លោក ស ខេង ចាត់​ទុក​សកម្មភាព​ឃោសនា​បោះ​ឆ្នោត​របស់​បក្ស​ប្រឆាំង​ថា​បំពាន​ច្បាប់

0:00 / 0:00

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ចាត់​ទុក​សកម្មភាព​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ស្រុក​ខណ្ឌ​ខេត្ត​ក្រុង នា​ពេល​នេះ គឺ​ធ្វើ​ឡើង​ដោយ​បំពាន​ច្បាប់។ លោក ស ខេង បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ឱកាស​តែងតាំង​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់ ថ្មី​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​ឧសភា។

រយៈពេល ១​សប្ដាហ៍​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ស្រុក​ខណ្ឌ​ខេត្ត​ក្រុង​អាណត្តិ​ទី​២ ចាប់​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៤ គណបក្ស​នយោបាយ​ដែល​ចូល​រួម​ការ​ប្រកួត​ប្រជែង បាន​ចុះ​ជួប​អង្គ​បោះ​ឆ្នោត និង​អ្នក​គាំទ្រ​របស់​ខ្លួន​ជា​ហូរហែ ក្នុង​នោះ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ ដោយ​មាន​មនុស្ស​ចូល​រួម​រាប់​ពាន់​នាក់។

ទាក់ទង​បញ្ហា​នេះ ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា ថា អ្នក​នយោបាយ​ខ្លះ​មាន​បំណង​ប្រែ​ក្លាយ​ពី​ការ​ឃោសនា​បោះ​ឆ្នោត​នា​ពេល​នេះ ទៅ​ជា​បាតុកម្ម ដើម្បី​ធ្វើ​ឲ្យ​សភាពការណ៍​នៅ​កម្ពុជា ច្របូកច្របល់ ហើយ​មហិច្ឆតា​នេះ​លោក​មិន​អាច​ទទួល​យក​បាន​ឡើយ គឺ​ចាំបាច់​ត្រូវ​តែ​ទប់ស្កាត់ ប៉ុន្តែ​ការ​ទប់ស្កាត់​ទាំង​នោះ​មិន​អាច​ប្រើ​អំពើ​ហិង្សា​នោះ​ទេ៖ «ឆ្លង​តាម​ការ​ឃោសនា​មួយ​សប្ដាហ៍​កន្លង​មក​នេះ មិន​ទាន់​មាន​នរណា​ម្នាក់​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​នោះ​ទេ ហើយ​គណបក្ស​នយោបាយ​ដែល​បាន​ដាក់​ពាក្យ​ដើម្បី​ចូល​ប្រកួត​ប្រជែង​នោះ គឺ​បាន​ធ្វើ​ត្រឹមត្រូវ​តាម​ច្បាប់ លើក​លែង​តែ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចង់​គួបផ្សំ​ការ​ឃោសនា​បោះ​ឆ្នោត​ទៅ​ជា​បញ្ហា​នយោបាយ»

ទាក់ទង​នឹង​ការ​លើក​ឡើង​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា លោក​មិន​បាន​ដឹង និង​មិន​ខ្វល់​នឹង​ការ​លើក​ឡើង​របស់ លោក ស ខេង នេះ​ឡើយ ប៉ុន្តែ​លោក​គ្រាន់​តែ​ចង់​បញ្ជាក់​ថា ដំណើរ​ការ​នៃ​ការ​ឃោសនា​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ មាន​ភាព​រលូន៖ «ខ្ញុំ​បាន​ដង្ហែ​ក្បួន​ពី​កំពង់ឆ្នាំង ពី​ពោធិ៍សាត់ ពី​បាត់ដំបង ពី​បន្ទាយមានជ័យ ឥឡូវ​យើង​ឆ្ពោះ​ទៅ​ប៉ោយប៉ែត យើង​អត់​មាន​បញ្ហា​អី​ទាំងអស់ រលូន​ល្អ​ដូច​មាន​សហការ​គ្នា​យោគយល់​គ្នា ដូច្នេះ​បើ​មាន​ព័ត៌មាន​ណា​ព័ត៌មាន​ណា​ខុស​ពី​នេះ ក៏​ខ្ញុំ​មិន​ដឹង​ធ្វើ​ម៉េច​ដែរ ខ្ញុំ​សូម​ជម្រាប​ប៉ុណ្ណឹង​ចុះ​អគុណ​ជម្រាប​លា!»

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា ថ្លែង​ថា ការ​ឃោសនា​បោះ​ឆ្នោត គឺ​ជា​សិទ្ធិ​ក្នុង​ការ​ហែ​ក្បួន និង​ប្រមូល​ផ្ដុំ​នៅ​តាម​ដង​ផ្លូវ ឬ​ទីធ្លា​សាធារណៈ មិន​មែន​ជា​រឿង​ខុស​ច្បាប់​អ្វី​នោះ​ទេ។ គ្រប់​គណបក្ស​នយោបាយ​មាន​សិទ្ធិ​ធ្វើ​សកម្មភាព​ឃោសនា​ទ្រង់ទ្រាយ​ណា​ក៏​បាន កុំ​ឲ្យ​តែ​មាន​ការ​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា ឬ​បញ្ចេញ​មតិ​ជេរ​ប្រមាថ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដទៃ៖ «ខ្ញុំ​មើល​ទៅ​ប្រហែល​ជា​អាជ្ញាធរ​គណបក្ស​ប្រជាជន ហ្នឹង គាត់​មាន​គោល​នយោបាយ​ហាម​ឃាត់​សេរីភាព​ការ​ធ្វើ​បាតុកម្ម​ទេ បាន​ជា​គាត់​យល់​ឃើញ​ថា ប្រជាជន​មក​ច្រើន​ហ្នឹង គាត់​មាន​ការ​យល់​ឃើញ​ថា ប៉ះពាល់​ទៅ​លើ​អ្វី​ដែល​ជា​គោល​នយោបាយ​ច្បាប់ គាត់​និយាយ​សព្វថ្ងៃ​នេះ»

កាល​ពី​ឆ្នាំ​២០០៩ យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ស្រុក​ខណ្ឌ​ខេត្ត​ក្រុង​អាណត្តិ​ទី​១ គណបក្ស​នយោបាយ​ដែល​បាន​ចូល​រួម​ប្រកួត​ប្រជែង មិន​សូវ​មាន​សកម្មភាព​ឃោសនា​ច្រើន​នោះ​ទេ។ មន្ត្រី​គណបក្ស​ប្រឆាំង អះអាង​ថា កាល​ណោះ​អង្គ​បោះ​ឆ្នោត​នៃ​គណបក្ស​របស់​ខ្លួន ត្រូវ​បាន​គណបក្ស​កាន់​អំណាច​ទិញ​ទឹក​ចិត្ត​ជា​ច្រើន​នាក់ ប៉ុន្តែ​សម្រាប់​អាណត្តិ​ទី​២​នេះ មិន​ឃើញ​ទៀត​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។