គណបក្សសង្គ្រោះជាតិ នៅតែមានបំណងបង្កើតរចនាសម្ព័ន្ធស្រមោល ដើម្បីត្រួតពិនិត្យសកម្មភាពរដ្ឋាភិបាល បើទោះជាគណបក្សប្រជាជនកម្ពុជា មិនយល់ស្របក៏ដោយ។ នៅក្នុងអាណត្តិនេះ គណបក្សសង្គ្រោះជាតិប៉ុនប៉ងបង្កើតរចនាសម្ព័ន្ធគណៈរដ្ឋមន្ត្រីស្រមោលមួយ ដែលទទួលបន្ទុកលើការតាមដានការអនុវត្តសកម្មភាពរដ្ឋាភិបាលចំនួន ១១ក្រសួង។
បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ថ្លែងថា តាមពិតរចនាសម្ព័ន្ធស្រមោលដែលត្រួតពិនិត្យសកម្មភាពតាមដានការអនុវត្តសកម្មភាពរដ្ឋាភិបាលនេះ មាននៅក្នុងគណបក្សប្រឆាំងយូរមកហើយ គឺនៅក្នុងគណបក្ស សម រង្ស៊ី។ លោកថា គណបក្សសង្គ្រោះជាតិ ក៏មានដូច្នេះដែរ គ្រាន់តែចាត់ឱ្យមានអ្នកនាំពាក្យម្នាក់៖ «អ្នកដែលគ្រប់គ្រង តាមដានស្ថាប័ននីមួយៗ គាត់ជាអ្នកនាំពាក្យក៏បាន ដើម្បីពន្យល់ជាសាធារណៈថា តើក្រសួងនេះបានធ្វើអីខុស ហើយគួរធ្វើបែបម៉េចត្រឹមត្រូវជាង។ ជាផលប្រយោជន៍ទៅវិញទេ»។
លោកបញ្ជាក់ថា កន្លងទៅនេះ ការអនុវត្តនៅប្រទេសកម្ពុជា មិនបានអនុវត្តឱ្យបានត្រឹមត្រូវតាមបែបបទនៃលទ្ធិប្រជាធិបតេយ្យសភានិយមទេ។ ជារឿយៗ គណបក្សកាន់អំណាចតែងតែរិះគន់ថា គណបក្សប្រឆាំងថា រិះគន់គ្មានលក្ខណៈស្ថាបនា ហើយការចោទប្រកាន់រដ្ឋាភិបាលគ្មានការពិត៖ «ដូច្នេះបានជាគេបង្កើតឱ្យមានស្ថាប័នស្រមោលនេះ គឺតំណាងរាស្ត្រទទួលខុសត្រូវទទួលបន្ទុកតាមដានការងារក្រសួងនីមួយៗ របស់រដ្ឋាភិបាល ហើយគេមានអ្នកជំនាញជួយស្រាវជ្រាវគោលការណ៍នៃការអនុវត្តលើវិស័យទាំងនោះ»។
លោកគូសបញ្ជាក់ថា ក្រុមតំណាងរាស្ត្រក្រៅរដ្ឋាភិបាលនេះ គឺគាត់ទទួលខុសត្រូវចុះស្រាវជ្រាវរកភស្តុតាងនៃក្រសួងរដ្ឋាភិបាល ដែលប្រព្រឹត្តមិនត្រឹមត្រូវ ដើម្បីយកមកចោទសួរ រិះគន់ ឬក៏លើកឡើងក្នុងការសួរដេញដោលនៅសភា ឬការសាកសួរតាមរយៈលិខិត ដូចមានចែងក្នុងមាត្រា ៩៦ នៃរដ្ឋធម្មនុញ្ញ។
ទោះជាដូច្នេះក្ដី លោក សុន ឆ័យ មានប្រសាសន៍ថា បញ្ហាបង្កើតរដ្ឋាភិបាលស្រមោលនេះ មិនមែនជាបញ្ហាថ្មីទេ។ លោកថា ប្រសិនបើរដ្ឋាភិបាលមិនចង់ឱ្យមានឈ្មោះជារដ្ឋាភិបាលស្រមោលទេ អាចហៅជាឈ្មោះផ្សេងក៏បាន៖ «យើងហៅវាក្រុមគណៈកម្មការជំនាញរបស់គណបក្ស។ យើងបានអនុវត្តហើយ តាំងពីគណបក្ស សម រង្ស៊ី មកម្ល៉េះ។ យើងបង្កើតក្រុមជំនាញ គឺធ្វើការសិក្សាតាមដានការងារ ហើយរៀបចំគោលនយោបាយរបស់គណបក្ស។ ធ្វើដូចគ្នាអ៊ីចឹង។ គ្រាន់តែថា ជាការងារមួយគួរទទួលបានថវិកាផ្ដល់ឱ្យដោយរដ្ឋសភា ដើម្បីឱ្យក្រុមតំណាងរាស្ត្រហ្នឹង អាចជួលអ្នកបច្ចេកទេស អ្នកឯកទេស ដើម្បីជួយធ្វើការស្រាវជ្រាវ »។
លោកថា គណបក្សសង្គ្រោះជាតិនៅតែបន្តធ្វើ ទោះជារដ្ឋាភិបាលមិនព្រមក៏ដោយ។ ប៉ុន្តែគណបក្សសង្គ្រោះជាតិ ចង់ក្រុមការងារទាំងនេះ មានថវិកាជាមធ្យោបាយសម្រាប់ធ្វើការងារឱ្យមានប្រសិទ្ធភាព ព្រោះថា ពេលនេះជាលើកទីមួយហើយ ដែលសភានៃព្រះរាជាណាចក្រកម្ពុជា មានតំណាងរាស្ត្ររដ្ឋាភិបាលចំនួនច្រើន ហើយក៏ជាឱកាសមួយដែលគណបក្សសង្គ្រោះជាតិ ត្រូវរៀបចំខ្លួនជាស្រេច ដោយមិនត្រូវរង់ចាំរហូតដល់ពេលឈ្នះឆ្នោត ទើបចាប់អង្គុយគិតរកអ្នកជំនាញចូលកាន់ក្រសួងទេ៖ « ជាកាតព្វកិច្ច គណបក្សធំប៉ុនហ្នឹងត្រូវរៀបចំខ្លួន ទាំងសមត្ថភាពសមាជិកគណបក្សខ្លួនឱ្យបានយល់ដឹងអំពីការគ្រប់គ្រងប្រទេស ឱ្យយល់ដឹងពីនយោបាយ ទាំងបច្ចេកទេស។ ត្រៀមខ្លួន នៅពេលណាយើងឈ្នះ យើងអាចទៅដឹកនាំប្រទេសមានប្រសិទ្ធភាព។ ទោះបីជាមិនត្រូវការ ក៏យើងត្រូវតែរៀបចំខ្លួនដែរ » ។
លោក សុន ឆ័យ គូសបញ្ជាក់ថា រដ្ឋាភិបាលស្រមោល ឬក្រុមការងារជំនាញនេះ គណបក្សសង្គ្រោះជាតិ បង្កើតសម្រាប់តែ ១១ ក្រសួងទេ ដោយមិនចាំបាច់ស្មើនឹងក្រសួងជាង ២០ របស់រដ្ឋាភិបាលកាន់អំណាចទេ ព្រោះថា ក្រសួងណាដែលទាក់ទងគ្នាអាចបញ្ចូលគ្នាបាន៖ «ដូចជាក្រសួងកសិកម្មពីដើមមិញ ក្រសួងធនធានទឹកហ្នឹង វានៅក្នុងជានាយកដ្ឋានមួយទេតើ នៅក្នុងក្រសួងកសិកម្ម។ គេមិនដែលធ្វើកសិកម្មហើយរត់ទៅក្រសួងមួយផ្សេង ធ្វើប្រព័ន្ធធារាសាស្ត្រនោះទេ។ ត្រូវតែស្ថិតនៅវិស័យកសិកម្មជាមួយគ្នាដូចធ្លាប់មានពីដើម។ ដូច្នេះយើងបន្ថយចំនួនក្រសួង»។
លោក សុន ឆ័យ មានប្រសាសន៍ថា បញ្ហានេះត្រូវបានគណបក្សសង្គ្រោះជាតិ លើកទៅពិភាក្សានៅក្នុងកិច្ចចរចា កាលពីថ្ងៃទី២២ កក្កដា។ ក៏ប៉ុន្តែ លោកបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា បញ្ហានេះមិនគួរប្រញាប់ពេកទេ។ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែងបញ្ជាក់ដែរថា បញ្ហាបង្កើតរដ្ឋាភិបាល ឬរចនាសម្ព័ន្ធសម្រាប់បក្សប្រឆាំងនេះ មិនមែនជាបញ្ហាអាទិភាពទេ៖ «អត់មានជាអាទិភាពទេ។ យើងសុំទុកមួយអន្លើ មួយអន្លើខ្ពស់ឆ្ងាយ អត់មានយកមកធ្វើជាធំដំអីទេ » ។
អ្នកច្បាប់មួយចំនួនពន្យល់ថា ការបង្កើតរចនាសម្ព័ន្ធបែបនេះ គឺយន្តការសភាមួយ ដែលត្រូវបានអនុវត្តនៅបណ្ដាប្រទេសប្រជាធិបតេយ្យនៅអឺរ៉ុប និងប្រទេសក្នុងអាស៊ានមួយចំនួន។
ប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សនិងច្បាប់ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី ចរិយា មានប្រសាសន៍ពន្យល់ថា រដ្ឋាភិបាលស្រមោលនៅប្រទេសដទៃ គឺជារចនាសម្ព័ន្ធមួយរបស់គណបក្សប្រឆាំង ដែលមិននៅក្នុងរដ្ឋាភិបាលដើម្បីឱ្យគណបក្សនៅក្រៅរដ្ឋាភិបាលមានលទ្ធភាពក្នុងការតាមដានសកម្មរបស់គណបក្សកាន់អំណាច ជាពិសេសភ្នែកនីតិប្រតិបត្តិនៅក្នុងស្ថាប័ននីមួយៗ។
លោកពន្យល់ថា តាមការអនុវត្តបែបនេះ គេត្រូវផ្ដល់ឱ្យមានថវិការដ្ឋបាលត្រឹមត្រូវ ប៉ុន្តែក្រុមបក្សប្រឆាំងដែលរៀបចំចំនួនក្រុមតាមដាននោះមិនមានចំនួនមន្ត្រីច្រើនដូចស្ថាប័ននីតិប្រតិបត្តិទេ៖ «ឧទាហរណ៍ថា នៅក្រសួងការពារជាតិ គេមានម្នាក់ពីរសម្រាប់តាមដានមើលការអនុវត្តរបស់ក្រសួងការពារជាតិទៅ។ ក៏ប៉ុន្តែ ដូចក្រសួងការពារជាតិអ៊ីចឹងគេមានព្រំដែនដែរក្នុងការធ្វើកិច្ចការ។ រដ្ឋាភិបាលស្រមោលហ្នឹង គឺមិនលូកលាន់ទាក់ទងទៅនឹងរឿងកិច្ចការសម្ងាត់របស់យោធាទេ គឺទាក់ទងទៅនឹងរឿងរដ្ឋបាល។ ឧទាហរណ៍ដូចជា រឿងយោធាធ្វើខុសទៅយកដីធ្លីរបស់ប្រជាពលរដ្ឋជាដើម។ អាហ្នឹងគឺគេធ្វើនៅក្នុងកម្រិតហ្នឹង » ។
ទាក់ទងនឹងការបង្កើតរដ្ឋាភិបាលស្រមោលនេះដែរ អ្នកវិភាគឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែងថា នៅពេលនេះ គឺជាឱកាសមួយដែលត្រូវគិតគូរអំពីការកសាងយន្តការ ឬហៅថា នីតិវិធីឱ្យមានដំណើរការស្រួលតាមបែបផែនរដ្ឋសភានៅក្នុងប្រជាធិបតេយ្យរបបសភា។ លោកថា ជាការល្អដែលត្រូវគិតគូរឱ្យមានរដ្ឋាភិបាលស្រមោលរបស់គណបក្សប្រឆាំង ដូចមាននៅតាមបណ្ដាប្រទេសមួយចំនួន។
លោកថា រដ្ឋាភិបាលស្រមោលនេះជារចនាសម្ព័ន្ធជជែកដេញដោលក្នុងសភាមួយដែលមានប្រវត្តិពីចក្រភពអង់គ្លេស៖ « សភាគេ គេរៀបចំទាំងព្រឹទ្ធសភាដែរ គឺគេអង្គុយទល់មុខគ្នា ដែលប្រធានរដ្ឋសភានៅកណ្ដាល ហើយខាងឆ្វេង និងខាងស្ដាំមានបង់ពីរជួរសង្ខាងហ្នឹង សម្រាប់ម្ខាងខាងស្ដាំប្រធានហ្នឹង គឺកៅអីបង់សម្រាប់រដ្ឋាភិបាល ហើយគណបក្សប្រឆាំងនៅបង់ម្ខាងទៀត ទល់មុខគ្នា ប្រឈមដាក់គ្នា។ អ៊ីចឹងបានពាក្យអង់គ្លេស យើងបកវាខុស។ Opposition មានន័យថា ទល់មុខគ្នា។ យើងបកថា ប្រឆាំងទៅ » ។
ចំពោះហេតុផលថា ប្រទេសកម្ពុជាអនុវត្តតាមប្រព័ន្ធបារាំង មិនអាចអនុវត្តបែបនេះទៅបាន លោក នី ចរិយា ចាត់ទុកថា គ្រាន់តែជាការដោះសារប៉ុណ្ណោះ៖ «ឱ្យតែអីបន្តិចប្រព័ន្ធបារាំង អីបន្តិចអង់គ្លេស អីបន្តិចអាមេរិកាំងអ៊ីចឹងទៅ។ ខ្ញុំយល់ថា តើយើងមានឆន្ទៈពិតប្រាកដក្នុងការកសាងប្រទេសមួយឱ្យមានលក្ខណៈត្រឹមត្រូវទេ មានលក្ខណៈតម្លាភាពទេ? បើយើងមាន ជួនកាលយើងអាចបង្កើតយន្តការខ្លួនឯងក៏បានដែរ ឱ្យតែយន្តការនោះកើតឡើង ដើម្បីផលប្រយោជន៍ប្រជាជន ដើម្បីការពារប្រជាជន។ នៅស្រុកបារាំងគេអនុវត្តច្បាប់ដូចតែយើងដែរ ប៉ុន្តែកន្លែងណាដែលល្អមិនចាប់តំណាងរាស្ត្រ យើងយកមកចាប់កើត។ កន្លែងណាគេមិនបិទទីលានប្រជាធិបតេយ្យ គេយកមកបិទកើត។ អាហ្នឹងអនុវត្តតាមគោលការណ៍អី? បារាំងគេធ្វើអ៊ីចឹងដែរ ឬយ៉ាងម៉េច?»។
លោក នី ចរិយា មានប្រសាសន៍ថា មិនត្រូវពឹងផ្អែកលើប្រព័ន្ធច្បាប់ប្រទេសណាមួយទេ។ ប្រការសំខាន់ គឺការរកយន្តការណាមួយដែលត្រួតពិនិត្យគ្នាបានល្អសម្រាប់ប្រទេស។ ជាច្រើនសុទ្ធតែមានយន្តការសភាបែបរដ្ឋាភិបាលស្រមោលនេះ៖ «ឥឡូវបើថា យើងមិនបង្កើតរដ្ឋាភិបាលស្រមោលនៅក្នុងការិយាល័យស្ថាប័នជាតិទេ យើងអាចឱ្យគណបក្សប្រឆាំងហ្នឹងគេមានតួនាទីត្រួតពិនិត្យទៅលើស្ថាប័នហ្នឹងទៅ។ គេមានការិយាល័យរៀងៗ ខ្លួន ប៉ុន្តែគេអាចមានសិទ្ធិក្នុងការទៅទទួលយកព័ត៌មានណា ដែលមិនមែនជាព័ត៌មានត្រូវហាមឃាត់។ ឧទាហរណ៍ដូចជា រឿងសម្បទានសេដ្ឋកិច្ចអីហ្នឹង មិនមែនជាព័ត៌មានដែលគ្រោះថ្នាក់ដល់អាយុជីវិតប្រទេសជាតិទេ។ បើសិនជាយើងចេះតែយកប្រទេសនេះមកសម្អាងដើម្បីបិទបាំងនូវអំពើអាក្រក់នោះ ខ្ញុំគិតថា រឿងហ្នឹងវាមិនអាចរីកចម្រើនទៅមុខបានទេ » ។
កាលពីឆ្នាំ២០០៤ សមាជិកគណបក្ស សម រង្ស៊ី មួយរូប គឺលោក ជាម ចន្នី ត្រូវបានរដ្ឋាភិបាលចាប់ខ្លួនកាត់ទោសដាក់ពន្ធនាគារ ព្រោះតែគណបក្ស សម រង្ស៊ី បង្កើតគណៈកម្មការស្រមោលដូចគ្នាមួយ ដែលទទួលបន្ទុកខាងក្រសួងការពារជាតិ និងសន្តិសុខសាធារណៈ។
លោក ឡៅ ម៉ុងហៃ បញ្ជាក់ថា រដ្ឋាភិបាលស្រមោលនេះ គ្រាន់តែគោលនយោបាយប៉ុណ្ណោះ មិនមានអំណាចអ្វីជាក់ស្ដែងទេ។ លោកថា ការធ្វើកន្លងទៅ គឺជាការធ្វើហួសគោលនយោបាយនេះ ដោយបង្កើតឱ្យមានរចនាសម្ព័ន្ធមានឋានន្តរសក្ដិនានា។
លោក សុន ឆ័យ ថ្លែងថា រដ្ឋាភិបាលគួរតែពិនិត្យពិច័យឱ្យបានច្បាស់អំពីរចនាសម្ព័ន្ធនេះ ប្រសិនបើរដ្ឋាភិបាលបារម្ភខ្លាចមានរដ្ឋាភិបាលស្រមោលសម្រាប់ផ្ដួលរំលំរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។