សេចក្ដីថ្លែងការណ៍របស់គណបក្សប្រជាជន បានអត្ថាធិប្បាយថា កាលពីថ្ងៃទី២៤ ខែឧសភា ក្នុងអង្គប្រជុំមួយនៅស្រុកទ្រាំង ខេត្តតាកែវ លោក គង់ គាំ បានលើកឡើងទាក់ទងនឹងសភាពការណ៍នៅដើមឆ្នាំ១៩៧០ ថា ឥឡូវនេះនរណាគេជឿថា លន់ នល់ ទម្លាក់សម្ដេចឪ? លន់ នល់ គឺអត់មានក្បត់ស្ដេចទេ។
តាមរយៈខ្លឹមសារនេះ សេចក្ដីថ្លែងការណ៍ប្រកាសថា លោក គង់ គាំ បានបំពានលើរដ្ឋធម្មនុញ្ញ ព្រមទាំងបានថ្លែងថ្កោលទោសលោកថែមទៀត។
ឆ្លើយតបនឹងការចោទប្រកាន់នេះ លោក គង់ គាំ មានប្រសាសន៍បញ្ជាក់ថា នេះគឺជាពាក្យពេចន៍មួលបង្កាច់លោកទាំងស្រុងរបស់ក្រុមអ្នកមានអំណាច៖ «ខ្ញុំមិនបាននិយាយថា សម្ដេច សីហនុ បានរៀបចំឲ្យ លន់ នល់ ទម្លាក់ព្រះអង្គទេ នេះជាការប្រឌិតមួយដែលគ្មានអ្នកណាជឿបានទេ។ ខ្ញុំគ្រាន់តែបានរៀបរាប់នូវដំណើរនយោបាយរបស់កម្ពុជា។ ខ្ញុំថា សម្ដេចព្រះ នរោត្តម សីហនុ មានលោក លន់ នល់ ជាមេទ័ពស្មោះត្រង់ធ្លាប់ដង្ហែលោកនៅឆ្នាំ៥៤ ហ្នឹង។ យួនយៀកមិញមិនព្រមចាកចេញពីប្រទេសកម្ពុជាទេ ក្រោយពីប្រទេសកម្ពុជា ទទួលបានឯករាជ្យពីបារាំងមកនោះ លន់ នល់ បានស្មោះត្រង់ ហើយដង្ហែប្រតិបត្តិការដេញយួនយៀកមិញនៅឆ្នាំ៥៤ ហើយនៅឆ្នាំ៦៩ ខ្ញុំយល់ថា លន់ នល់ នៅតែស្មោះត្រង់ ដែលទទួលបានការជឿទុកចិត្តពីសម្ដេចព្រះ នរោត្តម សីហនុ តែងតាំងលោកជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្រោចស្រង់ជាតិ ដែលព្រះអង្គសម្ដេច សីហនុ ជាព្រះប្រមុខរដ្ឋបាទ!»។
លោកបន្តថា នេះជាការរៀបចំរបស់ម៉ាស៊ីនឃោសនានៃក្រុមអ្នកកាន់អំណាចបច្ចុប្បន្ន ដែលបានប្រឌិតសំឡេងនេះឡើង ដើម្បីបម្រើដល់គោលដៅបង្ក្រាបបក្សប្រឆាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។