ពាក្យគំរាមឈប់ធ្វើបុណ្យទានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងនៅក្នុងពេលដែលលោកចុះបើកការដ្ឋានសាងសង់ និងពង្រីកកំណាត់ផ្លូវជាតិលេខ ៦ ពីខេត្តកំពង់ចាម ដល់ខេត្តសៀមរាប កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ក្នុងឱកាសនោះថា ប្រសិនគណបក្សប្រជាជនកម្ពុជា របស់លោកចាញ់ឆ្នោត នៅថ្ងៃទី២៨ ខែកក្កដា ខាងមុខ លោកនឹងឈប់ធ្វើបុណ្យទានតាមព្រះពុទ្ធសាសនាទៀតហើយ។
លោកបន្តថា រាល់គម្រោងបុណ្យទាំងអស់នឹងត្រូវដកចោល ហើយសូម្បីម៉ាស៊ីនបូមទឹកក៏ដកចេញទុកឲ្យស្រូវប្រាំងក្រៀមស្វិតទាំងអស់ ប្រសិនគណបក្សកាន់អំណាចរបស់លោកចាញ់ឆ្នោត៖ «ចាញ់ឆ្នោតហើយចាំតែធ្វើបុណ្យកថិនឲ្យតេជគុណតើ! និយាយឲ្យវាត្រង់ៗជាមួយគ្នា។ គ្មានអ្នកណាមានទឹកចិត្តធ្វើកថិនអីទៀត បើចាញ់ឆ្នោតហើយ ធ្វើបុណ្យចង់ងាប់ អាពួកវាអត់ធ្វើសោះបែរជាឈ្នះឆ្នោត! អើ! ទៅពឹងអ្នកហ្នឹងទៅឲ្យហែកថិនទៅវ៉ី! ឃើញពួកហ្នឹងហែកថិនពីអង្កាល់? បានសេចក្ដីថា គណបក្សប្រជាជននឹងឈប់ធ្វើបុណ្យចាប់ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ហ្នឹងតែម្ដង ធ្វើបុណ្យធ្វើអីទៀត។ គម្រោងទាំងឡាយនឹងដកថយនៅពេលហ្នឹងទាំងអស់ ក្នុង ១ម៉ឺនអាចថា មានមួយ ចុះបន្ត ប៉ុន្តែដូចអាមួយហ្នឹង ក៏មិននៅដែរ ធ្លាប់តែកំពុងបូមទឹកហើយឲ្យសាំងទៅបូមទៀត ព្រោះអាពេលហ្នឹងអាចមានកូនរដូវប្រាំងក្នុងរដូវវស្សា។ ប្រុងប្រៀបថា ឲ្យតែបោះឆ្នោតរួច ប្រុងទៅបូមទឹក គឺឈប់បូមទឹកបណ្ដោយ អ៊ីចឹងស្រូវស្កកបណ្ដោយ»។
ព្រះតេជគុណ លួន សុវ៉ាត ដែលជាព្រះសង្ឃដែលគេស្គាល់ពីសកម្មភាពតវ៉ាការរំលោភសិទ្ធិមនុស្សនៅកម្ពុជា មានថេរដីកាពីរដ្ឋវ៉ាស៊ីនតោន (Washington) សហរដ្ឋអាមេរិកថា ការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញឲ្យឃើញយ៉ាងជាក់ស្ដែងថា ការធ្វើបុណ្យទាន ឬការកសាងសមិទ្ធផលផ្នែកព្រះពុទ្ធសាសនាកន្លងមក គឺធ្វើឡើងដោយមិនស្មោះត្រង់ និងចិត្តជ្រះថ្លាក្នុងនាមមេដឹកនាំនោះឡើយ។
ព្រះតេជគុណ លួន សុវ៉ាត៖ «អ្វីដែលគាត់ធ្វើបុណ្យនៅក្នុងការកសាងសមិទ្ធផលផ្សេងៗហ្នឹង ហាក់មិនស្មោះត្រង់ចំពោះបុណ្យដែលគេហៅថា បុណ្យជំនួញ ទានជំនួញដើម្បីបានចំណេញ គឺជាទានដែលមិនបរិសុទ្ធ មិនស្អាត អាចហៅថា ជាកញ្ជះទាន ឬទាសទាន គឺយកទានជាធ្នាក់យកបុណ្យជាធ្នាក់ ហើយយកអំពើល្អរបស់ខ្លួនហ្នឹងដែលប្រកបដោយភាពមិនបរិសុទ្ធ ភាពមិនស្អាតល្អបង្កប់ទៅដោយអំពើពុករលួយ បោកប្រាស់ផ្សេងៗហ្នឹង ថាខ្លួនជាអ្នកធ្វើបុណ្យ ថាខ្លួនជាអ្នកធ្វើល្អ ប៉ុន្តែអំពើល្អហ្នឹងប្រៀបបានដូចជាថ្នាំពិស ថ្នាំពុល»។
ព្រះតេជគុណ លួន សុវ៉ាត មានថេរដីកាបន្តថា មេដឹកនាំគ្រប់រូបត្រូវប្រកាន់នូវទសពិធរាជធម៌ ដែលជាគុណធម៌ និងសីលធម៌ទាំង ១០ រួមមាន ភាពស្មោះត្រង់ មិនលោភលន់ ចេះចែករំលែក មិនប្រើអំពើហិង្សា មិនបំពានច្បាប់ មិនបៀតបៀនអ្នកដទៃ ចេះអត់ធ្មត់ ត្រូវមានសីលធម៌ក្នុងខ្លួន ត្រូវចេះសម្មាទានសីលរកផ្លូវល្អ និងត្រូវប្រកាន់នូវចរិតសុភាពរាបសា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។