រយៈពេលជិត១ឆ្នាំនៃការជាប់គាំងនយោបាយនៅកម្ពុជា បានធ្វើឲ្យកម្ដៅនយោបាយឡើងចុះមិនទៀងទាត់ ដោយគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅតែបន្តចាប់កំហុសគ្នាទៅវិញទៅមក នៅគ្រាដែលតម្រូវការចាំបាច់មួយចំនួនរបស់ពលរដ្ឋម្ចាស់ឆ្នោត មិនអាចដោះស្រាយចេញ។ តើក្រុមតំណាងរាស្ត្រនៃគណបក្សជាប់ឆ្នោតទាំងពីរ មានលទ្ធភាព និងប្រសិទ្ធភាពកម្រិតណាក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ នៅក្នុងកាលៈទេសៈនយោបាយជាប់គាំងនេះ?
បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលខេត្តកំពង់ឆ្នាំង នៃគណបក្សសង្គ្រោះជាតិ ចាត់ទុកតំណាងរាស្ត្រទាំង ៦៨រូបរបស់គណបក្សប្រជាជនកម្ពុជា គឺគ្រាន់តែជាបុគ្គលតំណាងឲ្យបក្ស មិនមែនជាតំណាងរាស្ត្រស្របច្បាប់តំណាងឲ្យជាតិទាំងមូលនោះទេ។ បេក្ខជនរូបនេះបញ្ជាក់ថា បញ្ហាដីធ្លី ព្រៃឈើ និងបញ្ហានេសាទនៅក្នុងខេត្តកំពង់ឆ្នាំង នឹងមិនអាចដោះស្រាយចេញឡើយ ត្បិតអ្នកបង្កើតបញ្ហាទាំងនោះភាគច្រើន គឺជាបក្ខពួកនឹងមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា។
បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក គី វណ្ណដារ៉ា មានប្រសាសន៍ថា រាល់បញ្ហារបស់ប្រជាពលរដ្ឋនឹងត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាព ដោយសារតែមានកម្លាំងនយោបាយ និងកម្លាំងគាំទ្ររបស់ប្រជាពលរដ្ឋ ដែលធ្វើឲ្យគណបក្សកាន់អំណាចមិនអាចព្រងើយកន្តើយ ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋទៀតឡើយ នៅក្រោយបញ្ហានយោបាយត្រូវបានដោះស្រាយ៖ «ដូចខ្ញុំបញ្ជាក់អ៊ីចឹងថា បើសិនជា ៦៨នាក់ដែលសភារាល់ថ្ងៃតំណាងឲ្យគណបក្ស អ៊ីចឹងគាត់ពីរនាក់ដែលធ្វើការហ្នឹង គឺថាតំណាងឲ្យតែបក្សទេ មិនមែនតំណាងឲ្យជាតិទេ។ ពីមុនគណបក្សប្រជាជន គាត់ធ្វើអ្វីក៏ជិះសេះលែងដៃ គឺគាត់ចង់យកដីនរណា គាត់ចង់ចាប់នរណាចង់អី គឺគាត់ធ្វើស្រេចតែក្បាលចិត្ត ព្រោះគាត់ថាគាត់មតិភាគច្រើនហើយ អ៊ីចឹងគ្មាននរណាធ្វើអីកើតទេ។ សំខាន់ បើយើងក្លាយជាតំណាងរាស្ដ្រ ហើយយើងមិនអាចជួយប្រជាពលរដ្ឋបាន អានោះទើបយើងសោកស្ដាយ»។
លោកបញ្ជាក់ថា បច្ចុប្បន្នមានប្រជាពលរដ្ឋជាច្រើនដែលកំពុងរស់នៅក្នុងភាពអស់សង្ឃឹម និងមិនស្ងប់ចិត្ត បណ្ដាលមកពីបញ្ហាសង្គមផ្សេងៗ ដូចជា វិបត្តិដីធ្លីនៅភូមិឡពាង និងគម្រោងគាស់យកថ្មភ្នំនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលបញ្ហាទាំងនេះទាមទារឲ្យអ្នកនយោបាយមានឆន្ទៈពិតប្រាកដ ដើម្បីដោះស្រាយ។
លទ្ធផលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងចំណោមអាសនៈសភាចំនួន៤ សម្រាប់មណ្ឌលខេត្តកំពង់ឆ្នាំង គឺមានតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ចំនួន ២រូប ដែលមានទី១ លោក គង់ សំអុល និងទី២ អ្នកស្រី កែ ច័ន្ទមុនី។ ចំណែកអាសនៈសភាចំនួន ២ទៀត បានទៅលើគណបក្សសង្គ្រោះជាតិ ដែលមាន លោក គី វណ្ណដារ៉ា និងលោក ង៉ោ គឹមជាង។ ក្រុមតំណាងរាស្ត្រទាំង២គណបក្ស នៅតែបន្តខ្វែងគំនិតគ្នា ហើយការអនុវត្តតួនាទីជាតំណាងរាស្ត្ររបស់ខ្លួន ក៏មិនទាន់បានពេញដៃពេញជើងដែរ គិតចាប់ពីថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៥ ឆ្នាំ២០១៣ មក។
តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង នៃគណបក្សប្រជាជនកម្ពុជា អ្នកស្រី កែ ច័ន្ទមុនី ថ្លែងបញ្ជាក់ថា ការរិះគន់របស់គណបក្សប្រឆាំង គឺជារឿងធម្មតាទៅហើយ ប៉ុន្តែក្នុងនាមអ្នកស្រីជាតំណាងស្របច្បាប់ផ្ដល់ដោយប្រជាពលរដ្ឋនោះ កំពុងតែបំពេញការងារជាធម្មតា និងបន្តប្រឹងប្រែងឲ្យមានការអភិវឌ្ឍកាន់តែប្រសើរឡើងនៅក្នុងប្រទេស។ អ្នកស្រីបន្តថា សកម្មភាព ឬប្រសិទ្ធភាពនៃការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ គឺអ្នកស្រីបានអនុវត្តទៅតាមការងារ និងភារកិច្ចរបស់ខ្លួន ដោយមិនប្រកាន់បក្ខពួកអ្វីឡើយ៖ «ទំនាក់ទំនងជាមួយខាងនីតិប្រតិបត្តិ ដើម្បីឲ្យដោះស្រាយបញ្ហាទាំងអស់ហ្នឹង ហើយខ្ញុំក៏មិនចង់លើកឲ្យវែងថា តើយើងបានធ្វើអ្វីខ្លះទេ? ប៉ុន្តែយើងគ្រាន់តែថា បុគ្គលដែលខុសឆ្គងអ្នកនោះត្រូវតែទទួលនូវអ្វីដែលជាលទ្ធផលរបស់ខ្លួនបានធ្វើ»។
អ្នកស្រីបញ្ជាក់ថា សព្វថ្ងៃភាគច្រើនអ្នកស្រីបានបំពេញការងារសង្គម ដូចជា ការចុះសួរសុខទុក្ខទុរគតជន ភ្លើងឆេះផ្ទះ និងករណីផ្ទុះគ្រាប់ ជាដើម។ ប៉ុន្តែទាក់ទងនឹងរឿងរ៉ាវធំៗ ដូចជា វិវាទដីធ្លីនៅឃុំតាជេស និងឃុំច្រណូក ក្នុងខេត្តកំពង់ឆ្នាំង អ្នកស្រីបានសហការ និងសំណូមពរទៅអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការដោះស្រាយ ប៉ុន្តែមិនទាន់ទទួលបានលទ្ធផលទាំងស្រុងនោះទេ។
អ្នកវិភាគនយោបាយឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា បេក្ខជនតំណាងរាស្ត្រនៃគណបក្សជាប់ឆ្នោតទាំងពីរ អាចដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានយ៉ាងមានប្រសិទ្ធភាព ប្រសិនបើអ្នកទាំងនោះបំពេញតួនាទីរបស់ខ្លួនជាតំណាងរាស្ត្រត្រឹមត្រូវ មិនបម្រើផលប្រយោជន៍ឲ្យបក្សច្រើនជាងពលរដ្ឋ។ លោកថា ក្នុងកាលៈទេសៈនយោបាយជាប់គាំងនេះ មន្ត្រីគណបក្សប្រឆាំងមិនសូវមានឥទ្ធិពលច្រើនក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនោះឡើយ ដោយសារតែមិនអាចកោះហៅរដ្ឋាភិបាល ឬរដ្ឋមន្ត្រីពាក់ព័ន្ធក្នុងរឿងទាំងឡាយដែលប្រជាពលរដ្ឋកំពុងជួបប្រទះ មកសួរដេញដោល គឺគ្រាន់តែបានបញ្ចេញមតិរិះគន់ដើម្បីស្ថាបនា ដូចជាមហាជនទូទៅដែរ៖ «ប្រសិទ្ធភាពអត់បានច្រើនទេ បើសិនជានៅក្នុងរដ្ឋសភា ហើយមានចំនួនច្រើនអាចកោះរដ្ឋមន្ត្រីនីមួយៗ បើមិនកោះទេ ឬទន្ទឹមគ្នាដែរហ្នឹង អាចសួរផ្ទាល់ៗ តវ៉ាផ្ទាល់ៗ ជួសប្រជាពលរដ្ឋជាមួយរដ្ឋមន្ត្រីពាក់ព័ន្ធ»។
ចំណែកអ្នកវិភាគ និងជាអ្នកស្រាវជ្រាវផ្នែកការអភិវឌ្ឍសង្គម លោក កែម ឡី មានប្រសាសន៍ថា បញ្ហាសង្គមកម្ពុជា បច្ចុប្បន្នប្រៀបដូចជាអំបោះឆៅរុំជំពាក់ចាក់ស្រេះគ្នាមិនងាយនឹងដោះស្រាយចេញ ហើយមិនអាចគណបក្សណាមួយអួតអាង ឬធានាថានឹងដោះស្រាយចេញដោយឯកឯងនោះទេ គឺទាមទារឲ្យមានការរួបរួមគ្នាបានទៅរួច៖ «ប្រជាពលរដ្ឋយល់ដឹងច្បាស់! ប្រសិនបើគាត់មានទុក្ខសោក គាត់រត់មករកតុលាការក៏គ្មានប្រយោជន៍ គាត់រត់ទៅរកអាជ្ញាធរក៏គ្មានប្រយោជន៍ គាត់រត់ទៅរករដ្ឋាភិបាលក៏មិនអាចដោះស្រាយបញ្ហាគាត់បាន គាត់រត់ទៅរកតំណាងរាស្ត្រវារឹតតែមិនអាចដោះស្រាយឲ្យគាត់បាន។ អ៊ីចឹងប្រជាពលរដ្ឋអស់ជម្រើស។ រាល់ថ្ងៃនេះ បើមានបញ្ហា គឺរត់ទៅរកព្រះអង្គដងកើ ទៅរកបន់ស្រន់ដាក់ទំនាយទៅវិញ»។
ប្រជាពលរដ្ឋភាគច្រើនដែលទទួលរងនូវភាពអយុត្តិធម៌សង្គម ឬវិបត្តិជីវភាពរស់នៅប្រចាំ មិនដែលនឹកឃើញទៅរកតំណាងរាស្ត្ររបស់ខ្លួនឲ្យជួយដោះស្រាយឡើយ ប៉ុន្តែពួកគេបានរត់ទៅរកកិច្ចអន្តរាគមន៍ពីស្ថាប័នផ្សេងៗ ឬទៅប្រមុខរដ្ឋាភិបាលតែម្ដង។ ក្រោយពីការខ្នះខ្នែងរកអ្នកជួយ ប៉ុន្តែមិនទទួលបានលទ្ធផលនោះ ពួកគាត់ចាប់ផ្ដើមអស់សង្ឃឹម និងមានគំនិតធ្វើពិធីអប្បិយជំនឿផ្សេងៗ ដើម្បីរម្ងាប់នូវភាពឈឺចាប់ទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។