លោក សម រង្ស៊ី មានប្រសាសន៍ថា លោកបានបញ្ចប់ដំណើរទស្សនកិច្ច ពីរជាសំខាន់ នៅប្រទេស អង់គ្លេស និងបារាំង ហើយលោកនឹងបន្តដំណើរទៅកាន់ប្រទេសប៊ែលហ្ស៊ីក ជាទីកន្លែងដែលសភាសហគមន៍អឺរ៉ុបជួបប្រជុំគ្នា។ លោក សម រង្ស៊ី បានជួបអគ្គលេខាធិការសម្ព័ន្ធគណបក្សសេរីនិយមអន្តរជាតិ នៅទីក្រុងឡុង ប្រទេសអង់គ្លេស។ លោកបានប្រាប់មន្រ្តីសម្ព័ន្ធគណបក្សសេរីនិយមអន្តរជាតិថា រដ្ឋសភាបង្កើតដោយខុសច្បាប់ និងផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា។ លោកស្នើឲ្យសម្ព័ន្ធគណបក្សសេរីនិយមអន្តរជាតិ គាំទ្រការបង្កើតឲ្យមានគណៈកម្មការអន្តរជាតិមួយ ដើម្បីស៊ើបអង្កេត ភាពមិនប្រក្រតីនៃការបោះឆ្នោត។
លោក សម រង្ស៊ី មានប្រសាសន៍ថា កាលពីថ្ងៃព្រហស្បតិ៍ ទី ១០ តុលា លោកក៏បានជួបនឹងប្រធានគណៈកម្មការកិច្ចការបរទេស នៃសភាអឺរ៉ុប លោក អ៊ីល ម៉ាប្រូក (Elmar Brok) ពន្យល់បន្ថែមពីស្ថានការណ៍ នៃប្រទេសកម្ពុជា៖ «គេយល់អំពើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ កាលពីថ្ងៃទី ២៣ កញ្ញា ការប្រជុំរដ្ឋសភាដោយខុសច្បាប់ និងការបង្កើតរដ្ឋាភិបាលដោយខុសច្បាប់ ហើយរដ្ឋាភិបាលនោះ កើតចេញមកពីរដ្ឋប្រហារ។»
លោក សម រង្ស៊ី បន្ថែមទៀតថា ក្រោយពីទស្សនកិច្ច នៅប្រទេសអង់គ្លេស និងបារាំង លោកនឹងធ្វើដំណើរទៅកាន់ប្រទេសប៊ែលហ្ស៊ីក នៅថ្ងៃទី ១០ ខែ តុលា ដើម្បីជួបសមាជិករដ្ឋសភាសហគមន៍អឺរ៉ុបបន្ថែមទៀត។ បន្ទាប់មក លោកនឹងបន្តដំណើរទៅកាន់សហរដ្ឋអាមេរិក នៅទីក្រុងញូយ៉ក និងរដ្ឋធានីវ៉ាស៊ីនតុន ដើម្បីជំរាបមន្រ្តីអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលអាមេរិកពីភាពមិនស្របច្បាប់របស់រដ្ឋាភិបាលកម្ពុជា។
លោក សម រង្ស៊ី ក៏បានរិះគន់ការបង្កើតគណៈកម្មការជំនាញទាំង៩របស់រដ្ឋសភា ដោយគ្មានការចូលរួមពីតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ។ លោកចាត់ទុកថាការបង្កើតនេះជាដំណើរឆ្នោះទៅលទ្ធិកុម្មុយនីស្ត ដោយមានគណបក្សមួយ ក្នុងរដ្ឋសភា។
លោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបដិសេធថា បក្សកាន់អំណាច កំពុងគោរពតាមច្បាប់រដ្ឋធម្មនុញ្ញ ហើយរដ្ឋសភា និងរដ្ឋាភិបាលថ្មីនឹងបន្តដំណើរទៅមុខ ដោយមិនរង់ចាំគណបក្សសង្គ្រោះជាតិ ទោះជាមានតំណាងរាស្ត្រតែ៦៨រូប ពីបក្សកាន់អំណាចតែឯងក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។