ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃទី៥ ខែមីនា បានសំដែងការដឹងគុណចំពោះមេដឹកនាំចិន ដែលបានផ្ដល់ជំនួយឥតសំណង និងឥណទាន សម្បទានជាច្រើនរយលានដុល្លារអាមេរិកកន្លងមក សម្រាប់ឲ្យរដ្ឋាភិបាលរបស់លោកចំណាយលើគម្រោងអភិវឌ្ឍន៍ចំនួន ៧គម្រោង ដែលមានតម្លៃជាង ៥០០រយលានដុល្លារអាមេរិក។
លោករំពឹងថា មេដឹកនាំថ្មីនៃប្រទេសចិន បន្តជួយដល់ប្រទេសកម្ពុជា ក៏ដូចជាប្រទេសកំពុងតែអភិវឌ្ឍន៍ដទៃទៀតដែរ។ លោក ហ៊ុន សែន មានគម្រោងការទៅបំពេញទស្សនកិច្ចនៅប្រទេសចិន នៅថ្ងៃទី៧ និងថ្ងៃទី៨ ខែមេសា ខាងមុខនេះ ដើម្បីជួបពិភាក្សារឿងនេះជាមួយមេដឹកនាំថ្មីរបស់ប្រទេសចិន។
ការប្រកាសអំពីជំហររបស់កម្ពុជា បន្តពង្រឹងទំនាក់ទំនងជាមួយមេដឹកនាំថ្មីរបស់ចិននោះ គឺនៅក្នុងឱកាសនៃពិធីសម្ពោធបើកការដ្ឋានសាងសង់ និងពង្រីកកំណាត់ផ្លូវជាតិលេខ៦ ប្រវែង ២៥០គីឡូម៉ែត្រ ចាប់ពីផ្លូវកែងខេត្តកំពង់ចាម ទៅភូមិអង្គ្រង ខេត្តសៀមរាប ក្រោមប្រាក់កម្ចីសម្បទានរបស់ចិន ចំនួនជិត ៣០០លានដុល្លារអាមេរិក ដែលត្រូវចំណាយពេលសាងសង់រយៈពេល ៣ឆ្នាំ ៦ខែ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋជាច្រើនរយនាក់ថា ប្រទេសចិន គឺជាប្រទេសដែលបានផ្ដល់ជំនួយឥតសំណង និងកម្ចីសម្បទានដ៏ច្រើនចំពោះកម្ពុជា ដើម្បីសាងសង់ផ្លូវជាតិ ស្ពាន និងប្រព័ន្ធធារាសាស្រ្ត៖ «សភាប្រជាជនចិន ក្រុមប្រឹក្សានយោបាយទូទាំងប្រទេសលើកទី១២ នីតិកាលទី១ ដែលប្រជុំនៅប៉េកាំង នឹងមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី និងនាយករដ្ឋមន្ត្រីថ្មី ហើយខ្ញុំមានការជឿជាក់ថា អ្នកដឹកនាំថ្មីនោះមិនមានការផ្លាស់ប្ដូរណាមួយក្នុងនយោបាយចំពោះកម្ពុជាទេ។ ខ្ញុំមានការជឿជាក់យ៉ាងដូច្នេះ»។
ជាមួយគ្នានេះ ប្រធានក្រុមតំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក សុន ឆ័យ បានព្រមានថា កម្ពុជាកំពុងតែផុងជ្រៅក្នុងជំនួយរបស់ចិន ប៉ុន្តែការសាងសង់របស់ក្រុមហ៊ុនចិន កន្លងមកខ្វះគុណភាព និងមានអំពើពុករលួយ៖ «ខ្ចីលុយប្រទេសចិន ដើម្បីមកឲ្យក្រុមហ៊ុនចិន សាងសង់ផ្លូវស្ពានដែលមានតម្លៃខ្ពស់ ហើយនិងមិនមានគុណភាព។ អំពាវនាវចំពោះរដ្ឋាភិបាលចិន ថ្មីនេះ ដែលជារដ្ឋាភិបាលប្ដេជ្ញាចិត្តប្រឆាំងអំពើពុករលួយនេះ ឲ្យពិនិត្យទៅលើផ្លូវស្ពានដែលជាប្រាក់ខ្ចីពីប្រទេសចិននេះផង ដើម្បីទប់ស្កាត់អំពើពុករលួយ ដែលកំពុងតែកើតមាននៅក្នុងប្រទេសកម្ពុជា ហើយដើម្បីធានាឲ្យប្រទេសកម្ពុជាហ្នឹង មានលទ្ធភាពដើម្បីនឹងសងប្រាក់ឲ្យប្រទេសចិនវិញ»។
លោកបានបន្តថា កម្ពុជាកំពុងតែជំពាក់បំណុលចិន រហូតដល់ពេលនេះចំនួនជាង ៤ពាន់លានដុល្លារអាមេរិកហើយ។
របាយការណ៍របស់រដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ការបើកការដ្ឋានសាងសង់ និងពង្រីកផ្លូវជាតិលេខ៦ នៅថ្ងៃទី៥ ខែមីនា នោះ គឺជាគម្រោងមួយស្ថិតក្នុងចំណោមគម្រោងចំនួន ៧ ដែលមានតម្លៃជាង ៥០០លានដុល្លារអាមេរិក ក្រោមកម្ចីសម្បទានរបស់ចិន។ ក្នុងចំណោមគម្រោងទាំង ៧នោះ គឺមានគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រចំនួន ៤គម្រោង សាងសង់ និងពង្រីកផ្លូវជាតិចំនួន ៣ និងគម្រោងសាងសង់ស្ពានចំនួន៣។
គម្រោងសាងសង់និងពង្រីកផ្លូវជាតិលេខ៦ នៅពេលនេះ ត្រូវបានលោក ហ៊ុន សែន បានពិពណ៌នាថា គឺជាផ្លូវជាតិមួយខ្សែល្អជាងគេបំផុតនៅកម្ពុជា ប្រវែងជិត ៣០០គីឡូម៉ែត្រ។
រហូតមកដល់ពេលនេះ កម្ពុជាមានគម្រោងសាងសង់ផ្លូវថ្នល់ប្រវែងសរុបជាង ២ពាន់គីឡូម៉ែត្រ ដែលក្រាលកៅស៊ូក្រោមកម្ចីសម្បទានរបស់ចិន និងគម្រោងសាងសង់ស្ពានចំនួន ៨ទៀត កំពុងតែអនុវត្តន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។