មន្ត្រី​បក្ស​ប្រឆាំង​ថា​ទូរទស្សន៍​ព្រះអាទិត្យ​នឹង​ដំណើរការ​បាន​នៅ​ដើម​ឆ្នាំ​២០១៦

0:00 / 0:00

ទូរទស្សន៍​ព្រះអាទិត្យ នឹង​ចាប់​ផ្ដើម​ដំណើរការ​នៅ​ដើម​ឆ្នាំ​២០១៦ ដូច​ការ​គ្រោង​ទុក ពីព្រោះ​ថា បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ​ថា ខេមបូឌា អ៊ីនឌីផេនឌិន មេឌា (Cambodia Independent Media) ដែល​ទទួល​សិទ្ធិ​វិនិយោគ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​កំពុងតែ​ដំណើរ​ការ​រត់​ឯកសារ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ដំឡើង​អង់តែន​ក្នុង​ពេល​ឆាប់ៗ​នេះ។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ថា ក្រុមហ៊ុន​ទទួល​សិទ្ធិ​វិនិយោគ​ទូរទស្សន៍​ព្រះអាទិត្យ​នឹង​ដាក់​លិខិត​ស្នើ​សុំ​ដំឡើង​អង់តែន​ជា​ផ្លូវការ​ទៅ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​រដ្ឋលេខាធិការ​អាកាសចរណ៍​ស៊ីវិល​ក្នុង​ពេល​ឆាប់ៗ​នេះ។

លោក យឹម សុវណ្ណ បញ្ជាក់​ថា ឥឡូវ​នេះ នៅ​រង់ចាំ​តែ​ឯកសារ​ផ្ទេរ​ប្លង់ដី​កម្មសិទ្ធិ​ដែល​ក្រុមហ៊ុន​បាន​ទិញ​នៅ​ខែត្រ​កណ្ដាល សម្រាប់​ជា​ទីតាំង​ដំឡើង​អង់តែន​ទូរទស្សន៍​ព្រះអាទិត្យ។ លោក​បញ្ជាក់​ថា ការ​ផ្ទេរ​ឯកសារ​នេះ​ជិត​រួច​រាល់​ហើយ បន្ទាប់​មក​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​ដំឡើង​អង់តែន​តែម្ដង៖ «កម្មសិទ្ធិ​នេះ​ជិត​បាន​ហើយ អាទិត្យ ឬ​អាទិត្យ​ក្រោយ​នេះ គឺ​យក​លុយ​ទៅ​បង់​ទៅ​បាន​កម្មសិទ្ធិ​មក​ហើយ នៅ​ពេល​បាន​ប្លង់​កម្មសិទ្ធិ​ដី​ហើយ យើង​នឹង​ភ្ជាប់​ឯកសារ​ពាក់ព័ន្ធ​នានា​ដាក់​ទៅ​ក្រសួង​ដែនដី និង​រដ្ឋលេខាធិការ​អាកាសចរ​ស៊ីវិល ព្រោះ​ឥឡូវ​នេះ​រួច​រាល់​ហើយ វា​អាស្រ័យ​លើ​សមត្ថកិច្ច​របស់​រដ្ឋាភិបាល»

លោក យឹម សុវណ្ណ បន្ថែម​ថា មូលនិធិ​ទូរទស្សន៍​ព្រះអាទិត្យ​មក​ទល់​ពេល​នេះ​ប្រមូល​បាន​ទឹក​ប្រាក់​ប្រមាណ ៧០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក។ លោក​បញ្ជាក់​ថា ចំនួន​ទឹក​ប្រាក់​នេះ ទោះបីជា​មិន​ទាន់​គ្រប់​តាម​ចំនួន​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ចង់​បាន​ក្ដី ប៉ុន្តែ​ចំនួន​នេះ អាច​ដំណើរ​ការ​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​បាន។ លោក​អះអាង​ថា អ្វី​ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ​យូរ​មិន​ទាន់​អាច​ដំឡើង​អង់តែន​ទូរទស្សន៍​បាន​នោះ ដោយសារ​តែ​នីតិវិធី​រត់​ឯកសារ​ផ្ទេរ​កម្មសិទ្ធិ​នៅ​ខែត្រ​កណ្ដាល ដែល​មាន​ទំហំ​ប្រមាណ ១​ពាន់​ម៉ែត្រ​ការ៉េ​នោះ មាន​រយៈពេល​យូរ គឺ​ប្រមាណ ៤៥​ថ្ងៃ។

គម្រោង​បង្កើត​ស្ថានីយ​ទូរទស្សន៍​ព្រះអាទិត្យ​នេះ នៅ​ក្រោយ​ពេល​មាន​កិច្ច​ព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា។ រយៈពេល​១​ឆ្នាំ​ក្រោយ​មក​ហើយ ដែល​គណបក្ស​ទាំង​ពីរ​បាន​ចាប់​ដៃ​គ្នា​ដើរ​ចូល​ប្រជុំ​សភា និង​បាន​ប្រើប្រាស់​វប្បធម៌​សន្ទនា​ជា​គោល​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​នោះ បែរ​ជា​ប្រេះស្រាំ​ទៅ​វិញ។

ស្ថានភាព​នយោបាយ​ចុង​ក្រោយ ធ្វើ​ឲ្យ​មេដឹកនាំ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ គឺ​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី មិន​អាច​អង្គុយ​ធ្វើការ​ជាមួយ​គ្នា​ដោយ​ប្រើប្រាស់​យន្តការ​សន្ទនា​នេះ​បាន ទោះបីជា​លោក ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​សភា​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៥ ក្រោយ​ពី​អង្គ​សភា​បាន​អនុម័ត​ជ្រើសរើស​សមាសភាព​ថ្នាក់ដឹកនាំ​កំពូល គ.ជ.ប ចំនួន ៩​រូប​ថា គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ជា​អ្នក​បង្កើត​វប្បធម៌​សន្ទនា ដើម្បី​ឲ្យ​មាន​ការ​បង្រួបបង្រួម​ជាតិ ដែល​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រទេស​ជាតិ​ក្ដី តែ​ពេល​នេះ ភាគី​ទាំង​ពីរ​បែរ​ជា​មិន​អាច​រក្សា​ទំនាក់ទំនង និង​វប្បធម៌​សន្ទនា​បាន​ដដែល។ នៅ​ទីបំផុត លោក សម រង្ស៊ី គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​រត់​ចោល​ស្រុក​ដើម្បី​គេចវេះ​ពី​ដីកា​តាម​ចាប់​ខ្លួន​របស់​តុលាការ​នោះ​ទេ។

ទាក់ទង​នឹង​ការ​ប្រះ​ឆា​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំង​ពីរ​នេះ តើ​នឹង​អាច​ប៉ះពាល់​ដល់​ដំណើរ​ការ​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​ដែរ ឬ​ទេ? លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ឆ្លើយ​ថា បញ្ហា​នេះ​អាស្រ័យ​លើ​ឆន្ទៈ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឬ​រដ្ឋាភិបាល៖ «យើង​ខំ​ប្រឹង តែ​ឥឡូវ​ហ្នឹង​វា​ហួស​ពី​សមត្ថកិច្ច​យើង​ហើយ អ្វីៗ​នៅ​លើ​គណបក្ស​កាន់​អំណាច​ជា​អ្នក​មាន​សមត្ថកិច្ច​ហ្នឹង បើ​គាត់​យូរ​ប៉ុណ្ណា គឺ​វា​ស្ទះ​ការងារ​យើង​តែ​ប៉ុណ្ណឹង»

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ឆ្លើយ​តប​ថា ការ​ប្រេះឆា​គ្នា​ខ្លះ​រវាង​គណបក្ស​ទាំង​ពីរ គឺ​មិន​ទាក់ទង​នឹង​គម្រោង​បង្កើត​ស្ថានីយ​ទូរទស្សន៍​ព្រះអាទិត្យ​ឡើយ។ លោក សុខ ឥសាន ស្វាគមន៍​ទូរទស្សន៍​ព្រះអាទិត្យ បើសិនជា​ទូរទស្សន៍​នេះ ដំណើរ​ការ​បាន​ឆាប់ៗ៖ «សប្បុរសជន​ណា​ជា​សេដ្ឋី គេ​មាន​លុយ​រាប់​លាន​ដុល្លារ គេ​ជួយ​ឧបត្ថម្ភ​អី​ជា​ការ​ល្អ​ហើយ វា​ដំណើរ​ការ​វា​ល្អ តែ​គ្រាន់​តែ​ដំឡើង​ស្ថានីយ​ហើយ គ្រាន់​តែ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អី​វា​ជួប​ការ​លំបាក ដល់​ពេល​នោះ កុំ​បន្ទោស​អ្នក​ណា»

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​ទូរទស្សន៍​ព្រះអាទិត្យ​ដំណើរ​ការ​នៅ​ដើម​ឆ្នាំ​២០១៦ នេះ ព្រោះ​ថា ពេល​នេះ​គេ​មាន​អ្នក​បច្ចេកទេស និង​មាន​ថវិកា​ល្មម​អាច​ដំណើរ​ការ​ផ្សាយ​បាន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​គណបក្ស​នឹង​ស្វែង​រក​ថវិកា​បន្ថែម​ទៀត​ដើម្បី​ពង្រីក​ការ​ផ្សាយ​ជា​បន្តបន្ទាប់​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។