ការឈូសឆាយស្ថាបនាផ្លូវតាមតំបន់ខ្សែក្រវាត់ព្រំដែនខេត្តរតនគិរី ជាប់ខេត្តកន្ទុំ និងខេត្តយ៉ាឡាយ ប្រទេសវៀតណាម ជាលើកដំបូង ដើម្បីអភិវឌ្ឍវិស័យគមនាគមន៍តាមតំបន់ព្រំដែន បានលទ្ធផលប្រមាណ ៥០គីឡូម៉ែត្រហើយ។ រីឯអាជ្ញាធរមូលដ្ឋានដែលមានប្រជាពលរដ្ឋសង់លំនៅឋាននៅកៀកនឹងខ្សែក្រវាត់ព្រំដែនដែលអាចប៉ះពាល់ទៅនឹងគម្រោងធ្វើផ្លូវ ត្រៀមអប់រំប្រជាពលរដ្ឋអំពីការអភិវឌ្ឍផ្លូវនេះ។
ផ្ទះប្រជាពលរដ្ឋចំនួនពីរខ្នងដែលសង់នៅកៀកខ្សែក្រវាត់ព្រំដែនក្នុងភូមិតាង៉ា ឃុំញ៉ាង ស្រុកអណ្ដូងមាស អាចប៉ះពាល់ដល់ការស្ថាបនាផ្លូវតាមខ្សែក្រវាត់ព្រំដែន ក៏ប៉ុន្តែមន្ត្រីមូលដ្ឋានអះអាងថា នឹងចលនាឲ្យអ្នកភូមិប្ដូរកន្លែងរស់នៅ ហើយផ្តល់ដីសម្រាប់ការស្ថាបនាផ្លូវនេះ។
កងវិស្វកម្មនៃកងខេមរភូមិន្ទ ចាប់ធ្វើការឈូសឆាយផ្លូវចាប់ពីបង្គោលព្រំដែនលេខ៣០ ចំណុចច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កាលពីដើមខែមករា រហូតបច្ចុប្បន្នបានមកដល់បង្គោលព្រំដែនលេខ២៥ ឋិតក្នុងឃុំញ៉ាង ស្រុកអណ្ដូងមាស មានប្រវែងប្រមាណ ៥០គីឡូម៉ែត្រ។
មេឃុំញ៉ាង លោក រចំ សឿន បញ្ជាក់នៅថ្ងៃទី២៥ ខែកុម្ភៈ ថា តំបន់ដែលកងវិស្វកម្មកំពុងឈូសឆាយផ្លូវ គឺជាភូមិប្រជាពលរដ្ឋសង់លំនៅឋាននៅចម្ងាយពី ២០ ទៅ ៥០ម៉ែត្រពីខ្សែក្រវាត់ព្រំដែន។ ហេតុនេះ ប្រសិនបើគ្មានជម្រើស អាជ្ញាធរនឹងរកដីនៅទីតាំងផ្សេងសម្រាប់ឲ្យប្រជាពលរដ្ឋតាំងលំនៅឋានថ្មី ហើយស្នើសុំឲ្យប្រជាពលរដ្ឋផ្តល់ទីនោះសម្រាប់ចូលរួមអភិវឌ្ឍផ្លូវតាមខ្សែក្រវាត់ព្រំដែន៖ « ចាំមើល កន្លែងណាត្រូវប៉ះ ឲ្យឃុំទៅមើលជាក់ស្តែង កន្លែងណាយើងអាចវាងបាន។ បើសិនប៉ះ យើងអាចហៅឲ្យគាត់មកសម្របសម្រួលគ្នា »។
ខ្សែក្រវាត់ព្រំដែនពីបង្គោលព្រំដែនលេខ៣០ ទៅទល់នឹងបង្គោលព្រំដែនលេខ១ ចំណុចមុំបីនៃតំបន់កន្ទុយនាគ មានប្រវែងប្រមាណជាង ២០០គីឡូម៉ែត្រ។ រាជរដ្ឋាភិបាលកម្ពុជា និងវៀតណាម បានឯកភាពគ្នាបោះបង្គោលព្រំដែនផ្លូវការរួចរាល់ហើយនាពេលបច្ចុប្បន្ននេះ ក៏ប៉ុន្តែចាប់ពីបង្គោលព្រំដែនលេខ៣១ ដល់លេខ៣៩ កំពុងឋិតក្រោមការប្រទាញប្រទង់គ្នានៅឡើយ។
មេបញ្ជាការវរនគរបាលការពារព្រំដែនលេខ២០៣ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី លោក បុត្រ ពិលី កត់សម្គាល់ថា ការស្ថាបនាផ្លូវមិនមានបាតុភាពអ្វីធំដុំជាមួយភាគីវៀតណាម នោះទេ។ ដោយឡែកផ្ទះប្រជាពលរដ្ឋដែលឋិតក្នុងតំបន់ស្ថាបនាផ្លូវ សមត្ថកិច្ចកំពុងរកវិធីដោះស្រាយតាមដែលអាចធ្វើបាន។ លោកថា នៅថ្ងៃទី២៦ ខែកុម្ភៈ ការឈូសឆាយទៅដល់ភូមិតាំងលំនៅឋាន ហេតុនេះអាជ្ញាធរនឹងពិនិត្យដោះស្រាយជាក់ស្តែង៖ « កន្លែងហ្នឹងចំភូមិ មិនដឹងធ្វើម៉េច ! ចាំមើលថ្ងៃច័ន្ទ ទៅដល់កន្លែងហ្នឹងហើយ ចាំខ្ញុំឲ្យភូមិចូលរួម »។
តាមការគ្រោងទុក ការស្ថាបនាផ្លូវតាមខ្សែក្រវាត់ព្រំដែននៅខេត្តរតនគិរី ចាប់ពីបង្គោលព្រំដែនលេខ១ ដល់បង្គោលព្រំដែនលេខ៤០ ជាប់នឹងខេត្តមណ្ឌលគិរី នឹងត្រូវធ្វើឲ្យរួចរាល់រយៈពេល ១០០ថ្ងៃ។
អ្នកនាំពាក្យ និងជាអភិបាលរងខេត្តរតនគិរី លោក ញ៉ែម សំអឿន បញ្ជាក់ថា ការស្ថាបនាផ្លូវបានលទ្ធផលល្អ បើទោះបីអាជ្ញាធរវៀតណាម ចង់ឲ្យភាគីកម្ពុជា ធ្វើផ្លូវនៅចម្ងាយប្រមាណ ១០០ម៉ែត្រពីខ្សែក្រវាត់ព្រំដែនក៏ដោយ។ លោកថា ភាគីកម្ពុជា បានសម្របសម្រួល និងស្ថាបនាផ្លូវនៅកៀកបំផុតពីខ្សែក្រវាត់ព្រំដែនតាមតែអាចធ្វើបាន៖ « កន្លងមក យើងមានបញ្ហាដែរ គេមកឃាត់យើង។ គេចង់ឲ្យយើងថយរហូតដល់ ១០០ម៉ែត្រ ។ អត់ទេ ! យើងប្រកាន់ជំហររបស់យើង។ គេក៏អត់ធ្វើអ្វីដែរ »។
ទោះបីជាយ៉ាងនេះក្តី អ្នកនាំពាក្យរូបនេះបញ្ជាក់ថា កងវិស្វកម្មនឹងបន្តធ្វើផ្លូវតាមខ្សែក្រវាត់ព្រំដែននៅតំបន់មិនទាន់ឯកភាពគ្នាបោះបង្គោលព្រំដែននៅឡើយ ជាពិសេសចាប់ពីបង្គោលលេខ៣១ ដល់បង្គោលលេខ៤០ ជាប់ព្រំដែនខេត្តមណ្ឌលគិរី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។