លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២ មេសា បានថ្វាយលិខិតមួយច្បាប់ទៅព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី ឆ្លើយតបទៅនឹងព្រះរាជសារព្រះមហាក្សត្រ ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា កាលពីថ្ងៃទី១ មេសា។
ក្នុងលិខិតនោះសរសេរថា រដ្ឋសភាបង្កើតឡើងកាលពីថ្ងៃទី២៣ កញ្ញា ឆ្នាំ២០១៣ គឺជាសភាឯកបក្សដែលមានតំណាងមកតែពីគណបក្សប្រជាជនកម្ពុជា មិនមែនតំណាងឲ្យប្រជាពលរដ្ឋខ្មែរទាំងមូលនោះទេ។ លិខិតនោះបន្តថា គណបក្សសង្គ្រោះជាតិ ជាគណបក្សតំណាងឲ្យពលរដ្ឋយ៉ាងតិច ៣លាននាក់ ដូច្នោះរដ្ឋសភាបច្ចុប្បន្ន មិនឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់ពលរដ្ឋខ្មែរឡើយ ដោយសារពុំមានតំណាងរាស្ត្រគ្រប់ចំនួន ១២០រូប ចូលរួមប្រជុំសម័យប្រជុំដំបូងនៃរដ្ឋសភា។
លោក សម រង្ស៊ី រំលឹកព្រះមហាក្សត្រថា ស្ថិតក្នុងស្ថានភាពដូចគ្នានេះដែរ អតីតព្រះមហាក្សត្រព្រះករុណា នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ទ្រង់មានព្រះរាជតម្រិះ និងសម្រេចព្រះទ័យមិនយាងចូលរួមសម័យប្រជុំដំបូងរដ្ឋសភានីតិកាលទី៣ ឆ្នាំ២០០៣ ដោយហេតុថា ពុំមានតំណាងរាស្ត្រមកពីគ្រប់គណបក្សដែលពលរដ្ឋបានបោះឆ្នោតឲ្យ។ លោក សម រង្ស៊ី បន្តថា រដ្ឋសភាបច្ចុប្បន្នជារដ្ឋសភាតំណាងឲ្យគណបក្សប្រជាជនកម្ពុជា មិនមែនតំណាងឲ្យពលរដ្ឋទាំងមូល។
គណបក្សប្រជាជនកម្ពុជា និងព្រះបរមរាជវាំង នៅមិនទាន់ឆ្លើយតបទៅនឹងលិខិតលោក សម រង្ស៊ី នៅឡើយទេ។ អង្គការសង្គមស៊ីវិលនៅដើមមេសានេះ ធ្លាប់បានស្នើឲ្យរដ្ឋសភាផ្អាកការអនុម័តច្បាប់ នៅពេលបញ្ហាជាប់គាំងនយោបាយមិនទាន់បានដោះស្រាយ ហើយសមាជិកសភានៃគណបក្សនយោបាយជាប់ឆ្នោតមិនទាន់ចូលរួមប្រជុំរដ្ឋសភា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។