ក្រុមបច្ចេកទេសទូរទស្សន៍ព្រះអាទិត្យ ដែលរៀបចំឡើងដោយគណបក្សសង្គ្រោះជាតិ កំពុងរត់ឯកសារដំឡើងអង់តែនទូរទស្សន៍ព្រះអាទិត្យ នៅទីតាំងថ្មីមួយទៀតក្នុងរាជធានីភ្នំពេញ ក្រោយពីអភិបាលខែត្រកណ្ដាល មិនអនុញ្ញាតឲ្យដំឡើងអង់តែននៅក្រុងតាខ្មៅ កាលពីឆ្នាំ២០១៦។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លើកឡើងថា បើសិនជារដ្ឋាភិបាលពិតជាមិនរារាំងដំណើរការដំឡើងទូរទស្សន៍នេះ នឹងមិនមានបញ្ហាអ្វីទេ ព្រោះថាគណបក្សទាំងពីរបានព្រមព្រៀងគ្នារួចហើយអំពីគ្រោងការបង្កើតទូរទស្សន៍ព្រះអាទិត្យរបស់គណបក្សប្រឆាំងនេះ។
ក្រុមការងារបច្ចេកទេសរបស់គណបក្សសង្គ្រោះជាតិ គ្រោងនឹងបញ្ជូនលិខិតស្ដីពីការរៀបចំដំឡើងស្ថានីយទូរទស្សន៍ព្រះអាទិត្យ ឬសាន់ធីវី (Sun TV) ទៅសាលារាជធានីភ្នំពេញនៅពេលឆាប់ៗនេះ ដើម្បីស្នើសុំដំឡើងអង់តែនទូរទស្សន៍នេះជាថ្មីម្ដងទៀត។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ដែលជាអ្នកទទួលបន្ទុកលើការរៀបចំដំឡើងទូរទស្សន៍នេះ ឲ្យដឹងនៅថ្ងៃទី១១ មករា ថា ក្រុមហ៊ុនដែលទទួលវិនិយោគស្ថានីយទូរទស្សន៍ព្រះអាទិត្យ នឹងដំឡើងអង់តែន និងស្ថានីយផ្សាយភ្លាម ក្រោយពីសាលារាជធានីភ្នំពេញពិនិត្យ និងអនុញ្ញាតលើទីតាំងថ្មី។ ទោះជាយ៉ាងនេះក្ដី លោក យ៉ែម បុញ្ញឫទ្ធិ មិនទាន់បានបញ្ជាក់ពីទីតាំងថ្មីនេះនៅឡើយ៖ «ឲ្យតែគេទទួលស្គាល់ប្លង់ហ្នឹងហើយ យើងនឹងដាក់ស្នើសុំអនុញ្ញាតដំឡើងអង់តែនភ្លាម យើងបានការអនុញ្ញាតហ្នឹង ហើយយើងនឹងបើកការដ្ឋាន»។
ការគ្រោងដាក់លិខិតស្នើសុំដំឡើងអង់តែនទូរទស្សន៍ព្រះអាទិត្យជាថ្មីម្ដងទៀតនេះ នៅក្រោយពេលអាជ្ញាធរខែត្រកណ្ដាល មិនអនុញ្ញាតឲ្យក្រុមបច្ចេកទេសលើកអង់តែនទូរទស្សន៍ព្រះអាទិត្យនៅក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ កាលពីខែមេសា ឆ្នាំ២០១៦ ក្រោមហេតុផលថា មានការតវ៉ាជំទាស់ពីប្រជាពលរដ្ឋចំនួន ២១នាក់។ ក៏ប៉ុន្តែគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា អាជ្ញាធរខែត្រកណ្ដាល អនុញ្ញាតឲ្យលើកអង់តែននេះជាហេតុផលនយោបាយច្រើនជាង។
ចំពោះទីតាំងថ្មីវិញ ថ្វីត្បិតតែលោក យ៉ែម បុញ្ញឫទ្ធិ មិនបានបញ្ជាក់ថាទីតាំងនៅកន្លែងណាច្បាស់លាស់ក្ដី តែលោកអះអាងថា ទីតាំងថ្មីនេះ គឺជាដីវាលស្រែដែលមានចម្ងាយប្រមាណជា ៨គីឡូម៉ែត្រពីរមណីយដ្ឋានវត្តភ្នំ។ លោកបន្ថែមថា ដីនេះជាដីសកម្មជនគណបក្សសង្គ្រោះជាតិ ផ្ដល់ជូន ឥឡូវនេះគណបក្សបានធ្វើប្លង់រឹងរួចរាល់ហើយ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា ការដំឡើងអង់តែន និងស្ថានីយទូរទស្សន៍ព្រះអាទិត្យនេះ មិនមែនជារឿងពិបាកនោះទេ បើសិនជារដ្ឋាភិបាលពិតជាមានឆន្ទៈឲ្យបក្សប្រឆាំងមានទូរទស្សន៍ព្រះអាទិត្យនេះមែន។ លោកពន្យល់ថា អង់តែនក្រុមហ៊ុនទូរស័ព្ទជាច្រើន និងអង់តែនទូរទស្សន៍មួយចំនួនទៀត មិនដែលឮថាមានបញ្ហានៅពេលពួកគេសុំការអនុញ្ញាតលើកអង់តែននោះ៖ «រឿងនេះអាស្រ័យលើចេតនានយោបាយ ហើយយើងនឹងចាំមើលពីរបីអាទិត្យទៀត បើសិនជាការជួបគ្នារវាងបក្សទាំងពីរ ហើយមានការដោះលែងមន្ត្រីសិទ្ធិមនុស្ស អគ្គលេខាធិការរង គ.ជ.ប ខ្ញុំគិតថា រឿងទូរទស្សន៍ព្រះអាទិត្យគឺជាដំណាក់កាលបន្ទាប់»។
គណបក្សប្រឆាំងបានរៀបចំគម្រោងទូរទស្សន៍ព្រះអាទិត្យនេះ ក្រោយពីគណបក្សទាំងពីរបានព្រមព្រៀងលើការបញ្ចប់ជម្លោះនយោបាយកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។
គម្រោងចំណាយលើការបង្កើតទូរទស្សន៍ព្រះអាទិត្យនេះ ត្រូវប្រើប្រាស់ថវិកាប្រមាណ ៣លានដុល្លារសហរដ្ឋអាមេរិក។ មកទល់ពេលនេះ ថវិកាដែលទទួលបានពីការបរិច្ចាគរបស់សាធារណជនមានចំនួនជាង ៧០ម៉ឺនដុល្លារសហរដ្ឋអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។