គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជាស្ថាប័នមួយដើរតួយ៉ាងសំខាន់ ក្នុងការរៀបចំការបោះឆ្នោត ទាំងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជាតិ ហើយស្ថាប័ន គ.ជ.ប ជាស្ថាប័នមួយឯករាជ្យ មិនត្រូវស្ថិតនៅក្រោមសម្ពាធគណបក្សនយោបាយណាមួយនោះទេ។
ក៏ប៉ុន្តែ កន្លងមកមានការរិះគន់ជាច្រើនថា គ.ជ.ប មិនបានបំពេញតួនាទីរបស់ខ្លួនធ្វើការឲ្យបានឯករាជ្យនោះទេ ហើយបញ្ហានេះ ក្រុមអង្គការសង្គមស៊ីវិល គណបក្សប្រឆាំង រួមនិងអ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ក៏ធ្លាប់ស្នើឲ្យ គ.ជ.ប ធ្វើកំណែទម្រង់ដែរ ដើម្បីឲ្យបំពេញតួនាទីរបស់ខ្លួនឲ្យបានឯករាជ្យ។
ស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវតែជាស្ថាប័នអព្យាក្រិត ឯករាជ្យ និងរៀបចំការបោះឆ្នោតប្រកបដោយសេរី និងត្រឹមត្រូវ ហើយមានកាតព្វកិច្ចដោះស្រាយបណ្ដឹងប្រកបដោយប្រសិទ្ធភាព និងផ្ដល់ជំនឿទុកចិត្តដល់អ្នកបោះឆ្នោតលើនីតិវិធីបោះឆ្នោត។
ប្រទេសកម្ពុជា ប្រកាន់យករបបប្រជាធិបតេយ្យ សេរីពហុបក្ស។ នៅគ្រាដែលការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រជិតមកដល់ ដែលនឹងប្រព្រឹត្តទៅខែកក្កដា ខាងមុខ ស្ថាប័ន គ.ជ.ប ក៏មមាញឹកក្នុងការរៀបចំនីតិវិធីផ្សេងៗ និងជ្រើសរើសបុគ្គលិកនៅទូទាំងប្រទេស ដើម្បីរៀបចំការបោះឆ្នោតជាតិនេះ។
ទោះបីជាស្ថាប័ន គ.ជ.ប ជាស្ថាប័នឯករាជ្យដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញក្ដី ប៉ុន្តែស្ថាប័នមួយនេះជារៀងរាល់ពេលរៀបចំការបោះឆ្នោតកន្លងមក តែងតែទទួលរងនូវការរិះគន់ពីមហាជនថា មិនឯករាជ្យ និងមិនបំពេញតួនាទីរបស់ខ្លួនឲ្យបានត្រឹមត្រូវនោះឡើយ។
ប្រធានគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា លោកបណ្ឌិត ហង្ស ពុទ្ធា មានប្រសាសន៍ថា មានបញ្ហាមួយចំនួនដែលសហគមន៍ជាតិ និងអន្តរជាតិ រិះគន់ទៅលើស្ថាប័ន គ.ជ.ប សង្កត់ធ្ងន់ទៅលើឯករាជ្យភាព និងតម្លាភាព។ លោក ហង្ស ពុទ្ធា បញ្ជាក់ថា ស្ថាប័ន គ.ជ.ប ត្រូវតែរៀបចំការកែសម្រួល និងពង្រឹងតួនាទីរបស់ខ្លួនបន្តទៀត ដើម្បីឲ្យគណបក្សនយោបាយចូលរួមប្រកួតប្រជែងនៅក្នុងខែកក្កដា ខាងមុខទាំងអស់ ទទួលយកលទ្ធផលនៃការបោះឆ្នោតប្រកបដោយតម្លាភាពនោះ។
ទាក់ទងនឹងការខ្វះឯករាជ្យភាពរបស់ គ.ជ.ប នេះ សហគមន៍ជាតិ និងអន្តរជាតិ បានផ្ដល់អនុសាសន៍ជាច្រើនដល់ស្ថាប័ន គ.ជ.ប ដើម្បីឲ្យស្ថាប័នឯករាជ្យមួយនេះជៀសផុតពីការចោទប្រកាន់ថា លំអៀងទៅគណបក្សគ្រប់គ្រងអំណាចសព្វថ្ងៃ។
អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោក សុរិយា សូប៊ែឌី (Surya Subedi) បានចេញរបាយការណ៍ផ្ដល់អនុសាសន៍ជាច្រើនចំណុច អំពីភាពចាំបាច់ត្រូវធ្វើកំណែទម្រង់ គ.ជ.ប នោះ មានដូចជា ប្រធាន គ.ជ.ប ថ្នាក់ជាតិ និងថ្នាក់ខេត្តត្រូវតែមានភាពឯករាជ្យ និងត្រូវតែបញ្ចូលតំណាងមកពីគ្រប់គណបក្សនយោបាយ ដែលមានអាសនៈនៅក្នុងរដ្ឋសភា ដើម្បីការបោះឆ្នោតនោះអាចទទួលយកបាន។ គ្រប់គណបក្សទាំងអស់ ត្រូវតែមានសេរីភាពក្នុងការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដោយគ្មានការភ័យខ្លាច និងរារាំង។
អនុសាសន៍នេះ ក៏មានការអនុម័តគាំទ្រពីព្រឹទ្ធសភាប្រទេសហ្វីលីពីន (Philippines) ដែរ ដោយទាមទារឲ្យមានកំណែទម្រង់ គ.ជ.ប ដើម្បីទទួលបានភាពឯករាជ្យស្របទៅតាមស្តង់ដារអន្តរជាតិ។
ចំណែកអង្គការសង្គមស៊ីវិលចំនួន៦ ក្នុងនោះមាន គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខុមហ្វ្រែល (Comfrel) មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ និងអង្គការមួយចំនួនទៀត បានផ្ដល់អនុសាសន៍ទៅ គ.ជ.ប ចំនួន ១៦ចំណុចសំខាន់ៗ។ អនុសាសន៍នេះ បានដាក់ទៅ គ.ជ.ប កាលពីខែមករា ឆ្នាំ២០១៣ ប៉ុន្តែត្រូវបានបដិសេធន៍។
ប្រធានគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខុមហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍ថា ជាទូទៅ គ.ជ.ប ភាគច្រើនមិនទទួលយកអនុសាសន៍របស់អង្គការសង្គមស៊ីវិលនោះទេ។ លោកបញ្ជាក់ថា ថ្វីត្បិត គ.ជ.ប មិនមានសិទ្ធិធ្វើវិសោធនកម្មច្បាប់ ប៉ុន្តែមានសិទ្ធិស្នើឲ្យសភាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅមុន និងក្រោយពេលបោះឆ្នោត។
រីឯក្រុមអ្នកវិភាគបានពន្យល់ថា នៅក្នុងបរិបទកម្ពុជា បច្ចុប្បន្ន ចាំបាច់ត្រូវរៀបចំឲ្យ គ.ជ.ប ឲ្យមាននិយាម ឬស្តង់ដារ ដើម្បីកំណត់ថាល្អ ឬត្រឹមត្រូវ ឬទទួលយកបានចំពោះលទ្ធផលបោះឆ្នោត ពីព្រោះថា ស្ថាប័ននេះជាស្ថាប័នមួយដែលរៀបចំ និងបង្កើតឡើងដើម្បីបម្រើតាមសំណូមពរឆ្លើយតបនូវបំណងប្រាថ្នារួមរបស់ជាតិទាំងមូល មិនមែនមានន័យថា ជាគណៈកម្មាធិការជាតិដែលបង្កើតឡើងដើម្បីបំពេញសេចក្ដីត្រូវការរបស់គណបក្សនយោបាយ ឬបុគ្គលណាមួយនោះឡើយ។
ដោយឡែកគណបក្សប្រឆាំងវិញ តែងតែច្រានចោលនូវលទ្ធផលបោះឆ្នោត ដូចជាករណីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីឆ្នាំ២០១២ ជាដើម។ បក្សប្រឆាំងចាត់ទុកថា គ.ជ.ប មិនបានរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌នោះទេ។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានហៅស្ថាប័ន គ.ជ.ប ថា ជាឧបករណ៍នយោបាយរបស់គណបក្សកាន់អំណាច ពីព្រោះថា មន្ត្រីដឹកនាំជាន់ខ្ពស់ស្ថាប័ននេះមានទំនាក់ទំនងជិតស្និទ្ធនឹងរដ្ឋាភិបាល។ ពាក្យបណ្ដឹងរបស់គណបក្សប្រឆាំង មិនត្រូវបាន គ.ជ.ប ដោះស្រាយដោយតម្លាភាពនោះទេ។
លោក យឹម សុវណ្ណ បានអះអាងថា នៅរៀងរាល់ការបោះឆ្នោត គ.ជ.ប តែងតែបន្លំសន្លឹកឆ្នោត ដូចជាការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីឆ្នាំ២០១២។ ការបោះឆ្នោតលើកនោះ គ.ជ.ប បានធ្វើឲ្យបាត់ឈ្មោះអ្នកបោះឆ្នោតជាង ១លាននាក់។ អាជ្ញាធរឃុំបានបញ្ជាក់អត្តសញ្ញាណក្លែងក្លាយឲ្យទៅអ្នកបោះឆ្នោតដែលគេដឹងថាអ្នកនោះជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។ ទោះបីជាគណបក្សប្រឆាំងចាប់បានភស្តុតាងទាំងនោះ ក៏ប៉ុន្តែគ្មានស្ថាប័នណាមួយដាក់ទោសមន្ត្រី គ.ជ.ប ដែលធ្វើខុសនោះទេ។
ឆ្លើយតបទៅនឹងបញ្ហានេះ អគ្គលេខាធិការគណៈកម្មាធិការរៀបចំការបោះឆ្នោត លោក ទេព នីថា បានពន្យល់ថា ជាទូទៅ គណៈកម្មាធិការរៀបចំការបោះឆ្នោតនៅប្រទេសណាក៏ទទួលរងនូវការរិះគន់ពីគណបក្សចាញ់ឆ្នោតដែរ។ លោកបញ្ជាក់ថា គ.ជ.ប ធ្វើការឯករាជ្យ មិនស្ថិតនៅក្រោមសម្ពាធនយោបាយរបស់គណបក្សណាមួយទេ។ លោក ទេព នីថា បន្ថែមថា គ.ជ.ប ទទួលយកអនុសាសន៍របស់អង្គការសង្គមស៊ីវិលទាំងអស់ ប៉ុន្តែការកែប្រែតាមសំណើណាមួយនោះ អាស្រ័យលើច្បាប់បោះឆ្នោតកំណត់។
លោក ទេព នីថា បានឲ្យដឹងថា ការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ កាលពីឆ្នាំ២០១២ និងការរៀបចំការបោះឆ្នោតជាតិឆ្នាំ២០១៣ ខាងមុខ គម្រោងថវិកាប្រើប្រាស់ក្នុងការរៀបចំការបោះឆ្នោតជិត ២១លានដុល្លារអាមេរិក។ ថវិកាទាំងនេះ រដ្ឋាភិបាលជាអ្នកផ្ដល់ជូនតាមគម្រោងស្នើសុំនៃការរៀបចំការបោះឆ្នោតម្ដងៗ។ បុគ្គលិកសម្រាប់រៀបចំការបោះឆ្នោតទាំងអស់ប្រមាណ ១២ម៉ឺននាក់ ដែលបច្ចុប្បន្ន គ.ជ.ប កំពុងជ្រើសរើសបុគ្គលិកជាបណ្ដើរៗហើយ និងតាមដំណាក់កាល។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានបង្កើតឡើងដោយច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលបានអនុម័តកាលពីឆ្នាំ១៩៩៧។ គ.ជ.ប មានសាខានៅគ្រប់ខេត្ត រាជធានី និងមានការិយាល័យបោះឆ្នោតជាតិអាណត្តិទី៥ ឆ្នាំ២០១៣ ជិត ២ពាន់ការិយាល័យ ដែលមានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក និងក្រុមប្រឹក្សាខណ្ឌ។
ច្បាប់ស្ដីពីការបោះឆ្នោតមាត្រា១៦ថ្មី ចែងថា គ.ជ.ប ទទួលខុសត្រូវធ្វើផែនការរៀបចំ និងចាត់ចែងការបោះឆ្នោតនៅទូទាំងប្រទេស និងមានសិទ្ធិពេញលេញក្នុងការអនុវត្តសមត្ថកិច្ចរបស់ខ្លួន។ សិទ្ធិអំណាច ភារកិច្ច និងការទទួលខុសត្រូវទាក់ទងនឹងផែនការរៀបចំការចាត់ចែង និងការត្រួតពិនិត្យការបោះឆ្នោត មានជាច្រើនចំណុច រួមមាន ចាត់វិធានការគ្រប់រូបភាពដើម្បីធានាការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ រៀបចំគម្រោងផែនការការងារ ថវិកា និងសម្ភារៈបម្រើឲ្យការបោះឆ្នោត ផ្សព្វផ្សាយប្រតិទិននៃការបោះឆ្នោត កំណត់ព្រំដែនការិយាល័យបោះឆ្នោត អប់រំប្រជាពលរដ្ឋ ត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយ ការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតគណបក្សនយោបាយ និងបញ្ហាជាច្រើនផ្សេងទៀត។
គ.ជ.ប មានសមាជិក ៩នាក់។ សមាជិកទាំងនេះ ត្រូវបានជ្រើសរើសដោយក្រសួងមហាផ្ទៃ និងតែងតាំងដោយព្រះរាជក្រឹត្យតាមសំណូមពររបស់គណៈរដ្ឋមន្ត្រី បន្ទាប់ពីមានការឯកភាពពីសមាជិកសភាច្រើនដាច់ខាត។ សមាជិកគ្រប់រូបតម្រូវឲ្យបោះបង់ទំនាក់ទំនងនឹងគណបក្សនយោបាយ និងមានការគាំពារ ដោយមិនអនុញ្ញាតឲ្យមានការដកហូតសមាជិកចេញពី គ.ជ.ប តាមអំពើចិត្តឡើយ។
ទាក់ទងនឹងបញ្ហានេះ គណបក្សប្រឆាំងបានលើកឡើងថា ទោះបីជាច្បាប់បោះឆ្នោតបានចែងដូច្នេះក្ដី ប៉ុន្តែ គ.ជ.ប មិនបានរៀបចំការបោះឆ្នោតឲ្យបានសេរី និងយុត្តិធម៌នោះទេ ពីព្រោះថា ប្រជាពលរដ្ឋគាំទ្រគណបក្សប្រឆាំង តែងតែទទួលរងនូវការគំរាមកំហែង ការសម្លាប់ជាដើម។ ម្យ៉ាងទៀត ប្រព័ន្ធផ្សព្វផ្សាយស្ទើរទាំងអស់ ពិសេសទូរទស្សន៍ រួមទាំងទូរទស្សន៍ជាតិ បានបើកឱកាសឲ្យគណបក្សកាន់អំណាចឃោសនាដោយសេរីពីមួយឆ្នាំទៅមួយឆ្នាំ។ ចំណែកឯ គ.ជ.ប មិនបានចាត់វិធានការឲ្យមានតម្លាភាពក្នុងការផ្សព្វផ្សាយដែរ។
បន្ថែមពីនេះទៀត អ្នកឃ្លាំមើលការបោះឆ្នោតឯករាជ្យ និងមន្ត្រីគណបក្សប្រឆាំង បានលើកឡើងប្រហាក់ប្រហែលគ្នាថា គ.ជ.ប មិនបានរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ទេ។ ចំពោះលទ្ធផលបោះឆ្នោតដែលយុត្តិធម៌ និងទទួលយកបាននោះ មានតែលទ្ធផលបោះឆ្នោតកាលពីអាណត្តិទី១ ឆ្នាំ១៩៩៣ នៅសម័យអ៊ុតតាក់ ដែលរៀបចំបោះឆ្នោតដោយអង្គការសហប្រជាជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។