នៅក្នុងពេលមានការមិនចុះសម្រុងគ្នារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នេះ ប្រជាពលរដ្ឋសង្ឃឹមថា អង្គព្រះមហាក្សត្រ ជាទីពឹងរបស់ប្រជារាស្ត្រ ដើម្បីដោះស្រាយការជាប់គាំងនយោបាយឲ្យមានភាពត្រឹមត្រូវ និងយុត្តិធម៌។ ប៉ុន្តែ កាលពីថ្ងៃទី៩ កញ្ញា ព្រះមហាក្សត្រ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់នឹងកោះអញ្ជើញសមាជិករដ្ឋសភានីតិកាលទី៥ ទាំង ១២៣រូប ដើម្បីចូលរួមប្រជុំរដ្ឋសភាជាលើកដំបូង នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣។
តើពលរដ្ឋយល់ឃើញយ៉ាងណាចំពោះការកោះអញ្ជើញនេះ?
ប្រជាពលរដ្ឋបានបញ្ចេញទស្សនៈខុសៗគ្នាទាក់ទងទៅនឹងការសម្រេចព្រះទ័យរបស់ព្រះអង្គ ដែលនឹងកោះប្រជុំសមាជិករដ្ឋសភា នៅថ្ងៃទី២៣ កញ្ញា ក្នុងគ្រាដែលគណបក្សសង្គ្រោះជាតិ មិនទាន់ទទួលយកលទ្ធផលឆ្នោតដែលប្រកាសដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយថានឹងធ្វើមហាបាតុកម្មចំនួន ៣ថ្ងៃជាប់ៗគ្នា។
ពលរដ្ឋរស់នៅទីក្រុងភ្នំពេញម្នាក់ បានថ្លែងថា បើសិនជាបេក្ខជនជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នឹងចូលទៅតាមការកោះប្រជុំរបស់មហាក្សត្រនោះ ហាក់បីដូចជាចប់សព្វគ្រប់ បិទផ្លូវលែងតវ៉ា ហើយរដ្ឋាភិបាលថ្មីក៏នឹងអាចបង្កើតបានដែរ៖ «បើចូលវាចប់សាច់រឿងបាត់ហើយ បើសិនគាត់ចូលហើយធ្វើម៉េចមានការតវ៉ាអីតទៅទៀត។ មានប្រជាពលរដ្ឋណាមកធ្វើបាតុកម្មតទៅទៀត»។
ចំណែកនិស្សិតនៅទីក្រុងភ្នំពេញម្នាក់ទៀត មានទស្សនៈថា ព្រះទ័យរបស់ព្រះមហាក្សត្រដែលចង់ឲ្យមានការកោះប្រជុំនៅថ្ងៃទី២៣ នោះ ពុំគួរធ្វើឡើងនៅក្នុងពេលដែលភាគីទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនទាន់ត្រូវរ៉ូវគ្នាចំពោះលទ្ធផលឆ្នោតនោះទេ។
ពលរដ្ឋរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ អ្នកស្រី ដាលីស បានចាប់អារម្មណ៍ថា ពលរដ្ឋមានការអស់សង្ឃឹមចំពោះការទាមទាររកយុត្តិធម៌ពីការបោះឆ្នោតណាស់។ អ្នកស្រីបន្តថា បក្សទាំងពីរយល់ល្អគួរតែសម្របសម្រួលធ្វើការជាមួយគ្នា ដើម្បីប្រទេសជាតិ។
ទាក់ទងទៅនឹងព្រះរាជតួនាទីរបស់ព្រះមហាក្សត្រវិញ ពលរដ្ឋដែលបានជួបសម្ភាសខ្លះឆ្លើយថាដឹង ប៉ុន្តែខ្លះទៀតហាក់ស្ទាក់ស្ទើរ ថាមិនដឹងតែម្ដង។
បុរសអ្នករត់រម៉កកង់បី បានថ្លែងថា លោកចង់ឃើញព្រះមហាក្សត្រប្រើប្រាស់ព្រះរាជតួនាទីរបស់ព្រះអង្គក្នុងការសម្របសម្រួលនៃបញ្ហាមិនត្រូវរ៉ូវគ្នាលើលទ្ធផលបោះឆ្នោតរបស់គណបក្សទាំងពីរនេះ ឲ្យទទួលយកបានទាំងអស់គ្នា ដើម្បីផលប្រយោជន៍ជាតិ។
ការបញ្ចេញទស្សនៈនេះ បន្ទាប់ពីព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានផ្ញើព្រះរាជសារឆ្លើយតបទៅប្រធាន គ.ជ.ប លោក អ៊ឹម សួស្ដី អំពីការប្រកាសលទ្ធផលផ្លូវការ កាលពីថ្ងៃទី៨ កញ្ញា ដោយព្រះអង្គមានព្រះរាជបន្ទូលថា នឹងកោះអញ្ជើញតំណាងរាស្ត្រជាប់ឆ្នោតឲ្យចូលរួមប្រជុំសភាលើកដំបូងនៅថ្ងៃទី២៣ កញ្ញា ខាងមុខ។ ប៉ុន្តែ គណបក្សសង្គ្រោះជាតិ បានប្រកាន់ជំហរថា នឹងមិនចូលប្រជុំសភាទេ ហើយនឹងធ្វើមហាបាតុកម្មរយៈពេល ៣ថ្ងៃដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។