ការប្រកាសបែបនេះ ធ្វើឡើងនៅចំពោះមុខអ្នកគាំទ្រជាច្រើនពាន់នាក់ ដែលទៅចូលរួមទទួលដំណើរវិលត្រឡប់របស់លោក។
មេដឹកនាំគណបក្សសង្គ្រោះជាតិ ប្រកាសថា លទ្ធផលឆ្នោតពិតប្រាកដ ត្រឹមត្រូវ គឺគណបក្សនេះឈ្នះគណបក្សប្រជាជនកម្ពុជា បើសិនជា គ.ជ.ប មានជំហរឯករាជ្យ និងយុត្តិធម៌នោះ។
លោក សម រស្ស៊ី ប្រកាសថា ចាប់ពីពេលលោកមានវត្តមាននៅក្នុងស្រុកពីពេលនេះទៅ លោកនឹងរៀបចំព្រឹត្តិការណ៍ច្រើនបែបយ៉ាង ដើម្បីការពារជ័យជម្នះនេះ។
លោកបានពន្យល់ទៅដល់ក្រុមអ្នកគាំទ្រលោកជាច្រើនពាន់នាក់ ដែលបានទៅទទួលស្វាគមន៍លោកវិលមកពីសហរដ្ឋអាមេរិក នៅថ្ងៃសុក្រ ទី១៦ សីហា ថា គ.ជ.ប ប្រកាសថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ៣លាន ២សែននាក់ គណបក្សសង្គ្រោះជាតិ បាន ២លាន ៩សែនសំឡេង គឺចាញ់គណបក្សប្រជាជនកម្ពុជា ប៉ុន្តែបញ្ហានេះ ដោយសារគណបក្សប្រជាជនកម្ពុជា ឃុបឃិតជាមួយ គ.ជ.ប លួចបន្លំសន្លឹកឆ្នោតពីបក្សសង្គ្រោះជាតិ ចំនួនជាង ១លានសំឡេង។
គ.ជ.ប មិនទាន់បែងចែកអាសនៈក្នុងរដ្ឋសភា សម្រាប់គណបក្សដែលឈ្នះឆ្នោតនៅឡើយ ប៉ុន្តែសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងការបោះឆ្នោត បានស្រង់យកសំឡេងឆ្នោតបណ្ដោះអាសន្នដែលប្រកាសដោយ គ.ជ.ប នោះ យកទៅគណនារកចំនួនអាសនៈឃើញថា គណបក្សប្រជាជនកម្ពុជា ទទួលបាន ៦៨កៅអី គណបក្សសង្គ្រោះជាតិ បាន ៥៥កៅអី។ ចំនួននេះ ដូចគ្នានឹងការប្រកាសក្រៅផ្លូវការរបស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៨ កក្កដា គឺនៅក្រោយបោះឆ្នោតចប់ភ្លាមៗ ហើយថា លទ្ធផលនោះនឹងគ្មានការផ្លាស់ប្ដូរទេ។
ក៏ប៉ុន្តែ ថ្មីនេះ គណបក្សសង្គ្រោះជាតិ រកឃើញថា គណបក្សខ្លួនអាចទទួលបានសំឡេងឆ្នោតយ៉ាងតិច ៦៣កៅអី ឈ្នះគណបក្សប្រជាជនកម្ពុជា។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បដិសេធសុំមិនបកស្រាយជុំវិញការចោទប្រកាន់របស់មេដឹកនាំបក្សប្រឆាំងនោះទេ។
ប៉ុន្តែ មន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការឈ្នះ ឬចាញ់មិនស្ថិតនៅលើការប្រកាសដោយខ្លួនឯងនោះទេ គឺត្រូវស្ថិតនៅលើយន្តការច្បាប់ដែលមាន គ.ជ.ប ជាអាជ្ញាកណ្ដាល។
ប៉ុន្តែ អ្វីដែលជាបញ្ហាប្រឈមធ្ងន់ធ្ងរនៅពេលនេះ គឺមានការចោទប្រកាន់ថា គ.ជ.ប មិនឯករាជ្យ តែ គ.ជ.ប តែងតែបានច្រានចោលចំពោះការចោទប្រកាន់ទាំងនេះជាបន្តបន្ទាប់។
ក្នុងអំឡុងពេលនៃការតវ៉ាលើលទ្ធផលឆ្នោតនេះ លោក សម រង្ស៊ី ក៏បានប្រតិកម្មចំពោះរដ្ឋាភិបាល ដែលបានចល័តកម្លាំងទ័ពជុំវិញទីក្រុងភ្នំពេញ។ សកម្មភាពនេះលោកចាត់ទុកថា ជាការគំរាមកំហែងមួយធ្ងន់ធ្ងរ ធ្វើឲ្យប្រជាពលរដ្ឋមានការភិតភ័យ។
ឆ្លើយតបនឹងបញ្ហានេះ លោកឧត្ដមសេនីយ៍ឯក ណឹម សុវត្ថិ អគ្គនាយកអគ្គនាយកដ្ឋាននយោបាយកិច្ចការបរទេស នៃក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងកាលពីថ្ងៃទី១៣ ខែសីហា ថា គ្មានអ្វីដែលគួរឲ្យពលរដ្ឋត្រូវព្រួយបារម្ភចំពោះសកម្មភាពពង្រាយកម្លាំងទ័ពរបស់រដ្ឋាភិបាលនេះទេ។ លោកថា សកម្មភាពនេះជាការរក្សាសន្តិសុខ និងសុវត្ថិភាពសង្គម។
យ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ កម្មកររោងចក្រ និងអ្នកធ្វើការនៅកន្លែងផ្សេងៗមួយចំនួនខ្លះទៀត បានសុំច្បាប់សម្រាកវិលទៅស្រុកវិញមួយរយៈ ព្រោះខ្លាចមានផ្ទុះឡើងនូវមហាបាតុកម្ម និងមានអំពើហិង្សាបង្ក្រាបបាតុកម្មនោះ នាំឲ្យមានភាពជ្រួលច្របល់នៅពេលដែលគណបក្សធំពីរនៅតែបន្តឈ្លោះគ្នា និងដណ្ដើមគ្នាថាឈ្នះនៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី២៨ កក្កដា កន្លងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។