ប៉ូលិស​និង​ពលរដ្ឋ​ប៉ះទង្គិច​គ្នា​នៅ​មុខ​ស្ថានទូត​វៀតណាម

0:00 / 0:00

អាជ្ញា​ធរមាន​សមត្ថកិច្ច និង​កង​សន្តិសុខ​រាប់​រយ​នាក់ ប្រដាប់​ដោយ​ដំបង​ឆក់ ខែល បាន​រារាំង និង​វាយ​បង្ក្រាប​ទៅ​លើ​ក្រុម​យុវជន ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ដែល​ព្យាយាម​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​អហិង្សា​នៅ​ពីមុខ​ស្ថានទូត​វៀតណាម នា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​កក្កដា។ សកម្មភាព​បង្ក្រាប​នេះ​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​រង​របួស ដោយ​សមត្ថកិច្ច​វាយ​សំពង​នឹង​ដំបង​ឆក់។

កា​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​ពីមុខ​ស្ថានទូត​វៀតណាម របស់​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ដឹកនាំ​ដោយ​លោក ម៉ៅ ពិសេស រួម​ជាមួយ​សិស្ស និស្សិត ព្រះសង្ឃ ប្រជាពលរដ្ឋ​ខ្មែរ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បរាជ័យ ព្រោះ​ត្រូវ​កម្លាំង​បង្ក្រាប​បាតុករ និង​កង​សន្តិសុខ​រុញ​ច្រាន និង​វាយ​សំពង​ដោយ​ហិង្សា។

មាន​ពលរដ្ឋ​មួយ​ចំនួន​រង​របួស​នៅ​ក្នុង​សកម្មភាព​វាយ​បង្ក្រាប​របស់​កម្លាំង​សមត្ថកិច្ច ហើយ​ក្រុម​បាតុករ​ក៏​បាន​គប់ ឬ​ចោល​ដុំ​ថ្ម​ប៉ុន្មាន​ដុំ​សំដៅ​មក​សមត្ថកិច្ច​វិញ មុន​ដក​ថយ​ពី​មុខ​ស្ថានទូត​វៀតណាម ទៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​ជ្រុង​ម្ខាង​នៃ​ស្ថានទូត​នេះ។

ក្រោយ​កម្លាំង​សមត្ថកិច្ច​រុញ​ច្រាន ក្រុម​ប្រជាពលរដ្ឋ និង​យុវជន បាន​ទៅ​ឈរ​នៅ​ជ្រុង​ម្ខាង​នៃ​ស្ថានទូត​វៀតណាម មាន​ទីតាំង​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស។ បន្ទាប់​មក​សមត្ថកិច្ច​ក៏​បាន​អនុញ្ញាត​ឲ្យ​តំណាង​ពលរដ្ឋ និង​មន្ត្រី​គណបក្សប្រឆាំង​មួយ​ចំនួន​យក​ញត្តិ​ចូល​ទៅ​ដាក់​នៅ​ស្ថានទូត​វៀតណាម ប៉ុន្តែ​មន្ត្រី​បក្ស​បក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ​គ្មាន​ញត្តិ​ក្នុង​ដៃ ដើម្បី​ដាក់​ជូន​ស្ថានទូត​វៀតណាម ទេ ដោយ​ថ្លែង​ថា ញត្តិ​ទាំង​នោះ​ត្រូវ​កម្លាំង​សមត្ថកិច្ច​រឹប​អូស​យក។

ការ​ប្រមូល​ផ្តុំ​គ្នា​នេះ ក្រុម​បាតុករ​បាន​ស្រែក​ទាមទារ​ឲ្យ​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា ចេញ​មុខ​មក​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​កំហុស​ឆ្គង​ដែល​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ចោទ​ថា បាន​ប្រើ​ពាក្យ​ប្រមាថ​ដល់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម និង​មាន​បំណង​បំភ្លៃ​ប្រវត្តិសាស្ត្រ​នៃ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម។

លោក ម៉ៅ ពិសេស ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា រួម​ជាមួយ​ប្រជាពលរដ្ឋ​និង​សិស្ស​និស្សិត​ថ្លែង​ថា ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ត្រូវ​ប្រទេស​បារាំង កាត់​ប្រគល់​ឲ្យ​គ្រប់គ្រង​នៅ​ឆ្នាំ​១៩៤៩ មិន​មែន​ដូច​មន្ត្រី​ទូត​វៀតណាម បាន​លើក​ឡើង​ថ្មីៗ​នេះ​ថា ជា​ទឹកដី​វៀតណាម ពី​យូរលង់​មក​ហើយ​នោះ​ទេ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក រៀល ខេមរិន្ទ ដែល​បាន​ចូល​រួម​ក្នុង​បាតុកម្ម​នេះ បាន​ទាមទារ​ឲ្យ​មន្ត្រី​ស្ថានទូត​វៀតណាម ចេញ​មុខ​មក​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ខ្មែរ។ ប៉ុន្តែ​មិន​ឃើញ​មាន​មន្ត្រី​ទូត​វៀតណាម ចេញ​មក​ជួប​ពលរដ្ឋ ឬ​ក៏​សុំទោស​តាម​ការ​ទាមទារ​ទេ។

លោក​ប្រដូច​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ប្រទេស​វៀតណាម សព្វថ្ងៃ ដូច​គ្នា​អណ្ដើក​ក្នុង​ស្នូក ទោះ​ត្រូវ​គេ​ប្រមាថ​ក្តី៖ «ឥឡូវ​នេះ យើង​ឃើញ​ហើយ​ថា សូម្បី​តែ​យើង​មក​សុំ​ឲ្យ​ស្ថានទូត​យួន សារភាព​ទទួល​កំហុស សុំទោស​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ថា ដី​កម្ពុជា ក្រោម​ជា​របស់​យួន។ ឥឡូវ​បង​ប្អូន​ឃើញ​ហើយ ទង់​ជាតិ​ខ្មែរ​ត្រូវ​បាន​គេ​ហែក​ចោល។ តើ​បង​ប្អូន​មាន​ការ​ឈឺ​ចាប់​ទេ? ឈឺ​ចាប់​ទេ?»។​

​ចំណែក​លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ដែល​បាន​ចូល​រួម​ក្នុង​ពិធី​ជួប​ជុំ​នោះ​ដែរ ក៏​បាន​រិះគន់​រដ្ឋាភិបាល​ដែល​បញ្ជូន​កម្លាំង​ច្រើន​សន្ធឹក​សន្ធាប់​មក​បង្ក្រាប​ការ​ប្រមូល​ផ្តុំ​អហិង្សា​របស់​ប្រជាពលរដ្ឋ៖ «រឿង​ហ្នឹង​មិន​មែន​ជា​រឿង​នយោបាយ​ទេ គឺ​ជា​កិត្តិយស​របស់​ជាតិ​ខ្មែរ ទឹក​ដី​ខ្មែរ ហើយ​ដើម្បី​កូន​ចៅ​ខ្មែរ​ទៅ​ថ្ងៃ​ខាង​មុខ ហើយ​បើ​ខ្មែរ​មិន​អើ​ពើ​ទេ យើង​មិន​បាច់​ធ្វើ​ជា​ជាតិ​ខ្មែរ​ទេ វា​នាំ​ឲ្យ​ខ្មាស​សត្រូវ។ ហើយ​សព្វ​ថ្ងៃ​ហ្នឹង ដែល​គេ​ធ្វើ​បាប​យើង​បាន គឺ​ដោយ​គេ​ដឹង​ថា ហ៊ុន សែន សម្លុត​យើង​បាន​ស្រេច​តែ​ចិត្ត ហើយ​អ្នក​ដឹកនាំ​គណបក្ស​ប្រឆាំង​នោះ ក៏​កំសាក​ទៀត។ មូលហេតុ​ហ្នឹង​ហើយ​បាន​ជា​យួន ចេះ​តែ​ឡើង​ដៃ​ឡើងៗ។ ហើយ​បើ​វា​តិះដៀល​យើង​សព្វ​គ្រប់​បែប​យ៉ាង បើ​យើង​មិន​ហ៊ាន​ប្រឈម​មុខ អា​ហ្នឹង​យើង​មិន​បាច់​ធ្វើ​ជា​ជាតិ​ខ្មែរ​ទេ»

​ទាក់ទិន​បញ្ហា​នេះ លោក ណៃ វង្ស​ដា មន្ត្រី​សិទ្ធិមនុស្ស​សមាគម​អាដហុក ដែល​តាម​ឃ្លាំមើល​ការ​ប្រមូល​ផ្តុំ របស់​ប្រជាពលរដ្ឋ និង​សិស្ស​និស្សិត នៅមុខ​ស្ថានទូត​វៀតណាម ថ្លែង​ថា មន្ត្រី​ស្ថានទូត​វៀតណាម គួរ​មាន​ភាព​ក្លាហាន និង​ហ៊ាន​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​ឆ្គង​របស់​ខ្លួន​ទាក់ទង​ប្រវត្តិសាស្ត្រ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម៖ «ដូច​ជា​មិន​ឃើញ​មាន​ចេញ​មក​សុំ​ទោស​សុំ​អី​ទេ? ប៉ុន្តែ ​ឃើញ​មាន​ចេតនា​ពី​ខាង​ស្ថានទូត​ហ្នឹង​ចំនួន ២​ដង ដើម្បី​មក​ទទួល​យក​ញត្តិ។ លើក​ទី​១ ដោយសារ​តែ​អត់​មាន​ញត្តិ ព្រោះ​ញត្តិ​ហ្នឹង​ត្រូវ​សមត្ថកិច្ច​ចាប់​ហែក​ចោល​អស់​ទៅ អ៊ីចឹង​អត់​បាន​ដាក់។ ហើយ​លើក​ទី​២ ខាង​ក្រុម​និស្សិត​ហ្នឹង គេ​ទៅ​យក​សេចក្ដី​ថ្លែងការណ៍​យក​ទៅ​ដាក់ តែ​ខាង​ស្ថានទូត​គេ​បដិសេធ គេ​ថា គេ​ចង់​ឲ្យ​មាន​ពាក្យ​ថា​ញត្តិ អត់​ចង់​បាន​ពាក្យ​ថា​សេចក្ដី​ថ្លែងការណ៍​ទេ។ ហើយ​ខាង​ក្រុម​យុវជន​ហ្នឹង​គេ​អត់​ព្រម។ គាត់​ថា គាត់​រៀបចំ​មក​អ៊ីចឹង ឯកភាព​គ្នា​មក​ថា​អ៊ីចឹង ឲ្យ​គាត់​ទៅ​ប្ដូរ​ថា​ញត្តិ​ម៉េច​នឹង​កើត? ដល់​អ៊ីចឹង​ទៅ​ខាង​ស្ថានទូត​វៀតណាម ក៏​មិន​ព្រម​ខាង​យុវជន​ហ្នឹង​ក៏​មិន​ព្រម អ៊ីចឹង​ក៏​អត់​បាន​ដាក់​ដូច​គ្នា​ទៅ»

​ទោះ​យ៉ាង​ណា មន្ត្រី​ស្ថានទូត​វៀតណាម មិន​បាន​ចេញ​មក​ជួប ឬ​សុំទោស​ជា​សាធារណៈ​នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​នោះ​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​កក្កដា។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា លោក ត្រឹង វ៉ាន់ថុង បាន​ទេ តាម​ទូរស័ព្ទ នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​៦ ខែ​មិថុនា លោក​អះអាង​ថា បារាំង​មិន​បាន​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ទៅ​ឲ្យ​វៀតណាម​ទេ គឺ​ដី​កម្ពុជា​ក្រោម​ជា​ទឹក​ដី​របស់​វៀតណាម តាំង​ពី​យូរយារ​មក​ហើយ។

​ចំណែក​ប្រជាពលរដ្ឋ សិស្ស និស្សិត និង​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រម​រាប់​រយ​នាក់​និង​អង្គ ក៏​បាន​រំសាយ​ការ​ប្រមូល​ផ្តុំ និង​បើក​ផ្លូវ​ព្រះមុនីវង្ស នៅ​មុន​ម៉ោង ១២​ថ្ងៃត្រង់។ ប៉ុន្តែ​ពួកគេ​ចិញ្ចឹម​ចិត្ត​ក្នុង​ការ​ប្រមូល​ផ្តុំ​ជា​បន្តបន្ទាប់ ដើម្បី​ទាមទារ​ឲ្យ​មន្ត្រី​ស្ថានទូត​វៀតណាម សុំទោស​ជា​សាធារណៈ​ចំពោះ​កំហុស​ឆ្គង​ក្នុង​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ថ្ងៃ​ខាង​មុខ​ទៀត។

​សមត្ថកិច្ច​មិន​បាន​ចាប់​ខ្លួន​ពលរដ្ឋ​ណា​ម្នាក់​ទេ នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​និង​សកម្មភាព​ប៉ះទង្គិច​គ្នា​រវាង​ប្រជាពលរដ្ឋ​ជាមួយ​កម្លាំង​សមត្ថកិច្ច​នៅ​ពីមុខ​ស្ថានទូត​វៀតណាម​នោះ។

អង្គការ​សិទ្ធិ​មនុស្ស​ថ្កោល​ទោស​ការ​បង្ក្រាប​របស់​សមត្ថកិច្ច

ទាក់ទិន​បញ្ហា​នេះ​ដែរ សមាគម​អាដហុក ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​៨ ខែ​កក្កដា ដោយ​ថ្កោល​ទោស​ចំពោះ​ការ​ប្រើប្រាស់​កម្លាំង​ខុស​ច្បាប់​ម្ដង​ហើយ​ម្ដង​ទៀត របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ ដើម្បី​បំផ្លាញ​សេរីភាព​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ​ដែល​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា។

សមាគម​អាដហុកបាន​ចាត់​ទុក​សកម្មភាព​បង្ក្រាប​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ ឬ​អាជ្ញាធរ​តាម​ខណ្ឌ​មួយ​ចំនួនមាន​ដូច​ជា អាជ្ញាធរ​ខណ្ឌ​ចំការមន ខណ្ឌ​ពោធិ៍សែនជ័យ និង​ខណ្ឌ​ទួលគោក ដែល​ប្រើ​កម្លាំង​សន្តិសុខ​ខុស​ច្បាប់ដើម្បី​វាយ​បង្ក្រាប​ទៅ​លើ​ក្រុម​បាតុករ​អហិង្សានិង​រារាំង​មិន​ឲ្យ​ក្រុម​បាតុករ​ដាក់​ញត្តិ​ជូន​ស្ថានទូត​វៀតណាមថា​ជា​ទង្វើ​ខុស​ច្បាប់និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។