អាជ្ញាធរខេត្តស្វាយរៀង ឃាត់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ ពីររូបនៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ពាក់ព័ន្ធនឹងការបង្ហោះសំបុត្របញ្ជាក់កំណើតក្លែងក្លាយតាមរយៈហ្វេសប៊ុក (facebook) ដែលដាក់ថាខេត្តស្វាយរៀង ស្ថិតក្នុងប្រទេសវៀតណាម។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ក្រុងបាវិត លោក សែន កុសល មានប្រសាសន៍ថា សមាជិកក្រុមប្រឹក្សាគណបក្សក្នុងក្រុងបាវិត លោក នង សារិទ្ធ និងសកម្មជនម្នាក់ទៀតឈ្មោះ សុខ សំអ៊ាន ត្រូវអាជ្ញាធរឃុំខ្លួននៅប៉ុស្តិ៍នគរបាលសង្កាត់បាវិត បន្ទាប់ពីឃាត់ខ្លួន។ អ្នកទាំងពីរនាក់រស់នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ លោក សែន កុសល បញ្ជាក់ថា អាជ្ញាធរបានភ្ជាប់អ្នកទាំងពីរនាក់ទៅករណីបង្ហោះសំបុត្របញ្ជាក់កំណើត ដែលអាជ្ញាធរចាត់ទុកថាក្លែងក្លាយ ដោយក្នុងនោះបានបង្ហាញថា ខេត្តស្វាយរៀង ឋិតក្នុងប្រទេសវៀតណាម ទៅវិញ។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងអាជ្ញាធរពាក់ព័ន្ធ ដើម្បីសាកសួរព័ត៌មានបន្ថែមពីករណីនេះបាននៅឡើយទេ នៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា។
ការចាប់ខ្លួនបុរសទាំងពីរនាក់នេះ គឺភ្លាមៗបន្ទាប់ពីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ចេញប្រកាសចាប់ខ្លួនអ្នកក្លែងសំបុត្រកំណើតបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីផ្ដន្ទាទោសតាមច្បាប់ជាធរមាន។
សេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ចេញថ្ងៃទី១៨ វិច្ឆិកា បានចាត់ទុកការកែទិន្នន័យត្រង់ទីកន្លែងកំណើតរបស់សាមីជន ដែលសរសេរថា ប្រទេសកម្ពុជា ប្ដូរជាប្រទេសវៀតណាម ថាជាករណីឆ្លៀតឱកាសក្នុងគោលបំណងបំពុលបរិយាកាស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។