សង្គម​ស៊ីវិល​បារម្ភ​ពី​បញ្ហា​អសន្តិសុខ​សង្គម​ក្រោយ​ការ​បោះ​ឆ្នោត

ប្រជាពលរដ្ឋ​កម្ពុជា ងាយ​ភ័យ​ខ្លាច​ពី​បញ្ហា​សង្គម និង​នយោបាយ​ដែល​កើត​ឡើង​នៅ​​ក្នុង​ប្រទេស។ ភាព​ភ័យ​ខ្លាច​នេះ នឹង​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​​​ខ្លួន​ឯង​ផ្ទាល់ សង្គម​​និង​សេដ្ឋកិច្ច​ជាតិ។

0:00 / 0:00

បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កម្ពុជា ភាគ​ច្រើន​ងាយ​នឹង​​ជឿ​ពាក្យ​ចចាមអារ៉ាម ដោយសារ​តែ​មធ្យោបាយ​​ផ្ដល់​ព័ត៌មាន​​ឯករាជ្យ​ត្រូវ​បាន​រឹតត្បិត និង​បទពិសោធន៍​​ហិង្សា​ដែល​ធ្លាប់​កើត​ឡើង​ពី​អតីតកាល។

មជ្ឈដ្ឋាន​​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល មាន​ការ​ព្រួយបារម្ភ​ចំពោះ​ស្ថានការណ៍​​​ក្រោយ​ការ​បោះ​ឆ្នោត​នីតិកាល​​ទី​៥ ថា​អាច​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​អសន្តិសុខ​នៅ​ក្នុង​សង្គម ប្រសិន​បើ​គូប្រកួត​ប្រជែង​សំខាន់​ដោះស្រាយ​មិន​ត្រូវរ៉ូវ​គ្នា​នោះ។

អ្នក​វិភាគ​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា នៅ​ពេល​មាន​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ម្ដងៗ ប្រជាពលរដ្ឋ​កម្ពុជា តែង​តែ​​ភ័យ​ខ្លាច​នឹង​មាន​សង្គ្រាម​កើត​ឡើង។

ប្រជាពលរដ្ឋ​មួយ​ចំនួន​​បាន​អះអាង​អំពី​​ការ​ចល័ត​ទ័ព​របស់​រដ្ឋាភិបាល​នៅ​អំឡុង​ពេល​បោះឆ្នោត និង​ក្រោយ​បោះ​ឆ្នោត ជា​ទិដ្ឋភាព​បង្ក​ឲ្យ​មាន​ការ​ភ្នាក់​ផ្អើល​នៅ​ក្នុង​សង្គម។ លោក​បញ្ជាក់​ថា ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា អាច​ងាយ​​បង្កើត​ឲ្យ​អំពើ​ហិង្សា​កើត​ឡើង​ទាក់ទង​នឹង​រឿង​នយោបាយ។

លោក កែម ឡី មាន​ប្រសាសន៍​បន្ថែម​ថា ប្រជាពលរដ្ឋ​ដែល​ឆាប់​ជឿ​លើ​ពាក្យ​ចចាមអារ៉ាម​​ដោយសារ​តែ​ខ្វះ​ព័ត៌មាន​គ្រប់​គ្រាន់ បទពិសោធន៍​បាក់​ស្បាត​ពី​អតីតកាល និង​សមត្ថភាព​យល់​ដឹង​អំពី​បញ្ហា​សង្គម​​និង​នយោបាយ​របស់​ប្រជាពលរដ្ឋ​នៅ​មាន​កម្រិត។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា មូលដ្ឋាន​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យ​ខ្លាច​ដោយសារ​តែ​កង​កម្លាំង​ប្រដាប់​អាវុធ​ខ្វះ​ភាព​ឯករាជ និង​​​ស្ថិត​នៅ​ក្រោម​កណ្ដាប់​ដៃ​របស់​គណបក្ស​​គ្រប់​គ្រង​ប្រទេស។ លោក​បញ្ជាក់​ថា ដើម្បី​​ធ្វើ​ឲ្យ​សង្គម​មួយ​ធានា​បាន​នូវ​ស្ថិរភាព លុះ​ត្រា​តែ​កង​កម្លាំង​ប្រដាប់​អាវុធ​មិន​មែន​ជា​របស់​គណបក្ស​នយោបាយ។ ប្រជាពលរដ្ឋ​កម្ពុជា ភាគ​ច្រើន​ តែង​តែ​ជឿ​លើ​​​ពាក្យ​ចចាមអារ៉ាម​ ដោយសារ​តែ​ខ្វះ​ខាត​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ព័ត៌មាន​គ្រប់គ្រាន់​ទៅ​កាន់​ប្រជាពលរដ្ឋ។

លោក អ៊ូ វីរៈ មាន​ប្រសាសន៍​បន្ថែម​ថា បណ្ដាញ​សង្គម​​មួយ​ចំនួន​ក៏​ជា​កត្តា​មួយ​ញុះញង់​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើយ​ដែរ ដោយសារ​​ព័ត៌មាន​មួយ​ចំនួន​បាន​ផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ការ​បោះឆ្នោត​អាណត្តិ​ទី​៥​នេះ មាន​សញ្ញា​វិជ្ជមាន​ច្រើន​ដែល​ឆ្លុះ​បញ្ចាំង​​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ពិត​ប្រាកដ​​ដែល​​ទាម​ទារ​ឲ្យ​មាន​កំណែ​ទម្រង់​ដើម្បី​ផល​ប្រយោជន៍​ជាតិ​​និង​សង្គម។

លោក អ៊ូ វីរៈ បញ្ជាក់​ថា រដ្ឋាភិបាល​​នៅ​អាណត្តិ​ថ្មី ទាម​ទា​នូវ​កំណែ​ទម្រង់​លើ​​​ស្ថាប័ន​បី​សំខាន់ៗ ដូច​ជា​​​ទី​មួយ​គឺ​​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​​ឲ្យ​មាន​ភាព​ឯករាជ និង​អាច​ជឿ​ទុក​ចិត្ត​បាន ទី​ពីរ គឺ​​ផ្ដល់​ព័ត៌មាន​ដែល​ទុក​ចិត្ត​បាន​​ដល់​ប្រជាពលរដ្ឋ​ និង​ទី​បី គឺ​កំណែ​ទម្រង់​កង​កម្លាំង​ប្រដាប់​អាវុធ​ឲ្យ​មាន​ភាព​ឯករាជ​ ឬ​មិន​ចំណុះ​ឲ្យ​​គណបក្ស​នយោបាយ។

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា​ ប្រវត្តិសាស្ត្រ​​នយោបាយ​​នៅ​កម្ពុជា បាន​បង្ហាញ​ថា ការ​ដោះដូរ​អំណាច​តែង​តែ​បង្កើត​ឲ្យ​សង្គ្រាម។ សកម្មភាព​របស់​អ្នក​នយោបាយ​ និង​​សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​នយោបាយ​ អាច​បង្កើត​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​សង្គម។ លោក សុខ ទូច​ មាន​ប្រសាសន៍​បន្ថែម​ថា ការ​មិន​ចុះ​សម្រុង​របស់​អ្នក​នយោបាយ​នៅ​កម្ពុជា​ បាន​ជះ​ឥទ្ធិពល​ដល់​​ការ​ព្រួយ​បារម្ភ​​ដល់​ជីវភាព​រស់​នៅ​របស់​​ប្រជាពលរដ្ឋ​ប្រចាំ​ថ្ងៃ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទិដ្ឋភាព​​​ប្រជាពលរដ្ឋ​មួយ​ចំនួន ជា​ពិសេស​អ្នក​រស់​នៅ​ទីក្រុង​ភ្នំពេញ បាន​សំដែង​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​ដែល​កើត​មាន​​នៅ​ក្នុង​សង្គម ប៉ុន្តែ​មាន​អ្នក​ខ្លះ​ទៀត​បាន​អះអាង​ថា មិន​ខ្វល់​​អំពី​បញ្ហា​​នយោបាយ​​​ឡើយ។

អ្នក​វិភាគ​សង្គម​បាន​អះអាង​ថា ក្រុម​ប្រជាពលរដ្ឋ​កម្ពុជា​ ដែល​ងាយ​​ទទួល​ភាព​​ភ័យ​ខ្លាច​ពី​​បញ្ហា​សង្គម និង​នយោបាយ​​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​ ក្រុម​នោះ​នឹង​ធ្វើ​ខាត​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​​​ខ្លួន​ឯង​ផ្ទាល់ សង្គម និង​សេដ្ឋកិច្ច​ជាតិ​ទៅ​វិញ។ បញ្ហា​នយោបាយ​នៅ​កម្ពុជា​ មិន​អាច​បង្ក​ឲ្យ​សង្គ្រាម​ឡើយ​ ប៉ុន្តែ​អាច​​បង្ក​ឲ្យ​មាន​​អំពើ​ហិង្សា​ខាង​ផ្នែក​​នយោបាយ​ទៅ​វិញ។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ធ្លាប់​បាន​អះអាង​ថា ការ​បោះឆ្នោត​អាណត្តិ​ទី​៥​នេះ មាន​ការ​ថយ​ចុះ​បទ​ល្មើស​ទូទៅ ៤២% បទឧក្រិដ្ឋ​ថយ​ចុះ​ប្រមាណ​ជា ៥៤% និង​បទមជ្ឈិម​ថយ​ចុះ​ប្រមាណ​ជា ២៥% បើ​ប្រៀប​ធៀប​ការ​បោះឆ្នោត​អាណត្តិ​ឆ្នាំ​២០០៨។

លោក ស ខេង បាន​បញ្ជាក់​ថា ការ​ថែរក្សា​សន្តិសុខ​សណ្ដាប់​ធ្នាប់ និង​សុវត្ថិភាព​សង្គម គឺ​ជា​កត្តា​សំខាន់​ដើម្បី​ធានា​បាន​នូវ​​សេចក្ដី​សុខ​​នៅ​ក្នុង​សង្គម និង​សេដ្ឋកិច្ច​គ្រួសារ។

អ្នក​វិភាគ​សង្គម​បាន​រក​ឃើញ​ថា​ ដើម្បី​​ជៀសវាង​​បញ្ហា​សង្គម​ដែល​កើត​ឡើង​ពី​ការ​បោះឆ្នោត គឺ​ទាមទារ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ដែល​មជ្ឈដ្ឋាន​ទូទៅ​ទទួល​ស្គាល់​បាន។ ការ​បោះឆ្នោត​ត្រូវ​គោរព​​ តាម​ការ​សម្រេច​ចិត្ត និង​ឆន្ទៈ​​របស់​ប្រជាពលរដ្ឋ​​ពិត​ប្រាកដ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។