លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ អំពាវនាវឲ្យប្រជាពលរដ្ឋគាំទ្រវប្បធម៌សន្ទនា ដើម្បីឲ្យគណបក្សប្រឆាំង និងគណបក្សកាន់អំណាច រួមគ្នាអភិវឌ្ឍប្រទេស។ ទោះបីជា លោក សម រង្ស៊ី អំពាវនាវយ៉ាងនេះក្ដី តែលោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ ជាគណបក្សក្រៅរដ្ឋាភិបាល មានគោលជំហរឥតងាករេ ស្មោះត្រង់ និងគោរពឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ដែលទាមទារឲ្យមានការផ្លាស់ប្ដូរដោយសន្តិវិធី តាមរយៈការបោះឆ្នោតដោយត្រឹមត្រូវ និងយុត្តិធម៌។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែងថា គណបក្សសង្គ្រោះជាតិ នៅតែរក្សាជំហរគាំទ្រវប្បធម៌សន្ទនា ដើម្បីរកដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាប្រទេសជាតិ។
លោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកគាំទ្ររបស់ខ្លួនជាង ១ពាន់នាក់នៅស្រុកបាធាយ ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១ ឧសភា ដោយតម្រូវឲ្យដៃគូសន្ទនាគោរពគ្នាទៅវិញទៅមក មិនជេរប្រមាថគ្នា និងមិនគំរាមកំហែងគ្នា។ លោកបញ្ជាក់ថា វប្បធម៌សន្ទនានេះតម្រូវឲ្យអ្នកដែលមាននិន្នាការនយោបាយខុសគ្នា បោះបង់ចោលនូវទម្លាប់ចាត់ទុកគ្នាជាសត្រូវ វាយប្រហារគ្នា ហើយប៉ុនប៉ងសងសឹកគ្នាទៅវិញទៅមកដូចធ្លាប់ឃើញពីអតីតកាល៖ «អ៊ីចឹងជាមួយគណបក្សមួយទៀត គឺគណបក្សប្រជាជនកម្ពុជា យើងនៅតែប្រកួត ប្រកួតប្រជែងជាដៃគូប្រកួត មិនមែនជាសត្រូវទេ ហើយគណបក្សសង្គ្រោះជាតិ មិនចាត់ខ្មែរណាជាសត្រូវដាច់ខាត»។
ការលើកឡើងរបស់ លោក សម រង្ស៊ី នេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានបញ្ចប់វប្បធម៌សន្ទនាកាលពីថ្ងៃទី២៩ មេសា។ លោក ហ៊ុន សែន បានព្រមានថា ប្រសិនបើគណបក្សសង្គ្រោះជាតិ នៅតែផ្តល់ពេលវេលាឲ្យ លោក កឹម សុខា បន្តរិះគន់លោក និងគណបក្សប្រជាជនកម្ពុជា បន្តទៀតនោះ លោកនឹងបញ្ចប់វប្បធម៌សន្ទនា។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកបណ្ឌិត ឈឹម ផលវរុណ មានប្រសាសន៍ថា ជាការប្រសើរមួយដែល លោក សម រង្ស៊ី បានចុះពន្យល់តម្លៃប្រជាធិបតេយ្យ គឺវប្បធម៌សន្ទនា ដែលជាភាពស្មោះត្រង់មួយ ដើម្បីឲ្យប្រជាធិបតេយ្យពហុបក្សមិនបែកបាក់គ្នា៖ «ការមិនបែកបាក់មានន័យថា ការមិនជ្រោងទង់ និងការពង្រឹងឲ្យមានការបង្រួបបង្រួមជាតិ ប៉ុន្តែយើងអាចតតាំងគ្នាក្នុងក្របខ័ណ្ឌពហុបក្ស តែយើងមិនមែនតតាំងគ្នាបែបសត្រូវទេ បែបឧទ្ទាម បែបបដិវត្តន៍ទេ យើងអាចតតាំងគ្នាដើម្បីរិះគន់គ្នា ដើម្បីស្ថាបនា និងការតតាំងដែលមិនបែកបាក់»។
ទន្ទឹមនឹងគ្នានេះ គណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី៣០ មេសា ដោយបញ្ជាក់ជាថ្មីថា គណបក្សសង្គ្រោះជាតិ នៅតែរក្សាជំហរវប្បធម៌សន្ទនា ដើម្បីជួបជជែកគ្នា ដោះស្រាយបញ្ហារួមគ្នា ដូចជាបញ្ហាបូរណភាពទឹកដី អធិបតេយ្យភាពព្រំដែន ជនអន្តោប្រវេសន៍ខុសច្បាប់ ការការពារធនធានធម្មជាតិ បរិស្ថាន កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ កំណែទម្រង់នីតិប្បញ្ញត្តិ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ជាដើម។
បន្ថែមពីលើនេះ ទាំងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ចង់ឃើញវប្បធម៌សន្ទនានេះតាំងពីថ្នាក់ដឹកនាំកំពូលដល់ថ្នាក់មូលដ្ឋាននៅទូទាំងប្រទេស។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត រស់ រ៉ាវុធ មានប្រសាសន៍ថា គ្មានអ្វីប្រសើរជាងការសន្ទនានោះទេនៅក្នុងសង្គមប្រជាធិបតេយ្យ។ ក៏ប៉ុន្តែលោកបន្ថែមថា វប្បធម៌សន្ទនាទាមទារឲ្យមេដឹកនាំគ្រប់ភាគី មានក្រមសីលធម៌ និងគោរពគ្នាទៅវិញទៅមក ទើបអាចរក្សាវប្បធម៌នេះនៅយូរអង្វែងបាន៖ «ព្រោះប្រទេសនៅលើពិភពលោក ដោយសារការមិនជជែកគ្នានេះហើយ ដែលធ្វើឲ្យប្រទេសជាច្រើនបច្ចុប្បន្ននេះ រងនូវសង្គ្រាមដោយការហែកហួរ អ៊ីចឹងវប្បធម៌សន្ទនា ឬការគោរពគ្នាទៅវិញទៅមកនេះ ជាក្រមសីលធម៌ខ្ពស់របស់មេដឹកនាំដែលធ្វើជាគំរូ»។
អ្នកវិភាគបានប្រៀបធៀបវប្បធម៌សន្ទនានៅកម្ពុជា ប្រៀបដូចជាអាហារសម្រន់មួយក្នុងដំណោះស្រាយនយោបាយកណ្ដាល ដែលវានឹងមិនមានស្ថិរភាពនយោបាយយូរនោះទេ បើសិនជាមេដឹកនាំទាំងពីរមិនធ្វើគោលការណ៍ច្បាប់សម្រាប់ជាតិមួយ ដើម្បីមានស្ថិរភាពនយោបាយ និងគោរពច្បាប់ឲ្យបានស្មើភាពគ្នាគ្រប់ភាគី ក៏ប៉ុន្តែដំណើរការសន្ទនាមេដឹកនាំទាំងពីរ ហាក់បីដូចជាសន្ទនាតែមាត់ គឺមិនទាន់គោរពច្បាប់នៅឡើយ ដែលបញ្ហានេះ វប្បធម៌សន្ទនានឹងងាយប្រេះស្រាំទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។