បន្ទាប់ពីប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា និងកម្មករ ពលរដ្ឋគាំទ្រច្រើនពាន់នាក់ បញ្ចប់ការសម្ដែងមតិក្នុងទិវាពលកម្មអន្តរជាតិនៅស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យរួចមក ស្រាប់តែកម្លាំងសន្តិសុខខណ្ឌដូនពេញ ជាង ១០០នាក់បានលួចឆ្មក់វាយទៅលើពលរដ្ឋធ្វើដំណើរតាមផ្លូវ និងខ្លះដែលនៅឈររេរាក្បែរទីលានប្រជាធិបតេយ្យនោះ។
យ៉ាងហោចណាស់មនុស្ស ៥នាក់ ត្រូវបានក្រុមសន្តិសុខខណ្ឌដូនពេញ វាយឲ្យរងរបួស បន្ទាប់ពីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងក្រុមបាតុកររាប់ពាន់នាក់ បញ្ចប់ការប្រារព្ធទិវាពលកម្មអន្តរជាតិក្បែរទីលានប្រជាធិបតេយ្យ។
ក្រុមសន្តិសុខខណ្ឌដូនពេញ ដែលមានឯកសណ្ឋានភាគច្រើនឈុតខ្មៅ និងពាក់មួកឃ្លុបខ្មៅ មានកាន់កំណាត់ឈើប្រវែងកន្លះម៉ែត្រ និងបំពង់ទីបស្ទើរគ្រប់ដៃ បានរត់សម្រុកទាំងហ្វូង សំដៅទៅវាយលើពលរដ្ឋឥតរើសមុខនៅចំណុចស្ពាននាគ និងក្បែរមន្ទីរពេទ្យព្រះអង្គឌួង។
ពលរដ្ឋម្នាក់ឈ្មោះ ស្រ៊ុន សុផល ដែលរងរបួសឲ្យដឹងថា គាត់ជាអ្នករត់ម៉ូតូឌុប ហើយជិះឆ្លងកាត់ផ្លូវស្ពាននាគ។ ប៉ុន្តែស្រាប់តែកម្លាំងសន្តិសុខម្នាក់ស្ទុះមកទះគាត់មួយដៃរហូតដួលម៉ូតូ៖ «ខ្ញុំជិះម៉ូតូកាត់ហ្នឹងសោះវាទះខ្ញុំមួយដៃ មើលមុខខ្ញុំ។ ពួកអាសន្តិសុខនោះវាវ៉ៃខ្ញុំ វ៉ៃធ្ងន់មួយដៃដួលម៉ូតូ»។
ពលរដ្ឋម្នាក់ទៀតឈ្មោះ អ៊ឹម រ៉ូលី អាយុ ៣៥ឆ្នាំ ឲ្យដឹងថា គាត់បានជិះម៉ូតូជាមួយមិត្តភ័ក្ដិម្នាក់ទៀតកាត់ផ្លូវភ្លោះកាណាឌីយ៉ា ក្បែរមន្ទីរពេទ្យព្រះអង្គឌួង ស្រាប់តែកម្លាំងសន្តិសុខជាច្រើនបានស្ទុះមកវាយ និងធាក់គាត់ដួលទៅលើដី រួចចោមរោមសង្គ្រុបវាយជាច្រើនដំបង រហូតមានក្រុមអ្នកសារព័ត៌មានជាតិ អន្តរជាតិ ជួយអន្តរាគមន៍ទើបលោកអាចរួចខ្លួនបាន៖ «គ្រូពេទ្យអង្គការលីកាដូ ដែលឃើញហេតុការណ៍ផ្ទាល់គាត់គិតថា ខ្ញុំអត់រស់ទេ ពេលដែលវាយនឹងគាត់មើលឃើញមនុស្សដូចស្រមោចអ៊ីចឹងក្នុងវាយម្ដងនឹងដំបងប្រហែលពី ១៥ ទៅ ២០ដំបង វាយមកលើខ្ញុំ»។
តាមសាក្សីដែលឃើញហេតុការណ៍នោះ បញ្ជាក់ថា កម្លាំងសន្តិសុខខណ្ឌដូនពេញ បានវាយពលរដ្ឋតាមផ្លូវឥតរើសមុខ និងឥតសំចៃដៃ មិនថាពលរដ្ឋទាំងនោះចូលរួមប្រារព្ធទិវាពលកម្មអន្តរជាតិ ជាមួយគណបក្សសង្គ្រោះជាតិ ឬជាពលរដ្ឋដែលឈរមើល ឬអ្នកធ្វើដំណើរឆ្លងកាត់នោះទេ។
មន្ត្រីឃ្លាំមើលបញ្ហាសិទ្ធិមនុស្សមកពីអង្គការលីកាដូ លោក អំ សំអាត ដែលឃើញហេតុការណ៍នោះផ្ទាល់ បានថ្កោលទោសចំពោះការប្រើអំពើហិង្សាអមនុស្សធម៌ទៅលើពលរដ្ឋពីសំណាក់ក្រុមសន្តិសុខខណ្ឌដូនពេញ។ លោកបន្តថា វប្បធម៌និងការញៀនប្រើហិង្សាទៅលើពលរដ្ឋកំពុងកើតមាននៅពេលណាមានការជួបជុំបញ្ចេញមតិ ដែលកំពុងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ធ្លាក់ថយក្រោយ។
លោក អំ សំអាត៖ «ឥឡូវនេះក្លាយជាការញៀនប្រើប្រាស់នៃអំពើហិង្សាហើយ លើកណាក៏ឃើញក្រុមសន្តិសុខមានការវាយដំទៅលើអ្នករត់ម៉ូតូឌុប ទៅលើប្រជាពលរដ្ឋដែរ នេះហើយជាវប្បធម៌ហិង្សាមួយជំរុញហើយកំពុងតែធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា យើងដាំក្បាលចុះយ៉ាងគំហុកនៅកាលៈទេសៈនេះ»។
ពលរដ្ឋរងរបួសទាំង ៥នាក់នោះ មាន ៣នាក់របួសធ្ងន់ធ្ងរ រួមមានលោក អ៊ឹម រ៉ូលី លោក ស៊យ សុខចំរើន និងលោក គីម ចាន់ថា ពួកគាត់ទាំងនោះមានអ្នកខ្លះរបួសដេរជាច្រើនថ្នេរ និងភាគច្រើនជាំខ្មៅនិងឡើងកន្ទួលពេញដៃ ជើង និងខ្លួន ហើយត្រូវគ្រូពេទ្យនៅអង្គការលីកាដូ ជួយព្យាបាល។
ជុំវិញការប្រើអំពើហិង្សានេះ អភិបាលខណ្ឌដូនពេញ លោក សុខ សម្បត្តិ មិនបានលើកទូរស័ព្ទដើម្បីឆ្លើយបំភ្លឺចំពោះការដាក់កម្លាំងទៅឆ្មក់វាយពលរដ្ឋនោះទេ។ តែបើតាមការអះអាងពីមន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យដឹងថា ការវាយបង្ក្រាបទៅលើពលរដ្ឋនេះ ទំនងជាកើតឡើងដោយសារតែពលរដ្ឋមួយចំនួនព្យាយាមសម្រុកចូលទីលានប្រជាធិបតេយ្យដែលខាងសាលារាជធានីហាមមិនឲ្យចូល។ យ៉ាងណាលោកនៅមិនទាន់ទទួលរបាយការណ៍ផ្លូវការពីការប្រើហិង្សាទៅលើពលរដ្ឋក្នុងទិវាពលកម្មអន្តរជាតិនៅឡើយ។
លោក ឡុង ឌីម៉ង់៖ «ការណែនាំឲ្យមានអំពើហិង្សាកើតឡើង គឺមិនមានទេ ដរាបណាបើមិនមានការព្យាយាមចូលសម្រុកដើម្បីល្មើសនឹងបម្រាមរបស់សាលារាជធានី»។
ចាប់ពីថ្ងៃទី៣០ មេសា មក កងកម្លាំងប៉ូលិសនិងប៉េអឹមច្រើនពាន់នាក់ បានដាក់រាយបន្លាលួសព័ទ្ធជុំវិញទីលានប្រជាធិបតេយ្យ និងច្រកចេញចូលមួយចំនួន រារាំងមិនឲ្យកម្មករ គណបក្សសង្គ្រោះជាតិ និងពលរដ្ឋចូលទៅកាន់ទីនោះដើម្បីប្រារព្ធទិវាពលកម្មអន្តរជាតិ ហើយពិធីប្រារព្ធទិវាពលកម្មអន្តរជាតិដ៏តូចមួយ ត្រូវធ្វើឡើងនៅស្ពាននាគ ក្បែររនាំងបន្លាលួសដែលដាក់ព័ន្ធទីលានប្រជាធិបតេយ្យ៕
អាជ្ញាធររារាំងមន្ត្រីបក្សប្រឆាំងសហជីពនិងសមាគមជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ
ដោយ យាង សុជាមេត្តា
អាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃទី១ ឧសភា បានហាមឃាត់មិនឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិ និងតំណាងសហភាពសហព័ន្ធសហជីព និងសមាគម ព្រមទាំងប្រជាពលរដ្ឋជួបជុំគ្នាប្រារព្ធទិវាពលកម្មអន្តរជាតិនៅទីលានប្រជាធិបតេយ្យ តាមការស្នើសុំនោះឡើយ។ ចំណែកការជួបជុំរបស់កម្មករនៅមុខរដ្ឋសភាជាតិ ក៏ត្រូវបានអាជ្ញាធររដ្ឋាភិបាលបំបែក។
ទីលានប្រជាធិបតេយ្យដែលប្រើប្រាស់សម្រាប់ឲ្យប្រជាពលរដ្ឋជួបជុំគ្នាសម្ដែងមតិ មិនត្រូវបានអាជ្ញាធររដ្ឋាភិបាល បើកឲ្យប្រជាពលរដ្ឋចូលឡើយ ក្នុងទិវាពលកម្មអន្តរជាតិថ្ងៃទី១ ឧសភា។ ប្រការនេះបានបង្ខំឲ្យកម្មករនិយោជិតសហជីពសកម្មជនដីធ្លី ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនរយនាក់ ទៅប្រមូលផ្តុំគ្នានៅលើស្ពាននាគ ខាងត្បូងវត្តភ្នំ ដើម្បីប្រារព្ធទិវានេះទៅវិញ។
គោលបំណងនៃការជួបជុំគ្នានេះ ក្រៅតែពីចូលរួមអបអរសាទរទិវាពលកម្មអន្តរជាតិលើកទី១២៨ ដែលត្រូវបានប្រារព្ធធ្វើឡើងនៅទូទាំងពិភពលោកនោះ កម្មករនិយោជិត និងតំណាងសហភាពសហព័ន្ធសហជីព និងសមាគម ក៏ទាមទារឲ្យតុលាការកម្ពុជា ដោះលែងជនជាប់ចោទទាំង ២១នាក់ និងទម្លាក់ចោលការចោទប្រកាន់ចំពោះជន ២៣នាក់ ទាមទារឲ្យវែកមុខជនប្រព្រឹត្តិហិង្សាយកមកកាត់ទោស ទាមទារឲ្យដកបម្រាមនៃការជួបប្រជុំជាសាធារណៈ និងទាមទារដំឡើងប្រាក់ខែគោលកម្មករ ១៦០ដុល្លារផងដែរ។
លោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ ក៏បានចូលរួមប្រារព្ធទិវាពលកម្មអន្តរជាតិដែរ។ បន្ទាប់ពីបានធ្វើពិធីសូត្រមន្ត បង្សុកូល គោរពវិញ្ញាណក្ខន្ធកម្មករចំនួន ៥នាក់ ដែលត្រូវអាជ្ញាធររដ្ឋាភិបាលបាញ់សម្លាប់នៅក្បែរសួនឧស្សាហកម្មកាណាឌីយ៉ា លើកំណាត់ផ្លូវវ៉េងស្រេង កាលពីដើមខែមករា រួច លោក សម រង្ស៊ី និងលោក កឹម សុខា បានធ្វើដំណើរទៅកាន់ស្ពាននាគក្បែរវត្តភ្នំ កន្លែងដែលប្រជាពលរដ្ឋកំពុងរង់ចាំវត្តមានរបស់លោកទាំង២។ នៅទីនោះ លោក សម រង្ស៊ី ក៏បានស្នើឲ្យប្រជាពលរដ្ឋស្មិងស្មាធិ៍ចំនួនមួយនាទី ដើម្បីគោរពចំពោះវិញ្ញាណក្ខន្ធកម្មករ ៥នាក់ ដែលត្រូវអាជ្ញាធរបាញ់សម្លាប់។
ថ្លែងពីលើរថយន្តទៅកាន់អ្នកចូលរួម លោក សម រង្ស៊ី បានមានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវចងចាំចំពោះការតស៊ូរបស់កម្មករសហជីព ដែលបានលះបង់ជីវិតដើម្បីទាមទារការដំឡើងប្រាក់ខែឲ្យដល់កម្មករគ្រប់រូបនៅប្រទេសកម្ពុជា៖ «ឆ្លៀតឱកាសនេះ សូមរំឭកដល់វីរភាព និងដួងវិញ្ញាណក្ខន្ធរបស់កម្មករ និងមេសហជីព ដែលត្រូវគេបាញ់សម្លាប់ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ តាំងពីឆ្នាំ២០០៤ មាន លោក ជា វិជ្ជា ត្រូវគេបាញ់សម្លាប់យ៉ាងឃោរឃៅជាទីបំផុត មានមេសហជីព ២នាក់ទៀត ត្រូវគេបាញ់សម្លាប់អ៊ីចឹងដែរ រស់ សុវណ្ណរ៉េត និង ហ៊ី វុទ្ធី ដូច្នេះ កម្មករ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសមិនភ្លេចគុណអ្នកដែលបានបូជាជីវិត ដើម្បីកម្លាំងកម្មករ កម្លាំងយុត្តិធម៌នោះទេ»។
លោក សម រង្ស៊ី ក៏បានទាមទារឲ្យរដ្ឋាភិបាលចាប់ខ្លួនជនដៃដល់ ដែលបង្កអំពើហិង្សាមកផ្ដន្ទាទោស ក្នុងនោះក៏មាន លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលបានបាញ់កម្មករឲ្យរបួស ហើយនៅរួចខ្លួនរហូតដល់សព្វថ្ងៃ និងបានទាមទារឲ្យរដ្ឋាភិបាលដោះលែងជនទាំង ២១នាក់ ដែលត្រូវរដ្ឋាភិបាលចាប់ឃុំខ្លួន និងទាមទារឲ្យទម្លាក់បទចោទទាំងអស់ដែលប្រឆាំងនឹងពួកគេ។
ចំណែក លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ វិញ លោកបានថ្លែងថា កម្មករខ្មែរគ្រប់រូបសុទ្ធតែចង់បានសិទ្ធិសេរីភាព និងការរស់នៅថ្លៃថ្នូរសមរម្យ។ លោកថា នៅប្រទេសដទៃដែលកាន់លទ្ធិប្រជាធិបតេយ្យ នៅថ្ងៃទី១ ឧសភា ដែលជាទិវាពលកម្មអន្តរជាតិ រដ្ឋាភិបាលគេតែងតែចេញមកប្រកាសគាំទ្រការពារកម្មករ។ ដោយឡែកនៅកម្ពុជា វិញ រដ្ឋាភិបាលបែរជាយកកាណុងកាំភ្លើងមកស្វាគមន៍កម្មករទៅវិញ។ លោកថា នៅពេលគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោត គណបក្សសង្គ្រោះជាតិ នឹងផ្តល់ប្រាក់ខែគោល ១៦០ដុល្លារឲ្យកម្មករដោយគ្មានការបង្អែបង្អង់ឡើយ។

លោក កឹម សុខា៖ «ថ្ងៃទី១ ឧសភា នេះជាថ្ងៃដែលយើងទាមទារនូវសិទ្ធិស្មើគ្នា នូវសិទ្ធិសេរីភាព និងប្រជាធិបតេយ្យ ជាពិសេសកម្មករ ត្រូវតែទទួលបានជីវភាពប្រសើរឡើងទាំងអស់គ្នា ទី២ ចំពោះអំពើឃោរឃៅទាំងឡាយដែលបានសម្លាប់ ដែលបានបាញ់កម្មករ ដែលធ្វើទារុណកម្មកម្មករ ខ្ញុំ កឹម សុខា ក្នុងនាមគណបក្សសង្គ្រោះជាតិ ខ្ញុំសូមសន្យាជាមួយបងប្អូន ដល់គ្រួសារអ្នកដែលស្លាប់ អ្នករងរបួសទាំងអស់ថា បើច្បាប់ជាតិមិនរកយុត្តិធម៌ជូនបងប្អូនបានទេ យើងនឹងដាក់ប្ដឹងទៅតុលាការអន្តរជាតិ»។
បន្ទាប់ពីការថ្លែងរបស់ លោក សម រង្ស៊ី និងលោក កឹម សុខា លោកទាំងពីរក៏បានផ្តល់ឱកាសឲ្យប្រជាពលរដ្ឋ កម្មករ សហជីព ឡើងថ្លែងអំពីការយល់ឃើញ និងកង្វល់ផ្សេងៗរបស់ពួកគេ។
អគ្គលេខាធិការទទួលខុសត្រូវផ្នែកលេខាធិការដ្ឋាននៃសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក ឯក សុភក្តី ដែលបានចូលរួមដឹកនាំការជួបជុំរបស់កម្មករដែរនោះ លោកបានមានប្រសាសន៍ថា ការបិទខ្ទប់ទីលានប្រជាធិបតេយ្យ និងការហាមឃាត់មិនឲ្យពលរដ្ឋជួបប្រជុំគ្នាពីសំណាក់អាជ្ញាធរ គឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
លោក ឯក សុភក្តី៖ «ជាទូទៅកន្លែងសាធារណៈ ជាពិសេសបំផុត គឺទីលានប្រជាធិបតេយ្យនេះ គឺជាទីកន្លែងមួយដែលរដ្ឋាភិបាលខ្លួនឯងជាអ្នករៀបចំឲ្យប្រជាពលរដ្ឋ ឬក៏អ្នកមានបញ្ហាក្នុងសង្គមទៅស្រែកនៅកន្លែងហ្នឹង ទៅធ្វើនៅកន្លែងហ្នឹង តែចុងក្រោយរដ្ឋាភិបាលខ្លួនឯង បានបិទបាំងមិនឲ្យគេធ្វើកន្លែងហ្នឹង ចង់សម្រេចខ្លួនឯងចង់ធ្វើតាមអំពើចិត្ត អ៊ីចឹងមានន័យថា វាមិនបង្ហាញអំពីគោលជំហរជាតិទេ វាមិនមែនធ្វើដើម្បីជាតិទេ គឺធ្វើដើម្បីបុគ្គល ឬក៏ធ្វើដើម្បីក្រុមបក្ខពួករបស់ខ្លួនទៅវិញទេ»។
ក្រៅតែពីការជួបជុំនៅស្ពាននាគក្បែរវត្តភ្នំ កម្មករជាច្រើនរយនាក់ក៏បានជួបប្រជុំគ្នានៅមុខរដ្ឋសភា តែពួកគេមិនត្រូវបានអាជ្ញាធរអនុញ្ញាតឲ្យជួបជុំឡើយ។ ក្រោយមក កម្មករក៏បានធ្វើដំណើរចេញពីរដ្ឋសភា ដង្ហែក្បួនយកញត្តិទៅដាក់នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បានមានប្រសាសន៍នៅថ្ងៃទី១ ឧសភា ថា ចំពោះការដាក់ញត្តិស្នើឲ្យមានការដោះលែងជនជាប់ចោទទាំង ២១នាក់នោះ វាគឺរឿងរបស់តុលាការ។ លោកថា ចំពោះការដំឡើងប្រាក់ខែវិញ វាជារឿងរវាងសហជីព និងនិយោជក ចំណែករដ្ឋាភិបាលជួយផ្នែកការគ្រប់គ្រង និងការអនុវត្តច្បាប់ និងជាសាក្សីក្នុងការចរចាគ្នាប៉ុណ្ណោះ ព្រោះលោកថា ប្រទេសកម្ពុជា ប្រកាន់របបទីផ្សារសេរីជាគោល។ ចំពោះការហាមប្រាមមិនឲ្យពលរដ្ឋធ្វើការជួបជុំនៅទីលានប្រជាធិបតេយ្យវិញ លោក ឈាង វុន មានប្រសាសន៍ថា ដើម្បីបញ្ចៀសនូវអំពើហិង្សា។
លោក ឈាង វុន៖ «បើការជួបជុំហ្នឹងអត់មានអំពើហិង្សាអីទេ គេបណ្តោយឲ្យជួបជុំមួយឆ្នាំក៏អត់អីដែរ ២ឆ្នាំក៏អត់អីដែរ បើជួបជុំឲ្យចេញជារូបរាងហិង្សា ចោលដុំថ្ម បាញ់សម្លាប់គ្នា អាហ្នឹង គឺគេមិនអាចឲ្យជួបជុំបានទេ ទុកបរិវេណស្ងប់ស្ងាត់ទៅ ស្រុកណាក៏គេធ្វើអ៊ីចឹងដែរ»។
សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ បានប្រកាសមិនអនុញ្ញាតឲ្យសហភាពសហព័ន្ធសហជីព និងសមាគម ធ្វើការជួបជុំនៅទីលានប្រជាធិបតេយ្យ ឬតាមទីសាធារណៈណាមួយឡើយ ដោយលើកឡើងថា ទីលានប្រជាធិបតេយ្យកំពុងស្ថិតក្រោមការស៊ើបអង្កេត និងដើម្បីត្រៀមរៀបចំការពារសន្តិសុខ សម្រាប់វគ្គយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានី និងក្រុមប្រឹក្សាខណ្ឌក្នុងពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។