សាលា​រាជធានី​មិន​ឲ្យ​ក្រុម​និស្សិត​ធ្វើ​បាតុកម្ម​មុខ​ទូត​វៀតណាម

0:00 / 0:00

ថ្នាក់ដឹកនាំ​សាលា​រាជធានី​ភ្នំពេញ បដិសេធ​ចំពោះ​សំណើ​របស់​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ដែល​គ្រោង​សុំ​ធ្វើ​បាតុកម្ម​អហិង្សា​នៅ​មុខ​ស្ថានទូត​វៀតណាម នៅ​ថ្ងៃ​អង្គារ ទី​៨ កក្កដា ខាង​មុខ។

ក្រុម​និស្សិត​និង​យុវជន​ប្រមាណ ១០០​នាក់ គ្រោង​ជួបជុំ​គ្នា​តវ៉ា​នៅ​មុខ​ស្ថានទូត​វៀតណាម ដើម្បី​ឲ្យ​អ្នក​នាំ​ពាក្យ​ស្ថានទូត​មួយ​នេះ​សុំ​ទោស​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ​ចំពោះ​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ដោយ​អះអាង​ថា ទឹកដី​ខ្មែរ​ក្រោម​ជា​ទឹកដី​របស់​ប្រទេស​វៀតណាម តាំង​ពី​យូរយារ​ណាស់​មក​ហើយ។

មិន​ខុស​ពី​រាល់​ដង​ទេ សាលា​រាជធានី​ភ្នំពេញ តែង​យក​បញ្ហា​សន្តិសុខ​និង​ការ​កក​ស្ទះ​ចរាចរណ៍​ជា​មូលហេតុ​បដិសេធ​នៃ​សំណើ​សុំ​ឲ្យ​មាន​ការ​ជួបជុំ ឬ​ធ្វើ​បាតុកម្ម​អហិង្សា​នៅ​កន្លែង​ណា​មួយ។

លើក​នេះ​អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​យក​ហេតុផល​ដូច​គ្នា​នេះ ច្រានចោល​ការ​ស្នើ​សុំ​ធ្វើ​បាតុកម្ម​ហិង្សា​នៅ​មុខ​ស្ថានទូត​វៀតណាម ដែល​ខាង​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​៨ កក្កដា មុខ​ស្ថានទូត​វៀតណាម។

លោក ឃួង ស្រេង បាន​ពន្យល់​តាម​លិខិត​មួយ​កាលពី​ថ្ងៃ​ទី​៥ កក្កដា ផ្ញើ​ទៅ​លោក ម៉ៅ ពិសេស ប្រធាន​អង្គការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ថា​ការ​មិន​អនុញ្ញាត​នោះ គឺ​ចៀសវាង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព របៀបរៀបរយ​សាធារណៈ និង​បង្ក​ការ​កកស្ទះ​ចរាចរណ៍។ ប៉ុន្តែ​សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​មានការ​ជួបជុំ​សម្ដែង​មតិ​នៅ​ទីស្នាក់ការ ឬ​ទីតាំង​ឯកជន​ណា​មួយ​សមស្រប។ អភិបាលរង​សាលា​រាជធានី​ភ្នំពេញ រូប​នេះ ក៏​បាន​ព្រមាន​ចំពោះ​លោក ម៉ៅ ពិសេស ថា​ក្នុង​ករណី​នៅ​តែ​ដឹកនាំ​ធ្វើ​បាតុកម្ម និង​មិន​គោរព​តាម​ការកំណត់​របស់​អាជ្ញាធរ​ក្រុង​នោះ នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​តាម​ច្បាប់។

ជុំវិញ​ការ​បដិសេធ​មិន​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​អហិង្សា​នៅ​មុខ​ស្ថានទូត​វៀតណាម នេះ ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក ម៉ៅ ពិសេស គិត​ថា សាលា​រាជធានី​ភ្នំពេញ កំពុងតែ​រំលោភ​ច្បាប់​បាតុកម្ម​និង​រដ្ឋធម្មនុញ្ញ។

លោក​អះអាង​ថា ត្បិត​មាន​ការ​រារាំង​និង​ការ​ព្រមាន​ពី​សាលា​រាជធានី​ភ្នំពេញ តែ​ក្រុម​និស្សិត​និង​យុវជន​ជាង ១០០​នាក់ បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ហើយ ដើម្បី​ជួបជុំ​គ្នា​នៅ​មុខ​ស្ថានទូត​វៀតណាម តាម​វេលា​កំណត់៖ «ចំពោះ​ខ្ញុំ​ក៏​ដូចជា​ក្រុម​ការងារ​យើង មិន​មាន​ការ​បារម្ភ​ទេ ព្រោះ​នេះ​ជា​ការ​សម្ដែង​មតិ យើង​ធ្វើ​ទៅ​តាម​ច្បាប់ អ៊ីចឹង​ទេ ប្រសិនបើ​រាជរដ្ឋាភិបាល អាជ្ញាធរ​ក្រុង​ភ្នំពេញ​ហ៊ាន​ប្រើ​អំពើ​ហិង្សា​រារាំង​យ៉ាងម៉េច​នោះ វា​នឹង​បង្ហាញ​កាន់​តែ​ច្បាស់​ទៀត​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន បច្ចុប្បន្ន​នេះ គឺ​កំពុងតែ​បំពាន​ច្បាប់ អ៊ីចឹង​អន្តរជាតិ​នឹង​ថ្កោលទោស»

​តាម​គម្រោង សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា គ្រោង​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម នៅ​ថ្ងៃ​អង្គារ ទី​៨ កក្កដា ចាប់ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ១២​ថ្ងៃ​ត្រង់។ គោលបំណង​ធ្វើ​បាតុកម្ម​នេះ ដើម្បី​សម្ដែង​មតិ​ទាមទារ​ឲ្យ​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា លោក ត្រឹង វ៉ាន់ថុង ទទួល​ស្គាល់​រឿងរ៉ាវ​ពិត​នៃ​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម។ ប្រតិកម្ម​នេះ​ធ្វើ​ឡើង​នៅ​ពេល​ដែល​លោក ត្រឹង វ៉ាន់ថុង អះអាង​កាល​ពី​ដើម​ខែ​មិថុនា ថា បារាំង​មិន​បាន​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ទៅ​ឲ្យ​វៀតណាម ទេ គឺ​ដី​កម្ពុជា​ក្រោម ជា​ទឹកដី​របស់​វៀតណាម តាំង​ពី​យូរយារ​ណាស់​មក​ហើយ។

មួយ​ខែ​ហើយ​ដែល​ទំនាស់​ពាក្យ​សម្ដី​របស់​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម រូប​នេះ កំពុង​ធ្វើ​ឲ្យ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម និស្សិត និង​ក្រុម​យុវជន​ជាច្រើន ខឹងសម្បា ហើយ​គិត​ថា កំពុង​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឈឺ​ចាប់​នូវ​ការ​កាឡៃ​ប្រវត្តិសាស្ត្រ​របស់​អាជ្ញាធរ​វៀតណាម។

ទន្ទឹម​នឹង​មាន​ប្រតិកម្ម​ជា​ច្រើន​ពី​មហាជន រាជរដ្ឋាភិបាល​កម្ពុជា ហាក់​សម្ងំ​ស្ងៀម​មិន​ចេញ​ស្អី ឬ​ចេញ​សេចក្ដី​ថ្លែងការណ៍​ណា​មួយ​ឲ្យ​ស្ថានទូត ឬ​អាជ្ញាធរ​វៀតណាម បំភ្លឺ​រឿង​ពី​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ធ្លាប់​អះអាង​ថា បញ្ហា​នេះ​វា​មិន​មាន​សារសំខាន់​សម្រាប់​រដ្ឋាភិបាល​កម្ពុជា ដែល​ត្រូវ​ទៅ​ជជែក​តតាំង ឬ​ត្រូវ​ទៅ​ពិចារណា​អំពី​បញ្ហា​នេះ​ឡើយ។

អ្នកវិភាគ​សង្គម​គិត​ថា ការ​ធ្វើ​មិន​ដឹង​មិន​ឭ​របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ពេល​នេះ កំពុង​ធ្វើ​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​បាត់បង់​នូវ​ប្រវត្តិសាស្ត្រ ឬ​បាត់បង់​នូវ​អ្វី​ដែល​ខ្លួន​បាត់បង់​រួច ហើយ​នឹង​អាច​បាត់បង់​នូវ​អ្វីៗ​បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។