បក្ស​ប្រឆាំង​ខេត្ត​រតនគិរី​ប្ដឹង​អាជ្ញាធរ​ឲ្យ​លុប​ឈ្មោះ​វៀតណាម​១១​នាក់​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត

0:00 / 0:00

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ឃុំ​ឡាមីញ ស្រុក​បរកែវ ខេត្ត​រតនគិរី សុំ​លុប​ឈ្មោះ​ជនជាតិ​វៀតណាម ចំនួន ១១​នាក់ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត ក៏​ប៉ុន្តែ​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​បដិសេធ​សំណើ​នេះ ដោយ​សំអាង​ថា ជនជាតិ​វៀតណាម មាន​លិខិត​សំគាល់​អត្តសញ្ញាណ​ចុះ​ឈ្មោះ​បោះឆ្នោត។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​បរកែវ ខេត្ត​រតនគិរី រក​ឃើញ​ជនជាតិ​វៀតណាម ចំនួន ១១​នាក់​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ដំបូង​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បិទ​ផ្សាយ​ឲ្យ​មន្ត្រី​គណបក្ស​នយោបាយ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ត្រួត​ពិនិត្យ​ភាព​មិន​ប្រក្រតី និង​ប្ដឹង​តវ៉ា។

ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​បរកែវ លោក ឈៀង ប៊ុនថា បញ្ជាក់​នៅ​ថ្ងៃ​​ទី​១០ ខែ​មករា ថា ក្រុមប្រឹក្សា​ឃុំ​ឡាមីញ បើក​សវនាការ​ពាក្យ​ប្ដឹង​តវ៉ា​របស់​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​៩ ខែ​មករា ទាក់ទិន​​អត្តសញ្ញាណ​ជនជាតិ​វៀតណាម ទាំង ១១​នាក់ មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ក៏​ប៉ុន្តែ​ក្រុមប្រឹក្សា​ឃុំ​នេះ​បាន​ចេញ​សេចក្ដី​សម្រេច​មិន​ត្រឹមត្រូវ​តាម​គោលការណ៍​ណែនាំ​របស់ គ.ជ.ប។

លោក​បន្ត​ថា ជនជាតិ​​វៀតណាម ទាំង ១១​នាក់​នេះ ត្រូវ​បាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ រក​ឃើញ​ថា ទើប​ចូល​មក​រស់​​នៅ​ឃុំ​ឡាមីញ ថ្មីៗ ប៉ុន្តែ​ពួកគេ​បាន​កាន់​អត្តសញ្ញាណប័ណ្ណ​ពលរដ្ឋ​ខ្មែរ​មក​ចុះ​ឈ្មោះ​បោះឆ្នោត៖ «គាត់​ជា​អាជ្ញាធរ​ដែនដី​គួរ​តែ​ហៅ​អ្នក​ទាំង ១១​នាក់ មក​តទល់​ភ្នាក់ងារ​សង្កេតការណ៍​របស់​យើង​​ទទួល​ស្គាល់​ថា គាត់​នៅ​ភូមិ​ស្រុក​ហ្នឹង​យូរ​ហើយ តែ​ពួក​ហ្នឹង​ទើប​ចំណូល​ថ្មី មាន​អត្តសញ្ញាណប័ណ្ណ ប៉ុន្តែ​ភាសា​និយាយ​ជា​របៀប​ជនជាតិ​វៀតណាម»

ពលរដ្ឋ​វៀតណាម ទាំង ១១​នាក់ ដែល​បាន​កាន់​អត្តសញ្ញាណប័ណ្ណ​ពលរដ្ឋ​ខ្មែរ​មក​ចុះ​ឈ្មោះ​បោះឆ្នោត​មាន ៨​នាក់ ចុះ​ឈ្មោះ​នៅ​ការិយាល័យ​លេខ ០០៧៤ និង ៣​នាក់​ទៀត​ចុះឈ្មោះ​នៅ​ការិយាល័យ​លេខ ០០៧១ ការិយាល័យ ០០៧៣ និង​ការិយាល័យ ០០៧៦ ក្នុង​ឃុំ​ឡាមីញ។

ឆ្លើយ​តប​បញ្ហា​នេះ មេ​ឃុំ​ឡាមីញ លោក ប៉ែន សុផុន ទទួល​ស្គាល់​ថា លោក​បាន​ចេញ​លិខិត​ទម្រង់ ១២០៣ បដិសេធ​លិខិត​ប្ដឹង​សុំ​លុប​ឈ្មោះ​ពលរដ្ឋ ១១​នាក់ ដែល​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ជា​អន្តោប្រវេសន៍​វៀតណាម មែន ដោយសារ​តែ​អាជ្ញាធរ​ឃុំ​មិន​មាន​លទ្ធភាព​កំណត់​ថា​តើ​ពលរដ្ឋ​វៀតណាម ទាំង​នោះ​ជា​អន្តោប្រវេសន៍ ឬ​ជា​ពលរដ្ឋ​ខ្មែរ​ស្រប​ច្បាប់។

លោក​ថា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អាច​ប្ដឹង​តវ៉ា​ការ​សម្រេច​នេះ​ទៅ គ.ជ.ប ដើម្បី​សម្រេច​លើ​បណ្ដឹង​ទាស់​នេះ​បន្ត​ទៀត៖ «វា​ហួស​តួនាទី​របស់​យើង ព្រោះ​យើង​ធ្វើ​តាម​ការ​ណែនាំ​របស់ គ.ជ.ប។ មាន​អ៊ីចឹង​ធ្វើ​ម៉េច​​យើង​ហៅ​គេ​មក​កើត ចង់​តវ៉ា​អ្វី​ឲ្យ​ទៅ គ.ជ.ប ទៅ»

ដូច​គ្នា​នេះ​ដែរ ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​រតនគិរី លោក ប៉ែន ឈុនឌី បញ្ជាក់​ថា ក្រុមប្រឹក្សា​ឃុំ​ឡាមីញ មាន​សិទ្ធិ​សម្រេច​លើ​បណ្ដឹង​តវ៉ា​របស់​តំណាង​គណបក្ស​នយោបាយ និង​ប្រជាពលរដ្ឋ​ទាក់ទិន​ការ​លុប​ឈ្មោះ ឬ​កែសម្រួល​អត្តសញ្ញាណ​ពលរដ្ឋ​ក្នុង​បញ្ជី​បោះឆ្នោត​របស់ គ.ជ.ប។ លោក​ថា នេះ​ជា​គោលការណ៍​ណែនាំ​របស់ គ.ជ.ប ប្រសិន​ជន​ណា​មិន​យល់​ស្រប​ចំពោះ​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​ឃុំ​ទាក់ទិន​ករណី​នេះ​មាន​សិទ្ធិ​ប្ដឹង​ទាស់​ផ្ទាល់​ទៅ គ.ជ.ប ដោយ​មិន​បាច់​ប្ដឹង​មក​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ខេត្ត​នោះ​ទេ៖ «ឃុំ​សង្កាត់​គេ​ប្រជុំ​សម្រេច គេ​ចេញ​ទម្រង់ ១២០៣ ហើយ ប្រសិន​សាមី​គណបក្ស​គេ​មិន​ព្រម​គេ​អាច​ប្ដឹង​តទៅ គ.ជ.ប ទៀត»

គ.ជ.ប បាន​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​១៤ ខែ​មករា ដើម្បី​ឲ្យ​ពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ទៅ​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ​ដំបូង​ក្នុង​ករណី​មាន​ភាព​មិន​ប្រក្រតី​ភាគី​ពាក់ព័ន្ធ​​អាច​ប្ដឹង​តវ៉ា​ទៅ​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ប្រជុំ​សម្រេច​ការ​តវ៉ា​ណា​មួយ និង​មាន​រយៈពេល ៥​ថ្ងៃ​ទៀត ប្ដឹង​តវ៉ា​ទៅ គ.ជ.ប ចំពោះ​ការ​ជំទាស់​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​ឃុំ​សង្កាត់។

​លេខា​អង្គការ​ខុមហ្វ្រែល (COMFREL) ខេត្ត​រតនគិរី លោក ជួន ភីនដារ៉ា កត់សំគាល់​ថា ការ​សម្រេច​របស់​ក្រុមប្រឹក្សា​ឃុំ​ឡាមីញ ទាក់ទិន​សវនាការ​បណ្ដឹង​សុំ​លុប​ឈ្មោះ​ជនជាតិ​វៀតណាម របស់​តំណាង​គណបក្ស​​សង្គ្រោះ​ជាតិ ធ្វើ​ឡើង​មិន​ពេញ​លក្ខណៈ ពីព្រោះ​មិន​បាន​អញ្ជើញ​ភាគី​ដើម​ចោទ និង​ចុង​ចោទ​មក​​បញ្ជាក់​ក្នុង​សវនាការ​មុន​ធ្វើ​ការ​សម្រេច។

លោក​ថា ថ្វី​ត្បិត​ក្រុមប្រឹក្សា​ឃុំ មាន​សិទ្ធិ​សម្រេច​លើ​បណ្ដឹង​តវ៉ា​ណា​មួយ​របស់​អ្នក​ប្ដឹង​តវ៉ា ក៏ប៉ុន្តែ​ការ​សម្របសម្រួល​រក​ភាព​ត្រឹមត្រូវ​រវាង​ភាគី​ដើម​បណ្ដឹង និង​ចុង​ចោទ គឺ​ជា​ភាព​ពេញលេញ​ដែល​អាជ្ញាធរ​គួរ​បំពេញ​មុន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ក្នុង​ទម្រង់ ១២០៣៖ «មក​តែ​ម្ខាង ម្ខាង​ទៀត​អត់​មក តើ​ធ្វើ​ការ​សម្រេច​ចិត្ត​យ៉ាង​ម៉េច​ឲ្យ​ភាគី​ក។ ធម្មតា​យើង​សួរ​ពី ក ទៅ ខ គេ​ឆ្លើយ​យ៉ាង​ម៉េច​វា​អត់​មាន​លក្ខខណ្ឌ​ហ្នឹង​គាត់​សម្រេច​ឲ្យ​ប្ដឹង​ទៅ គ.ជ.ប តែម្ដង»

តាម​ច្បាប់​សញ្ជាតិ​នៃ​ប្រទេស​កម្ពុជា ជនជាតិ​បរទេស​ដែល​កាន់​អត្តសញ្ញាណប័ណ្ណ​ពលរដ្ឋ​ខ្មែរ​បាន​លុះ​ត្រា​បាន​ចូល​សញ្ជាតិ​ផ្លូវការ​ទទួល​ស្គាល់​ដោយ​រាជរដ្ឋាភិបាល និង​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​ប្រទាន​សញ្ជាតិ​ដល់​ជនបរទេស​នេះ។

ស្នងការ​រង​ប៉ូលិស​ខេត្ត​រតនគិរី លោក ជា ប៊ុនធឿន មាន​ប្រសាសន៍​ថា ជនអន្តោប្រវេសន៍​ដែល​រស់​នៅ​ស្រប​ច្បាប់ ឬ​មិន​ស្របច្បាប់​មិន​មាន​សិទ្ធិ​ប្រើប្រាស់​អត្ត​សញ្ញាប័ណ្ណ​ពលរដ្ឋ​ខ្មែរ​បាន​ឡើយ។ លើក​លែង​ជនអន្តោប្រវេសន៍​នោះ​បាន​បំពេញ​លក្ខខណ្ឌ​សុំ​ចូល​សញ្ជាតិ​តាម​ការ​កំណត់​ក្នុង​ច្បាប់​សញ្ជាតិ។ ដូច្នេះ​ប្រសិន​មាន​ករណី​ប្ដឹង​តវ៉ា​នេះ គ.ជ.ប អាច​ស្នើ​សុំ​មក​ក្រសួង​មហាផ្ទៃ ដើម្បី​ត្រួត​ពិនិត្យ​​លក្ខណៈ​សម្បត្តិ​ជនបរទេស​ដែល​ប្រើ​អត្តសញ្ញាណប័ណ្ណ​ពលរដ្ឋ​ខ្មែរ​នេះ៖ «ប្ដឹង​ទៅ​ថ្នាក់​ជាតិ​មាន​តែ​ក្រសួង​មហាផ្ទៃ ហើយ​ក្រសួង​មហាផ្ទៃ បញ្ជា​មក​អគ្គស្នងការ ហើយ​អគ្គស្នងការ​បញ្ជា​មក​តាម​បណ្ដា​ស្នងការដ្ឋាន​ដើម្បី​ពិនិត្យ​រឿង​ហ្នឹង។ បើ​គាត់​ជា​ជនបរទេស​ទាស់​តែ​មាន​ព្រះរាជ​ក្រឹត្យ​ប្រទាន​សញ្ជាតិ​ឲ្យ​គាត់​សិន»

​ទោះបីជា​យ៉ាង​ណា​ក៏ដោយ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ស្រុក​បរកែវ សម្រេច​ប្ដឹង​ជំទាស់​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​ឃុំ​ឡាមីញ ទៅ គ.ជ.ប ដើម្បី​លុប​ឈ្មោះ​ជនជាតិ​វៀតណាម ទាំង​នោះ​ចេញ​​ពី​បញ្ជី​បោះឆ្នោត និង​ស្នើ​សុំ​ឲ្យ​ក្រសួង​មហាផ្ទៃ ស៊ើប​អង្កេត​ករណី​ជនជាតិ​វៀតណាម ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​ពលរដ្ឋ​ខ្មែរ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។