ប្រមុខដឹកនាំក្រសួងការពារជាតិ ចោទថា បក្សប្រឆាំងចង់អូសទាញការគាំទ្រពីកងទ័ព ដើម្បីដូររដ្ឋាភិបាល។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីបំពាក់ឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ផ្កាយបួន ចំនួន ២៩នាក់បន្ថែមទៀត លើចំនួនផ្កាយបួនដែលមានស្រាប់ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ នៅក្រសួងការពារជាតិ។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ប្រកាសពង្រឹងគោលជំហរកងទ័ព ដើម្បីឲ្យបន្តគាំទ្ររដ្ឋាភិបាលដែលដឹកនាំដោយបក្សប្រជាជនកម្ពុជា។ លោកបានស្នើឲ្យកងទ័ពក្រឡេកមើលការអភិវឌ្ឍនៅក្នុងប្រទេស ហើយកុំងាករេតាមការញុះញង់ណាមួយនោះ។ លោកក៏មានប្រសាសន៍រិះគន់ជាថ្មីទៅលើក្រុមមួយ ដែលទំនងជាសំដៅទៅបក្សប្រឆាំងថា ក្រុមនេះធ្លាប់បានកៀរគរពីកងទ័ព តាមរយៈការបង្កើតពាក្យស្លោកដូរៗ ការរៀបចំយុវជនជូនផ្កាឲ្យកងទ័ព និងការសន្យាដំឡើងប្រាក់ខែឲ្យកងទ័ពជាដើម។
«សំឡេង»
ចំពោះការដែលកម្ពុជា មានឧត្តមសេនីយ៍ផ្កាយបួនចំនួន ៥៨នាក់នោះ ត្រូវបាន លោក ទៀ បាញ់ ចាត់ទុកថា ជាមោទនភាពរបស់ជាតិខ្មែរ។ លោកបញ្ជាក់ថា ប្រទេសកម្ពុជា មានលក្ខណៈពិសេសជាងសហរដ្ឋអាមេរិក នៅត្រង់ថា អាមេរិក មានឧត្តមសេនីយ៍តិចជាងកម្ពុជា ហើយគ្មាននរណាម្នាក់អាចយកកម្ពុជា ទៅធៀបនឹងអាមេរិក បានទេ ព្រោះថា អាមេរិក មិនមែនជាកម្ពុជា។ លោកក៏បានច្រានចោលមតិដែលរិះគន់ថា កម្ពុជា មានអតិផរណាបុណ្យស័ក្តិ។
ទោះជាបែបណាក្តី មន្ត្រីអ្នកនាំពាក្យគណបក្សប្រឆាំង លោក យឹម សុវណ្ណ បានតបវិញថា បក្សប្រឆាំងតែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់កងទ័ព។ លោកបន្តថា ការថ្លែងរបស់ លោក ទៀ បាញ់ គ្រាន់តែជាការភ័យខ្លាចនឹងប្រជាប្រិយភាពរបស់បក្សសង្គ្រោះជាតិ ប៉ុណ្ណោះ។
«សំឡេង»
លិខិតរបស់ក្រសួងការពារជាតិ ដែលចុះហត្ថលេខាដោយ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី៣០ មករា បានស្នើសុំដំឡើងស័ក្តិនាយទាហានចំនួន ២៩រូប ដែលមាននាយទាហានថ្នាក់អនុរដ្ឋលេខាធិការចំនួន ១០រូប មាននាយទាហានថ្នាក់អគ្គមេបញ្ជាការរងចំនួន ៧រូប និងមានមេបញ្ជាការកងទ័ពជើងទឹក និងជើងអាកាសមួយចំនួនទៀត។
មួយថ្ងៃបន្ទាប់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ព្រមលើសំណើនេះ និងបញ្ជូនថ្វាយព្រះមហាក្សត្រដើម្បីឡាយព្រះហស្តលេខារាជានុញ្ញាត។
ក្នុងការតែងតាំងនាយឧត្តមសេនីយ៍លើកនេះ ប្អូនប្រុស លោក ទៀ បាញ់ គឺឧត្ដមនាវីឯក ទៀ វិញ ក៏ត្រូវបានតែងតាំងជានាយឧត្តមសេនីយ៍ផ្កាយបួន ឲ្យត្រួតត្រាដែនសមុទ្រកម្ពុជា ដែរ។ នៅក្នុងជួរកងទ័ព រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ និងអគ្គបញ្ជាការកងទ័ព លោក ប៉ុល សារឿន សុទ្ធតែកាន់តំណែងជាសមាជិកអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។