅអ្នកទាំងបីបាន។
លោកក៏បានជំរុញឲ្យកូនទាំងបីនាក់ ខិតខំជួយបម្រើប្រជាពលរដ្ឋភូមិឃុំដែលលោកនិងភរិយាធ្លាប់រស់នៅកាលពីសម័យ ប៉ុល ពត៖ «ទាំងបីឲ្យមកធ្វើខាងហ្នឹងហើយ បើក្មួយៗត្រូវការខាងវាស់ដីរក ម៉ានិត បើខាងយុវជនខ្មែររក ម៉ានី បានជាចេះ មិនមែនចង់ឡង់សេឃោសនាអីឲ្យកូនទេ តែឲ្យគេដឹងពីប្រវត្តិរបស់ឪពុកម្ដាយពួកគេពិបាកប៉ុណ្ណា»។
លោកបន្តថា រដូវបោះឆ្នោតជិតចូលមកដល់ ហើយក៏មានមន្ត្រីបក្សជំទាស់ជេរគណបក្សកាន់អំណាចច្រើនដែរ ប៉ុន្តែសមាជិកគណបក្សប្រជាជនទាំងអស់ត្រូវតែអត់ធ្មត់។
ការបង្ហាញវត្តមានកូនប្រុសនេះ ត្រូវបានធ្វើឡើងជាលើកទី២ហើយ ដោយកាលពីដើមខែមីនា លោក ហ៊ុន សែន បានបង្ហាញមុខកូនប្រុសទាំង ៣ និងកូនប្រុសរបស់លោកអនុប្រធានព្រឹទ្ធសភា លោក សាយ ឈុំ ថានឹងអាចឈរឈ្មោះជាតំណាងរាស្ត្រ ប៉ុន្តែមិនទាន់ដឹងថា នឹងធ្វើតំណាងរាស្ត្រនៅមណ្ឌលណានៅឡើយទេ។
សង្គមស៊ីវិលយល់ថា ការជំរុញយុវជននៅក្នុងនយោបាយ គឺសំខាន់ ពីព្រោះថា អ្នកនយោបាយមួយចំនួនមានវ័យចាស់ណាស់ទៅហើយ។ សង្គមស៊ីវិលរកឃើញថា អ្នកនយោបាយជាច្រើនគឺស្ថិតនៅក្នុងវ័យ ៨០ឆ្នាំ ដូចនេះពួកគេខ្វះថាមពល ហើយអ្វីជាបញ្ហានោះ គឺរបៀបដែលផ្តល់ឱកាសស្មើភាពគ្នាទៅដល់យុវជនផ្សេងទៀត។ យុវជនដទៃប្រហែលជាចង់ចូលរួមនៅក្នុងនយោបាយដែរ តែបានត្រឹមតែកាន់ខោអាវ ឬយួរស្បែកជើងឲ្យកូនមន្ត្រីថ្នាក់ធំៗប៉ុណ្ណោះ។
តំណាងរាស្ត្រមកពីគណបក្សកាន់អំណាច លោក ជាម យៀប ធ្លាប់ប្រាប់កាសែតក្នុងស្រុកថា កូនប្រុសពីរនាក់របស់លោកនាយករដ្ឋមន្រ្តី គឺនឹងត្រូវបានដាក់នៅក្នុងបញ្ជីអ្នកតំណាងរាស្ត្រ ហើយជាផ្នែកមួយនៃការចូលនិវត្តន៍របស់សមាជិកវ័យចំណាស់ៗដែលមិនអាចបំពេញកាតព្វកិច្ចរបស់ខ្លួនជាតំណាងរាស្រ្តបាន។
លោកបានបន្តថា អ្នកតំណាងរាស្ត្រក្នុងគណបក្សប្រជាជនប្រមាណ ៣០ភាគរយ នឹងត្រូវចូលនិវត្តន៍ ហើយនឹងជំនួសដោយបេក្ខជនវ័យក្មេងជាង។ តែទោះយ៉ាងណា មកដល់ពេលនេះគេមិនទាន់ឃើញគណបក្សប្រជាជនបង្ហាញបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រសម្រាប់អាណត្តិថ្មីនេះជាផ្លូវការនៅឡើយ។
កាលពីការបោះឆ្នោតអាណត្តិទី៤ កន្លងទៅ ខេត្តកំពង់ចាម មានអាសនៈសភា ១៨អាសនៈ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន ១១អាសនៈ គណបក្ស សម រង្ស៉ី បាន ៥អាសនៈ គណបក្សហ្វ៊ុនស៊ិនប៉ិច ១អាសនៈ និងគណបក្សសិទ្ធិមនុស្ស ១អាសនៈ។ បើសិនជាកូនប្រុសលោក ហ៊ុន សែន ទាំងបីឈរឈ្មោះជាតំណាងរាស្ត្រនៅខេត្តកំពង់ចាម មែននោះ តំណាងរាស្ត្រចាស់ៗដែលមិនសូវល្បីឈ្មោះ និងប្រើការលែងកើត។
អ្នកវិភាគស្ថានការណ៍នយោបាយទាយទុកថា បើសិនគណបក្សប្រជាជនកម្ពុជា ជាប់ឆ្នោតកូនប្រុសលោក ហ៊ុន សែន នឹងអាចកាន់តំណែងបន្ថែមលើតំណែងរាស្ត្ររហូតដល់ធ្វើរដ្ឋមន្ត្រីតាមក្រសួងសំខាន់ៗនានា ទៅតាមជំនាញរបស់ពួកគេ ហើយរដ្ឋមន្ត្រីមានវ័យចំណាស់មួយចំនួនក៏ទំនងត្រូវអស់តំណែងដែរ ដោយសារតែវ័យកាន់តែចាស់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។