រាជបណ្ឌិត្យសភា៖ ក្រុម​ការងារ​លោក ស៊ាន ប៉ែងសែ ជា​អ្នក​ប្រគល់​ផែនទី​ដល់​ក្រុម​ស្រាវជ្រាវ

នៅ​ថ្ងៃ​ទី​១១ សីហា អ្នកស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​លោក ស៊ាន ប៉េងសែ រឿង​ប្រគល់​ផែនទី​ថា ក្រុមការងារ​របស់​លោក ស៊ាន ប៉េងសែ ជា​អ្នក​ផ្ញើ​ជូន​ក្រុម​អ្នក​ស្រាវ​រាជបណ្ឌិត្យសភា។

អ្នកស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា លោក ឯម សុវណ្ណារ៉ា អះអាង​ថា អគ្គហិរញ្ញិក​របស់​លោក ស៊ាន ប៉េងសែ គឺ​លោក ហម ប៊ុនឆាយ បាន​ផ្ញើ​មក​ក្រុម​ការងារ​របស់​លោក​ចំនួន​ ៣​លើក លើក​ទី១ ​ចំនួន ​៤៦​សន្លឹក លើក​ទី​២ ឯកសារ​ជា​សំណេរ​ស្ដីពី​សកម្មភាព​របស់​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ​ប្រទេស​បារាំង និង​ក្នុង​ពិភពលោក ៤៨៦​ទំព័រ និង​ចុងក្រោយ​គឺ​ផែនទី​ ១២៦​សន្លឹក​នៃ​ប្រទេស​កម្ពុជា​ ទាំងមូល និង​បណ្ដោយ​ព្រំដែន។

កាល​ពី​យប់​ថ្ងៃ​ទី​១០ សីហា ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ប្រទេស​បារាំង និង​ក្នុង​ពិភពលោក លោក ស៊ាន ប៉េងសែ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា លោក​ពុំ​ដែល​​ប្រគល់​ផែនទី​កម្ពុជា​ ទៅឲ្យ​​បណ្ឌិត សុខ ទូច ទេ ប៉ុន្តែ​បើ​អ្នក​ណា​សរសេរ​សំបុត្រ​សុំ ឬ​ទាក់ទង​មក​នោះ ក្រុមការងារ​របស់​លោក​នឹង​ផ្ញើ​ផែនទី​ទៅ​អ្នកនោះ។

លោក ឯម សុវណ្ណារ៉ា បន្ត​ថា លោក​បាន​ទាក់ទង​ទៅ​លោក ហម ប៊ុនឆាយ ផ្ទាល់ ដើម្បី​ស្នើ​ផែនទី​ពី​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ប្រទេស​បារាំង និង​ក្នុង​ពិភពលោក ក្នុង​នាម​ជា​ក្រុម​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា។

ផែនទី​ ១២៦​សន្លឹក​ ខ្នាត ​១/១០០.០០០ របស់​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ប្រទេស​បារាំង និង​ក្នុង​ពិភពលោក បាន​រៀបចំ​ដោយ​ប្រទេស​បារាំង ចន្លោះ​ពី​ឆ្នាំ​១៩៣៣ និង​ឆ្នាំ​១៩៥៣ និង​បោះពុម្ព​ផ្សាយ​ដោយ​​វិទ្យាស្ថាន​ភូមិសាស្ត្រ​បារាំង ដោយ​គ្មាន​ទំនាក់ទំនង និង​ការ​ទទួល​ខុស​ត្រូវ​បែប​ណា​មួយ​ជាមួយ​ភ្នាក់ងារ​ណា ឬ​ក្រុម​ណា​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។