ព្រឹទ្ធសភាកម្ពុជា កោះប្រជុំវិសាមញ្ញដើម្បីជ្រើសរើសប្រធានព្រឹទ្ធសភា បន្ទាប់ពីលោក ជា ស៊ីម អតីតប្រធានព្រឹទ្ធសភាទទួលមរណភាពកាលពីថ្ងៃទី៨ ខែមិថុនា។ ការបោះឆ្នោតជ្រើសរើសប្រធានព្រឹទ្ធសភាថ្មីនេះ គឺមានសមាជិកព្រឹទ្ធសភាចំនួន ៥២នាក់ចូលរួម និងអវត្តមាន ៩នាក់។
ព្រឹទ្ធសភាកម្ពុជា បោះឆ្នោតជ្រើសរើសប្រធានថ្មីយ៉ាងប្រញាប់ប្រញាល់ បន្ទាប់ពីប្រធានគណបក្សប្រជាជនកម្ពុជា លោក ជា ស៊ីម និងជាប្រធានព្រឹទ្ធសភាទទួលមរណភាពមិនទាន់បាន ២៤ម៉ោងផង។
លោក សាយ ឈុំ ដែលធ្លាប់តែជាអនុប្រធានទី១ នៃព្រឹទ្ធសភា ឥឡូវប្រែមុខមាត់ថ្មីជាប្រធានព្រឹទ្ធសភា ដោយអង្គព្រឹទ្ធសភាបានបោះឆ្នោតជ្រើសរើសលោកក្នុងសំឡេងគាំទ្រ ៥២ លើ ៥២សំឡេង នៅថ្ងៃទី៩ ខែមិថុនា។ ការបោះឆ្នោតគាំទ្រ លោក សាយ ឈុំ ជាប្រធានព្រឹទ្ធសភាដោយប្រញាប់ប្រញាល់នេះ នៅគ្រាដែលសពលោក ជា ស៊ីម ត្រូវបានតម្កល់ធ្វើបុណ្យនៅក្នុងគេហដ្ឋាននៅឡើយ។ ការបោះឆ្នោតជ្រើសរើសឲ្យ លោក សាយ ឈុំ ធ្វើជាប្រធានព្រឹទ្ធសភានេះទៀត ក៏ដូចអ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រកាសជាសាធារណៈថា លោក សាយ ឈុំ នឹងត្រូវឡើងធ្វើជាប្រធានព្រឹទ្ធសភាបើអត់ពីលោក ជា ស៊ីម។
យ៉ាងណាក៏ដោយ មុននឹងចាប់ផ្ដើមបោះឆ្នោតជ្រើសរើសប្រធានព្រឹទ្ធសភាថ្មី អង្គប្រជុំបានក្រោកឈរស្មិងស្មាធិ៍ចំនួន ១នាទី ដើម្បីគោរពវិញ្ញាណក្ខន្ធលោក ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា។
អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង អះអាងថា លោក សាយ ឈុំ ជាប់ឆ្នោតជាប្រធានព្រឹទ្ធសភានីតិកាលទី៣ ដោយមានសំឡេងគាំទ្រ ១០០% ពីសមាជិកព្រឹទ្ធសភាដែលបានមកប្រជុំចំនួន ៥២រូប។ លោកបញ្ជាក់ថា សមាជិកព្រឹទ្ធសភាទាំងអស់មានចំនួន ៦១នាក់ គឺអវត្តមាន ៩នាក់ នៅក្នុងកិច្ចប្រជុំនេះ។ រីឯអនុប្រធានទី១ នៃព្រឹទ្ធសភា អង្គព្រឹទ្ធសភាបានបោះឆ្នោតគាំទ្រ លោក នៃ ប៉េណា ដោយមានសំឡេងគាំទ្រ ៥១ លើ ៥២សំឡេង ហើយអនុប្រធានទី២ គឺលោក ទេព ងន ដដែល៖ «យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ១១១ ពេលប្រធានព្រឹទ្ធសភាពទទួលមរណភាព យើងត្រូវបោះឆ្នោតជ្រើសរើសប្រធានថ្មី»។
លោកបញ្ជាក់ថា កាលពីលោក ជា ស៊ីម អតីតប្រធានព្រឹទ្ធសភានៅមានជីវិតនៅឡើយនោះ លោកតែងតែជំរុញឲ្យមន្ត្រីទាំងអស់យកចិត្តទុកដាក់ការងារប្រទេសជាតិ ដោយចុះទៅផ្ទាល់តាមសហគមន៍ដើម្បីស្វែងយល់ពីផលលំបាករបស់ប្រជាជន។
ជុំវិញការបោះឆ្នោតជ្រើសរើសប្រធានព្រឹទ្ធសភាថ្មីនេះ អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី លើកឡើងថា ការបោះឆ្នោតនេះធ្វើឡើងក្នុងរូបភាពត្រៀមទុកជាមុន និងប្រញាប់ប្រញាល់ជាទីបំផុត ព្រោះថា លោក ជា ស៊ីម ទើបតែទទួលមរណភាពមិនទាន់បានមួយយប់មួយថ្ងៃផង៖ «វាគួរតែមានការរៀបចំឲ្យបានជាក់លាក់ មុនសម្រេចចិត្តបោះឆ្នោតជ្រើសរើសប្រធានព្រឹទ្ធសភា។ ការធ្វើការក្នុងប្រទេសកម្ពុជា ធ្វើតាមចិត្តចង់»។
ជុំវិញការទទួលមរណភាពរបស់លោក ជា ស៊ីម នេះដែរ ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន និងស្ថាប័នជាតិដទៃផ្សេងទៀត បានចេញសាររំលែកទុក្ខក្រុមគ្រួសារដោយភាពសង្វេគ និងសោកស្ដាយ។
ទន្ទឹមនឹងនេះដែរ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា ក៏បានផ្ញើសារសំដែងនូវសមានចិត្តមរណទុក្ខដ៏ក្រៀមក្រំជូនរដ្ឋាភិបាលកម្ពុជា ប្រជាជនកម្ពុជា និងក្រុមគ្រួសារលោក ជា ស៊ីម។
កាសែតបរទេសមួយចំនួនក៏បានចុះផ្សាយស្ដីពីការស្លាប់របស់លោក ជា ស៊ីម នេះដែរ។ ចំណែកកាសែតក្នុងស្រុកវិញ ក៏ចុះផ្សាយព្រោងព្រាតនៅលើទំព័ររបស់ខ្លួនដោមមានចំណងជើងផ្សេងៗគ្នា។
សមាជិកព្រឹទ្ធសភា ៥២រូបដែលចូលរួមបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានព្រឹទ្ធសភានៅថ្ងៃនេះ មាន ១១រូបមកពីគណបក្ស សម រង្ស៊ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។