ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តតាកែវ លោក ម៉ៅ សុផល យល់ថា ការចេញដីកាកោះហៅបេក្ខជនក្រុមប្រឹក្សាទាំង ៥រូប នៅឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ គឺជារឿងនយោបាយ និងរំលងនីតិវិធី គ.ជ.ប។
លោក ម៉ៅ សុផល ប្រាប់អាស៊ីសេរី ថា ក្រោយមានជម្លោះកើតចេញពីហែក្បួនឃោសនាកាលពីថ្ងៃទី២០ ទីឧសភា គណៈកម្មការរៀបចំការបោះឆ្នោតឃុំព្រៃខ្លា បានហៅភាគីទាំង២ ទៅសម្របសម្រួលគ្នា។ ប៉ុន្តែលទ្ធផលនៃការសម្របសម្រួលភាគីទាំង២ គឺតំណាងគណបក្សប្រជាជនកម្ពុជា និងតំណាងគណបក្សសង្គ្រោះជាតិ នៅឃុំព្រៃខ្លា មិនព្រមទទួលយកទាំងពីរភាគី ហើយបានប្ដឹងបន្តទៅគណៈកម្មការខេត្តតាកែវ រៀបចំការបោះឆ្នោត។ គណៈកម្មការខេត្តតាកែវ រៀបចំការបោះឆ្នោតនៅមិនទាន់បានសម្របសម្រួលឲ្យទេ។
អ្នកទាំង ៥រូប ដែលត្រូវអយ្យការអមសាលាដំបូងខេត្តតាកែវ បានចេញដីកាកាលពីថ្ងៃទី២៥ ឧសភា កោះហៅឲ្យទៅបំភ្លឺនៅថ្ងៃទី៣១ ឧសភា សុទ្ធតែជាបេក្ខជនក្រុមប្រឹក្សាឃុំព្រៃខ្លា ខាងគណបក្សសង្គ្រោះជាតិ។
បេក្ខជនក្រុមប្រឹក្សាលេខរៀងទី១ ឃុំព្រៃខ្លា និងជាជនសង្ស័យម្នាក់ ក្នុងចំណោម ៥នាក់ លោក កែវ អ៊ាត បានបដិសេធការចោទប្រកាន់របស់តុលាការ។ លោកបដិសេធការជេរប្រមាថកើតចេញពីក្រុមលោកមុន ហើយលោកថា វីដេអូដែលចែកចាយក្នុងបណ្ដាញសង្គមហ្វេសប៊ុកឃើញរូបលោកប្រកែកគ្នាជាមួយខាងគណបក្សប្រជាជនកម្ពុជា គឺខាងគណបក្សប្រជាជនកម្ពុជា ថតតែត្រង់ឈុតលោក មិនបានថតនៅពេលដែលខាងគណបក្សប្រជាជនកម្ពុជា ឈ្លោះប្រកែក ឬជេរតបវិញ៖ «គេឃើញម៉ូតូខ្ញុំនៅកៀនថ្នល់ហ្នឹង គេថា បើវាមិនគេចចេញបើកគោយន្តហ្នឹងបំបុកវាចោលទៅ ហើយខ្ញុំឮសូរគេថាអ៊ីចឹង ខ្ញុំក៏បានដើរទៅសួរគេថា ពូ! ពូឯងទៅខាងណាមកខាងណី? ស្រាប់តែមិនទាន់បានសួរគេផង គេជេរខ្ញុំ។ វីដេអូខាងគេ គេដាក់ខាងគេអ៊ីចឹងហើយ ធម្មតាគេបំផ្លើសយើង ហើយខាងខ្ញុំអត់មាននរណាថតផងហ្នឹង»។
តែយ៉ាងណា លោក កែវ អ៊ាត ថា ពួកលោកទាំង៥ នឹងឡើងតុលាការតាមដីកាកោះ ប្រសិនបើគណបក្សប្រឆាំងថ្នាក់ខេត្តអនុញ្ញាត។ ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តតាកែវ លោក ម៉ៅ សុផល ប្រាប់ថា បានត្រៀមមេធាវីសម្រាប់អ្នកទាំង ៥នាក់រួចហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។