ការធ្វើលិខិតទៅក្រុមប្រឹក្សាធម្មនុញ្ញនេះ ក្រោយពេលលោកបានផ្ញើលិខិតលើកទី២ ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី២៣ ខែកក្កដា សុំឲ្យសើរើផ្ដល់សិទ្ធិបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យរូបលោក។
នៅក្នុងលិខិតផ្ញើទៅកាន់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃទី២៤ ខែកក្កដា លោក សម រង្ស៊ី បានលើកឡើងថា ដោយសាររូបលោកបានទទួលការលើកលែងទោសពីសំណាក់ព្រះមហាក្សត្ររួចហើយនោះ និងដើម្បីឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នេះ ប្រព្រឹត្តទៅតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោយមានគ្រប់ភាគីពាក់ព័ន្ធចូលរួមនោះ រូបលោកសុំឲ្យក្រុមប្រឹក្សាធម្មនុញ្ញចេញសេចក្ដីសម្រេចធ្វើនិយតកម្ម ឬសុំធ្វើឲ្យមានភាពត្រឹមត្រូវតាមច្បាប់ លើករណីលោកដើម្បីបានបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោត។
ការផ្ញើលិខិតទៅក្រុមប្រឹក្សាធម្មនុញ្ញនេះ បានកើតឡើងក្រោយពីលិខិតលើកទី២របស់ លោក សម រង្ស៊ី ផ្ញើទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនទាន់បានទទួលចម្លើយ។
លោក ទេព នីថា អគ្គលេខាធិការរបស់ គ.ជ.ប បានឲ្យដឹងនៅថ្ងៃទី២៤ កក្កដា ថា គ.ជ.ប មិនទាន់បានពិនិត្យលិខិតលើកទី២ របស់ លោក សម រង្ស៊ី ទាក់ទងសិទ្ធិបោះឆ្នោត និងការឈរឈ្មោះឲ្យគេបោះឆ្នោតនៅឡើយទេ នៅថ្ងៃទី២៤ កក្កដា៖ «គ.ជ.ប អត់ទាន់មានពេលពិនិត្យឯកសារនោះទេ។ ចាំមើលល្ងាច ឬស្អែក គ.ជ.ប នឹងសម្រេចហើយ ពីព្រោះយើងមានការងារច្រើននៅធ្វើ»។
នៅក្នុងលិខិតផ្ញើទៅកាន់ គ.ជ.ប ទី២របស់ខ្លួន លោក សម រង្ស៊ី បានទាមទារឲ្យ គ.ជ.ប អនុវត្តករណីរបស់លោកតាមមាត្រា ១៦ថ្មី នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និងវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
ខ្លឹមសារសំខាន់នៅក្នុងមាត្រា ១៦ ទាក់ទងជាមួយករណី លោក សម រង្ស៊ី គឺ គ.ជ.ប មានសិទ្ធិដកហូតជាបណ្ដោះអាសន្ននូវសិទ្ធិបោះឆ្នោត ឬផ្ដល់សិទ្ធិបោះឆ្នោតឡើងវិញ។ ចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ឬលុបចេញពីបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ។ លុបបេក្ខភាពរបស់បេក្ខជនឈរឈ្មោះបោះឆ្នោត ឬទទួលស្គាល់បេក្ខភាពឈរឈ្មោះឡើងវិញ។
លោក សម រង្ស៊ី បានបញ្ជាក់នៅក្នុងលិខិតផ្ញើទៅកាន់ គ.ជ.ប លើកទី២ ថា លោកមិនមែនសុំចុះឈ្មោះបោះឆ្នោតជាថ្មីឡើងវិញទេ គឺលោកធ្លាប់មានឈ្មោះរួចទៅហើយ។ លោកសុំឲ្យ គ.ជ.ប ទទួលស្គាល់បេក្ខភាពឈរឈ្មោះបោះឆ្នោតឡើងវិញ ក្រោយពេលព្រះមហាក្សត្របានលើកលែងទោសឲ្យរូបលោក កាលពីថ្ងៃទី១២ កក្កដា។ ដូច្នេះ ការដែល គ.ជ.ប ប្រើមាត្រា ៤៩ថ្មី នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រលើករណីរបស់លោក គឺមិនត្រឹមត្រូវទេ។
នៅថ្ងៃទី២៤ ខែកក្កដា វិទ្យុអាស៊ីសេរី មិនអាចទាក់ទង លោក សម រង្ស៊ី ដើម្បីពន្យល់បន្ថែមលើលិខិតផ្ញើទៅក្រុមប្រឹក្សាធម្មនុញ្ញរបស់លោកទេ ដោយសារលោកជាប់ឃោសនានៅខេត្តសៀមរាប។
លោក សុក សំអឿន នាយកអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា មានយោបល់ថា បើពិនិត្យលើខ្លឹមសារលិខិតសុំលើកទី២ របស់ លោក សម រង្ស៊ី ទៅ គ.ជ.ប គឺមានន័យគ្រប់គ្រាន់ និងមានវែកញែកមាត្រាច្បាប់ ដែលអាចធ្វើឲ្យ លោក សម រង្ស៊ី អាចមានឈ្មោះបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោតបាន៖«ការលើករបស់គាត់ម៉្យាងដែរ អាចមានលទ្ធភាពដែរណា ហើយនៅពេលនេះ បើសិនជា គ.ជ.ប មិនហ៊ានសម្រេច គាត់អាចប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញបាន»។
ការផ្ញើលិខិតទៅស្ថាប័ននានារបស់ លោក សម រង្ស៊ី បានកើតមានផ្ទួនៗជាប់គ្នា ចាប់ពីថ្ងៃទី២១ ខែកក្កដា មក ដើម្បីធ្វើយ៉ាងណាឲ្យរូបលោកបានទទួលសិទ្ធិបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យទាន់ថ្ងៃទី២៨ កក្កដា ខាងមុខ។ ចាប់ពីថ្ងៃទី២១ កក្កដា មក លោក សម រង្ស៊ី បានផ្ញើលិខិតទៅ គ.ជ.ប ចំនួន ២ច្បាប់ ទៅរដ្ឋសភា ១ច្បាប់ និងទៅក្រុមប្រឹក្សាធម្មនុញ្ញ ១ច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។