តំណាងគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតរើសសមាជិកសភាអាណត្តិទី៥ ចាត់ទុកថា សេចក្តីណែនាំរបស់ក្រសួងព័ត៌មានជាទង្វើមួយដើរផ្ទុយពីច្បាប់ និងជាដំណើរដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ប្រធានគណបក្សសញ្ជាតិកម្ពុជា លោក សេង សុខេង មានប្រសាសន៍ថា លោកមិនហ៊ានប្រឆាំងនឹងការសម្រេចរបស់ក្រសួងព័ត៌មានឡើយ។ ប៉ុន្តែ លោកចាត់ទុកថាសេចក្តីណែនាំនេះជាទង្វើប្រាសចាករដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ដែលចែងថា ពលរដ្ឋកម្ពុជា មានសិទ្ធិទទួលបានព័ត៌មាន។ លោកបញ្ជាក់ថា បើសិនជាគណបក្សរបស់លោកឈ្នះឆ្នោត លោកមិនលះបង់ប្រយោជន៍ចោលបែបនេះឡើយ។
រីឯមន្ត្រីអ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ទុំ សម្បុរ មានប្រសាសន៍ថា គណបក្សហ៊្វុនស៊ិនប៉ិច មិនឯកភាពចំពោះសេចក្តីណែនាំរបស់ក្រសួងព័ត៌មានឡើយ។ លោកបន្តថា សព្វថ្ងៃប្រជាពលរដ្ឋជាច្រើនលើសលប់ពេញចិត្តនឹងកម្មវិធីផ្សាយរបស់វិទ្យុអន្តរជាតិមួយចំនួន ដូចជា វិទ្យុអាស៊ីសេរី វិទ្យុសំឡេងសហរដ្ឋអាមេរិក និងវិទ្យុបារាំងអន្តរជាតិ ដែលផ្សាយព័ត៌មានឯករាជ្យ និងតុល្យភាព។ ហើយពលរដ្ឋស្តាប់វិទ្យុទាំងនេះតាមរលកសំឡេងរបស់វិទ្យុអែហ្វអឹម នៅក្នុងស្រុក។
ទន្ទឹមនឹងនេះ អនុប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ លោក ចាន់ យ៉េតហាក់ ថ្លែងទាំងហួសចិត្តថា ហេតុអ្វីបានជាមានការផ្អាកបែបនេះ។ លោកបន្តថា ប្រជាពលរដ្ឋភាគច្រើនមិនសូវចូលចិត្តចង់ស្តាប់ព័ត៌មានរបស់វិទ្យុក្នុងស្រុកនោះឡើយ ព្រោះវិទ្យុក្នុងស្រុកភាគច្រើនផ្សាយព័ត៌មានមិនឯករាជ្យ និងមិនមានតុល្យភាព ព្រមទាំងសម្បូរទៅដោយការឃោសនាពាណិជ្ជកម្ម ដូចជាស្រាបៀ និងឃោសនាពីបក្សកាន់អំណាចជាដើម។ លោកបញ្ជាក់ថា វិទ្យុអន្តរជាតិមានសារៈសំខាន់ណាស់ក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។
ទោះយ៉ាងណាក្តី ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច លោក ហួន រាជចំរើន ថ្លែងគាំទ្រចំណាត់ការរបស់ក្រសួងព័ត៌មាន។ លោកពន្យល់ថា ការសម្រេចរបស់ក្រសួង ទោះបីបែបណាក៏លោកគាំទ្រដែរ ដោយសារស្ថាប័នផ្សព្វផ្សាយមួយចំនួនមិនផ្តល់ផលប្រយោជន៍សម្រាប់ជាតិខ្មែរទេ។ ប៉ុន្តែ លោក ហួន រាជចំរើន បញ្ជាក់ថា បើគណបក្សលោកឈ្នះឆ្នោត លោកនឹងមិនធ្វើដូចបក្សកាន់អំណាចសព្វថ្ងៃ ដែលហាមឃាត់ការបញ្ចេញមតិនោះទេ។
ឆ្លើយតបនឹងការលើកឡើងបែបនេះ អនុប្រធានគណបក្សខ្មែរឈប់ក្រ អ្នកស្រី ឌុក ថាច រិះគន់ចំៗថា ការដាក់កំហិតឲ្យវិទ្យុក្នុងស្រុកផ្អាកការផ្សាយបន្តនូវកម្មវិធីផ្សាយរបស់វិទ្យុបរទេសជាខេមរភាសា ជាការបំបិទត្រចៀកប្រជាជននៅតាមជនបទឲ្យថ្លង់ស្តាប់អ្វីលែងឮ។ អ្នកស្រីបន្តថា រូបអ្នកស្រីប្រឆាំងដាច់ខាតនឹងចំណាត់ការបែបផ្តាច់ការបែបនេះ។
ចំណែកឯប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា ហាក់សម្ដែងការងឿងឆ្ងល់ ដោយដាក់សំណួរថា ហេតុអ្វីបានផ្អាក? បើវិទ្យុហ្នឹងធ្វើខុសអី ម៉េចមិនបិទតាំងពីដំបូងទៅ។ លោកបញ្ជាក់ថា គណបក្សរបស់លោកព្យាយាមជួលម៉ោងផ្សាយសំឡេងនៅតាមបណ្ដាខេត្តជាច្រើន តែមិនត្រូវបានអនុញ្ញាតទេ។ ហើយដំណើរការឃោសនាមកដល់ ពលរដ្ឋត្រូវទទួលព័ត៌មានសម្បូរបែបមិនគួរមានការហាមឃាត់ណាមួយឡើយ។
ទាក់ទិននឹងបញ្ហានេះ អគ្គនាយករងនាយកដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ ចាត់ទុកថា សេចក្តីណែនាំរបស់ក្រសួងព័ត៌មាន នេះ ជាការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ និងសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ។ លោកបន្តថា រឿងនេះជាបញ្ហាធ្ងន់ធ្ងរជាទីបំផុតដែលមិនអាចទទួលយកបានក្នុងសង្គមប្រជាធិបតេយ្យ។
រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាច បានចេញលិខិតផ្អាកមិនឲ្យវិទ្យុក្នុងស្រុកផ្សាយបន្តនៅកម្មវិធីព័ត៌មានរបស់វិទ្យុអន្តរជាតិ ម្តងរួចមកហើយ កាលពីបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ ឆ្នាំ២០១២។ ដែលកាលនោះ សង្គមស៊ីវិលជាតិ អន្តរជាតិ និងតំណាងវិទ្យុអន្តរជាតិទាំងនោះ ចេញសេចក្តីថ្លែងការណ៍រិះគន់យ៉ាងខ្លាំងពីចំណាត់ការរបស់រដ្ឋាភិបាល។
ក្រសួងព័ត៌មាន កាលពីថ្ងៃទី២៥ ខែមិថុនា បានចេញសេចក្តីណែនាំមួយដែលនិយាយពីសារៈសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយក្នុងដំណើរការបោះឆ្នោតនៅកម្ពុជា។ ប៉ុន្តែនៅកថាខណ្ឌចុងក្រោយ នៃលិខិតណែនាំនោះ បែរជាបញ្ជាវិទ្យុក្នុងស្រុកឲ្យផ្អាកការផ្សាយបន្តពីវិទ្យុបរទេសផ្សាយជាខេមរភាសាទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។