គ.ជ.ប​ទទួល​បាន​​បណ្ដឹង​៩​ក្នុង​រយៈពេល​ឃោសនា​៣​ថ្ងៃ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ឲ្យ​ដឹង​ថា មាន​បណ្ដឹង​តិចតួច​ដែល​គណបក្ស​នយោបាយ​បាន​ប្ដឹង​មក​កាន់​ស្ថាប័ន​ខ្លួន​ក្នុង​រយៈពេល ៣​ថ្ងៃ នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​​ពេល​នេះ។ ប៉ុន្តែ​ការ​អះអាង​នេះ ផ្ទុយ​ពី​មន្ត្រី​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ឃ្លាំមើល​ការ​បោះ​ឆ្នោត។

0:00 / 0:00

លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ឬ គ.ជ.ប បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ថា គិត​រយៈ​ពេល ៣​ថ្ងៃ ដែល​គណបក្ស​នយោបាយ​បើក​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត ស្ថាប័ន គ.ជ.ប ទទួល​បណ្ដឹង​ចំនួន ៩​ករណី របស់​គណបក្ស​នយោបាយ។ លោក​ថា បណ្ដឹង​ភាគ​ច្រើន​ជា​បណ្ដឹង​គណបក្ស​ប្រឆាំង​ទាក់ទង​ការ​រំខាន​ក្បួន​ឃោសនា​ ឬ​ការ​បំផ្លាញ​​​ស្លាក​​សញ្ញា​គណបក្ស។ លោក​​ថា បណ្ដឹង​ចំនួន ៦ ក្នុង​ចំណោម​បណ្ដឹង​ទាំង ៩ ស្ថាប័ន​រៀប​ចំការ​បោះ​ឆ្នោត​​គ្រប់​ជាន់​ថ្នាក់​ កំពុង​រក​ដំណោះ​​​ស្រាយ។

យុទ្ធនាការ​នេះ លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​កើត​មាន​ក្នុង​យុទ្ធនាការ​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ ក្នុង​នោះ​មាន​ករណី​គណបក្ស​កាន់​អំណាច បាន​ប្រើ​សកម្មជន​របស់​ខ្លួន​មក​រំខាន​ក្បួន​ឃោសនា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តាម​មូលដ្ឋាន។ ក្រៅ​ពី​នេះ លោក យឹម សុវណ្ណ អះអាង​ថា ក៏​មាន​​ករណី​បំផ្លាញ​ស្លាក​សញ្ញា និង​ហែក​ខិត្តប័ណ្ណ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បិទ​នៅ​តាម​​ទីសាធារណៈ​​ថែម​ទៀត។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ បាន​ស្នើ​ឲ្យ​គ្រប់​គណបក្ស​នយោបាយ ត្រូវ​មាន​សេចក្ដី​ថ្លៃថ្នូរ និង​ត្រូវ​ធ្វើ​សកម្មភាព​ឃោសនា​ឲ្យ​ស្រប​តាម​បទ​បញ្ជា និង​នីតិវិធី​ស្ដីពី​ការ​បោះ​ឆ្នោត។ លោក​​​ចោទ​ថា ករណី​រំខាន​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​គណបក្ស​ប្រឆាំង​នៅ​តាម​ខេត្ត​ក្រុង​មួយ​ចំនួន ភាគ​ច្រើន​បង្ក​ឡើង​ដោយ​សកម្មជន​បក្ស​ប្រជាជន​កម្ពុជា ហើយ​ថា ករណី​រំខាន​នេះ បក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ពាក្យ​បណ្ដឹង​ជា​​បន្ត​បន្ទាប់​ទៅ​កាន់​គណៈកម្មការ​រាជធានី ខេត្ត រៀបចំ​ការ​បោះ​ឆ្នោត។

លោក​បណ្ឌិត ហង្ស ពុទ្ធា ​ជា​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​​​ដោយ​​​​​​សេរី​នៅ​កម្ពុជា ហៅ​កាត់​ថា និចហ្វិក (NICFEC) បាន​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ករណី​រំខាន​ក្បួន​ឃោសនា​​​គណ​បក្ស​ប្រឆាំង​ផ្ដើម​ដោយ​សកម្មជន​បក្ស​ផ្សេង​នៅ​តាម​មូលដ្ឋាន​ពិត​មែន។

ទោះ​យ៉ាង​ណា លោក​ថា យុទ្ធនាការ​នេះ​មិន​កើត​មាន​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​គួរ​ឲ្យ​កត់​សម្គាល់​​កើត​ឡើង​ទេ នៅ​ក្នុង​​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ យុទ្ធនាការ​នេះ លោក ហង្ស ពុទ្ធា បាន​ស្នើ​ឲ្យ​មេដឹកនាំ​គ្រប់​គណបក្ស​នយោបាយ មាន​ចរិត​ចាស់​ទុំ​នយោបាយ ហើយ​មិន​ត្រូវ​បញ្ឆេះ​កំហឹង​ណា​មួយ​ដែល​អាច​នាំ​ឲ្យ​សកម្មជន​គាំទ្រ​បក្ស​នីមួយៗ ឈាន​ដល់​ប្រើ​អំពើ​ហិង្សា​ដាក់​​គ្នា​នោះ​ទេ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បំភ្លឺ​ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​បាន​ទេ នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា។ ប៉ុន្តែ​កន្លង​មក លោក អ៊ក គីមហាន ប្រធាន​នាយកដ្ឋាន​បូក​សរុប​នៃ​ខុទ្ទកាល័យ​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹង​ថា បក្ស​ខ្លួន​គ្មាន​នយោបាយ​បញ្ជូន​សកម្មជន​ទៅ​ឆាឆៅ ឬ​អុក​ឡុក​សកម្មភាព​ឃោសនា​គណបក្ស​នយោបាយ​ណា​មួយ​ទេ។
កាលបរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ នឹង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ រី​ឯ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​មាន​រយៈពេល ៣០​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ដល់​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៣។ មាន​គណបក្ស​ចំនួន ៨ បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ប្រជែង។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​កំណត់​ថា សកម្មភាព​​ឃោសនា​​​​ដោយ​ឧបករណ៍​​​បំពង​សំឡេង​​ ត្រូវ​​ហាម​ឃាត់​​ចាប់​ពី​ម៉ោង ១២​ថ្ងៃ​ត្រង់ ដល់​ម៉ោង ២​រសៀល ហើយ​ថា គ្រប់​សកម្មភាព​​ឃោសនា​របស់​គណ​​បក្ស​នយោបាយ ត្រូវ​ឈប់​សម្រាក​នៅ​ចន្លោះ​ពី​ម៉ោង ១០​យប់ ដល់​ម៉ោង ៦​ព្រឹក។ ការឃោសនា​ត្រូវ​ចប់ ២៤​​ម៉ោង មុន​ថ្ងៃ​បោះ​ឆ្នោត​មក​ដល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។