ការ​ខ្វែង​គំនិត​គ្នា​ជុំវិញ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ

0:00 / 0:00

ការ​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ទាំង​តក់ក្រហល់​របស់​ក្រុម​តំណាងរាស្ដ្រ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ក្លាយ​ជា​បញ្ហា​ក្ដៅ​គគុក និង​នាំ​ឱ្យ​មាន​ការ​យល់​ឃើញ​ផ្សេងៗ​គ្នា រវាង​គណបក្ស​នយោបាយ​ដែល​មាន​សំឡេង​ក្នុង​រដ្ឋ​សភា​ទាំង​ពីរ។ មិន​ត្រឹម​ប៉ុណ្ណោះ សូម្បី​គណបក្ស​នយោបាយ​ដែល​គ្មាន​សំឡេង​ក្នុង​សភា ក៏​ចេញ​មុខ​ប្រតិកម្ម​នឹង​វិសោធនកម្ម​នេះ​ដែរ។

គណបក្ស​កាន់​អំណាច​បក​ស្រាយ​ថា មូលហេតុ​តំណាងរាស្ត្រ​ខ្លួន​សម្រេច​គាំទ្រ​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​អាច​ឈាន​ទៅ​ដល់​ការ​រំលាយ​គណបក្ស​នយោបាយ និង​រារាំង​មិន​អោយ​ធ្វើ​ប្រធាន​បក្ស​ពេល​ជាប់​ទោស​នោះ គឺ​ដើម្បី​ពង្រឹង​នីតិរដ្ឋ និង​សន្តិសុខ​សង្គម ហើយ​មិន​សំដៅ​ដល់​បក្ស​ណា​មួយ​ឡើយ។ រី​ឯ​គណបក្ស​សង្គ្រោះ​ជាតិ វិញ​យល់​ថា វិសោធនកម្ម​ច្បាប់​នេះ គឺ​ច្បាស់​ណាស់​មាន​បំណង​តែ​មួយ​គត់​ចង់​សំដៅ​មក​បក្ស​ប្រឆាំង​ដែល​កំពុង​មាន​សំឡេង​គាំទ្រ​ពី​ពលរដ្ឋ​យ៉ាង​ប្រកៀកប្រកិត​គ្នា​ជាមួយ​បក្ស​កាន់​អំណាច។

មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​យល់​ថា វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​គឺ​ប្រៀប​បាន​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​មាន​ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។

ក្រុម​អ្នក​តាមដាន​នយោបាយ​នៅ​កម្ពុជា មើល​មិន​ឃើញ​ថា វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​មាន​ប្រយោជន៍​ធំធេង​ដូច​ការ​លើក​ឡើង​របស់​គណបក្ស​កាន់​អំណាច​ឡើយ ផ្ទុយ​ទៅ​វិញ ច្បាប់​នេះ​មាន​តែ​បំផ្លាញ​ដល់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទៅ​វិញ​ទេ។

នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា លើក​ឡើង​ថា លោក​មិន​ដឹង​ច្បាស់​អំពី​គោល​បំណង​នៃ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ​ឡើយ ក្រៅ​តែ​ពី​មាន​មាត្រា​បាន​ចែង​ដោយ​ផ្ដល់​អំណាច​ពេញលេញ​ទៅ​ក្រសួង​មហាផ្ទៃ មាន​សិទ្ធិ​សម្រេច​ហាម​ឃាត់ ផ្អាក ឬ​រំលាយ​គណបក្ស​នយោបាយ​ណា​មួយ​ឱ្យ​ឈប់​ធ្វើ​សកម្មភាព​ត​ទៅ​ទៀត ប្រសិន​គណបក្ស​នយោបាយ​ទាំង​នោះ ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា ធ្វើ​ឱ្យ​ប៉ះពាល់​សន្តិសុខ​ជាតិ ឬ​ញុះញង់​ឱ្យ​បែក​បាក់​ជាតិ។

លោក គល់ បញ្ញា ព្រួយ​បារម្ភ​ថា ត្រង់​ចំណុច​បទ​ធ្វើ​ឱ្យ​ប៉ះពាល់​សន្តិសុខ​ជាតិ ឬ​បទ​ញុះញង់​ធ្វើ​ឱ្យ​បែកបាក់​ជាតិ គឺ​កន្លង​មក​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ និង​តុលាការ​អាច​យក​មក​ធ្វើ​ការ​បកស្រាយ​បាន​តាម​ចិត្ត​រហូត​ចាប់​ខ្លួន​សមាជិក​សភា និង​សមាជិក​ព្រឹទ្ធសភា​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់៖ «»។

មន្ត្រី​ជាន់​ខ្ពស់​អង្គការ​ខុមហ្វ្រែល បន្ត​ថា ការ​ផ្ដល់​អំណាច​ឱ្យ​ក្រសួង​មហាផ្ទៃ ដែល​ជា​ស្ថាប័ន​របស់​រដ្ឋាភិបាល​នៃ​គណបក្ស​កាន់​អំណាច រហូត​មាន​សិទ្ធិ​ទៅ​រំលាយ​គណបក្ស​នយោបាយ​ណា​មួយ គឺ​អាច​នាំ​ឱ្យ​មាន​វិវាទ​ខាង​នយោបាយ​មុន​ការ​បោះ​ឆ្នោត។ បន្ថែម​ពី​នេះ ប្រសិន​ច្បាប់​ត្រូវ​យក​ទៅ​អនុវត្ត​ដើម្បី​រំលាយ​គណបក្ស​នយោបាយ​ដែល​មាន​សមាជិក​របស់​ខ្លួន​នៅ​រដ្ឋ​សភា និង​ព្រឹទ្ធសភា គឺ​មាន​ន័យ​ស្មើ​នឹង​ការ​រំលាយ​ឆន្ទៈ​ពលរដ្ឋ និង​បាន​បំពាន​លើ​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដែល​មាន​ចែង​ជា​កាតព្វកិច្ច​ឱ្យ​អនុវត្ត​ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​ដែរ។

កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ក្នុង​រដ្ឋសភា ក្រុម​តំណាងរាស្ត្រ​មក​ពី​គណបក្ស​កាន់​អំណាច​ដែល​កំពុង​រង​ការ​រិះគន់​ថា អាច​គ្រប់គ្រង និង​មាន​ឥទ្ធិពល​បង្គាប់​បញ្ជា​លើ​ស្ថាប័ន​កំពូលៗ ដូចជា​តុលាការ និង​រដ្ឋ​សភា​ជាដើម បាន​សម្រេច​លើកដៃ​ព្រម​គ្នា​ទាំង ៦៦​រូប អនុម័ត​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដោយ​គ្មាន​ការ​ចូលរួម​ពី​គណបក្ស​ប្រឆាំង​ឡើយ។ បើ​និយាយ​អំពី​ការ​ចាប់​ផ្ដើម​ស្នើ​ធ្វើ​វិសោធនកម្ម រហូត​សម្រេច​អនុម័ត​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ គឺ​ក្រុម​តំណាង​បក្ស​ប្រជាជន​កម្ពុជា ប្រើប្រាស់​ពេល​វេលា​ខ្លី​ប៉ុណ្ណោះ បន្ទាប់​ពី​មាន​ការ​ប្រកាស​ចង់​បាន​ការ​កែប្រែ​ច្បាប់​នេះ ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

មាត្រា​មួយ​ចំនួន​ដែល​បញ្ចូល​បន្ថែម​ក្នុង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​ទើប​អនុម័ត​នេះ កំពុង​ធ្វើ​ឱ្យ​គណបក្ស​ដទៃ​ទៀត​ប្រឆាំង​ជំទាស់​យ៉ាង​ខ្លាំងក្លា​នោះ មាន​ដូចជា​មាត្រា ៦​ថ្មី បាន​កំណត់​ឱ្យ​គណបក្ស​នយោបាយ​មិន​ត្រូវ​ធ្វើ​សកម្មភាព​ណា​មួយ​ធ្វើ​ឱ្យ​មាន​អបគមន៍​ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​ឯកភាព​ជាតិ និង​បូរណភាព​ដែនដី ធ្វើ​វិទ្ធង្សនា​ប្រឆាំង​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ​បង្កើត​កងកម្លាំង​ប្រដាប់​អាវុធ និង​ធ្វើ​ការ​ញុះញង់​ដែល​អាច​នាំ​ឱ្យ​មាន​ការ​បែក​បាក់​ជាតិ។ រី​ឯ​មាត្រា ៣៨​ថ្មី ចែង​ថា ចំពោះ​គណបក្ស​នយោបាយ​ណា​ដែល​បាន​ប្រព្រឹត្ត​ខុស​ទៅ​នឹង​រដ្ឋធម្មនុញ្ញ ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​ច្បាប់​ជា​ធរមាន​ដទៃ​ទៀត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​មហាផ្ទៃ អាច​ចាត់​វិធានការ​ប្ដឹង​ទៅ​តុលាការ​កំពូល​ដើម្បី​រំលាយ​គណបក្ស​នយោបាយ​នោះ ក្នុង​ករណី​កំហុស​មាន​លក្ខណៈ​ធ្ងន់ធ្ងរ។

មុន​ចេញ​ច្បាប់​នេះ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​បណ្ដឹង​ជា​ច្រើន​នៅ​តុលាការ​បាន​ប្រកាស​លា​ឈប់​ពី​ប្រធាន​បក្ស បន្ទាប់​ពី​លោក​រិះគន់​រដ្ឋ​សភា​ថា ជា​កន្លែង​ទីងមោង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​រៀប​កម្ចាត់​គណបក្ស​របស់​លោក។ អតីត​ប្រធាន​បក្ស​លោក សម រង្ស៊ី ប្រកាស​ថា ការ​លា​ឈប់​របស់​លោក គឺ​ដើម្បី​ការពារ​គណបក្ស។

តំណាងរាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក គឹមសួរ ភីរិទ្ធ ថ្លែង​ថា វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ នឹង​ធ្វើ​ឱ្យ​បែកបាក់​ឯកភាព​ជាតិ ហើយ​មាន​គោលការណ៍​ផ្ទុយ​ទាំង​ស្រុង​ទៅ​នឹង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ព្រោះ​ច្បាប់​នេះ នឹង​ផ្ដល់​អំណាច​ទៅ​ដល់​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល ដែល​កំពុង​គ្រប់គ្រង​ក្រសួង​ស្ថាប័ន​សំខាន់​នានា ដូចជា​ក្រសួង​មហាផ្ទៃ និង​តុលាការ ដោយ​ឱ្យ​ស្ថាប័ន​ទាំង​នេះ​ទទួល​បាន​សិទ្ធិ​គ្រប់គ្រង​គណបក្ស​នយោបាយ​ទាំង​អស់។

លោក​បន្ត​ថា ការ​កែប្រែ​ច្បាប់​នយោបាយ​នៅ​ពេល​នេះ ធ្វើ​ឡើង​មិន​បាន​ឆ្លុះបញ្ចាំង​អំពី​មតិ​ពលរដ្ឋ​ឡើយ ព្រោះ​ធ្វើ​ឡើង​ទាំង​ប្រញាប់ប្រញាល់​ដោយ​ក្រុម​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច។ ផ្ទុយ​ទៅ​វិញ ប្រសិន​ចង់​ធ្វើ​វិសោធនកម្ម​ច្បាប់​ដើម្បី​បម្រើ​ផលប្រយោជន៍​ឱ្យ​គណបក្ស​ទូទៅ គួរ​តែ​ឆ្លងកាត់​ការ​ពិគ្រោះ​យោបល់​ជាមួយ​តំណាង​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់ ឬ​ក៏​ធ្វើ​ប្រជាមតិ​ពី​ពលរដ្ឋ​ដើម្បី​ដឹង​ថា តើ​មាន​គាំទ្រ​ឱ្យ​បក្ស​កាន់​អំណាច​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែរ ឬ​ទេ៖ «»។

​សម្រាប់​ការ​មិន​ពេញចិត្ត​របស់​សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង​ចំពោះ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បក​ស្រាយ​ថា ការ​អនុម័ត​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ គឺ​មាន​បំណង និង​សំណូមពរ​ចំនួន ៣​សំខាន់ៗ ទី​១ ដើម្បី​ឱ្យ​ច្បាប់​គណបក្ស​នយោបាយ​នេះ​មាន​គុណភាព និង​ល្អ​ប្រសើរ​ជាង​ច្បាប់​មុន ទី​២ ពង្រឹង​គណបក្ស​នយោបាយ​ទាំង​អស់​ឱ្យ​គោរព​ច្បាប់​ដើម្បី​ទៅ​ដណ្ដើម​អំណាច​គ្រប់គ្រង​ប្រទេស​នៅ​ពេល​ខាង​មុខ និង​ទី​៣ ដើម្បី​ពង្រឹង​របប​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា៖ «»។

​លោក សុខ ឥសាន បញ្ជាក់​ថា ច្បាប់​នេះ​ក៏​ជួយ​សម្រួល​ដល់​ក្រសួង​មហាផ្ទៃ ឲ្យ​ងាយស្រួល​ដើម្បី​គ្រប់គ្រង​គណបក្ស​នយោបាយ​ទាំង​អស់ កុំ​ឱ្យ​ធ្វើ​សកម្មភាព​ប៉ាត​ណា​ប៉ាត​ណី​ត​ទៅ​ទៀត។

លោក គល់ បញ្ញា បញ្ជាក់​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដើម្បី​យក​ទៅ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ជួយ​ឱ្យ​ប្រជាធិបតេយ្យ​រឹងមាំ គឺ​ទាល់​តែ​មាន​ការ​ជជែក​ពិភាក្សា​ស្រុះស្រួល​គ្នា យ៉ាង​ហោច​ណាស់​ពី​ខាង​គណបក្ស​នយោបាយ​មាន​សំឡេង​ក្នុង​សភា​ទាំង​ពីរ​ដែរ ប៉ុន្តែ​ការ​សម្រេច​ដោយ​ឯកតោភាគី​ពី​ខាង​គណបក្ស​នយោបាយ​តែមួយ​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ធ្វើការ​ប្រកួតប្រជែង​គ្នា​បែប​នេះ​យក​ទៅ​គណបក្ស​ដទៃ​ទៀត​អនុវត្ត​តាម ដូច្នោះ​ច្បាប់​នោះ​មិន​គួរ​ធ្វើ​វិសោធនកម្ម​ឡើយ។

ទោះ​ជា​យ៉ាង​ណា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ មិន​មែន​​មាន​តែ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រឆាំង​ជំទាស់​ឡើយ ជាមួយ​គ្នា​នោះ បក្ស​ដទៃ​ទៀត​ដែល​គ្មាន​សំឡេង​ក្នុង​សភា ដូចជា​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ជាដើម ក៏​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ដែរ។

រី​ឯ​សហគមន៍​អន្តរជាតិ​វិញ​យល់​ថា ការ​ធ្វើ​វិសោធនកម្ម​នេះ គឺ​ដើម្បី​ពង្រឹង​អំណាច​ផ្ដាច់​ការ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ដើម្បី​ធ្វើ​ឱ្យ​ស្លាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ នាយក​រង​នៃ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃរ៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​នៅ​ទីក្រុង​បាងកក លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ចាត់​ទុក​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ប្រៀប​បាន​នឹង​កាំភ្លើង​ដែល​តម្រង់​ចំ​បេះ​ដូង​គណបក្ស​សង្គ្រោះ​ជាតិ​តែម្ដង ហើយ​យុទ្ធសាស្ត្រ​របស់​លោក ហ៊ុន សែន ត្រៀម​សម្រាប់​ការ​បោះឆ្នោត គឺ​ឈូស​កម្ទេច​ចោល​ស្ថាប័ន​ប្រជាធិបតេយ្យ​ដែល​នៅ​សេសសល់​នៅ​កម្ពុជា ដោយ​ប្រើប្រាស់​ច្បាប់ ដូចជា​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក ហ៊ុន សែន បាន​បំភិតបំភ័យ​សង្គម​ស៊ីវិល​ឱ្យ​លែង​ហ៊ាន​និយាយ​តាម​រយៈ​ការ​ចាប់​ខ្លួន​អ្នក​ការពារ​សិទ្ធិមនុស្ស​តាម​អំពើ​ចិត្ត ព្រម​ទាំង​គំរាម​កំហែង​ថា នឹង​លុប​ឈ្មោះ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ណា​ដែល​បង្ក​បញ្ហា​ស្មុគស្មាញ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ចេញ​ពី​បញ្ជី​ទៀត។

លោក ហ្វីល រ៉ូប៊ឺតសុន បន្ត​ថា ប្រទេស​កម្ពុជា នឹង​ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ក្លែងក្លាយ​ត​ទៅ​ទៀត ប្រហែល​ជា​ល្អ​ជាង​ប្រទេស​វៀតណាម បន្តិច ដោយសារ​ច្បាប់​ត្រូវ​បាន​អនុវត្ត​ដោយ​តុលាការ​អាយ៉ង​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​បញ្ជាក់​ថា លោក ហ៊ុន សែន បាន​ធ្វើ​ឱ្យ​មូលដ្ឋានគ្រឹះ​នៃ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ទន់​ខ្សោយ​ជា​លំដាប់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​នៅ​ថ្ងៃ​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​អនុម័ត​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​នេះ បាន​កម្ទេច​វា​បង្ហើយ​តែម្ដង។

ចំណែក​សេចក្ដី​ថ្លែងការណ៍​របស់​សមាជិក​សភា​អាស៊ាន​វិញ បាន​ចាត់​ទុក​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ថា ជា​ការ​ស្លាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ជា​សូចនាករ​ដំបូង​នៃ​ការ​វាយ​ប្រហារ​ចំពោះ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​តំបន់​ទាំង​មូល។ ជាមួយ​គ្នា​នោះ ស្ថានទូត​សហរដ្ឋអាមេរិក សម្ដែង​ការ​បារម្ភ​ជា​ខ្លាំង​ពី​ការ​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដោយ​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច ហើយ​បាន​អំពាវនាវ​ឱ្យ​កម្ពុជា ត្រូវ​ប្រកាន់​យក​នូវ​ជំហរ​ចាំបាច់​នានា​ដើម្បី​ធានា​ថា យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត និង​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៧ និង​២០១៨ ខាង​មុខ មាន​លក្ខណៈ​សេរី បើក​ចំហ និង​មាន​តម្លាភាព ហើយ​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​មាន​ឱកាស​ក្នុង​ការ​ចូលរួម​ប្រកួតប្រជែង​ដោយ​ស្មើ​ភាព​គ្នា។

លោក ហ្វីល រ៉ូប៊ឺតសុន នាយក​រង​នៃ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ បញ្ជាក់​ថា ម្ចាស់​ជំនួយ និង​រដ្ឋាភិបាល​បរទេស​ចាំបាច់​ត្រូវ​ជួប​ប្រជុំ​គ្នា​ជា​បន្ទាន់​ដើម្បី​វាយ​តម្លៃ​ថា នឹង​ធ្វើ​អ្វី​ទៀត​នៅ​ពេល​ខាង​មុខ ដើម្បី​បង្កើត​យុទ្ធនាការ​ការពារ​សមាជិក​គណបក្ស​ប្រឆាំង និង​សកម្មជន​នៃ​អង្គការ​សង្គម​ស៊ីវិល​ឱ្យ​រួច​ផុត​ពី​ការ​វាយ​ប្រហារ​ដ៏​ឃោរឃៅ​ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។