សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ឬអាចឲ្យសមាជិកបក្សរបស់ព្រះអង្គ តតាំងក្រៅប្រព័ន្ធច្បាប់ផងដែរ ចំពោះលោក ញឹក ប៊ុនឆៃ ដែលព្រះអង្គអះអាងថា បានឆាឆៅគណបក្សហ្វ៊ុនស៊ិនប៉ិច។ ចំណែកលោក ញឹក ប៊ុនឆៃ ឆ្លើយតបថា លោកមិនដែលទៅឆាឆៅសម្ដេចក្រុមព្រះនោះទេ ហើយករណីដកហូតស្លាកសញ្ញាគណបក្សហ្វ៊ុនស៊ិនប៉ិចនោះ គឺជារឿងបុគ្គល។
ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ បានថ្លែងសារនយោបាយជាច្រើនទៅកាន់អ្នកគាំទ្ររបស់ព្រះអង្គជាង ១.៦០០នាក់ នៅទីស្នាក់ការខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៩ ខែមេសា។ ព្រះអង្គឆ្លៀតបញ្ចេញសារព្រមានលោក ញឹក ប៊ុនឆៃ ដែលធ្លាប់ជាដៃគូនយោបាយចាស់វស្សាក្នុងបក្សហ្វ៊ុនស៊ិនប៉ិច ហើយចែកផ្លូវគ្នាកាលពីដើមឆ្នាំ២០១៦ ទាក់ទងនឹងការឈ្នានីសព្រះអង្គ។
សម្ដេចក្រុមព្រះថ្លែងថា កន្លងទៅព្រះអង្គមិនដែលធ្វើបាប ឬបណ្ដេញអ្នកនយោបាយណាម្នាក់ចេញពីបក្សនោះទេ ផ្ទុយទៅវិញ ក្រុមលោក ញឹក ប៊ុនឆៃ ដែលទើបបង្កើតបក្សថ្មី បានធ្វើបាបព្រះអង្គ និងអ្នករាជានិយមជាច្រើនទៀតដែលដង្ហែតាមព្រះអង្គ។ ព្រះអង្គមានបន្ទូលទៀតថា ចាប់ពីពេលនេះទៅគណបក្សហ្វ៊ុនស៊ិនប៉ិច នឹងតបតចំពោះការបំផ្លាញស្លាកសញ្ញាគណបក្ស និងសកម្មភាពដទៃទៀត៖ «អត់រវល់ទេ ចាប់ពីថ្ងៃនេះទៅ! អ្ហែងដុតអញដុតវិញ! អ៊ីចឹងបានអ្នកម្នាងចេះតែអន់ចិត្តថា ដោយសារសម្ដេចតា ត្រូវជាឪពុកឲ្យឈ្មោះសម្ដេចក្រុមព្រះ បានជាស្លូតដូចព្រះអ៊ីចឹង។ ឥឡូវអ្នកម្នាងអត់មានងារមានអីនឹងគេទេ បានតែប្រាប់ឲ្យហើយ អ្ហែងដុត អញដុតវិញ! បើខ្មែរនៅនេះអត់ហ៊ានទៅយកអាខ្មែរយួននៅទន្លេសាបច្រើនណាស់ ផ្ដាំគ្នាឲ្យហើយថ្ងៃនេះ»។
ឆ្លើយតបនឹងសារព្រមាននេះ ប្រធានគណបក្សខ្មែររួបរួមជាតិ ដែលទើបបង្កើតថ្មី គឺលោក ញឹក ប៊ុនឆៃ ថាលោកសព្វថ្ងៃខិតខំធ្វើការងារក្នុងគណបក្សទើបបង្កើតថ្មី ហើយលោកមិនដែលទៅធ្វើទុក្ខបុកម្នេញអ្វីលើសម្ដេចក្រុមព្រះនោះទេ។ ចំពោះការចោទថា មានករណីបំផ្លាញ ឬដកហូតស្លាកសញ្ញាគណបក្សហ៊្វុនស៊ិនប៉ិន នោះ លោកប្រាប់ថា វាជារឿងបុគ្គលដែលចេញលុយធ្វើស្លាក៖ «ជម្រាបជូនថា នេះមិនមែនជារឿងគណបក្សទេ វាជារឿងបុគ្គលដែលគេចេញលុយធ្វើស្លាកដាក់មុខផ្ទះរបស់គេ។ អ៊ីចឹងហើយម្ចាស់លុយម្ចាស់អីគេហ្នឹងគេមានសិទ្ធិ ព្រោះមិនមែនជាលុយរបស់សម្ដេចក្រុមព្រះដែលយកទៅឲ្យលើកស្លាកទេ»។
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយលោកបណ្ឌិត រស់ រ៉ាវុធ មានប្រសាសន៍ថា ការប្ដឹងផ្ដល់ហែកហួរគ្នារវាងលោក ញឹក ប៊ុនឆៃ និងសម្ដេចក្រុមព្រះ មិនបានចំណេញអ្វីដល់ប្រទេសជាតិ ឬប្រជាពលរដ្ឋខ្មែរនោះទេ។ លោកថា ការបញ្ចេញសារព្រមាន ឬប្ដឹងផ្ដល់គ្នាគ្មានចំណេញអ្វីក្រៅពីឲ្យអ្នកនយោបាយដទៃ និងសាធារណៈមើលងាយ ហើយបរិហារកេរ្តិ៍ចំពោះបុគ្គលដែលបានប្ដឹងគ្នានេះទៅវិញទេ៖ «តើ ថ្ងៃណាទៅដែលអ្នកនយោបាយខ្មែរបញ្ឈប់នូវការហែកហួរគ្នា ហើយយកគោលនយោបាយរបស់គណបក្សនីមួយៗ មកបម្រើជាតិ និងប្រជាពលរដ្ឋរបស់ខ្លួន។ អ៊ីចឹងទេ អ្វីដែលគួរអត់ឱនឲ្យគ្នា និងអ្វីដែលគួរដោះស្រាយនោះ គួរតែអ្នកនយោបាយខ្មែរដោះស្រាយ ហើយវិលមករួបរួមគ្នា ដោយធ្វើនយោបាយយ៉ាងណា ដើម្បីជាតិ និងមាតុភូមិរបស់យើង»។
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងលោក ញឹក ប៊ុនឆៃ ដែលជាអ្នកនយោបាយមាននិន្នាការរាជានិយម បានដាក់ពាក្យប្ដឹងគ្នាទៅវិញទៅមក ដើម្បីដណ្ដើមគ្រប់គ្រងកេរមតកគ្នានៅក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលជាស្នាព្រះហស្តរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដូចជាទីស្នាក់ការនៅតាមខេត្ត និងស្លាកគណបក្សជាដើម បន្ទាប់ពីអ្នកទាំងពីរបែកបាក់គ្នាជាថ្មីម្ដងទៀតកាលដើមឆ្នាំ២០១៦។
ប្រធានប្រតិបត្តិខេត្តកំពង់ឆ្នាំង នៃគណបក្សហ្វ៊ុនស៊ិនប៉ិច លោក អ៊ុក ខុត ឲ្យដឹងថា ស្លាកសញ្ញាគណបក្សចំនួន ១៤ ត្រូវបានក្រុមការងាររបស់លោក ញឹក ប៊ុនឆៃ ដកហូតយកទៅធ្វើជាទ្រព្យសម្បត្តិរបស់ខ្លួនដោយលុបឈ្មោះគណបក្សហ្វ៊ុនស៊ិនប៉ិច ចោល ដាក់ជំនួសមកវិញនូវឈ្មោះគណបក្សខ្មែររួបរួមជាតិ។ លោកថា ស្លាកសញ្ញាគណបក្សហ្វ៊ុនស៊ិនប៉ិច ចំនួន ១៤៦ នៅទូទាំងខេត្តប្រឈមនឹងការបាត់បង់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។