អង្គការសង្គមស៊ីវិលដែលចូលរួមវាយតម្លៃលើស្ថានការណ៍ និងដំណើរការរាប់សន្លឹកឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ អះអាងថា គណបក្សប្រជាជនកម្ពុជា ទទួលបាន ៤៨ភាគរយ គណបក្សសង្គ្រោះជាតិ ៤៥ភាគរយនៃសំឡេងឆ្នោតបានការសរុប។
របាយការណ៍វាយតម្លៃលទ្ធផលបឋមដែលចេញផ្សាយដោយបន្ទប់ស្ថានការណ៍ ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ របស់អង្គការសង្គមស៊ីវិល អះអាងថា របាយការណ៍វាយតម្លៃនេះមានជំនឿចិត្តត្រឹមត្រូវ ៩៥ភាគរយ ខណៈកម្រិតលម្អៀងមាន ៥ភាគរយ។
យ៉ាងណាក៏ដោយ របាយការណ៍នេះបានបង្ហាញនូវភាពមិនប្រក្រតីមួយចំនួនក្នុងដំណើរការរាប់សន្លឹកឆ្នោត និងកំណត់ហេតុប្រកាសនៃការរាប់សន្លឹកឆ្នោត ដូចជាការពន្យារពេលចាប់ផ្ដើមដំណើរការរាប់សន្លឹកឆ្នោត ការមិនអនុញ្ញាតឲ្យអ្នកសង្កេតការណ៍ចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត ដំណើរការរាប់នៅទីងងឹត បិទទ្វារ និងបង្អួច ការអានប្រកាសសំឡេងឆ្នោត ឬបង្ហាញគំនូសពេលរាប់សន្លឹកឆ្នោតមិនច្បាស់លាស់ ជាដើម។
នាយកប្រតិបត្តិអង្គការខុមហ្វ្រែល (COMFREL) និងជាសមាជិកនៃបន្ទប់ស្ថានការណ៍បោះឆ្នោត លោក គល់ បញ្ញា ប្រាប់ថា ក្រុមអង្គការសង្គមស៊ីវិលកំពុងអង្កេតមើលភាពមិនប្រក្រតីនៃដំណើរការបោះឆ្នោត ហើយយកទៅផ្ទៀងផ្ទាត់ជាមួយកំណត់ហេតុរបស់ គ.ជ.ប។ បន្ទប់ស្ថានការណ៍បោះឆ្នោត ក៏កំពុងអង្កេតមើលពីភាពមិនប្រក្រតីនៃការបណ្ដេញអ្នកអង្កេតការណ៍ និងមិនអនុញ្ញាតឲ្យអ្នកអង្កេតការណ៍ចូលក្នុងការិយាល័យបោះឆ្នោត។ ចំណែកលទ្ធផលដែលបន្ទប់ស្ថានការណ៍វាយតម្លៃថា គណបក្សប្រជាជនកម្ពុជា ទទួលបាន ៤៨ភាគរយ ឯគណបក្សសង្គ្រោះជាតិ ទទួលបាន ៤៥ភាគរយ លោក គល់ បញ្ញា បញ្ជាក់ថា ជាលទ្ធផលដែលបន្ទប់ស្ថានការណ៍បានទទួលពីអ្នកអង្កេតការណ៍នៅកន្លែងអាទិភាពចំនួន ២៥រាជធានី-ខេត្ត៖ «២៥% ប៉ុន្តែ ២៥% ហ្នឹង គឺបានមកពីគ្រប់ខេត្ត បានន័យថា របៀបយើងធ្វើការដែលគេហៅថា យកកន្លែងអាទិភាព ដើម្បីយើងកំណត់មើល គេហៅថា និន្នាការនៃលទ្ធផលហ្នឹង»។
បញ្ជីបោះឆ្នោតថ្មីរបស់ គ.ជ.ប កាលពីឆ្នាំ២០១៦ បង្ហាញថា មានពលរដ្ឋជិត ៨លាននាក់ (៧.៨៦៥.០៣៣នាក់)បានចុះឈ្មោះបោះឆ្នោត។
បើទោះជាក្រុមអង្គការសង្គមស៊ីវិលនៃបន្ទប់ស្ថានការណ៍បោះឆ្នោតយល់ថា មានភាពមិនប្រក្រតីខ្លះ ប៉ុន្តែចំពោះបរិយាកាសដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ នៅតាមការិយាល័យភាគច្រើនប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងសន្តិវិធី។
អង្គការសង្គមស៊ីវិលនៃបន្ទប់ស្ថានការណ៍បោះឆ្នោត សង្កេតឃើញថា ប្រជាពលរដ្ឋចង់មើលដំណើរការរាប់សន្លឹកឆ្នោតនៅតាមការិយាល័យភាគច្រើន ប៉ុន្តែការអនុវត្តបទបញ្ជា និងនីតិវិធីក្នុងដំណើរការរាប់សន្លឹកឆ្នោតដែលតម្រូវឲ្យពលរដ្ឋចេញក្រៅទីតាំងការិយាល័យបោះឆ្នោត ធ្វើឲ្យប្រជាពលរដ្ឋមិនពេញចិត្ត។
នៅមុនពេលរាប់សន្លឹកឆ្នោត និងអំឡុងពេលរាប់ ប្រធានគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត និងសន្តិសុខការិយាល័យបោះឆ្នោតខ្លះ បានបណ្ដេញពលរដ្ឋ និងបិទទ្វាររបងការិយាល័យបោះឆ្នោតមិនឲ្យពលរដ្ឋឈរមើលការរាប់សន្លឹកឆ្នោត។
មន្ត្រីនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់អាស៊ីសេរីកាលពីរសៀលថ្ងៃទី៤ មិថុនា ថា ពលរដ្ឋអាចឈរមើល និងថតរូបពីការរាប់សន្លឹកឆ្នោតបាននៅគ្រប់ទីតាំងការិយាល័យ ដោយគ្មានការរារាំងឡើយ លើកលែងតែចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត។ លោក ហង្ស ពុទ្ធា ថាករណីសមត្ថកិច្ចរារាំង ឬឃាត់ពលរដ្ឋមិនឲ្យមើលការរាប់សន្លឹកឆ្នោត ជារឿងខុសច្បាប់ ហើយតំណាងគណបក្សនយោបាយអាចដាក់ពាក្យប្ដឹងទៅ គ.ជ.ប បាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។