តើមានមូលហេតុអ្វីទៅដែលជាកត្តាធ្វើឲ្យស្ត្រីមេផ្ទះទាំងនោះមានការរារែកយ៉ាងដូច្នេះ?
នៅសល់ពេលតែប្រមាណ ២ខែទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ នឹងឈានចូលមកដល់។
នៅឯទីជនបទនានាក្នុងខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ស្ត្រីមេផ្ទះជាច្រើន មិនសូវចាប់អារម្មណ៍ចំពោះព្រឹត្តិការណ៍ដែលមានសារៈសំខាន់ ជាអាយុជីវិតនៃប្រទេសជាតិនោះឡើយ។ ប៉ុន្តែ អ្វីដែលពួកគាត់ចាប់អារម្មណ៍នោះ គឺបញ្ហាជីវភាពក្រលំបាក ការធ្វើចំណាកស្រុក ដើម្បីរកការងារធ្វើ និងបញ្ហាការបាត់បង់ដីធ្លីរបស់គ្រួសារពួកគាត់ទៅវិញ។
ស្ត្រីវ័យ ៥៣ឆ្នាំ ឈ្មោះ វ៉ាន់ ស្រីម៉ុម ជាប្រជាពលរដ្ឋនៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ លោកស្រីថ្លែងទាំងទឹកមុខស្រពោនថា ៤អាណត្តិហើយដែលលោកស្រីបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំប្រទេស ជាមួយក្ដីសង្ឃឹមថា គ្រួសារគាត់នឹងទទួលបាននូវការរស់នៅសមរម្យក្នុងសង្គម ក្នុងនាមជាប្រជាកសិករ។
ប៉ុន្តែ គាត់បានខកបំណង ព្រោះគ្រួសារគាត់នៅតែជួបការលំបាកដដែល ហើយសូម្បីតែដីចម្ការដែលគាត់ប្ដូរជីវិតក្នុងការរាវ និងដោះមីន ដើម្បីបង្កបង្កើនផលដោះស្រាយជីវភាព ក៏មិនបានទទួលប្លង់កម្មសិទ្ធិដែរ។ ហេតុនេះហើយ គាត់គិតថានឹងមិនចូលរួមក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីក្នុងអាណត្តិនេះទេ ព្រោះសន្លឹកឆ្នោតដែលគាត់បោះមិនអាចជួយធ្វើឲ្យជីវភាពគាត់ប្រែប្រួលអ្វីឡើយ៖ «ធ្លាប់បោះឆ្នោតច្រើនដងហើយ ដើម្បីឲ្យមានការដោះស្រាយ តែពុំទទួលបានផលអ្វីសោះ។ លើកនេះ ខ្ញុំមិនចង់ទៅបោះឆ្នោតទៀតទេ ព្រោះអីខ្ញុំ ដីនាងខ្ញុំ អាជ្ញាធរដែនដីគេមិនរវល់ជួយដោះស្រាយទេ។ ម្ល៉ោះហើយ ឥឡូវនេះនាងខ្ញុំគ្មានអារម្មណ៍អីក្នុងការបោះឆ្នោតទេ»។
ដូចគ្នានេះដែរ ស្ត្រីវ័យ ៤៦ឆ្នាំ ឈ្មោះ ស៊ុន គា ជាអាជីវករលក់ដូរក្នុងផ្សារកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សម្ដែងអារម្មណ៍អល់អែកក្នុងការចូលរួមបោះឆ្នោតនាថ្ងៃទី២៨ កក្កដា ខាងមុខនេះ។ ស្ត្រីរូបនេះបានឲ្យដឹងថា ការបោះឆ្នោតចំនួន ៤លើកកន្លងទៅ គាត់បានជ្រើសរើសអ្នកដឹកនាំក្នុងគណបក្សមួយ ដែលគាត់សង្ឃឹមថាអាចជួយធ្វើឲ្យជីវភាពគ្រួសារគាត់ប្រែប្រួលបាន តែផ្ទុយទៅវិញ ក្ដីសង្ឃឹមរបស់គ្រួសារត្រូវរលាយសូន្យ។ ហេតុនេះហើយ ទើបគាត់គិតថាអាណត្តិនេះ គាត់នឹងមិនចូលរួមក្នុងការបោះឆ្នោតទៀតទេ ព្រោះគាត់មិនដឹងថា តើត្រូវជ្រើសរើសអ្នកដឹកនាំមកពីគណបក្សណា៖ «បោះឆ្នោតបីបួនដងហើយ គ្រួសារខ្ញុំនៅតែក្រីក្រដដែល គ្មាននរណាមើលឃើញទេ។ ខ្ញុំលក់ដូរបន្តិចបន្តួច ឃើញតែបន្តិចគេមកយកពន្ធ បន្តិចមកយកភាស៊ី បន្តិចមកយកលុយនេះ លុយនោះតែរហូត។ ខ្ញុំដូចជាលែងចង់បោះឆ្នោតទៀតហើយ»។
ប្រធានគម្រោងនៃអង្គការបង្កើនសមត្ថភាពសហគមន៍ ដើម្បីអភិវឌ្ឍន៍ ស៊ី.ស៊ី.ឌី (Community Capacities for Development = CCD) អ្នកស្រី សេង គីមស្រ៊ឺ ក៏បានឲ្យដឹងដែរថា តាមការអង្កេតរបស់អ្នកស្រី បង្ហាញថា ស្ត្រីជាច្រើនបានបាត់បង់ជំនឿ ដោយសារនៅមុនពេលបោះឆ្នោត គណបក្សនយោបាយដែលប្រកួតប្រជែងដណ្ដើមសន្លឹកឆ្នោត តែងសន្យាចំពោះម្ចាស់ឆ្នោតថា បើខ្លួនឈ្នះនឹងជួយប្រជាពលរដ្ឋឲ្យមានការរីកចម្រើនក្នុងជីវភាព។ ប៉ុន្តែ បន្ទាប់ពីឈ្នះឆ្នោត គេបានបំភ្លេចពាក្យសន្យា៖ «ទាក់ទងនឹងរឿងស្ត្រីគាត់មិនចង់ចូលរួមបោះឆ្នោតនេះ ព្រោះគាត់អស់ជំនឿ។ ហើយខ្លះ គឺមិនចង់ទៅបោះឆ្នោតតែម្ដង ព្រោះគាត់គិតរឿងជីវភាពគាត់ជាង។ ដូច្នេះ គាត់នាំគ្នាធ្វើចំណាកស្រុក ដើម្បីរកប្រាក់ដោះស្រាយជីវភាពនៅទីឆ្ងាយ។ បើគាត់ត្រឡប់មកបោះឆ្នោត គាត់ត្រូវចំណាយសោហ៊ុយច្រើន ហេតុនេះហើយគាត់ក៏មិនចូលរួមបោះឆ្នោតតែម្ដង»។
ការកើនឡើងនៃប្រជាពលរដ្ឋធ្វើចំណាកស្រុក ដើម្បីរកការងារធ្វើកំពុងក្លាយជាក្ដីកង្វល់របស់អាជ្ញាធរដែនដី និងអង្គការសង្គមស៊ីវិលនានាផងដែរ ចំពោះផលប៉ះពាល់ដល់ការបោះឆ្នោតនាខែកក្កដា ខាងមុខនេះ។
ជំទប់ទី២ ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង អ្នកស្រី ប៉ែន នី ថ្លែងក្នុងវេទិកាពិភាក្សាស្ត្រីឆ្នាំ២០១៣ ដែលរៀបចំដោយវិទ្យាស្ថានជាតិប្រជាធិបតេយ្យ សម្រាប់កិច្ចការអន្តរជាតិ (អ៊ិន.ឌី.អាយ = NDI) ថា បច្ចុប្បន្ន ប្រជាពលរដ្ឋក្នុងឃុំបាននាំគ្នាធ្វើចំណាកស្រុកទៅរកការងារធ្វើយ៉ាងច្រើន គួរឲ្យព្រួយបារម្ភ។ មូលហេតុ គឺដោយសារភាពក្រីក្ររបស់អ្នកភូមិ៖ «គ្រាន់តែក្នុងភូមិខ្ញុំមួយ មានអ្នកភូមិរាប់រយនាក់ធ្វើចំណាកស្រុកទៅកូរ៉េ និងទៅប្រទេសថៃ បើទោះបីជាគាត់រងនូវអំពើហិង្សាពីសំណាក់ភាគីថៃ ក៏ដោយ ក៏គាត់នៅតែមិនរាថយដែរ ដើម្បីរកប្រាក់»។
អ្នកស្រីជំទប់ទី២ ឃុំទួលខ្ពស់ សម្ដែងក្ដីកង្វល់ចំពោះការធ្វើចំណាកស្រុកនេះថា អាចមានផលប៉ះពាល់ដល់ការបោះឆ្នោតនាខែកក្កដា ខាងមុខនេះយ៉ាងពិតប្រាកដ។
ប្រហាក់ប្រហែលនឹងជំទប់ទី២ ឃុំទួលខ្ពស់ ដែរ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តពោធិ៍សាត់ លោក ផាន់ វណ្ណសិទ្ធិ មានប្រសាសន៍ថា ក្ដីកង្វល់របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត គឺការបាត់បង់សំឡេងឆ្នោត ដោយសារបញ្ហាចំណាកស្រុករបស់អ្នកភូមិ៖ «២០១២ យើងទៅបោះឆ្នោតបានតែ ៦៩% ទេ។ ឆ្នាំនេះអាចធ្លាក់ដល់ខ្ទង់ ៥០។ វាបាត់នេះបាត់ពេក ដោយសារអារឿងកម្រៃពលកម្មដែលថៃ គេឲ្យដល់ ៣០០បាត នោះ។ អ្នកភូមិបាក់ទៅទាំងភូមិៗ»។
តួលេខផ្លូវការរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តពោធិ៍សាត់ បានបង្ហាញថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីឆ្នាំ២០១២ មានប្រជាពលរដ្ឋចូលរួមតែ ៦៩% ប៉ុណ្ណោះ ក្នុងចំណោមអ្នកបោះឆ្នោតជាង ២សែន ៧ម៉ឺននាក់ (២៧០.៤៦៨នាក់) ក្នុងនោះជិត ៦០% នៃម្ចាស់ឆ្នោត គឺជាស្ត្រី។
អ្នកស្រី លឹម មុនី ប្រធានកម្មវិធីស្ត្រីនៃសមាគមអាដហុក (Adhoc) ការពារសិទ្ធិមនុស្ស មានប្រសាសន៍ថា កម្រិតយល់ដឹងរបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រីនៅតំបន់ជនបទ នៅមានកម្រិត និងកង្វះព័ត៌មានពិតសម្រាប់ជាទុនក្នុងការពិចារណា។ នេះជាកត្តាមួយក្នុងចំណោមកត្តាមួយចំនួន ដែលជំរុញឲ្យស្ត្រីមានការរារែកក្នុងការចូលរួមបោះឆ្នោតនាពេលខាងមុខ។ ព្រោះពួកគាត់យល់ថា បើគាត់បោះឆ្នោត ក៏អ្វីៗនៅតែដដែល ជីវភាពគាត់នៅតែយ៉ាប់យ៉ឺន៖ «វាមានការលំបាកក្នុងការកែប្រែផ្នត់គំនិតរបស់ពួកគាត់ ព្រោះវាមានឧបសគ្គច្រើនសម្រាប់ពួកគាត់ ដោយសារភាពអស់សង្ឃឹម និងការភ័យខ្លាច។ យូរៗទៅ គាត់បែរជាយល់ថា អ្នកណាក៏ដូចតែគ្នាដែរ ដល់ទៅគាត់មានគំនិតអ៊ីចឹង គាត់លែងចង់ទៅបោះឆ្នោតតែម្ដង»។
យ៉ាងនេះក្ដី ស្ត្រីអ្នកភូមិដាច់ស្រយាលមួយ នៅក្នុងឃុំក្បាលត្រាច លោកស្រី ឡោន ស៊ីវៃ បានប្ដេជ្ញាថា គាត់នឹងទៅបោះឆ្នោត ដើម្បីឲ្យមានការផ្លាស់ប្ដូរក្នុងអាណត្តិទី៥ នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។