និស្សិតវិទ្យាស្ថានសហប្រតិបត្តិការអន្តរជាតិកម្ពុជា (CICI = Cambodia International Cooperation Institute) តវ៉ាចំពោះសាលានោះយកម៉ោងរៀនទៅឃោសនា និងជំរុញឲ្យនិស្សិតចូលរួមជាសមាជិកគណបក្សប្រជាជនកម្ពុជា។
ក្រុមនិស្សិត ឲ្យដឹងថា នៅម៉ោងរៀនយប់ថ្ងៃទី១ ខែមេសា បុគ្គលិកវិទ្យាស្ថានសហប្រតិបត្តិការអន្តរជាតិកម្ពុជា ប្រាប់ទៅក្រុមនិស្សិតឲ្យទៅចូលរួមប្រជុំជាមួយគណបក្សប្រជាជនកម្ពុជា នៅថ្ងៃអាទិត្យ ទី៧ ខែមេសា ខាងមុខ៖ «អត់សមស្រប ថាវារំខានដល់ការរៀនសូត្ររបស់និស្សិតទូទៅ មិនមែនតែខ្ញុំម្នាក់ឯងទេ»។
និស្សិតវិទ្យាស្ថាននោះមួយរូបទៀតសុំមិនបញ្ចេញឈ្មោះ ថ្លែងនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៣ ថា គាត់ធុញនឹងថ្នាក់ដឹកនាំសាលានោះយកម៉ោងសិស្សបង់លុយរៀន ទៅឃោសនាឲ្យគណបក្ស ហើយបុគ្គលិកវិទ្យាស្ថាននោះបានប្រាប់និស្សិតថា ត្រូវតែចូលរួមប្រជុំជាមួយគណបក្សនោះនៅចុងសប្ដាហ៍នេះ៖ «ពិសេសគណបក្សប្រឆាំង គឺអត់មានដែលចូលរួមផ្សព្វផ្សាយនៅសាលាទេ។ ប៉ុន្តែ គណបក្សកាន់អំណាចនោះ គឺធ្លាប់ចូលមកឃោសនាញឹកដែរ។ តាមគំនិតខ្ញុំ គឺថាអត់ចង់ឲ្យយកម៉ោងសិក្សាហ្នឹងមកឃោសនាឲ្យចូលរួមប្រជុំជាមួយគណបក្សប្រជាជន នៅថ្ងៃទី៧ ហ្នឹង។ បើធ្វើអីចឹង គឺខ្ញុំអត់សូវសប្បាយចិត្តប៉ុន្មានដែរ ខ្ញុំកំពុងតែសិក្សា ហើយយកម៉ោងខ្ញុំខាតអស់ឡើងជាងម្ភៃនាទី»។
និស្សិតម្នាក់ទៀតថ្លែងថា ពួកគេមានសិទ្ធិជ្រើសរើសគណបក្សនយោបាយដែលគេពេញចិត្ត៖ «ជាពិសេស គណបក្សកាន់អំណាច បើទង្វើល្អរបស់ខ្លួនល្អ មិនចាំបាច់ផ្សព្វផ្សាយបង្ខំឲ្យគេឲ្យចូលទៅបំពេញហ្វម (Form) អីទេ។ វានឹងជោគជ័យ ដោយអព្យាក្រិត ត្រឹមត្រូវ និងយុត្តិធម៌ហើយ»។
បដិសេធនឹងយោបល់របស់និស្សិតខ្លះនោះ លោក ឌួង ច័ន្ទអម្រិត នាយកវិទ្យាស្ថានសហប្រតិបត្តិការអន្តរជាតិកម្ពុជា ថ្លែងថា សាលាមានតួនាទីជម្រាបទៅក្រុមនិស្សិតថា នៅថ្ងៃអាទិត្យ ទី៧ ខែមេសា គណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញនិស្សិតទៅចូលរួមសំណេះសំណាល និងចែកកាតគណបក្សដល់អ្នកសុំចូលជាសមាជិកប៉ុណ្ណោះ។ លោកថា សាលានេះមិនបង្ខំនិស្សិត ចាំបាច់ត្រូវចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជា ទេ។ លោកឲ្យដឹងដែរថា ដោយសារតែបច្ចុប្បន្នមានតែគណបក្សប្រជាជនកម្ពុជា មួយ ដែលស្វែងរកសមាជិកគាំទ្រគណបក្សនោះ ប្រសិនបើគណបក្សផ្សេងចង់ឲ្យមានការគាំទ្រពីនិស្សិត សុំដាក់ពាក្យស្នើសុំមក សាលានេះនឹងពិចារណា៖ «ហើយក៏គ្មានអ្នកណាមួយអាចទៅបង្ខិតបង្ខំដែរ។ បានន័យថា បើគាត់ស្រឡាញ់គណបក្សណាហើយ គាត់មានសិទ្ធិក្នុងការជ្រើសរើស។ យើងមិនគួរដាក់គំនាបទៅគាត់។ ហើយចំពោះខាងខ្ញុំវិញ ក៏អត់មានបានទៅបង្ខិតបង្ខំ ឬអូសទាញអីដែរ បានន័យថា យើងមានឱកាសក្នុងការផ្តល់ព័ត៌មានផ្សេងៗជូនទៅគាត់»។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងថា គណបក្សប្រឆាំងមិនប្រើអំណាចរកសំឡេងគាំទ្រតាមសាលារៀនទេ។ លោកថា លទ្ធិប្រជាធិបតេយ្យ គឺការឃោសនារហូតមានការយល់ព្រមពីម្ចាស់ឆ្នោត ដើម្បីគាំទ្រ មិនមែនប្រើតួនាទីទៅគាបគេ ហើយស្រែកថា អត់បានធ្វើដូច្នេះទេ។ លោកបានរិះគន់ត្រង់ៗថា គណបក្សប្រជាជនកម្ពុជា បានយកទ្រព្យសម្បត្តិ និងម៉ោងធ្វើការរបស់រដ្ឋ ទៅឃោសនាឲ្យគណបក្សខ្លួនក៏មាន៖ «ធ្វើអីចឹងខុសហើយ វាហួសហេតុពេក។ យើងស្វែងរកសំឡេងដែរ ប៉ុន្តែយើងស្វែងរកទៅតាមការស្ម័គ្រចិត្ត ការចូលរួមដោយស្ម័គ្រចិត្តពីប្រជាពលរដ្ឋ អត់មានទិញដូរអត់មានយកតួនាទីខ្លួនឯងជានាយកសាលា ទៅបង្ខំឲ្យសិស្ស និស្សិត ធ្វើអីចឹងទេ ឃោសនានេះ ឃោសនាវាអត់សមហេតុផល វាអត់ថ្លៃថ្នូរ»។
នាយកវិទ្យាស្ថានសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងថា វិទ្យាស្ថាននេះបានបើកបង្រៀនរយៈពេល ៦ឆ្នាំមកហើយ មាននិស្សិតជាង ៦ពាន់នាក់ កំពុងសិក្សាជំនាញភាសាបរទេស និងជំនាញផ្សេងទៀតជាច្រើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។