មន្ត្រីគណបក្សសង្គ្រោះជាតិ ចោទអាជ្ញាធរឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ថាបានរារាំងមិនឲ្យរៀបចំវេទិកាអ្នកតំណាងរាស្ត្រ និងម្ចាស់ឆ្នោត នៅថ្ងៃទី១១ ខែធ្នូ។ ចំណែកមេឃុំថាការមិនអនុញ្ញាតនោះ ដោយសារគ្មានសមត្ថភាពការពារសន្តិសុខសណ្ដាប់ធ្នាប់។ មន្ត្រីបក្សប្រឆាំងយល់ថា ទង្វើរបស់អាជ្ញាធរបង្ហាញឲ្យឃើញពីការរើសអើងនយោបាយ និងការរឹតត្បិតសិទ្ធិសេរីភាព។
ការរៀបចំវេទិកាអ្នកតំណាងរាស្ត្រ និងម្ចាស់ឆ្នោតនៅភូមិត្រពាំងជ្រៃ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ នៅថ្ងៃទី១១ ខែធ្នូ ត្រូវបានមន្ត្រីគណបក្សសង្គ្រោះជាតិ រាយការណ៍ថា ប្រព្រឹត្តទៅមិនបានរលូនឡើយ ថ្វីត្បិតតែពួកគេបានដាក់លិខិតសុំការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវក្តី។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តតាកែវ លោក ម៉ៅ សុផល មានប្រសាសន៍ថា អាជ្ញាធរបានហាមឃាត់ពួកគាត់មិនឲ្យសង់រោង និងយកកៅអីចូលទីតាំងរៀបចំពិធីឡើយ។ លោកបន្តថា ការមិនអនុញ្ញាតឲ្យរៀបចំពិធីជួបជុំរវាងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ឃី វណ្ណដេត និងប្រជាពលរដ្ឋនោះ គឺលោកមេឃុំរនាម បានលើកហេតុផលពីបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់។ ទោះយ៉ាងណា ពិធីជួបជុំនោះនៅតែរៀបចំនៅលើទីតាំងដដែល ដោយមានពលរដ្ឋចូលរួមប្រហែល ១៦០នាក់ ទោះបីគ្មានរោង និងកៅអីអង្គុយក្តី៖ « ក្រោយមកពេលដែលយើងធ្វើទៅ គេក៏មិនហាមឃាត់ដែរ ប៉ុន្តែមិនឲ្យសង់រោង និងយកកៅអីចូល។ ដូច្នេះយើងក្រាលតង់អង្គុយហាលក្តៅ និងក្រោមផ្ទះ »។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តតាកែវ លើកឡើងថា ទង្វើរបស់អាជ្ញាធរនេះ គឺបង្ហាញពីការរើសអើងនយោបាយ និងការរឹតត្បិតសិទ្ធិសេរីភាពក្នុងការជួបជុំ។ លោកថា ប្រសិនបើជាគណបក្សប្រជាជនកម្ពុជា វិញ គឺអាជ្ញាធរតែងតែអនុញ្ញាតឲ្យធ្វើអ្វីក៏បានដែរ៖ « អាជ្ញាធរធ្វើបែបនេះមិនបានមើលផ្លូវច្បាប់របស់រដ្ឋាភិបាលទេ។ រដ្ឋាភិបាលប្រកាសថា ប្រទេសកម្ពុជា មានសុខសន្តិភាព ប៉ុន្តែហេតុអ្វីមិនឲ្យរៀបចំវេទិកាអ្នកតំណាងរាស្ត្រ និងម្ចាស់ឆ្នោត »។
ឆ្លើយតបបញ្ហានេះ មេឃុំរនាម លោក ស៊ឹម អាន់ មានប្រសាសន៍ថា ការដែលលោកមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ រៀបចំវេទិកាជួបជុំនោះ គឺលោកយល់ថាក្នុងឃុំរបស់លោកមិនធានាសន្តិសុខបានទេ ទើបលោកសម្រេចបញ្ជូនសំណើនេះទៅថ្នាក់លើ ហើយរង់ចាំការសម្រេចពីថ្នាក់លើសិន៖ « ដោយសារខ្ញុំមិនទុកចិត្ត ហើយការពារសន្តិសុខមិនបាន ព្រោះជាបទពិសោធន៍ឃើញគណបក្សសង្គ្រោះជាតិ ជួបជុំគ្នានៅភ្នំពេញ តែងតែឃើញមានការវាយ ការដុតឡាន។ អ៊ីចឹងទៅខ្ញុំខ្លាចដែរ។ ខ្ញុំឃាត់គាត់នេះ គ្រាន់តែឃាត់រាយការណ៍ទៅស្រុក ដើម្បីឲ្យគេជួយពិចារណា មិនបានឃាត់ដាច់អហង្ការទេ »។
ផ្ទុយពីការអះអាងនេះ ខ្លឹមសារលិខិតរបស់មេឃុំ ដែលឆ្លើយតបនឹងសំណើបក្សប្រឆាំងនោះ គឺមិនបានបញ្ជាក់អំពីការសម្របសម្រួលជាមួយថ្នាក់លើ ឬឲ្យរង់ចាំការសម្រេចណាមួយឡើយ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី យល់ថា នៅក្នុងសមាសភាពគណបក្សប្រជាជនកម្ពុជា សព្វថ្ងៃនេះមានមនុស្សពីរប្រភេទ គឺអ្នកតឹងរ៉ឹងនិយម និងកណ្ដាលនិយម ដែលមានតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន។ លោកពន្យល់ថា អ្នកតឹងរ៉ឹងនិយម គឺភាគច្រើននៅប្រកាន់គំនិតកុម្មុយនីស្ត ហើយនៅពេលពលរដ្ឋប្រជុំគ្នាជាក្រុមតូចៗក៏ដោយ ក៏ពួកគេបញ្ជូនមេភូមិ ឬមេឃុំឲ្យទៅឃ្លាំមើលដែរ៖ « ខ្ញុំមើលទៅ អ្នកតឹងរ៉ឹងនិយមនេះ គឺបត់បែនមិនទាន់ការវិវឌ្ឍន៍នៃការយល់ដឹងរបស់មនុស្សទេ ដូច្នេះអ្នកតឹងរ៉ឹងនិយមនេះតែងតែធ្វើឲ្យប៉ះពាល់ដល់ប្រជាប្រិយភាពគណបក្សប្រជាជនកម្ពុជា ព្រោះពួកគេនេះធ្វើអ្វី គឺអត់ធ្វើតាមច្បាប់ តាមរដ្ឋធម្មនុញ្ញទេ គឺគេធ្វើតាមបញ្ជាពីគ្នាគេពីលើទៅ។ បញ្ហានេះ មិនដឹងថាគណបក្សប្រជាជនកម្ពុជា បានដឹងរឿងនេះហើយឬនៅទេ »។
លោក មាស នី យល់ថា ប្រសិនបើរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជា នៅតែបណ្តោយឲ្យអ្នកតឹងរ៉ឹងនិយម បន្តធ្វើការតាមអ្វីដែលពួកគេកំពុងធ្វើរាល់ថ្ងៃនោះ គឺនឹងបណ្ដាលឲ្យប្រជាប្រិយភាពគណបក្សកាន់អំណាចកាន់តែធ្លាក់ខ្លាំងថែមទៀតនៅពេលបោះឆ្នោតខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។