តើ​តួនាទី ការ​ទទួល​ខុស​ត្រូវ និង​សិទ្ធ​របស់​អ្នក​បោះឆ្នោត​មាន​ដូចម្តេច​ខ្លះ?

សិទ្ធិ​បោះឆ្នោត គឺ​ជា​សិទ្ធិ​មូលដ្ឋាន​មួយ​ក្នុង​ចំណោម​សិទ្ធិ​មនុស្ស​ជាច្រើន​ដែល​ត្រូវ​បាន​ការពារ និង​ធានា​ដោយ​ច្បាប់​ជាតិ និង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ។ ក្នុង​សង្គម​ប្រជាធិបតេយ្យ ប្រជាពលរដ្ឋ​គ្រប់ៗ​រូប​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើស​រើស​មេ​ដឹកនាំ​របស់​ខ្លួន​តាម​ឆន្ទៈ។

ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប ចូល​រួម​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ កាល​ពី​ថ្ងៃ​ទី​៣ មិថុនា ឆ្នាំ​២០១២។
ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប ចូល​រួម​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ កាល​ពី​ថ្ងៃ​ទី​៣ មិថុនា ឆ្នាំ​២០១២។ (RFA/Hang Savyouth)

0:00 / 0:00

សម្រាប់​ប្រទេស​កម្ពុជា ដោយ​ឈរ​លើ​មូលដ្ឋាន​គ្រឹះ​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ​កម្ពុជា មិន​ត្រឹម​តែ​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា ឆ្នាំ​១៩៩៣ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កម្ពុជា ក៏​បាន​ក្លាយ​ជា​ហត្ថលេខី​នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ថែម​ទៀត​ផង។

តើ​តួនាទី ការ​ទទួល​ខុស​ត្រូវ និង​សិទ្ធ​របស់​អ្នក​បោះឆ្នោត​មាន​ដូចម្តេច​ខ្លះ?

ពលរដ្ឋ​ខ្មែរ​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ត្រឹមត្រូវ​តាម​ការ​កំណត់ និង​តម្រូវ​ការ​លក្ខខណ្ឌ​មួយ​ចំនួន​របស់​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត អាច​មាន​សិទ្ធិ​ចូលរួម​ការ​បោះឆ្នោត និង​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ឯករាជ្យ។ អ្នក​បោះឆ្នោត​មាន​សិទ្ធិ​សេរីភាព​ជ្រើស​រើស​គណបក្ស​ដែល​ពេញ​ចិត្ត និង​គូស​ឈ្មោះ​បេក្ខជន​លើ​សន្លឹក​ឆ្នោត ដោយ​ពុំ​មាន​ការ​គំរាម​កំហែង ឬ​ចាប់​បង្ខំ​ឡើយ។ អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត ត្រូវ​រូតរះ និង​ចំណាយ​ពេល​ទៅ​ពិនិត្យ​រក​ឈ្មោះ និង​ទីតាំង​នៃ​ការិយាល័យ​បោះឆ្នោត មុន​ថ្ងៃ​បោះឆ្នោត​ទី២៨ ខែ​កក្កដា ខាង​មុខ។

សិទ្ធិ​បោះឆ្នោត គឺ​ជា​សិទ្ធិ​ដ៏​សំខាន់​មួយ​ដែល​អាច​មាន​ឥទ្ធិពល​ទៅ​លើ​ការ​គ្រប់គ្រង និង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល។ សន្លឹក​ឆ្នោត​មួយ​សន្លឹក អាច​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត។ ក្រៅ​ពី​នេះ ម្ចាស់​ឆ្នោត​អាច​ទទួល​បាន​នូវ​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ពី​ការ​បោះឆ្នោត ក្នុង​នោះ​រួម​មាន ម្ចាស់​ឆ្នោត​អាច​បញ្ចេញ​អំណាច​របស់​ខ្លួន​តាម​សន្លឹក​ឆ្នោត​សម្ងាត់។ ម្ចាស់​ឆ្នោត អាច​ជ្រើស​រើស​រក​មេ​ដឹកនាំ​ដែល​គេ​ពេញ​ចិត្ត ដែល​គេ​យល់​ឃើញ​ថា ជា​មេ​ដឹកនាំ​ល្អ គ្រប់គ្រង​ប្រទេស​ឈាន​ទៅ​រក​ការ​អភិវឌ្ឍ​ត្រឹមត្រូវ មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ដោះស្រាយ​បញ្ហា​ពលរដ្ឋ ដូចជា បំបាត់​ភាព​ក្រីក្រ ផ្តល់​សេវា​សុខភាព ពង្រីក និង​បង្កើន​គុណភាព​អប់រំ ព្រម​ទាំង​ជួយ​បង្កើត​អោយ​មាន​ការងារ​ធ្វើ​ជាដើម។ ដូច្នេះ ការ​ចូលរួម​បោះឆ្នោត ដើម្បី​ជ្រើស​រើស​មេ​ដឹកនាំ​ល្អ អោយ​ដឹកនាំ​ប្រទេស​ទៅ​រក​ភាព​រុងរឿង មិន​មែន​ត្រឹម​តែ​ជា​ការ​ប្រើប្រាស់​សិទ្ធិ​បោះឆ្នោត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​ករណី​កិច្ច​របស់​ពលរដ្ឋ​ម្នាក់ៗ​ទៀត​ផង ក្នុង​ការ​ចូលរួម​កសាង​ប្រទេស​ទាំងអស់​គ្នា។

ទាក់ទង​នឹង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅ​ខែ​កក្កដា ខាង​មុខ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ទេព នីថា មាន​ប្រសាសន៍​ថា គ.ជ.ប បាន​ធ្វើ​ការ​ផ្សព្វផ្សាយ និង​អប់រំ​ពលរដ្ឋ​ទូទៅ​ឲ្យ​យល់​ដឹង​ពី​សិទ្ធិ​បោះឆ្នោត ពី​តួនាទី និង​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ជា​ម្ចាស់​ឆ្នោត៖ «តាម​ច្បាប់​នៅ​ប្រទេស​កម្ពុជា គឺ​ពុំ​មាន​ការ​ចាប់​បង្ខំ​ទេ ចុះ​ឈ្មោះ​បោះឆ្នោត​ក៏​ជា​ការ​ស្ម័គ្រចិត្ត។ មាន​ឈ្មោះ​បោះឆ្នោត និង​ទៅ​បោះឆ្នោត​ជា​ការ​ស្ម័គ្រចិត្ត ហើយ​យើង​ពុំ​មាន​ច្បាប់​តម្រូវ​ឲ្យ​ទៅ​ចុះ​ឈ្មោះ ឬ​តម្រូវ​ឲ្យ​ទៅ​បោះឆ្នោត​ដូច​ប្រទេស​មួយ​ចំនួន​ទេ។ ប៉ុន្តែ ជា​ទូទៅ ក្នុង​ការ​អប់រំ​អ្នក​បោះឆ្នោត គ.ជ.ប តែង​លើក​ទឹក​ចិត្ត​ឲ្យ​គាត់​ចូលរួម​ការ​ចុះ​ឈ្មោះ និង​ទៅ​បោះឆ្នោត។ ហើយ​ការ​អប់រំ​ជា​ទូទៅ​ក្នុង​សង្គម យើង​តែង​លើក​ឡើង​បញ្ហា​នេះ​ថា​ជា​កាតព្វកិច្ច​ដែល​គាត់​ត្រូវ​ចូលរួម​ក្នុង​នាម​ជា​ពលរដ្ឋ​ម្នាក់»

អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​មួយ​រូប លោក​បណ្ឌិត ឡៅ ម៉ុងហៃ ដែល​បាន​តាម​ដាន​ការ​វិវឌ្ឍន៍​នៃ​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា តាំង​ពី​ឆ្នាំ​១៩៩៣ មក បាន​មាន​ប្រសាសន៍​ថា ពលរដ្ឋ​ខ្មែរ​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត គួរ​មាន​មោទនភាព​ថា ខ្លួន​បាន​ចូលរួម​ធ្វើ​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​ភ្នាក់ងារ ឬ​តំណាង​ខ្លួន​តាម​រយៈ​ការ​បោះឆ្នោត​រៀង​រាល់ ៥​ឆ្នាំ​ម្តង។ លោក​បន្ត​ថា ប្រសិន​បើ​មិន​ពេញ​ចិត្ត​តំណាង​នោះ​ទេ ម្ចាស់​ឆ្នោត​អាច​បោះឆ្នោត​ជ្រើស​រើស​អ្នក​តំណាង​ថ្មី​មក​ជំនួស​វិញ៖ «គួរ​មាន​មោទនភាព​ដែល​យើង​មាន​សន្លឹក​ឆ្នោត យ៉ាង​ហោច​ណាស់​ថ្ងៃ​បោះឆ្នោត​ហ្នឹង យើង​អាច​ត្រួតត្រា យើង​អាច​វាយ​តម្លៃ​អ្នក​បម្រើ​យើង សូម្បី​គាត់​ជា​អ្នក​ដឹកនាំ​យើង​ក៏ដោយ ព្រោះ​យើង​ជ្រើស​រើស​ឲ្យ​តំណាង​យើង​ឲ្យ​គ្រប់គ្រង​រដ្ឋ​ជំនួស​យើង។ ថ្ងៃ​បោះឆ្នោត​ហ្នឹង​សំខាន់​ណាស់ ពីព្រោះ​សន្លឹក​ឆ្នោត​មួយ​នេះ​សំខាន់​ណាស់ ត្រូវ​តែ​ឆ្លៀត​ពេល​ទៅ​បោះឆ្នោត​ឲ្យ​បាន»

កម្មការិនី​ម្នាក់​ឈ្មោះ ឌី មាន​ប្រសាសន៍​ថា នៅ​ពេល​បោះឆ្នោត​ម្តងៗ អ្នកស្រី​តែង​វិល​ត្រឡប់​ទៅ​ភូមិ​កំណើត​នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល ដើម្បី​ទៅ​បោះឆ្នោត។ អ្នកស្រី​បន្ត​ថា ប្រជាពលរដ្ឋ​ភាគ​ច្រើន​នៅ​ភូមិ​ស្រុក​របស់​អ្នកស្រី មិន​ថា​ចាស់ ឬ​ក្មេង ដែល​គ្រប់​អាយុ​អាច​បោះឆ្នោត​បាន ចង់​ទៅ​បោះឆ្នោត​ណាស់ ដើម្បី​ជ្រើស​រើស​មេ​ដឹកនាំ​ល្អ៖ «ខ្ញុំ​ទៅ​បោះ​ដូច​ថា ការ​បោះឆ្នោត​មាន​សារៈសំខាន់ ទោះ​បី​ជា​រវល់​យ៉ាង​ណា​ក៏ដោយ ក៏​ត្រូវ​តែ​ទៅ​បោះ​ដែរ ដើម្បី​ចង់​បាន​តំណាង​រាស្ត្រ​ឈ្លាស​វៃ ដឹកនាំ​ប្រទេស​ជាតិ​បាន​រីក​ចម្រើន។ យើង​ទៅ​បោះ យើង​កុំ​ខ្លាច ព្រោះ​បន្ទប់​បោះឆ្នោត​គ្មាន​នរណា​ឃើញ​យើង អត់​មាន​នរណា​មើល​យើង​គូស ហើយ​យើង​បត់​ដាក់​ក្នុង​ប្រអប់ គ្មាន​នរណា​មក​បំភ័យ​មក​គំរាម​កំហែង​យើង​ទេ នៅ​ស្រុក​កំណើត​ខ្ញុំ​អត់​មាន​ទេ»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ យោង​តាម​ការ​អះអាង​របស់​គណៈកម្មាធិការ​ឃ្លាំ​មើល​ការ​បោះឆ្នោត អង្គការ​ខុមហ្រ្វែល (COMFREL) និង​អង្គការ អិនឌីអាយ (NDI) របស់​អាមេរិក ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ចុះ​ឈ្មោះ​ហើយ តែ​បាត់​ឈ្មោះ មាន​ជាង​មួយ​លាន​នាក់ គឺ​ប្រមាណ​ជាង ៣០% ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​សរុប​ទាំងអស់​ជាង ៩​លាន ៦​សែន​នាក់។ ប៉ុន្តែ អគ្គលេខាធិការ​នៃ គ.ជ.ប លោក ទេព នីថា បាន​បដិសេធ​ចំពោះ​ការ​អះអាង​នេះ។ បន្ថែម​ពី​នេះ គេ​បាន​ប៉ាន់​ប្រមាណ​ថា នឹង​អាច​មាន​ពលរដ្ឋ​ប្រមាណ​ពី ៣០​ម៉ឺន ទៅ ៥០​ម៉ឺន​នាក់ ដែល​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស ទំនង​ជា​ខកខាន​មិន​បាន​មក​បោះឆ្នោត។

ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​សកល​នៅ​ខែ​កក្កដា ខាង​មុខ​នេះ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ដំណើរ​ការ​រៀបចំ​ការ​បោះឆ្នោត​នៅ​កម្ពុជា កន្លង​មក និង​នៅ​លើក​នេះ​ទៀត គឺ​នៅ​មិន​ទាន់​មាន​តម្លាភាព និង​យុត្តិធម៌​ពេញលេញ​ស្រប​តាម​សង្គម​ប្រជាធិបតេយ្យ​នៅ​ឡើយ​ទេ។ លោក​អះអាង​ថា ពលរដ្ឋ​ខ្មែរ​នៅ​តែ​ជួប​ឧបសគ្គ​ជាច្រើន​នៅ​ពេល​ទៅ​ចុះ​ឈ្មោះ និង​នៅ​ថ្ងៃ​ទៅ​បោះឆ្នោត៖ «ប្រជាពលរដ្ឋ​កម្ពុជា នៅ​មិន​ទាន់​អនុវត្ត​សិទ្ធិ​បោះឆ្នោត​ឲ្យ​បាន​ពេញលេញ​ទេ។ ពលរដ្ឋ​មួយ​ចំនួន​ជួប​ឧបសគ្គ​ដោយសារ​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ខុស ខ្លះ​អត់​មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណប័ណ្ណ​គ្រប់គ្រាន់ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ចុះ​ឈ្មោះ ឬ​ទៅ​បោះឆ្នោត គឺ​មាន​បញ្ហា។ អ្នក​បោះឆ្នោត​ពុំ​បាន​ទទួល​ព័ត៌មាន​អំពី​ដំណើរ​ការ​បោះឆ្នោត បញ្ហា​នយោបាយ​ឲ្យ​បាន​ឮ​ដឹង​គ្រប់​គណបក្ស​ទាំងអស់​ទេ។ ហើយ​នៅ​តំបន់​ជនបទ ជួប​បញ្ហា​រើសអើង​គណបក្ស ពេល​គាត់​អនុវត្ត​សិទ្ធិ​ខាង​នយោបាយ​របស់​គាត់»

ភស្តុតាង​បាន​បញ្ជាក់​ថា ក្នុង​ប្រជាជាតិ​មួយ​ដែល​រីក​ចម្រើន​ទាំង​ផ្នែក​ស្មារតី និង​សម្ភារៈ ពលរដ្ឋ​របស់​ប្រទេស​នោះ​តែង​ចូលរួម​សម្ដែង​ទស្សនៈ​របស់​ខ្លួន​យ៉ាង​សកម្ម ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​នានា​ក្នុង​សង្គម រួម​មាន​បញ្ហា​នយោបាយ​ផង។ ពួក​គេ​បាន​ជំរុញ និង​ដាក់​សម្ពាធ​លើ​អ្នក​នយោបាយ មាន​អ្នក​តំណាង​រាស្ត្រ និង​មេ​ដឹកនាំ​តាម​មូលដ្ឋាន ជាដើម អោយ​ធ្វើ​ការងារ និង​បំពេញ​តួនាទី​របស់​ខ្លួន។ ពួក​គេ​មិន​បាន​ផ្ញើ​ជោគ​វាសនា​របស់​ខ្លួន​លើ​អ្នក​នយោបាយ ឬ​រង់ចាំ​តែ​មេ​ដឹកនាំ​បង្គាប់​បញ្ជា​ប៉ុណ្ណោះ​ទេ។ នេះ​មាន​ន័យ​ថា អំណាច​ស្រប​ច្បាប់​របស់​ប្រជាពលរដ្ឋ​មិន​មែន​មាន​នៅ​ត្រឹម​តែ​ពេល​បោះឆ្នោត​ម្តងៗ​នោះ​ទេ។ ករណី​កិច្ច​មួយ​របស់​ពលរដ្ឋ​ក្រោយ​ការ​បោះឆ្នោត គឺ​តាម​ដាន​មើល​ថា តើ​គណបក្ស ឬ​មេ​ដឹកនាំ​ដែល​ខ្លួន​បោះឆ្នោត​មួយ​សន្លឹក​ដ៏​មាន​តម្លៃ​អោយ​នោះ បាន​ធ្វើ​តាម​កិច្ច​សន្យា​របស់​ខ្លួន​ដែរ​ឬ​ទេ? ហើយ​បើ​មិន​បាន​ធ្វើ​ការ​គោរព​តាម​សម្ដី​របស់​ខ្លួន មក​ពី​ហេតុ​អ្វី?

អាស្រ័យ​ហេតុ​នេះ អ្នក​បោះឆ្នោត​មាន​តួនាទី និង​ការ​ទទួល​ខុស​ត្រូវ​សំខាន់​ណាស់​ក្នុង​នាម​ជា​ពលរដ្ឋ​ម្នាក់ ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​ជាតិ​ក្លាយ​ជា​សង្គម​មួយ​ជឿនលឿន មាន​យុត្តិធម៌ សេរី និង​ប្រជាធិបតេយ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។