លោក ហ៊ុន សែន ដាក់​លក្ខខណ្ឌ​បក្ស​ប្រឆាំង​ចំនួន​ពីរ​មុន​នឹង​ឲ្យ​រដ្ឋមន្ត្រី​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​សភា

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​កោះ​ពេជ្រ នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ថា លោក​នឹង​មិន​ឲ្យ​រដ្ឋមន្ត្រី​ ៣រូប​របស់​លោក​ចូល​បំភ្លឺ​ក្នុង​រដ្ឋសភា តាម​ការ​កោះ​ហៅ​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ជា​ដាច់​ខាត បើ​គណបក្ស​នេះ​មិន​ចូល​ប្រជុំ​សភា​ជា​មុន​ទេ។

លោក ហ៊ុន សែន ដាក់​លក្ខខណ្ឌ​ចំនួន​ពីរ​ទៅ​បក្ស​ប្រឆាំងដើម្បី​ឲ្យ​ប្រធាន​រដ្ឋសភា​អនុញ្ញាត​ឲ្យ​រដ្ឋមន្ត្រី​របស់​លោក​ទៅ​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះហៅ​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង។លក្ខខណ្ឌ​ទាំងពីរ​នោះ​គឺ ទី១ តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ត្រូវ​តែ​ធ្វើ​ការ​ក្នុង​សភា​ ពោល​គឺ​ត្រូវ​ចូល​ប្រជុំ​សភា​នៅ​រៀងរាល់​សភា​បើក​អង្គ​ប្រជុំមិនមែន​ទៅ​ធ្វើ​វេទិកា​អ្នកកាសែត​នៅ​ទីស្នាក់ការ​បក្ស​ទេ។ ទី២ មិន​ត្រូវ​ផ្ដល់​ព័ត៌មាន​ឲ្យ​អ្នកកាសែត​ថា ការ​ឆ្លើយ​បំភ្លឺ​របស់​រដ្ឋមន្ត្រី​ដែល​ខ្លួន​បាន​ឆ្លើយ​នោះ​ថា អត់​បាន​ការ​ទេ នៅ​ពេល​ដែល​ខ្លួន​បាន​សួរ ហើយ​ចម្លើយ​របស់​រដ្ឋមន្ត្រី​នៅ​ក្នុង​អង្គ​ប្រជុំ​ថា ល្អ តែ​ចេញ​ពី​ប្រជុំ​ថា មិន​ល្អ​នោះ។

កាល​ពី​ថ្ងៃ​ទី​៣១ មករា មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​លោក សុន ឆ័យ ថា តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​នឹង​កោះហៅ​រដ្ឋមន្ត្រី ៣​រូប មក​សួរ​នាំ​នៅ​រដ្ឋសភា គឺ​មាន​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក វេង សុខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ខាង​មុខ។

ជុំវិញ​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​លើក​ឡើង​ថា ការ​ហាម​មិន​ឲ្យ​រដ្ឋមន្ត្រី​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​សភា​នេះ គឺ​លោក ហ៊ុន សែន កំពុង​រំលោភ​រដ្ឋធម្មនុញ្ញ និង​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋ​សភា។

ក្រោយ​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ក៏​ចេញ​សេចក្ដី​ប្រកាស​ភ្លាមៗ ថា រដ្ឋសភា​សម្រេច​ផ្អាក​បញ្ជូន​សំណើ​កោះហៅ​រដ្ឋមន្ត្រី​មក​បំភ្លឺ​ចំពោះ​គណៈកម្មការ​នានា​នៃ​រដ្ឋសភា​របស់​បក្ស​ក្រៅ​រដ្ឋាភិបាល​ជា​បណ្ដោះអាសន្ន ក្នុង​ករណី​តំណាងរាស្ត្រ​ទាំង​នោះ​មិន​មក​ធ្វើ​ការ​ក្នុង​សភា​ជា​ប្រក្រតី​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។